អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) ឬ ហៅសាមញ្ញថា តុលាការខ្មែរក្រហម នឹងរៀបចំវេទិកា ថ្នាក់ តំបន់លើកទី៨ នៅខេត្តកំពង់ចាម សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ដែលទើបទទួលស្គាល់ថ្មីៗ នៃសំណុំរឿង០០២ ចំនួន៤៥០នាក់ មកពីខេត្តកំពង់ចាម រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ស្វាយរៀង និងខេត្តព្រៃវែង ដើម្បីពង្រឹងការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណីក្នុងដំណើរការច្បាប់សម្រាប់សំណុំរឿង០០២។ វេទិកាថ្នាក់តំបន់លើកនេះ នឹងប្រព្រឹត្តទៅនៅសណ្ឋាគារ និងភោជនីដ្ឋានភ្នំប្រុស នាថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១១ វេលាម៉ោង៧ និង៣០ ព្រឹក ដល់ម៉ោង ៣ និង៣០ រសៀល។
សេចក្តីប្រកាសព័ត៌មាន សាលាក្តីខ្មែរក្រហម ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ បានឲ្យដឹងថា វេទិកានេះ គឺជាសកម្មភាពដ៏សំខាន់មួយក្នុងចំណោម សកម្មភាពនានារបស់អង្គភាពគាំពារជនរងគ្រោះក្នុងការលើកកម្ពស់ការចូលរួមរបស់ជនរងគ្រោះឲ្យកាន់តែទូលំទូលាយ ក្នុងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងឆ្នាំ២០១១ និងដើម្បីពង្រឹងការចូលរួមរបស់ដើមបណ្តឹង រដ្ឋប្បវេណីក្នុងដំណើរ ការច្បាប់ សម្រាប់សំណុំរឿង០០២។
រហូតមកទល់ពេលនេះ ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង ០០២ សរុបទាំងអស់ មានចំនួន ៣.៨៦៧ នាក់។សូមជម្រាបថា ចាប់ពីឆ្នាំ២០០៩ ដល់ខែកក្កដាឆ្នាំ២០១១នេះ អង្គភាពគាំពារជនរងគ្រោះបាន រៀបចំដោយជោគជ័យនូវវេទិកាថ្នាក់តំបន់ជាច្រើនលើករួចមកហើយ ដោយមានការចូលរួមពី ដើមបណ្តឹងរដ្ឋប្បវេណី និង អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើម បណ្តឹងរដ្ឋប្បវេណី ចំនួន ៣,៦៧៨ នាក់ មកពី២៤ខេត្ត រាជធានី នៃព្រះរាជាណាចក្រកម្ពុជា៕




































