អ្នកវិនិយោគថៃមកស្វែងយល់ពីការចាប់ដៃគូរកស៊ីជាមួយខេត្តបីនៅកម្ពុជា ដោយមើលឃើញពីសក្តានុពលក្នុងខេត្តទាំងបីរបស់កម្ពុជា អ្នកវិនិយោគថៃចំនួន២០នាក់បានមកស្វះស្វែងរកការវិនិយោគក្នុងវិស័យកសិកម្ម ទេសចរណ៍ និងវិស័យជាច្រើនទៀតរាប់ទាំងធនធានបច្ចេកវិទ្យាផង។ ការសិក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីចាប់ដៃរកស៊ីសម្រាប់រយៈពេលយូរអង្វែងទៅថ្ងៃអនាគតនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ នៅសណ្ឋាគារ កំពត ឌីយ៉ាម៉ង់ ក្នុងក្រុងកំពត។
លោក ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មប្រចាំតបន់កំពត កែប និងតាកែវ បានជម្រាបជូនប្រតិភូថៃអំពីសក្កានុពលសំខាន់ៗ ដូចជា ការបង្កបង្កើនផលស្រូវ ការផលិតសរសៃសូត្រ ត្បូងធម្មជាតិ ចម្ការម្រេច ដំឡូងមី និងវិស័យទេសចរណ៍។ ខេត្តទាំងបី ក៏មានលទ្ធភាពចិញ្ចឹមគោ ដើម្បីនាំចេញផងដែរ។ ដោយឡែកខេត្តទាំងបីក៏ផលិតស្រូវបានជាច្រើន។ លើសពីនេះខេត្តទាំបីសម្បូរទៅដោយតំបន់ទេសចរណ៍ល្អៗ ពិសេសកំពត និងខេត្តកែប គឺជាខេត្ត២ ក្នុងចំណោមខេត្ត៤ ដែលមាន ឆ្នេរខ្សាច់ល្អប្រវែង ៤៤០ គីឡូម៉ែត្រ ហើយដែលទើបត្រូវបានបញ្ចូលក្នុងក្លឹបឆ្នេរស្អាតលើសគេក្នុងពិភពលោកនាពេលថ្មីៗនេះ។
គួរកត់សម្គាល់ថា ពាណិជ្ជករថៃបានងាកមកចាប់អារម្មណ៍លើកម្ពុជាដើម្បីវិនិយោគរយៈពេលវែងបន្ទាប់ពីការឡើងកាន់តំណែងរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។ ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា ភាគីថៃនឹងធ្វើផ្លូវ១ខ្សែចេញពីខេត្តត្រាតកាត់តាមខេត្តកោះកុង ព្រះសីហនុ កំពត កែប និងចូលទៅហាទៀង ខេត្តគៀនយ៉ាង ប្រទេសវៀតណាម។ និងផ្លូវ១ខ្សែទៀត តាមប៉ោយប៉ែត ឆ្លងកាត់សៀមរាប ចូលភ្នំពេញ ដើម្បីមានលក្ខណៈងាយស្រួល ក្នុងការចរាចរណ៍ទំនិញទៅវិញទៅមក។ ភាគីថៃ ក៏បានសំណូមពរឲ្យលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់៕




































