Thursday, Jun 20th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ

នយោបាយអន្តរជាតិ

ប្រទេស ​Venezuela ​​នឹង​បោះ​ឆ្នោត​​រើស​​ប្រធានាធិបតី​​នៅ​ថ្ងៃ​​ទី​១៤​​មេសា​

ប្រទេស​ Venezuela កាលពី​ថ្ងៃ​សៅរ​បានប្រកាសថា នឹង​ធ្វើ​​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤​ខែ​មេសា​ខាង​មុខ​នេះ ក្រោយ​ពេល​​ដែល​​ប្រធានាធិបតី​លោក Hugo Chavez បាន​ទទួលមរណៈភាព​កាល​ពី​​ថ្ងៃ​ទី ៥​មីនា​កន្លង​ទៅ​។

រីឯ​កាលពី​ថ្ងៃ​សុក្រ​អនុ​ប្រធានាធិបតី​នៃ​ប្រទេស នេះ គឺ​លោក Nicolas Maduro ក៏​បាន​ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី​ជំនួស​តំណែង Chavez បណ្តោះអាសន្ន​ផងដែរ មុន​ពេល​ប្រធានាធិបតី​ថ្មី​ត្រូវបាន​ជ្រើសរើស​។

​ការងារ​ផ្សេងៗ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស Venezuela ត្រូវ​ធ្លាក់​ទៅលើ​លោក Nicolas Maduro​ដែល​បាន​ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​សុក្រ​ជំនួស​លោក​Hugo Chavez។

ប៉ុន្តែ​លោក Nicolas Maduro​កាន់តំណែង​ជា​ប្រធានាធិបតី​នេះ គឺ​គ្រាន់តែ​គ្រប់​គ្រង់​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ដូច្នេះ​ប្រធានាធិបតី​ពិតប្រាកដ​នឹង​ចូល​មក​កាន់​ការងារ​នៃ​ប្រទេស​នេះ​ជា​ផ្លូវការ ក្រោយ​ការបោះឆ្នោត​ថ្ងៃទី ១៤​ខែ​មេសា​។

បើ​ទោះបីជា​លោក​Nicolas Maduro កាន់តំណែង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ក៏ដោយ ក៏​ប្រការ​នេះ​ក៏​ត្រូវបាន​ក្រុម​គណបក្ស​ប្រឆាំង​រិះគន់​យ៉ាង​ខ្លាំង​ដែរ​ចំពោះ​ចំណាត់ការ​យ៉ាង​ដូច្នោះ​។

​បើ​តាម​រដ្ឋធម្មនុញរ​បស់​ប្រទេស​Venezuela​តម្រូវឲ្យមាន​ការបោះឆ្នោ​ត​ក្នុងរយៈពេល​៣០​ថ្ងៃ​ពោលគឺ​រាប់​ចាប់ពី​ថ្ងៃ​ទី​៥​មីនា​ជា​ថ្ងៃ​ទទួល​មរណៈភាព​របស់​លោក Hugo Chavez ប៉ុន្តែ​ការបោះឆ្នោត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤​មេសា​នោះ គឺ​វា​មិន​ស្ថិត​នៅក្នុង​រយៈពេល​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​ឡើយ​ដោយសារតែ​មាន​ការលំបាក​ក្នុង​ការរៀបចំ​ឲ្យបាន​ល្អ​។

ទាក់ទង​នឹង​បញ្ហា​នេះ​​ខាង​គណកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​ជាតិ​របស់​ប្រទេស​ Venezuela បានបញ្ជាក់​​រយៈ​ពេល​​នោះ​​គឺ ​គ្រាន់​គ្រាន់​ក្នុង​ការរៀបចំ ប៉ុន្តែ​​បើ​ទោះបីជា មាន​ការអះអាង​បែប​នេះ​ក្តី​មជ្ឈដ្ឋាន​ទូទៅ​បាន​បា​រម្ម​ថា​រយៈពេល​នោះ នឹង​មិន​អាចឲ្យ​ការរៀបចំ​ការបោះឆ្នោ​តដំណើរការ​បានល្អ​ឡើយ​។

​គួរបញ្ជាក់​ថា លោក Hugo Chavez បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី៥ មីនា​ក្រោយពេល​ត្រលប់​ពី​ទទួល​ការវះកាត់​ជម្ងឺមហារីក​ក្នុង​ប្រទេស​គុយបា​វិញ​កាលពី​ថ្ងៃ​ទី ១៨​កុម្ភៈ​។

ចំពោះ​សាកល​ព​របស់លោក​ក៏​ត្រូវបាន​ក្រុមមន្ត្រី​នៃ​ប្រទេស​នេះ​បញ្ជាក់ថា នឹង​ត្រូវ​រក្សាទុក​ដូច​បណ្តា​សាកសព​របស់​មេដឹកនាំ​ល្បីៗ​ក្នុង​សតវត្ស​ទី​២០​ដូច​ជា ហូជីមិញ រឺ​ក៏​លោក​ម៉ៅ​សេទុង​ផងដែរ​៕​(​ដោយ អ៊ុន រស្មី​)

អនុ​ប្រធានា​ធិបតី​​វ៉េណេស៊ុយ​អេ​ឡា​​ចូល​ស្បថ​​កាន់​​ដំណែង​​ជា​​ប្រធានាធបិតី​​ស្តីទី​

​ពិធី​ស្បថ​ចូល​កាន់ដំណែង​ជា​ប្រធានាធិបតី​ស្តីទី​របស់​លោក Nicolas Maduro ​ដែល​អតីត​ជា​អនុ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​សុក្រ ទី​០៨ ខែ​មិនា​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ពិធី​បុណ្យ​សព​ជា​សាធារណៈ​របស់​​ប្រធា​នា​ធិបតី​​វ៉េណេស៊ុយ អេ​ឡា​លោក Hugo Chavez​។

ការឡើង​ស្នង​ដំណែង​ជា​ប្រធានាធិបតី​ជំនួស​លោក Hugo Chavez ដោយ​លោក Nicolas Maduro នេះ​បន្ទាប់ពី​លោក Nicolas Maduro បាន​ទ​ទូល​សម្លេង​គាំទ្រ​​នៅ​ក្នុង​សភាជាតិ​វ៉េណេស៊ុយ​អេ​ឡា​។

ដូច្នេះ​អតីត​អនុ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា បាន​ឡើង​​ជា​ប្រធានាធិបតី​ស្តីទី​ជា​ផ្លូវកា​រហើយ ដើម្បី​ដឹកនាំ​សារ​ធា​រណ​រដ្ឋ​វ៉េណេស៊ុយ​អេ​ឡា​ជា​ប៉ុណ្តោះ​អាសន្ន​ជំនួស​លោក​ឆា​វ៉េ​ស​ដែល​បាន​ទ​ទូល​មរណៈភាព​កាលី​ថ្ងៃទី​៥ មិនា​កន្លង​ទៅ​ដោយសារ​ជម្ងឺមហារីក​ប្រូ​ស្តា​ត​។

បើទោះបីជា​យ៉ាងនេះក្តី​គណបក្សប្រឆាំង​​សំខាន់​​បាន​សម្តែង​ការ​មិន​ពេញ​​ចិត្ត​នោះទេ ដោយ​បាន​លើកឡើង​ថា ពិធី​ឡើង​កាន់ដំណែង​នេះ​បាន​ធ្វើ​ឡើង​មិន​​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ​នោះ​ទេ​។

ជាមួយគ្នា​នោះ គណបក្សប្រឆាំង​ក៏​បាន​ធ្វើពហិការ​មិន​ចូលរួម​ក្នុង​ពិធី​សម្បថ​របស់លោក Maduro នោះដែរ។ មេដឹកនាំ​គណបក្សប្រឆាំង​លោក Henrique​ Capriles បាន​ហៅ ការឡើង​ស្នង​ដំណែងរ​បស់​ម៉ា​ឌឺ​រ៉ូ​នោះថា ជា​ចលនា​បោកប្រាស់​ដោយ​យោង​​តាម​ច្បាប់​រដ្ឋធម្មនុញ សម្លេង​តែ​មួយ​របស់​សភា​ជាតិ​មិន​អាច​អោយ​មនុស្សម្នា​ក់ឡើ​ង​កាន់​ដំ​ណែ​ង​​ជា​ប្រធានាធិបតី​ស្តីទី​បាន​ឡើយ​។

ដោយឡែក​បន្ទាប់ពី​ពិធី​សម្បថ​លោក Maduro និង​លោក Cabello បាន​និយាយថា ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​នឹង​ដើរ​ទៅ​តាម​មាគ៌ា​សង្គមនិយម។ ទន្ទឹម​​​គ្នា​​នោះ​​ដែរ​លោក​ម៉ា​ឌឺ​រ៉ូ​បាន​ប្រកាស​នៅ​ក្នុង​សភា​ជាតិ​ថា ការស្បថ​ចូល​កាន់ដំណែង​របស់​លោក​នេះ​ក្នុង​ជា​នាម​ជា​បេក្ខភាព​លោក Hugo Chavez ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត ដើម្បី​គោរព និង​ការពារ​នៅ​រដ្ឋធម្មនុញ Bolivarian ដែល​បាន​តស៊ូ​បង្កើត​ដោយ​បាត់​ដៃទទេ​របស់ លោក​ឆា​វ៉េ​ស​។ យ៉ាងណាក្តី​ជា​ប្រធានា​ធិ​បតី​​ស្តីទី លោក​ម៉ា​ឌឺ​រ៉ូ ត្រូវបាន​គេ​រំពឹងថា ការបោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​រយៈពេល​៣០​ថ្ងៃ​ទៀត​នេះ។(ដោយៈថា ថៃ)

​អាមេរិក​​ព្រមាន​​តប​​ទៅ​កូរ៉េ​ខាងជើង​​ថា​ដាក់​ទណ្ឌ​កម្ម​ថ្មី​​របស់ ​​UN ​​កាន់​តែ​​ធ្ងន់

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ប្រជុំ​បោះឆ្នោត​​ជា​ឯក​​ឆន្ទ​​ដោយ​បាន​ដាក់​ទណ្ឌកម្ម​ដ៏​ដ៏​ក្តៅ​បំផុត​មួយ​ដែល​ពិបាក​នឹង​ស៊ូទ្រាំ​បំផុត ដើម្បី​​​​ជា​ការឆ្លើយតប​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ដែល​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លែអ៊ែជា​លើក​ទី​៣​ដោយ​ជោគជ័យ និង​បាន​គំរាម​គំហែង​ពី​ការប្រើប្រាស់​អា​វុធ​​នុយ​ក្លែអ៊ែ ​ដើម្បី​វាយកម្ទេច​កូរ៉េខាងត្បូ​ង​និង​សហរដ្ឋអាមេរិ​ក​។

មិនតែប៉ុណ្ណោះ​ឡើយ មេដឹកនាំ​ដ៏​ឯកោ​លោក​គីម ជុង​អ៊ុន បាន​ចាត់​ទុក​​សិទ្ធិ​សញ្ញា​​មិន​​ឈ្លាន​ពាន​​រវាង​​ប្រទេស​​គូរ​​សត្រូវ​​បង​ប្អូន​​ទាំងពីរ​ជា​អសា​របង់​ទៀតផង​។​ ឯកអគ្គ​រដ្ឋ​ទួត​​អាមេរិក​បាន​ថ្លែង​ឲ្យដឹង​បន្ទាប់​ពី​ការបោះឆ្នោត​ជា​ឯកតោភាគី​ថា ទណ្ឌកម្ម​ទាំងនេះ​នឹង​រឹតរួត​យ៉ាង​ខ្លាំង​បំផុត​លើ​ប្រទេស​កូរ៉េខាងជើង​។​

​សេចក្តី​ព្រមព្រៀង​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ UN​ បាន​បើក​កិច្ច​ច​ចារ​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ​។ ​ឯកអគ្គ​រដ្ឋ​ទួត​UN របស់​ប្រទេស​ចិន លោក​ Li Baodong បាន​និយាយថា ចិន​គឺ​ជា​ប្រទេស​គោល​មួយ ដូច្នេះ​វាយ​ពិតណាស់ថា ការដាក់ទណ្ឌកម្ម​នេះ គឺ​ដើម្បី​ការពារ​សន្តិភាព និង​ស្ថេរភាព​លើ​ឧបទ្វីប​កូរ៉េ​។​

​គួរបញ្ជាក់​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​តែ​ឡើង​កម្តៅ​បន្តិច​ម្តងៗ ខណៈ​ប្រទេស​កូរ៉េខាងជើង​កំពុង​ខិតខំ​អភិវឌ្ឍន៍​អាវុធ​នុយក្លែអ៊ែ និង​បច្ចេកវិទ្យា​មី​ស៊ី​ល បន្ទាប់​ពី​ប្រទេស​ក​ម្មុយ​នីស្ត​មួយនេះ​បាន​បាញ់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ និង​បាន​បំផ្ទុះ​គ្រាប់បែកបរមាណូ​នៅ​ក្រោម​ដី​រួម​មក។

ជាមួយគ្នា​នោះ​រដ្ឋាភិបាល​ព្យុង​យ៉ាង​បាន​ព្រមាន​យ៉ាង​ខ្លាំងៗ​ថា​ខ្លួន​នឹង​ធ្វើ​ការបាញ់​អាវុធ​នុយក្លែអ៊ែ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិ​ក​និង​កូរ៉េខាងត្បូង​ឲ្យបាន​ជា​ដាច​ខាត់​៕(ដោយៈថា ថៃ)

កូរ៉េ​ខាងជើង​​លុបចោល​​សន្ធិ​សញ្ញា​​មិន​ឈ្លាន​ពាន​​ជា​មួយ​​កូរ៉េ​ខាងត្បូង​

​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​​នៃ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​បោះឆ្នោត​អនុម័ត​ដាក់ទណ្ឌកម្ម​ជា​ថ្មី​​ម្តង​ទៀត​ប្រឆាំង​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​ចាត់ទុក​ជា​អសា​របង់​ចំពោះ​សន្ធិសញ្ញា​មិន​ឈ្លានពាន ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េខាងត្បូង កាលពី​ឆ្នាំ ១៩៩១​កន្លងទៅ និង​សម្រេច​លុបចោល​ប្រព័ន្ធ​ទាក់ទង ​hotline ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ឆ្នាំ១៩៧១​ផងដែរ​។​

​ជា​ការឆ្លើយតប ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​​គម្រាម​​ថា ​ប្រសិន​បើ​​ប្រទេស​​កូរ៉េ​ខាង​ជើង​​​ហ៊ាន​​ឈ្លាន​​ណា​មួយ​ម​ក​លើជីវិត និង​ស្ថិរភាព​ក្នុង​ប្រ​ទេស​របស់​ខ្លួន​យោធា​កូរ៉េខាងត្បូង​នឹង​សងសឹក​ឲ្យ​ចាស់ដៃ ដោយ​ចាប់ផ្តើម​ពី​ចំណុច​នៃ​ការឈ្លានពាន​និង​ក្រុម​អ្នកគាំទ្រ សម្រាប់​ការឈ្លានពាន​ព្រមទាំង​ភាពជា​អ្នក​ដឹក​នាំ​។​

នៅពេល​នេះ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ក្តៅ​ឈួល​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ហើយ​នៅ​ថ្ងៃ​សុក្រ ទី​០៨ ខែ​មីនា​នេះ​ផងដែរ មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​គីម ចុង​​អ៊ុន បាន​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា​ក្នុង​កោះ​ភាគខាងត្បូង​ប្រទេស​ហើយ​បាន​និយាយថា កងកម្លាំង​យោធា​ទាំងអស់​របស់​ខ្លួន​ដូចជា​ផ្នែក​ថ្មើជើង​ជើងទឹ​ក​ ទ័ព​អាកាស​​ព្រមទាំង​កងកម្លាំង​បាញ់​គ្រាប់​​​រ៉ុក្កែត​​យុទ្ធសាស្ត្រ​​បាន​ត្រៀម​ខ្លួន​រួចរាល់​ជា​ស្ថាពរ​ក្នុងការ​វាយ​ប្រហារ​តាមបែប​កូរ៉េ​ចំពោះ​សង្គ្រាម​ពី​ខាងក្រៅ​។​

សូមបញ្ជាក់​ថា នយោបាយ​១៨០​អង្សារ​របស់​រដ្ឋាភិបាល​កុ​ម្មុយ​នី​ស​ដ៏​សែន​ឯកោ​មួយ​នេះ ដែល​កំពុង​ធ្វើ​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​លអាច​នឹង​ផ្ទះ​សង្គ្រាម​ឡើង​គ្រប់​វិនាទី​។ ព្រោះ​កន្លងមក​មាន​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​តានតឹង​មួយ​ចំនួន​រួច​ហើយ ដែល​វិះ​នឹង​ជម្រុញ​ឲ្យ​បងប្អូន​គូសត្រូវ​ទាំងពីរ​ធ្លាក់​ក្នុង​សង្គ្រាម​រវាង​គ្នា​ជាថ្មី​។​

ជាក់ស្តែង​ការបាញ់​ផ្លោង​ពី​សំណាក់​កូរ៉េខាងជើង​លើ​កោះ​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១០​ដែល​បណ្តាលឲ្យ​ស្លាប់​មនុស្ស ៤​នាក់ ក្នុងនោះ​ជន​ស៊ីវិល​២​នាក់ ​និង​ទាហាន​២​នាក់​។

បន្ទាប់មក​ក្នុង​ឆ្នាំ២០១០ ដដែល​នោះ​មាន​ការបាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េខាងត្បូង​មួយ​គ្រឿង​ដែល​រដ្ឋ​អំណាច​ក្រុង​សេ​អ៊ូ​ល​បាន​ចោទ​ក្រុង​ព្យុងយ៉ាង​ជា​អ្នក​ធ្វើ​តែ​ក្រុង​ព្យុង​យ៉ាង​បាន​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​៕​(ដោយៈជា ធីរិទ្ធ)​

​កូរ៉េ​ខាងជើង​​ត្រៀម​ធ្វើ​​សមយុទ្ធ​​ទ្រង់ទ្រាយ​​ធំ​មិន​​ធ្លាប់​​មាន

​បើ​តាម​សារព័ត៌មាន ​Yonhap ដែល​បាន​ដកស្រង់​សំដី​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា កូរ៉េ​ខាងជើង​​បាន​​ហាមឃាត់​មិនឲ្យ​មាន​តំ​បន់​​​ហោះហើរ និង ការធ្វើ​នាវាចរណ៏​នោះឡើយ​ដែល​ប្រការ​នេះ​​ត្រូវ​បាន​​គេ​​សន្និ​ដ្ឋាន​ថា អាច​ជា​ការ​ធ្វើ​ឡើង​ ដើម្បី​​ត្រៀម​​​​បើក​​​ធ្វើ​សម​យុទ្ធ​​ទ្រង់​​ទ្រង់​​ធំ​មិន​​ធ្លាប់​​មាន​​នៅ​​ក្នុង​​​ប្រទេស​​មួយ​​នេះ ព្រោះ​ថា​កងកម្លាំង​របស់​កូរ៉េខាងជើង​​កំពុង​តែ​​ហ្វឺក​ហាត់​​យ៉ាង​ខ្លាំង​​ហើយ​ក្នុងនោះក៏​មាន​វត្ត​មាន​​មន្ត្រី​ជាន់​ខ្ពស់​​ជា​ច្រើន​​ផង​ដែរ​។

ខណៈ​នេះ​ស្ថានភាព​ក្នុង​ឧបទ្វិប​កូរ៉េ កំពុងតែ​មាន​លក្ខណៈ​តានតឹង​ខ្លាំង ព្រោះ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​កូរ៉េ​ខាងជើង​បាន​គំរាម​លុបចោល​នូវ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម កូរ៉េ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៥៣​នោះ​។

ទា​ក់ទ​នឹង​នឹង​បញ្ហា​នេះ​កូរ៉េខាងត្បូង​ក៏បាន​តប​វិញ​ថា ប្រសិនបើ​កូរ៉េខាងជើង​ហាន​ឈ្លានពាន​ចូលក្នុង​ទឹកដី​របស់​ខ្លួន​មែន​នោះ​កូរ៉េ​ខាងជើង​នឹង​ទទួល​នូវ​ការវាយប្រហារ​សង​សឹក​វិញ​ជាមិនខាន​។

​ចំណែក​រដ្ឋាភិបាល​របស់​ប្រទេស​អូស្រា្តលី​នៅ​ថ្ងៃ​ព្រហស្បត៏នេះ​បានបញ្ជាក់​ថា នឹង​មិន​អនុញាតិ​ឲ្យ​កូរ៉េខាងជើង​បើក​ស្ថានទូត​ក្នុង​ប្រទេស​ខ្លួន​នោះឡើយ​ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ល្មើស​បាញ់​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​​កន្លងទៅ​។

ស្របពេល​ជាមួយ​គ្នា​នោះដែរ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​កំពុងតែ​បោះឆ្នោត​ដើម្បី​អនុម័ត​ដាក់ចេញ​នូវ​សេចក្តីសម្រេច​ជាថ្មី​ក្នុង​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​។

ទណ្ឌកម្ម​ជាថ្មី​លើ​កូរ៉េខាងជើង​លើក​នេះ​ត្រូវបាន​គេ​រំពឹងថា ជា​ប្រភេទ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ព្រោះថា វា​មាន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​កូរ៉េខាងជើង​ល្មើស​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​​អង្គការ​​សហប្រជាជាតិ​។​ ក្នុងនោះ​គេ​រំពឹងថា ក្រុមហ៊ុន​គ្រឿង​សព្វាវុធ​ដ៏​ធំ​របស់​កូរ៉េ​ខាងជើង​នឹង​ត្រូវ​ដក​ចូលក្នុង​បញ្ជី​ទណ្ឌ​កម្ម​​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ផង​ដែរ​៕​(ដោយៈអ៊ុន រស្មី)

UN​ ជុំរុញ​​ឲ្យ​​បញ្ចប់​​អំពើ​ហឹង្សា​​នៅរ​ដ្ឋសា​បាហ៍​​នៃ​ប្រទេស​​ម៉ាឡេស៊ី​

​នៅក្នុង​សេចក្តីថ្លែងការណ៍ លោក​បាន គី​មួន​ បាន​ជំរុញ​អោយ​បិទ​បញ្ចប់​អំពើ​ហឹង្សា​ជា​បន្ទាន់​នៅក្នុង​រដ្ឋ​សា​បាហ៍​ហើយ​លោក​បាន​អំពាវនាវ​អោយ​បើក​កិច្ច​ច​ចារ​មួយ​ពី​គ្រប់​ភាគី​ទាំងអស់ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៅ​ស្ថានការណ៍​ដ៏​ចម្រូងចម្រាស​នោះ​ដោយ​សន្តិភាព​។

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​បាន គី​មួន បាន​សម្តែង​នៅ​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ផលប៉ះពាល់​នៃ​ស្ថានការណ៍​ដ៏​អាក្រក់​នោះ​ទៅ​ដល់​ប្រជាជន​ស៊ីវិល រួម​ទាំង​ពួក​ចំណាក់ស្រុក​នៅក្នុង​តំបន់​។

​ទន្ទឹម​គ្នា​នោះ​លោក​បាន​​ជំរុញ​អោយ​គ្រប់ភាគី​គណបក្សនយោបាយ​ទាំងអស់​យកចិត្តទុកដាក់​ដោយ​ជួយ​សង្គ្រោះ​មនុស្សជាតិ និង​គោរព​បទដ្ឋាន និង​ស្តងដា​សិទ្ធិមនុស្ស​អន្តរជាតិ​វិញ​ជា​ការប្រសើរ​។​

គួរបញ្ជាក់​ថា សេចក្តីអំពាវនាវ​នេះ​បាន​ផុស​ឡើង បន្ទាប់​ពី​អំពើ​ហឹង្សា​ដ៏​ក្តៅគគុក​បាន​ផ្ទុះឡើង​នៅ​ក្នុង​រដ្ឋ​សា​បាហ៍ ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​កោះ​ប័រណេ​អូនៃប្រទេស​ម៉ាឡេ​ស៊ី​រវាងពួគ​ឈ្លាន​ពាន​ប្រដាប់អាវុធ​ស៊ុយ​តង់ និង​កងទ័ព​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​។

​ក្នុង​រយៈពេល​តែ ៣​សប្តាហ៍​ប៉ុណ្ណោះ អំពើ​ហឹង្សា​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ ២៧​នាក់ ក្នុងនោះ​រួមមាន​ប៉ូលីស​ម៉ាឡេស៊ី​៨​នាក់​។ ​យ៉ាងណាក្តី​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​កងទ័ព​ម៉ាឡេស៊ី​បាន​រុករក​ឃើញ​សាកសព​ពួក​ឈ្លានពាន​ ១៣​នាក់​ថែម​ទៀត ក្រោយ​ពី​ការវាយប្រហារ​យ៉ាង​កក្រើក​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​កន្លងទៅ​ក្រោម​ប្រតិបត្តិការ​ផ្លូវការ និង​ជើ​ក​គោក​របស់​ទា​ហ៊ាន​ម៉ាឡេស៊ី​។​

​គួរ​រម្លឹក​ជួន​ថា កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០១៣​កន្លងទៅ ក្រុមស៊ុល​តង់​ហ្វីលីពីន​ឈ្មោះថា​ Jama​lulKiram​III ​មាន​បក្សពួក​ប្រមាណ​ជា​២០០​រយ​នាក់​បាន​ចូល​ទៅ​បោះ​ទីតាំង​រស់នៅ​ក្នុង​សង្កាត់ ​LahadDatu​ ក្នុង​រដ្ឋ​សា​បាហ៍​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​កោះ​បូ​ណេ​អូ លើ​ដែនដី​នៃ​ម៉ា​ឡ​ស៊ី​។

​ការ​ជៀត​ចូល​នោះ​ពួក​ឧទ្ទាម​បាន​អះអាង​ថា ដែនដី​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​សេ្ត​ច​ស៊ុយ​តង់​ក្នុង​អតីតកាល ដូច្នេះ​ពួកគេ​គឺជា​អ្នក​ស្នង​បន្ទាប់ពី​ស្តេច​ឥស្លាម​ដ៏​មាន​អំណាច​អង្គ​នោះ​។​ ចាប់តាំងពី​ពេលនោះ​អំពើហឹង្សា​ចាប់ផ្តើម​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​តែ​ម្តង​៕(​ដោយៈ​ថា ថៃ)

​កូរ៉េខាងជើង​​គំរាម​​លុបចោល​​នូវ​កិច្ច​ព្រមព្រៀង​​សន្តិភាព​​រវាង​កូរ៉េ​​ទាំងពីរ​

​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​បាន​គំរាម​ថា ខ្លួន​នឹង​លុបចោល​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់​សង្គ្រាម​រវាង​ប្រជាជាតិ​កូរ៉េ​ទាំងពី​ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​១៩៥៣​។

​ការ​គំរាម​យ៉ាង​ដូច្នោះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​អាមេរិក​និង​ចិន​បាន​យល់ព្រម​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ជាថ្មី​កាលពី​ថ្ងៃ​ចន្ទ និង​ខណៈពេល​ដែល​អាមេរិក នឹង​កូរ៉េខាងត្បូង​កំពុងតែ​បើក​សមយុទ្ធ​យោធា​រួមគ្នា​លក្ខណៈ​ទ្រ​ង​ទ្រាយ​ធំ​រយៈពេល​២​ខែ​។

​សង្គ្រាម​កូរ៉េ​បាន​ផ្ទុះឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៥០ ដែល​ពេលនោះ គឺ​កូរ៉េខាងជើង​ដែល​កាន់​របប​កុំម្មុយនីស្ត​នោះបាន​ចូលលុកលុយ​កូរ៉េខាងត្បូង​យ៉ាងខ្លាំង​។ សង្គ្រាម​បាន​អូស​បន្លាយ​​អស់​​រយៈ​ពេល​​៣​ឆ្នាំ ពោល​គឺ​រហូត​ដល់​ឆ្នាំ ១៩៥៣ ទើប​សង្គ្រាម​នោះ​បាន​រលត់ទៅវិញ​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​។

ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ កូរ៉េ​ខាងជើង​បាន​គំរាមថា ខ្លួន​នឹង​លុបចោល​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​នោះ​វិញ ដែល​បញ្ហា​នេះ​គឺជា​រឿង​ដ៏​ស្មុគស្មាញ់​សម្រាប់​ឧបទ្វិប​កូរ៉េ​កាន់តែ​ខ្លាំង​ថែម​ទៀត ព្រោះ​វា​នឹង​បង្ក​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​។

អ្វី​ដែល​ជា​ការកត់សំគាល់​ទៀត​នោះ កាលពី​ថ្ងៃ​ចន្ទ​កូរ៉េខាងជើង​ក៏​បាន​សម្រេចចិត្ត​បញ្ឈប់​​ការ​បញ្ជូន​​គណៈ​ប្រតិភូរ​​របស់​​ខ្លួន​​ទៅ​​កាន់​​តំបន់​ Panmunjom ជា​ទី​ដែល​កូរ៉េ​ទាំង​ពីរ​តែងតែ​បញ្ចូន​ប្រតិភូ​ររបស់​ខ្លួន​ទៅ​កាន់​ទីនោះ​ដើម្បី​ពិភាក្សា​នឹង​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ​។

ម្យ៉ាងវិញទៀត​តំបន់​នោះ គឺ​ស្ថិតនៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ជាទី​ដែល​កូរ៉េខាងជើង​នឹង​ខាងត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​កាលពី​ឆ្នាំ ១៩៩៥៣​នោះ​ផង​ដែរ​។​

​តាមរយៈ​ការប្រកាស​ចង់​លុបចោល​នូវ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​កូរ៉េ​ទាំង​ពីរ​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា មាន​មូលហេតុ​ធំៗ​ពី​យ៉ាង ពោល​គឺ​ទីមួយ ប្រទេស​កូរ៉េ​ខាង​ជើង​មិន​សប្បាយចិត្ត​នោះ​ឡើយ​នៅពេល​ដែល​អាមេរិក នឹង​កូរ៉េខាងត្បូង​បាន​បើក​សមយុទ្ធ​យោធា​រួមគ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែល​មាន​កងកម្លាំង​នៃ​ប្រទេស​ទាំងពី​ជាង​១​ម៉ឺន​នាក់ ហើយ​សមយុទ្ធ​នេះ​រយៈពេល​រហូតដល់​២​ខែ​ឯនោះ​។

បញ្ហា​នេះ​កូរ៉េ​ខាងជើង​ក៏​ធ្លាប់បាន​គំរាម​អាមេរិក​ម្តង​រួចទៅហើយ​ថា នឹង​វាយប្រហារ​ទៅកាន់​យោធា​អាមេរិក ប្រសិន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​។ មូលហេតុ​ទី​២ គឺ ដោយ​សារ​​តែ​អាមេរិក កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចុះបញ្ចូល​ចិន​ប្រកប​ដោយ​ភាពជោគជ័យ​ក្នុង​ការអនុញាតិឲ្យ​មានកា​រ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដែល​ល្មើស​បាញ់​សាកល្បង​អាវុធ​​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី១២ កុម្ភៈ​កន្លងទៅ​។

ដូច្នេះ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​នឹង​អាច​ដាក់​ចេញ​នូវ​សេចក្តីសម្រេច​រួម​គ្នា​នា​ពេល​ឆាប់ៗ​នេះ​ក្នុង​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ព្រោះថា តាម​សព្វ​ដង​​មាន​​ការលំបាក​ក្នុង​ការដាក់ចេញ​នូវ​សេចក្តី​ណាស់​ដោយសារតែ​មាន​ការជំទាស់​ពី​ចិន ដែល​ចិន​គឺជា​សម្ព័នមិត្តដ៏​ស្និត​តែមួយ​គត់​សម្រាប់​កូរ៉េ​ខាងជើង​។​

​គួរបញ្ជាក់​ថា នា​ពេលកន្លងមក​សារព័ត៌មាន​របស់​កូរ៉េ​ខាងជើង​បាន​ចុះផ្សាយ​នូវ​ការធ្វើ​សមយុទ្ធ​យោធា​ដែល​មាន​ការត្រួតពិនិត្យ​ដោយ​មេដឹកនាំ​កូរ៉េខាងជើង​គឺ លោក គីម ជុង​អ៊ុន ជា​បន្តបន្ទាប់​។

បើ​យោង​តាម​សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​មួយ​នេះ​បាន​បញ្ជាក់ទៀតថា សមយុទ្ធ​នោះ​គឺធ្វើឡើង​ហាក់ដូចជា ការធ្វើ​សង្គ្រាម​ពិតៗ​ដែល​ប្រការ​នេះ​ត្រូវបាន​លោក គីម ជុង​​អ៊ុន បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​នូវ​សមត្ថភាព​របស់​យោធា​ខ្លួន​៕(​ដោយៈ​អ៊ុន រស្មី​)

​ចិន​បើក​​សមាជ​​ប្រជាជន​​ចិន​លើក​​ទី​១២ ​បង្ហាញមុខ​​មេដឹកនាំ​ថ្មី​

លោក Wen Jiabao ​នាយករដ្ឋមន្ត្រី​ជិត​អស់​អណត្តិ​របស់​ចិន​បាន​ឡើង​ថ្លែង​សុន្ទរកថា​បើក​អង្គពិធី​នៃ​សមាជ​ប្រជាជន​ចិន​លើក​ទី​១២​នេះ​។​ មនុស្ស​ជាច្រើន​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ពោល គឺ​មាន​គណៈប្រតិភូរ​ម​ក​ពី​ទូទាំង​ប្រទេស​ប្រមាណ​៣​ពាន់​នាក់ រួម​ទាំង​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ប្រទេស​នេះ​។

តាមរយៈ​ការបើក​សមាជ​ប្រជាជន​ចិន​លើក​ទី​១២​នេះ គេ​នឹង​​បាន​ឃើញ​​មេដឹក​នាំ​​ថ្មី​​ដែល​​នឹង​ចូលមក​ដឹកនាំ​ប្រទេស​ចិន​រយៈពេល​១០​ឆ្នាំ​បន្តទៀត​ក្នុង​តំណែង​ជា​ប្រធា​នា​ធិបតី​​នាយក​រដ្ឋ​​មន្ត្រី​​​ឧបនា​យក​រដ្ឋ​មន្ត្រី​​ជា​ដើម​។

ក្នុងនោះ​​ក៏​មាន​ការអនុម័ត​ចំពោះ​ផែនការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​រដ្ឋាភិបាល​មួយចំនួន​ផងដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ Wen Jiabao នាយករដ្ឋមន្ត្រី​ជិត​អស់​អាណត្តិ​របស់​ចិន​ក៏​បាន​​អំពាវ​នាវ​​ឲ្យ​​មេ​ដឹក​នាំ​​​ថ្មី​​​របស់​​​ចិន​​​យក​ចិត្ត​ទុក​ដាក់​​ក្នុង​​ការ​ពង្រឹង​​សេដ្ឋ​កិច្ច​ជាតិ​​ផង​​ដែរ​។

គួរបញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​របស់​ចិន​ត្រូវ​បាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា នឹង​ដឹកនាំ​ដោយ​លោក​ស៊ី ជីន​ពីង អគ្គ​លេខា​ធិកា​​បក្ស​​កុំម្មុយនីស្ត​​ជំនួស​​តំណែង​​លោក​​ហ៊ូ ជិន​តាវ​ប្រធា​នាធិបតី​អស់​អាណត្តិ​។ រីឯ​លោក Li Keqiang នឹង​ឡើង​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​លោក Wen Jiabao​។

​បើទោះបីជា​រដ្ឋាភិបាល​ថ្មី​របស់​លោក​ស៊ី​ជីន​ពីង​មិនទាន់​បាន​បង្កើត​ជា​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​​នឹង​​កើត​ឡើង​​ក្នុង​​ពេល​​ឆាប់ៗ​​នេះ​​ដែល​​នឹង​​ត្រូវ​​ដើរ​​តួនាទី​​សំ​​ខាន់​ៗ ​​ក្នុង​ការដឹកនាំ​ប្រទេស​ចិន​ឈាន​ទៅរក​ការអភិវឌ្ឍ​ន៏ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​អំពើរ​ពុករលួយ​ដែល​បញ្ហា​នេះ​ត្រូវបាន​ក្រុម​អ្នក​ជំនាញ​របស់​ចិន​​ធ្លាប់​បញ្ជាក់ថា វា​បាន​ក្លាយទៅជា​វប្បធម៌​ដែល​ចាក់​ឬ​ស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ចិន​៕(ដោយៈ​អ៊ុន រស្មី)

អាមេរិក​​នឹង​​ចិន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​​ត្រៀម​ដាក់​​ទណ្ឌកម្ម​​បន្ថែម​លើ​​កម្មវិធី​​នុយក្លេអ៊ែ​​របស់​​កូរ៉េខាងជើង

​នៅ​ទីបំផុត​អាមេរិក​អាច​បញ្ចុះ​បញ្ជូល​​ឲ្យ​ចិន​យល់ព្រម​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ជាថ្មី​ម្តងទៀត​បាន​ហើយ ព្រោះថា​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​មិន​អាច​​ចេញ​សេចក្តីសម្រេច​ណាមួយ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​បាន​ទេ ប្រសិនបើ​គ្មាន​ការយល់ព្រម​ពី​រ​ចិន​។

ការព្រមព្រាង​រវាង​អាមេរិក​នឹង​ចិន​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​ហើយ​ភាគី​ទាំងពីរ​បាន​បញ្ជូន​សេចក្តីសម្រេចចិត្ត​ព្រាង​របស់​ខ្លួន​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ ដើម្បី​ធ្វើការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។

កូរ៉េ​ខាងជើង​មាន​តែ​ប្រទេស​ចិន​តែមួយគត់​ដែល​ជា​មិត្ត​ដ៏​ល្អ​ស្និត​របស់ខ្លួន​នឹង​ជា​ជំហរ​ពឹងពាក់​ផ្សេងៗ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ការ​ល្មើស​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​ដូច្នោះ​ចិន​មិន​អាច​ការពារ​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​របស់ខ្លួន​បាន​ទៀត​នោះទេ ព្រោះ​ចិន​ក៏​ធ្លាប់បាន​ហាម​កូរ៉េខាងជើង​មិន​ឲ្យ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។

​ប្រទេស​កូរ៉េខាងជើង​តែងតែ​អះអាង​ម្តង​ហើយ​ម្តងទៀត​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​មិន​មាន​​បំណង​​គំរាម​កំហែង​​ណា​មួយ​ដល់​សន្តិសុខ​ពិភពលោក​ទេ​គឺ​ធ្វើឡើង​ក្នុង​ន័យ​​​សន្តិភាព​ប៉ុណ្ណោះ​។ ហើយ​នា​ពេល​ថ្មីៗ​នេះ​កូរ៉េ​ខាងជើង​ក៏​បាន​អះអាង​ថា មូលហេតុ​ដែល​ខ្លួន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៣​នេះ គឺ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​របស់​សហរដ្ឋអាមេរិក​។

គួរបញ្ជាក់​ថា បន្ទាប់​ពី​ចិន​ដែល​តែងតែ​ការពារ​កូរ៉េ​ខាងជើង​បាន​យល់ព្រម​ទៅ​ហើយ​នោះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​អាច​ចេញ​សេចក្តីសម្រេច​ដាក់​ទណ្ឌ​កម្ម​មួយ​លើ​កូរ៉េខាងជើង​នា​ពេល​ឆាប់ៗ​នេះ​។

តែ​យ៉ាងណាក៏ដោយ​កូរ៉េខាងជើង​ធ្លាប់បាន​ប្រកាស​ជា​ច្រើន​ដង​ទៅ​ហើយ​ថា ខ្លួន​មិន​ខ្លាច​ការដាក់ទណ្ឌកម្ម​នោះ​ឡើយ​​៕(ដោយៈ​អ៊ុន រស្មី)

ថេន សេន​ ស្នើរ​ឲ្យ​សហភាព​​អឺរ៉ុប​​ឲ្យ​លុប​​ទណ្ឌកម្ម​​ប្រឆាំង​​ប្រទេស​​ខ្លួន

ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក​ថេន សេន បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​លុបចោល​ការដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​របស់ខ្លួន​។

លោក​ថេន សេន បាន​ស្នើរ​ដោយ​ផ្ទាល់​ទៅកាន់​ប្រធានាធិបតី​អូទ្រីស លោក​ហេន ហ្វីស​ឆឺ កាល​ពី​ថៃ្ង​ចន្ទ​អំពី​ការលុបចោល​ទណ្ឌកម្ម​នេះ​ដែល​បាន​ធ្វើឡើង​នៅក្នុង​សន្និ​សីទ​​កាសែត​រួមគ្នា ដែល​ជា​ផ្នែក​មួយ​​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​ ទៅ​សហភាព​អឺរ៉ុប​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកទីមួយ របស់លោក​ថេន សេន ក្នុងនាម​ជា ប្រធានា​ធិបតី​​មី​យ៉ាន់​ម៉ា​។​

​គួរបញ្ជាក់​ថា កាលពី​ខែ​មេសា ឆ្នាំ​២០១២ សហភាព​អឺរ៉ុប បាន​ផ្អាក​ការដាក់ទណ្ឌកម្ម​ទាំងអស់​របស់​ខ្លួន​លើ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់​ពី​ប្រទេស​មួយ​នេះ​បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក​ថេន សេន ចាប់តាំងពី​លោក​បាន​ឡើងកាន់​អំណាច​កាលពីដើមឆ្នាំ​២០១១​មក​។​

គណបក្ស​ប្រឆាំង​​ថៃ​ឈ្នះ​​ការបោះឆ្នោត​​តំណែង​​ចៅហ្វាយ​ក្រុង​​បាងកក​​សំរាប់​​អាណត្តិ​​ទី​២

​នៅ​ទី​បំផុត​ទៅ គណបក្សប្រឆាំង​ថៃ​នៅតែ​អាច​រក្សា​ការគ្រប់គ្រង​តំណែង​ជា​អភិបាលក្រុង​បាងកក​ដដែល​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​។​ នៅ​អាណត្តិ​ទី​២​នេះ លោក​ស៊ូ​ខុម​បាន​ផា​រី​បា​ត្រា​នៅ​តែ​ទទួលបាន​ជោគជ័យ​ក្នុង​ការស្ទង់មតិ​អវិជ្ជមាន​និង​ឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​។

​គូរ​ប្រកួតប្រជែង​របស់​លោក ស៊ូ​ខុម​បាន​ដែល​ឈ្នះ​ការបោះឆ្នោត​និង​មកពី​គណបក្ស​ប្រជាធិបតេយ្យ​នោះ​គឺ​លោក ពង់​សា​ផាត​ពង់​ចារ៉ឺ​ន​មកពី​គណបក្ស​កាន់អំណា​ច​ភឿ​ថៃ​។

​បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​អភិបាល​ក្រុង​នេះ នៅ​ស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​លោក ស៊ូ​ខុម​បាន បាន​ថ្លែង​អរគុណ​ផង​ដែរ​ចំពោះ​ប្រជាជន​ដែល​បាន​គាំទ្រ​រូបលោក​។

​ចំនែកឯ​គួ​ប្រកួតប្រជែង​របស់​លោក​ស៊ូ​ខុម​បាន នោះ​គឺ​លោក​​ពង់​​ សា​ផាត​ បាន​ទទួលស្គាល់​ការបរាជ័យ​របស់ខ្លួន​ហើយក៏​បាន​សំដែង​ការ​អ​បរសាទរ​ជូន​ចំពោះ​បេក្ខភាព​គណ​បក្សប្រឆាំង​ថៃ​លោក​ស៊ូ​ខុម​បាន​។

​ដំណឹង​ដ៏​ល្អ​សម្រាប់​គណបក្ស​ប្រឆាំង​ថៃ​នេះ​ក៏​ទទួលបាន​ការអបអរ​សាទរ​ពី​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ផងដែរ​។​ ប្រមុខ​រដ្ឋាភិបាល​ថៃ​រូបនេះ​បាន​​មា​ន​ប្រសាសន៍​ឲ្យដឹងថា​"​គណបក្ស​ភឿ​ថៃ​និង​រដ្ឋាភិបាល​នឹង​គាំទ្រ​ដោយ​រីករាយ​ជាមួយ​លោក​អភិបាល​ក្រុង​បាងកក ហើយ​រដ្ឋាភិបាល​ថៃ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ​​ ដើម្បី​សហការ​ជាមួយនឹង​លោក​ស៊ូ​ខុម​បាន​ក្នុងការ​អភិ​វឌ្ឃន៏​ប្រទេស​ថៃ​ទាំងមូល​។

​គួរកត់សំគាល់​ថា ភាពជោគជ័យ​ក្នុង​ការបោះឆ្នោត​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​នាពេលនេះ​សរ​បញ្ជាក់​ឲ្យឃើញថា ប្រជាប្រិយភាព​របស់​គ​ណ​បក្សប្រឆាំង​នេះ​នៅតែ​មាន​​ឥទ្ធិ​ពល​​ដដែល​​សម្រាប់​ប្រជាជន​ថៃ​នៅក្នុង​ទីក្រុង​បាងកក​ បើទោះបី​បច្ចុប្បន្នភាព​ប្រទេស​នេះ​គឺ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​គណបក្ស​ភឿ​ថៃ​ក៏​ដោយ​៕

​ប្រធាន​​ UN គ្រោង​​នឹង​​រៀបចំ​​កិច្ច​ច​ចារ​​សម្រាប់​​ភាគី​ជម្លោះ​​ក្នុង​​ប្រទេស​​ស៊ី​រី​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​បាន គីមូន និង ប្រសិត​ពិសេស​អង្គកាសហ​ប្រជា​ជាតិ​ទទួល​បន្ទុក​​ដោះ​ស្រាយ​​វិបត្តិ​​របស់​​ប្រទេស​ស៊ី​រី​​ បាន​​បញ្ជាក់​កាលពី​ថ្ងៃ​សៅ​រថា នឹង​រៀបចំ​កិច្ច​ច​ចារ​សន្តិភាព​សម្រាប់​ភាគី​ជម្លោះ​ក្នុង​ប្រទេស​ស៊ី​រី​នា​ពេល​ឆាប់ៗ​។ ការបញ្ជាក់​យ៉ាង​ដូច្នោះ គឺ​ធ្វើឡើង​បន្ទាប់​ពី​ទាំង​ភាគី​ក្រុម​ប្រឆាំង និង ខាង​រដ្ឋា​ភិបាល​​ស៊ី​រី​បាន​បង្ហាញ់​ពី​ឆន្ទៈ​ក្នុង​ការ​ចូល​តុរ​ច​ចារ​ដើម្បី​ស្វែងរក​សន្តិភាព​។

​ក្នុងជំនួប​កាលពី​ថ្ងៃ​សៅររវាង​លោក​បាន  គីមូន អគ្គលេខាធិការ​អង្គការ​សហ​ហ​ប្រជាតិ និង លោក Lakhdar Brahimi ប្រសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​ប​ន្ទុ​ក​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​ស៊ី​រី​នោះ អ្នក​ទាំង​ពីរ​បាន​បង្ហាញ់​ពី​ក្តីបារម្មណ៏​រួមគ្នា ចំពោះ​ការបរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​របស់​សហគម​ន៏​អន្តរជាតិ​ក្នុងការ​ចាត់​វិធាន​ការ​ផ្សេងៗ​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រុំា​​រ៉ៃ​ក្នុងប្រទេស​ស៊ី​រី ដែល​ថ្មីៗ​នេះ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​៧​ម៉ឺន​នាក់​​ទៅ​ហើយ​នោះ​។

លើសពីនេះទៅទៀត​ទាំង​លោក​បាន  គីមូន និង លោក Lakhdar Brahimi ក៏​បាន​ព្រួយ​បា​រម្ម​ណ៏​ចំពោះ​ការ​កើន​ឡើង​​នូវ​​ការ​វាយ​ប្រហា​​គ្នា​​ឥត​ឈប់​ឈរ​​ក្នុង​​ប្រទេស​​មួយ​​នេះ​​ផង​ដែរ ហើយ​ថា​ឧ​ក្រិត​ជន​ក្នុង​បញ្ហា​នេះ​នឹង​ត្រូវបាន​គេ​នាំ​ទៅ​កាត់ក្តី​នៅ​តុលាការឧក្រិត​កម្ម​អន្តរជាតិ​ស្តីពីរ​បញ្ហា​ឧ​ក្រិត​កម្ម​សង្គ្រាម​។

ដូច្នោះ​ដើម្បី​អាច​ឲ្យ​បញ្ហាដ៏​ស្មុគស្មាញ់​ទាំងនោះ​អាច​ដោះស្រាយបាន អ្នក​ទាំង​ពីរ នឹង​រៀបចំ​កិច្ច​ច​ចារ​សម្រាប់​ឲ្យ​ភាគី​និយាយ​សម្រុះសម្រួល​គ្នា​អំពីរ​បញ្ហា​ទាំងអស់នោះ​។ រីឯ​កាលពី​ថ្ងៃ​សៅរ​ដែរ​នោះ​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​អ៊ីរ៉ង គឺ​លោក Ali Akbar Salehi បាន​និយាយថា លោក Assad ប្រធានាធិបតី​ស៊ី​រី នឹង​នៅតែ​ជា​ប្រធានាធិបតី​ស៊ី​រី ស្របច្បាប់​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​អណត្តិ​ក្រោយ​ទៀត​ក្នុង​ឆ្នាំ​២០១៤​។

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បត៏​កន្លងទៅ​ប្រទេស​អាមេរិក​បាន​ប្រកាស​ថា នឹង​ផ្តល់​ជំនួយ​ទៅដល់​ក្រុមប្រឆាំង​ស៊ី​រី​ជា​ទឹកប្រាក់​ប្រមាណ ៦០​លាន​ដុល្លា​អាមេរិក ​ដើម្បី​តស៊ូ​​ប្រឆាំង​នឹង​របប​ផ្តាច់ការ​របស់​រដ្ឋាភិបាល​ស៊ី​រី​។​

រដ្ឋាភិបាល​ប្រទេស​ស៊ី​រី​តែងតែ​រិះគន់​ចំពោះ​អន្តរជាតិ​ដែល​បាន​គាំទ្រ​នឹង​ផ្តល់​ជំនួយ​ជារឿយ​ដល់​ពួក​ក្រុមប្រឆាំង ព្រោះថា​ក្រុមប្រឆាំង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកថា​ជា​ក្រុម​​ភេ​រ​វករ​ដែល​ជា​ហេតុ​ធ្វើឲ្យ​អំពើរ​ហិង្សា​ក្នុង​ប្រទេ​សស៊ី​រី​មិន​អាច​ស្ងប់ស្ងាត់​បាន​។​

​ទីក្រុង​​បាង​កក​​បោះឆ្នោត​​ជ្រើសរើស​​ចៅ​ហ្វាយ​ក្រុង​

ក្រុម​អ្នកបោះឆ្នោត​ថៃ​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជ្រើស​រើ​បេក្ខជន​២​នាក់ ក្នុងចំណោម​បេក្ខជន​ជាង​១០​នាក់​ដែល​កំពុង​ឈរ​ឈ្មោះ​សំរាប់​តំណែង​ជា​ចៅហ្វាយក្រុង​ប្រចាំ​នៅ​ទីក្រុង​បាងកក​។​

​លោក​ស៊ូ​ខុម​បាន ប៉ា​រី​បា​ត្រា សមាជិក​មកពី​គណបក្ស​​ប្រជា​ធិប​តេយ្យ​​វ័យ​​៦០​ឆ្នាំ កំពុងតែ​ស្វះស្វែង​រក​អាណត្តិ​ទី​២​ក្នុង​ការដឹកនាំ​ទីក្រុង​បាងកក ហើយ​គណបក្ស​ប្រជាធិប​តេយ្យ​ដែល​ជា​បក្សប្រឆាំង​នេះ កំពុង​ពឹង​លើ​ការបោះឆ្នោត​នេះ​ដើម្បី​បញ្ចៀស​ការគ្រប់គ្រង​នយោបាយ​ផ្តាច់មុខ​ដោយ​គណបក្សកាន់អំណាច​។​

​ចំណែក​គណបក្ស​ភឿ​ថៃ​កំពុង​ដាក់​ក្តី​សង្ឃឹម​លើ​អតីត​មេ​ប៉ូលិស​ជាតិ​លោក​ពង់​សា​ផាត ពង់​ចា​រ៉ឺន​។ ​បេក្ខជន​គណបក្ស​ភឿ​ថៃ​លោក​ពង់​សា​ផាត ពង់​ចា​រ៉ឺន បាន​ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​កាលពី​ថ្ងៃ​២​មីនា​។

​ប្រធាន​គណៈកម្មាធិការ​លោក​ប្រា​ផាន ណៃ​កូវី​ត​បាន​និយាយ​កាលពី​ថ្ងៃ​សៅរិ៍​ម្សិល​មិញថា ចំនួន​មនុស្ស​ចេញមក​បោះឆ្នោត​នៅ​ថ្ងៃនេះ​ត្រូវ​គេ​រំពឹងថា​នឹង​មាន​លើ​៦០​ភាគរយ​ដោយសារ​ការប្រកួតប្រជែង​គ្នា​ជាខ្លាំង​។​

​ចំណែក​លោក​នី​ន​ណាត ចា​លី​តា​ណុន លេខា​អចិន្ត្រៃយ៍​នៃ​រដ្ឋបាល​ក្រុង​បាងកក​បាន​និយាយថា​ពួក​មន្ត្រី​ក្រុង​សង្ឃឹម​ថា​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​នឹង​ឈាន​ដល់​គោល​ដៅ​ចំនួន​៧០​ភាគរយ​តាម​ផែនការ​ឬ​ប្រមាណ​៤​លាន​នាក់​។​

​ប៉ុន្តែ​អ្វី​ជា​ការកត់សំគាល់ គណៈកម្មាធិការ​បោះឆ្នោត​បាន​ពន្យល់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៍មាន​សិទ្ធិ​បោះឆ្នោត​សំរាប់​ជ្រើសរើស​ចៅហ្វាយក្រុង​បាងកក​នេះ​ផងដែរ​។

លោក​ថាក់​​​ស៊ីន​ ឈ្មោះ​​​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​មាន​ក្នុង​បញ្ជី​​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​​នៅ​​​ស្ថានីយ​​បោះ​ឆ្នោត​ក្នុង​សង្កាត់​បាង​ផ្លាត​ជិត​​ឈ្មោះ​កូន​បី​នាក់​របស់​លោក​។​ ​ស្នង​​ការ​បោះឆ្នោត​លោក​ប្រផាន​នៃ​ហ្គោ​វី​តបាន​និយាយថា ថាក់ស៊ីន​អាចអនុវត្ត​សិទ្ធិ​បោះឆ្នោត​នៅពេល​នេះ​បន្ទាប់ពី​បំរាម​ធ្វើ​នយោបាយ​៥​ឆ្នាំ​សំរាប់​រូបលោក​បាន​បញ្ចប់​។​

​ថាក់​ស៊ីន​បាន​ចំណាយ​ពេល​ភាគច្រើន​នៅ​ក្រុង​ឌុយ​បៃ​បន្ទាប់ពី​គេចខ្លួន​ចេញពី​ប្រទេស​ក្រោយ​តុលាការ​ថៃ​កាត់ទោស​ដាក់គុក​លោក​២​ឆ្នាំ​ចំពោះ​ការរំលោភ​អំណាច​៕​(ដោយៈ​វ៉ា សំណព្វ)

​កងទ័ព​​អាមេរិក ​និង​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​​ទ្រង់​ទ្រាយ​​ធំ​ប្រចាំឆ្នាំ​

លំ​ហាត់​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រូ​ម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​ប្រព្រឹត្ត​ទៅ​​ហើយ កាលពី​ថ្ងៃ​សុក្រ ទី​១ ខែ​មិនា ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៣ នៅលើ​ទឹកដី​កូរ៉េខាងត្បូង។

លំ​ហាត់​សមយុទ្ធ​យោធា​នេះ​មាន​គ្រប់​ប្រភេទ​ដូចជា ទ័ព​អាកាស ទ័ព​ជើងគោក និង​ទ័ពជើងទឹក ដែល​មានឈ្មោះ​ថា Foal Eagle នោះ​មាន​ការចូលរួម​ពី​ទា​ហ៊ាន​អាមេរិក ជាង​​១០.០០០​នាក់ ជាមួយនឹង​កងទ័ព​កូរ៉េខាងត្បូង​ដែល​មាន​ចំនួន​ដ៏​ច្រើន​លើសលប់។

អ្វី​ជា​ការគត់សម្គាល់​នោះ គឺថា​ការធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ស្របពេល​ដែល​ស្ថានភាព​តាន់តឹង​រវាង​ប្រទេស​គួរ​សត្រូវ​បងប្អូន​ទាំងពីរ​កំពុង​ឡើង​កម្តៅ​​យ៉ាងខ្លាំង​ក្រោយ​ពី​កូរ៉េ​ខាងជើង​បាន​សាកល្បង​បាញ់​គ្រាប់​នុយក្លែអ៊ែជា​លើក​ទី​៣​ដោយ​ជោគជ័យ។​ សមយុទ្ធ​យោធា​នេះ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជើងគោក អា​កាស និង​ប្រតិបត្តិការ​លួ​ន​ក្រា​ប់​ចុះ​ចត់​ជាដើម​។

ជាមួយគ្នា​នោះ​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ក៏​នឹង​ហ្វឹកហាត់​ត្រាប់​តាម​កុំព្យូទ័រ​ផងដែរ ដែល​ហៅ​ឈ្មោះថា Key Resolve ចាប់ពី​ថ្ងៃ​១១​ដល់​២១​មីនា ដោយ​មាន​ការចូលរួម​ពី​ទាហាន​អាមេរិក ៣.៥០០​នាក់​និង​កូរ៉េខាងត្បូង​១០.០០០​នាក់។

យ៉ាងណាក្តី​ការធ្វើ​សមយុទ្ធ​យោធា​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ចាត់ទុកថា វា​ជា​ការហាត់​សម​ទុក​សំរាប់​ត្រៀម​វាយលុក​ការឈ្លានពាន​។ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប​សម្រាប់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​បាន​អះអាង​ថា វា​ស្ថិត​ក្នុង​លក្ខណៈ​ការពារ​ខ្លួន​ដូច​ធម្មតា​នោះ​ទេ​។

អ្នកនាំពាក្យ​ក្រសួង​ការពា​ជាតិ​កូរ៉េខាងត្បូង លោក Kim Min-Seok បាន​និយាយថា ការធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​រួមគ្នា​ប្រចាំ​ឆ្នាំ​លើក​នេះ គឺ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​​លើក​មុនៗ​៕(ដោយៈថា ថៃ)

សម្តេច​​សង្ឃ​​ប៉ាប់​​បាន​​លាលែង​​ពី​ដំណែង​​ជា​ផ្លូវ​កា​រ​ហើយ​

ក្នុង​រយៈពេល​ប្រាំពីរ​រយ​ឆ្នាំ​កន្លងមកហើយ ពុំដែល​មាន​ប្រមុខ​ដឹកនាំ​សាសនា​កាតូលិក​ណាមួយ​ប្រកាស​លាលែង​ពី​ដំណែង​នោះ​ទេ ដូច្នេះ​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​​​សម្តេច​ប៉ាប់ Benedict ទី​១៦ លាលែង​ពី​ដំណែង។

ការបញ្ចប់​តំណែង​របស់​សម្តេច​ប៉ាប់​ដែល​មានឈ្មោះ​ដើម​ថា Joseph Ratzinger បាន​ប្រព្រឹត្តទៅ​នៅ​ម៉ោង​​៧​យប់​ម៉ោង​សកល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កុម្ភៈ។

នៅ​ចំ​ពោះ​មុខ​គ្រឹះ​សាសនិកជន​រាប់សែន​នាក់ ព្រះអង្គ​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​ព្រះអង្គ​អ្នក​ធម្ម​យាត្រា​ដូច​ធម្មតា សម្រាប់​ដំណើរ​ចុង​ក្រោយ​ក្នុង​ឆាកជីវិត​របស់​ទ្រង់។

ព្រះអង្គ​បាន​លើកដៃ​លា​ជា​លើក​ចុងក្រោយ​នៅ​ចំពោះមុខ​គ្រឹះ​បរិស័ទ​រាប់សែន​នាក់​ដែល​ម្នាក់​ៗ គ្រប់​ដណ្តប់​ដោយ​ទឹកភ្នែក​ពេញ​ផ្ទៃមុខ​នៅក្នុង​បូរី​វ៉ា​ទី​កង់។ មាន​ព្រះ​ជន្ន ៨៥​វស្សា ព្រះអង្គ​បាន​ទ​ទូល​ដំណែង​ជា​សម្តេច​ប៉ាប់​អស់​រយៈពេល​ប្រាំបី​ឆ្នាំ​មកហើយ ដោយបាន​ដឹកនាំ​អ្នក​កាន់​សាសនា​កាតូលិក​ជាង​មួយ​ពាន់​លាន​នាក់ នៅ​ទូទាំង​ពិភពលោក​។

យ៉ាងណាក្តី​ក្រោយពេល​លាលែង​ពី​ដំណែង​រួចរាល់​ព្រះអង្គ​នឹង​ចូល​ទៅ​គង់នៅ​ក្នុង​និវេសនដ្ឋាន​ចូល​និវត្តន៍ ដែល​ត្រូវបាន​គេ​រៀបចំ​រួរា​ល់​ជា​ស្រេច​។​

គួរបញ្ជាក់​ថា ក្រោយពេល​ដែល​សម្តេច​ប៉ាប​ទី​១៦ បាន​លាលែង​ពី​ដំណែង​ហើយ​នោះ​តំណែង​សម្តេច​ប៉ាប​នឹង​នៅ​ទំនេ​រយៈពេល​១៥ថ្ងៃ ដើម្បី​រងចាំ​ការបោះឆ្នោត​ជ្រើសរើស​សម្តេស​សង្ឃកាតូលិក​ថ្មី។ ការបោះឆ្នោត​នោះ​នឹង​ធ្វើឡើង​នៅក្នុង​បូរី​វ៉ា​ទី​កង់​ដោយ​មន្ត្រី​សង្ឃ​កាតូលិក​ចំនួន ១១៥​អង្គ​នៅ​ទូទាំង​ពិភពលោក​ចូលរួម៕(ដោយៈថា ថៃ)

រដ្ឋាភិបាល​​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​ចរចា​​សន្តិភាព​ជាមួយ​​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ភាគ​ខាងត្បូង​

យោងតាម​សារព័ត៌មាន​របស់​ថៃ ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បានឲ្យដឹងថា អគ្គលេខាធិការ សភា​សន្តិសុខ​ជាតិ លោក​ឧត្តមសេនីយ៍ ផា​រ៉ា​ដន ផា​តា​ថា​បុត្រ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ចរចា​សន្តិភាព ជាមួយ​បណ្តាញ​ចលនា​បដិវត្ដន៍​ជាតិ​ម៉ាឡាយូ​បាតានី ដែល​ហៅ​កាត់​ថា BRN ក្រោម​ការ​តាម​ដាន​​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​។

​លោក​ឧត្តមសេនីយ៍ ផា​រ៉ា​ដន ផា​តា​ថា​បុត្រ បានបញ្ជាក់​ថា ការបើក​កិច្ចចរចា​សន្តិសុខភាព ជាមួយ​ក្រុម សកម្មប្រយុទ្ធ​នៅ​ភាគខាងត្បូង​ថៃ​នេះ គឺជា​សញ្ញា​វិជ្ជា​មាន​មួយ និង​ជា​ចំណុច​ចាប់ផ្តើម សម្រាប់​ការទុកចិត្ត​គ្នា ទៅវិញទៅមក​រវាងរដ្ឋាភិបាល​ថៃ និង​ក្រុម​ចលនា​ផ្តាច់ខ្លួន ដើម្បី​ស្វែងរក​ដំណោះស្រាយ សន្តិភាព​។​

​លោក​ឧត្តមសេនីយ៍ ផា​រ៉ា​ដន បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​ថៃ​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ពិសេស​ប្រទេស​ម៉ាឡេស៊ី អំពី​បញ្ហា​សន្តិសុខ​តំបន់​។ ព្រោះ​ថា ភាគី​ម៉ាឡេស៊ី​ក៏​មិន​ចង់​ឃើញ​ទំនាស់​បែងចែក​ទឹកដី នៅ​ជិត​ព្រំប្រទល់​របស់​ប្រទេស​ខ្លូន​ឡើយ​។ លើសពីនេះ​ទៀត ការស្វែងរក​សន្តិភាព គឺជា​ចង់​បាន​របស់​សហគម​ន៍​អាស៊ាន​ផងដែរ​។​

​យ៉ាងណាក៏ដោយ សម្រាប់​ផែនការ​សន្តិភាព​នេះ មិនមែន​កើតឡើង​ភ្លាមៗ​នោះទេ តែ​វា នឹង​អាច​លេចចេញ​ជា​រូបរាង​នៅ​អំឡុង​២ ទៅ​៣​សប្ពាហ៍​ទៀត ក្នុង​ការស្វែងរក​ដោះស្រាយ​បញ្ហា អសន្តិសុខ នៅ​ភាគខាងត្បូង​ថៃ​។

​បើទោះបីជា រដ្ឋាភិបាល​ថៃ​បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចរចា​សន្តិភាព​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ក៏ដោយ​ក៏​អំពើហិង្សា​នៅតែ​បន្ត​កើតមាន​នៅ​ខេត្ត​ណា​រ៉ាត​ធី​វ៉ាត ភាគខាងត្បូង​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ​។

ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ បាន​បង្កប់​គ្រាប់បែក​នៅក្នុង​ទោចក្រយានយន្ត​មួយ កាលពី​ព្រឹក​ម៉ោង​ប្រមាណ​៦ នា​ផ្សារ​មួយ​ក្នុង​ទី​រួម​ខេត្ត​ណារ៉ាត​ធី​វ៉ាត​។ នៅ​ហេតុការណ៍​នោះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់ ក្នុងនោះ​រួមមាន​ទាហាន​ម្នាក់ បាន​រងរបួស​ផងដែរ​៕​(ដោយៈឃួន សុភ័​ក្រ)

​ជប៉ុន​តែង​តាំង​​លោក Haruhiko Kuroda​ ជា​ប្រធាន​​ធនាគា​រ​​កណ្តល​​ជប៉ុន

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ Shinzo Abe បាន​សន្យា​ហើយ​ថា នឹង​ជុំរុញ​សេដ្ឋកិច្ច​ឲ្យ​ដើរ​ទៅ​មុខ​យ៉ាង​លឿន​ដោយ​រួមជាមួយ​នឹង​រូបីយ៍វត្ថុ​ចាស់ៗ​។

ជា​ពិសេស​ទៀត​នោះ នៅ​​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កុម្ភៈ​នេះ លោក​បាន​តែងតាំង​លោក Haruhiko Kuroda ជា​ប្រធាន​ធនាគា​កណ្តាល ដែល​ហៅថា Central Bank នៅក្នុង​ប្រទេស​ជប៉ុន​។​

ទេសាភិបាល​ធនាគា​កណ្តា​ល​ជប៉ុន ក្នុងពេល​ប​ច្ច​ប្បន្ន​គឺ Masaaki Shirakawa ​នឹង​លាលែង​ពី​ដំណែង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា​ខាងមុខ​ដែល​នៅសល់​តែ​៣​សប្តាហ៍​ខាង​មុខ​ទៀត​​ប៉ុណ្ណោះ នឹងត្រូវ​បញ្ចប់​អាណត្តិ​របស់​គាត់​។

​លោក Kuroda វ័យ​៦៨​ឆ្នាំ ជា​សមាជិក​សភា​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ធនាគារ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ត្រូវបាន​គេ​ស្ទាប់​ស្ទង​យ៉ាង​ជាក់លាក់​ថា លោក​គឺ ជា​មនុស្ស ដែល​​ពោ​ពេញ​ទៅដោយ​បទពិសោធន៍​។​ លោក​ធ្លាប់​ធ្វើ​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៅ​សកលវិទ្យា​ល​Oxford​។​មួយទៀត​នាពេល​បច្ចុប្បន្ន​លោក​គឺជា​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។​
​គួរបញ្ជាក់​ថា លោក ​Shinzo Abe ​ចាប់តាំងពី​ជាប់ឆ្នោត ឡើង​កាន់​អំណាច​ជា​រដ្ឋាភិបាល​ជប៉ុន​មក​បាន​ព្យាយាម​ជំរុញ និង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ធនាគារ​កណ្តាល​ជប៉ុន​ឲ្យ​ចាត់វិធានការ ដើម្បី​បង្កើន​អត្រា​អតិផរណា​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​ឡើងវិញ​បន្ទាប់ពី​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ដុនដាប​ក្នុង​វិបត្តិ​៕(ដោយៈ​ថា ថៃ​)

អាមេរិក​​គ្រោង​​ផ្តល់​​ជំនួយ​​ដល់​​ក្រុម​​ប្រឆាំង​​របស់​​ស៊ី​រី​

​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​អាមេរិក លោក​ច​ន ឃឺ​រី (John Kerry)​បានបញ្ជាក់​ថា អាមេរិក​នឹង​ធ្វើ​ការផ្តល់​ជំនួយ​ដល់​ខាង​ពូក​ក្រុម​បក្សប្រឆាំង​ស៊ី​រី​ដែល​កំពុងតែ​ទប់ទល់​ជា​មួយ​​នឹង​រដ្ឋាភិបាល​ស៊ី​រី​។ ការលើកឡើង​បែប​នេះ​ គឺ​បាន​ធ្វើឡើង​ក្នុង​ទីក្រុង​រ៉ូម​​(Rome)​​ប្រទេស​អ៊ីតាលី​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមមន្ត្រី​សេត​វិមាន​របស់​អាមេរិក​។

​នៅ​ថ្ងៃ​ព្រហស្បត៏នេះ​លោក ​John Kerry ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​រ៉ូម​ជាមួយនឹង​បណ្តា​ប្រទេស​ចំនួន​​៦០ ​ដែល​សុទ្ធសឹងតែ​គាំទ្រ​ដល់​ក្រុម​ប្រឆាំង​របស់​ស៊ី​រី​។ ​កិច្ច​ប្រជុំ​របស់​បណ្តា​ប្រទេស​គាំទ្រ​ក្រុមប្រឆាំង​ស៊ី​រី​នោះ​គឺ​ធ្វើឡើង​ដើម្បី​រក​ដំណោះស្រាយ​ផ្សេងៗ ​ក្នុងការ​បញ្ចប់​បញ្ហា​សង្គ្រាម​ស៊ីវិល​ដ៏​រុំា​​រ៉ៃ​​ក្នុង​ប្រទេស​​ស៊ី​រី​។

តាមរយៈ​កិច្ចប្រជុំ​នេះ​លោក​ John Kerry ​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​អាមេរិក​អាច​នឹង​ប្រកាស​ពី​ការផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ដល់​ក្រុម​ប្រឆាំង​ស៊ី​រី​នោះ​។ ជំនួយ​ដែល​អាមេរិក​គ្រោង​​នឹង​ផ្តល់​ជូន​ទៅ​កាន់​ក្រុមប្រឆាំង​ស៊ី​រី​នោះ​ គឺ​មាន​ទឹកប្រាក់​ប្រមាណ​១០​លាន​ដុល្លា​​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ក្រុមមន្ត្រី​សេត​វិមាន​បញ្ជាក់ថា​លោក Barack Obama​ នៅ​មិន​ទាន់​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិការ​សម្រាប់​ផ្តល់​ជំនួយ​នោះ​នៅឡើយ​ទេ​។​

​នា​ពេលកន្លងមក​អង្គការសហប្រជាជាតិ​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ជាច្រើន​រយ​លាន​ដុល្លា សម្រាប់​ជួយ​ដល់​កិច្ចការ​មនុស្ស​ធ​ម៏​ក្នុងប្រទេស​ស៊ី​រី​ផងដែរ​។ គួរបញ្ជាក់​ថា​ចំ​នួន​​អ្នក​ស្លាប់​ក្នុង​ប្រទេស​ស៊ី​រី​នូវតែ​បន្ត​កើនឡើង​ជាច្រើន​ថែមទៀត​ព្រោះថា ការ​វាយ​ប្រយុទ្ធ​គ្នា​វាង​ក្រុម​ឧទាម និង កងកម្លាំង​រដ្ឋាភិបាល​មិន​បាន​កាត់បន្ថយ​នោះទេ​។

បើ​តាមរ​បាយ​ការណ៏​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ថ្មីៗ​នេះ មាន​មនុស្ស​ប្រមាណ ៧​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​សង្គ្រាម​ដ៏​រុំា​​រ៉ៃ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១១​កន្លងទៅនេះ​។ ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ដើម្បី​ឆ្នាំ ២០១៣​នេះ​តែម្តង​។

ទោះបី​ស្ថានភាព​ក្នុង​ប្រទេស​ស៊ី​រី​មាន​លក្ខណៈ​យ៉ាបយ៉ឺន​យ៉ាងណាក៏ដោយ លោក Basharal-Assad​ ប្រធានាធិបតី​ប្រទេស​នេះ​នៅ​តែ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា​របប​ដឹកនាំ​របស់​​ខ្លួន​នឹង​មិន​បរាជ័យ​នោះឡើយ​ពោល​គឺ​ក្រុមប្រឆាំង​មិនអាច​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​បាន​ឡើយ​ដោយសារតែ​មាន​មនុស្ស​ជាច្រើន​ដែល​ស្មោះស្ម័គ្រ​នឹង​របប​នេះ​​៕​(​ដោយៈ​អ៊ុន រស្មី​)

​អ៊ីរ៉ង់​​បើកផ្លូវ​​អោយ​​ក្រុម​អ្នក​ជំនាញ​​ផ្នែក​​កម្ម​វិធី​នុយ​ក្លេអ៊ែ​​ជួប​​ពិភាក្សា​គ្នា​

នៅក្នុង​ជំនួប​រយៈពេល​២​ថ្ងៃ ស្តីពី​បញ្ហា​កម្មវិធី​នុយក្លេអ៊េ​ររបស់​អ៊ីរ៉ង​ក្នុង​ទីក្រុង Almaty នៃ​ប្រទេស ​Kazakhstan​ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ និង បញ្ចប់​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ភាគី​ទាំងពីរ​ពោល​គឺ​អ៊ីរ៉ង និង ក្រុម​ប្រទេស​មហាអំណាច​ទាំង​៥​បូក​១​បាន​បោះជំហាន​វិជ្ជមាន​សម្រាប់​កិច្ចពិភាក្សា​លើក​ក្រោយ​ទៀត​ពោលគឺ​អ្នកជំនាញ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ជួបពិភាក្សា​ក្នុង​ទីក្រុង Istanbul ប្រទេស​Turkey ចាប់​ទី​ថ្ងៃទី​១៧​ដល់​ថ្ងៃ​ទី​១៨​ខែ​មិនា​ខាងមុខនេះ​។

ហើយ​ភាគី​ទាំង​ពីរ​នឹង​ជួប​គ្នា​ជា​ថ្មី ក្នុង​ទីក្រុង Almaty​នៃ​ប្រទេស​Kazakhstan ចាប់​ទី​ថ្ងៃ​៥​ដល់​ថ្ងៃ​ទី​៦​ខែ​មេសា​ខាង​មុខ​។ ភាគី​ទាំងពីរ​ធ្លាប់​បាន​បើក​កិច្ចពិភាក្សា​ជា​ច្រើន​រួចទៅហើយ ប៉ុន្តែ​មិន​ដែល​លទ្ធផល​ណា​មួយ​ដែល​ភាគី​ទាំង​ពីរ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ដូច​កិច្ច​ច​ចា​លើក​នេះ​ទេ​។

ដូច្នេះ​ក្រុម​ប្រទេស​មហាអំណាច​ទាំង​៥​បូក​មួយ​ដែល​មាន​ដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និង ប្រទេស​អាឡឺម៉ង់ អាច​នឹង​ផ្តើម​គិតគូរ​អំពីរ​ការ​បន្ថូរ​បន្ថយ​​​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​មួយ​ចំនួន​ពី​ប្រទេស​អ៊ីរ៉ង​ផងដែរ ព្រោះ​មុនពេល​បើក​កិច្ចប្រជុំ​ក្រុម​មន្ត្រី​ការទូត​របស់​ប្រទេស​មហាអំណាច​ទាំងនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ៊ីរ៉ង​នឹង​ធូរស្រាល​ពី​ទណ្ឌកម្ម ប្រសិនបើ​កិច្ចពិភាក្សា​ដំណើរការ​ប្រកបដោយ​ភាព​វិជ្ជមាន​នោះ​។​

​គួរបញ្ជាក់​ថា សំណើរ​សំខាន់​ជាង​គេ​ដែល​ក្រុម​ប្រទេស​ទាំង​៥​បូក​១​ឬ​ហៅ​ថា P5+1 ​ត្រូវ​បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង​យល់ព្រម​នោះ​គឺ ការស្នើរ​ឲ្យ​អ៊ីរ៉ង​បញ្ឈប់​ការ​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម និង បិទ​នូវ​រោងចក្រ​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម Fordo​។

ចាប់តាំងពី​ឆ្នាំ​​២០១០​មក ប្រទេស​អ៊ីរ៉ង់​បាន​បង្កើន​លទ្ធភាព​ក្នុងការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រហូតដល់​២០​ភាគរយ ដែល​ចំណុច​នេះ​បាន​ធ្វើឲ្យ​ប្រទេស​មហា​អំ​ណាច​​មានការស​ង្ស័​យយ៉ាងខ្លាំង​ដោយ​បាន​ចោទប្រកាន់ថា អ៊ីរ៉ង​កំពុងតែ​បង្កើត​គម្រោងការណ៏ផ​លិតអា​វុ​ធ​នុយក្លេអ៊ែរ ប៉ុន្តែ​អ៊ីរ៉ង​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​​​ទាំង​ស្រុង​៕

មន្ត្រី​ចិន​ទៅ​កាន់​អេ​ហ្ស៊ី​ប​ពិភាក្សា​​រឿង​ធ្លាក់​​បា​ឡុង​ហោះ

​ក្រុមការងារ​របស់​ក្រសួងការបរទេស​ចិន បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប កាល​ពី​ម្សិលមិញ ដើម្បីពិភាក្សា​ពី​បញ្ហា​ការធ្លាក់​បា​ឡុង​ហោះ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​បាន​សម្លាប់​អ្នកទេសច​រណ៍​១៩​នាក់ និង របួស​ពីរ​នាក់ ដែល​រួមមាន​អ្នកទេសចរ​ចិន​ហុងកុង​៩​នាក់ ជប៉ុន​៤​នាក់ អង់គ្លេស​៣​នាក់ បារាំង​២​នាក់  និង​ជន​ជាតិ​អេ​ហ្ស៊ី​បម្នាក់​។

    About Us
    Khana

Activities

Find us at Facebook

Contact Us