សង្គម

មនុស្ស​ស្លាប់​​ក្នុង​ហេតុ​ការណ៍​​លិច​នាវា​​កើន​ដល់ ​២៩​នាក់​​និង​បន្ត​បាត់​​ខ្លួន​២៧៣​នាក់​

  • PDF

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សារ​ជា​ថ្មី​ទៀត​​ហើយ​ទាក់ទង​ការ​លិច​នាវា​នៅ​កូរ៉េ​ខាងត្បូង គឺមាន​មនុស្ស​ស្លាប់​២៩​នាក់ និង​បាត់​ខ្លួន​មិន​ទាន់​រក​ឃើញ​២៧៣​នាក់​។

ស្របពេល​ដែល​លិច​នាវា​នេះ​បានធ្វើឱ្យ​អ្នកសារព័ត៌មាន​យ៉ុន​ហាប់​បានបញ្ជាក់​ថា លោក​លី​ដែលជា​​អ្នក​គ្រប់គ្រង​នាវា​នោះ​បាន​ប្រឈមមុខ​ទៅ​និង​​បទល្មើស​​ព្រហ្ម​ទណ្ឌ​ធ្ងន់ធ្ងរ​​ក្នុងនោះ​​មាន​ដូចជា ការ​ធ្វេសប្រហេ​ស​ដោយអ​ចេនា​និង រំលោភ​លើ​ច្បាប់​សមុទ្រ​។

​លើសពីនេះ​ទៀត​នោះ​ឳ​ពុក​ម្ដាយ​ជនរងគ្រោះ​បាន​រិះគន់​ទៅលើ​លោក​លី និង​អាជ្ញាធរ​ថា នៅពេល​លិច​នាវា​ភ្លាម​មិនសូវ​អើពើ​ស្វែងរក​នោះទេ គឺ​​ចេះ​​តែ​ពន្យា​​ពេល​រហូត ប៉ុន្ដែ​បើសិន​ស្វែងរក​ភ្លាមៗ​នោះ គឺ​មិន​មាន​អ្នក​បាត់​ខ្លួន​នោះ​ទេ​។​

​ទាក់ទង​និង​បញ្ហា​នេះ​ឳ​ពុក​ម្ដាយ​ជនរងគ្រោះ​ដែល​បាន​បាត់​កូន​ភាគច្រើន​បាន​បោះ​ជុំរុំ រង់ចាំ​ផ្លូវ​កូន​ជា​ទីស្រលាញ់​ត្រលប់​មកវិញ ទោះបីជា​ក្រុម​អ្នកស្រាវជ្រាវ​មិន​ទាន់​រកឃើញ​ក៏ដោយ​។ ក្រុម​គ្រួសារ​ខ្លះ​ក៏​បាន​រកឃើញ​តែ​សាកសព​កូន​របស់​ខ្លួន គឺ​បាន​ត្រឹមតែ​សោកស្ដាយ និង​រិះគន់ អ្នក​គ្រប់​គ្រង​​នាវា​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា មូលហេតុ​ដែល​នាវា​លិច​គឺ​ដោយសារតែ នាវា​នេះ​បាន​ធ្វើដំណើរ​ទៅកាន់​កោះ​ជី​ជូ ហើយក៏​បាន​ទៅបុក​និង​ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ​ដែល​មាន​ចុង​ស្រួច​មួយ​ទើប​បណ្ដាលឱ្យ​នាវា​មួយ​នេះ​ធ្លាយ​ហើយក៏​បាន​លិច​តែម្ដងទៅ​។

គួរបញ្ជាក់​ថា រហូតមកដល់​ពេលនេះ មាន​មនុស្ស​ជួយ​សង្គ្រោះ​​ទាន់​ពេលវេលា​មាន​ចំនួន ១៧៤​នាក់ ស្លាប់​២៩​នាក់ និង​មនុស្ស​បាត់​ខ្លួន​២៧៣​នាក់ ក្នុង​ចំណោម​មនុស្ស​ជាង​៤០០​នាក់ ក្នុងនោះ​មាន​សិស្ស​វិទ្យាល័យ​ជាង​៣០០​នាក់​៕(ដោយ​៖លាង​​ ធីតា)

ប្រអប់​ខ្មៅ​​អស់​សុពលភាព​​យន្ដហោះ​​ក៏​មិន​ទាន់​​រកឃើញ​​បង្ក​ភាព​​អ​ស់សង្ឃឹម​​កាន់តែច្រើន

  • PDF

វា​ហាក់ដូច​ជា​​រឿង​​អស់សង្ឃឹម​​មួយ​​ទៅ​ហើយ​ សម្រាប់​​សាច់ញាតិ​​អ្នកដំណើរ​​នៅ​លើ​​យន្ដហោះ​​ប៊ូ​អ៊ីង​៧៧៧​​ របស់​​ម៉ាឡេស៊ី​​ដែល​បាន​​បាត់​ខ្លួន​។​ ការខិតខំ​​ស្វែងរក​​យ៉ាង​​សស្រាក់​សស្រាំ​​ពី​ក្រុម​​អ្នកជំនាញ​ ​ជាច្រើន​​ប្រទេស​​ នៅ​មិនទាន់​​ទទួលបាន​​​លទ្ធផល​​នៅ​ឡើយ​ទេ​។​ មកដល់​​ថ្ងៃនេះ គឺ​មាន​រយៈពេល​​ជាង​​មួយ​ខែ​​ហើយ​ ដែល​​យន្ដហោះ​​ប៊ូ​អ៊ីង​​៧៧៧​​របស់​​ម៉ាឡេស៊ី ​ត្រូវ​បាន​​បាត់​ខ្លួន​។​

ក្រោយ​ពេល​ដែល​​បាន​បាត់​​ពី​ប្រព័ន្ធ​​ទំនាក់ទំនង​​ហើយ​នោះ​ គេ​​នៅ​​មិនទាន់​​ទទួល​បាន​​​​ព័ត៌មាន​​ជាក់លាក់​​ណាមួយ​ ទាក់​ទង​​នឹង​​យន្ដហោះ ​​ខាងលើ​​នៅ​ឡើយ​​ទេ​ គឺមាន​​តែ​​ព័ត៌មាន​​មិន​ច្បាស់​​តែប៉ុណ្ណោះ​។ ​ជាក់ស្ដែង​​ ដូច​ជា​​ការ​ចាប់​​បា​ន​ផ្ទាំង​រូបភាព​​ជា​ច្រើន​ផ្ទាំង​​អណ្ដែត​​លើ​សមុទ្រ​ ពី​ផ្កាយរណប​​របស់​ចិន​ ជប៉ុន ​បារាំង​ ​ថៃ​​ជាដើម​។​ ប៉ុន្ដែ​​នៅ​ពេល​​បញ្ជូន​​ក្រុម​​រុករក​​ទៅ​​តំបន់​នោះ​ មិន​បាន​​ប្រទះ​ឃើញ​អ្វី​​ដូចដែល​​ផ្កាយរណប​​ចាប់​បាន​ឡើយ​។​

​ក្រៅពី​​ការស្វែងរក​​យន្ដ​ហោះ​ហើយ​ ពេល​នេះ​​ក្រុម​​អ្នករុករក​​ កំពុងតែ​​ស្វែងរក​​ប្រអប់​ខ្មៅ​​នៅ​លើ​​យន្ដហោះ​​បន្ដទៀត​​ ពីព្រោះ​​បើ​រកឃើញ​​ប្រអប់​ខ្មៅ​ វា​អាច​​បញ្ជាក់​ថា​ យន្ដហោះ​​ខាងលើ​ បាត់​ខ្លួន​​ដោយសារ​​មូលហេតុ​អ្វី​​ឱ្យ​ពិត​ប្រាកដ​។​ ប៉ុន្ដែ​ បេសកកម្ម​​ស្វែងរក​​ប្រអប់​ខ្មៅ​ ហាក់ដូចជា​​មាន​ការ​យឺតយ៉ាវ​​បន្ដិច​​ទៅហើយ​។​ មាន​​ការ​យឺតយ៉ាវ​​គឺថា​ មកដល់​ថ្ងៃនេះ​ គេ​នៅ​​មិន​ទាន់​​រកឃើញ​​ប្រអប់​ខ្មៅ​​នៅ​ឡើយ​ទេ​ បើ​ទោះបីជា​​បាន​ទទួល​​រលកសញ្ញា​​ខ្លះៗ​​ក៏ដោយ​ ហើយ​​វា​អាច​នឹង​​អស់​​សុពល​​​ភាព​ ​​ដោយសារ​​ពេលវេលា​​នៃ​ការ​រក្សា​ព័ត៌មាន​ បាន​​ត្រឹម​តែ​​​រយៈពេល​​មួយ​ខែ​​ប៉ុណ្ណោះ​។​​

​គួរ​​រម្លឹក​​ឡើង​វិញ​ថា​ យន្ដហោះ​​ប៊ូ​អ៊ីង​៧៧៧​ ដែល​​មាន​ជើង​ហោះហើរ​​MH370 ​បាន​បាត់​ពី​ប្រព័ន្ធ​​រ៉ា​ដា​​​កាលពី​​ថ្ងៃ​ទី​០៨​​ខែ​មីនា​ ក្រោយ​ពេល​​ហោះ​​ចាក​ចេញ​ពី​ទី​ក្រុង​​កូឡា​ឡាំ​ពួ​ ក្នុងទិសដៅ​​ឆ្ពោះទៅ​កាន់​​ទីក្រុង​ ​ប៉េកាំង​ ​ប្រទេស​ចិន​។ ​នៅលើ​​យន្ដហោះ​ មាន​ផ្ទុក​​មនុស្ស​​២៣៩​នាក់​ រួម​ទាំង​​អ្នកបើកបរ​​និង​​អ្នក​បម្រើការ​​នៅ​លើ​​នោះ​ផង​។​​ទាក់ទង​នឹង​​ការ​បាត់​ខ្លួន​ គេ​នៅ​​មិនទាន់​​ដឹង​ទេ​​ថា​​ មកពី​​មូលហេតុ​អ្វី​​ឱ្យ​ពិត​ប្រាកដ​៕​​(ដោយ៖ពេញ ផេង)

គេហទំព័រ​ “Life Black Box”​ អនុញ្ញាត​ឱ្យអ្នកប្រើ​ប្រាស់​ជនជាតិ​ចិន​ ផ្ញើរ​សារ ​ទៅ​នរណា​ម្នាក់​ មុន​​នឹង​​ស្លាប់​

  • PDF

នៅ​ក្នុង​ជីវិត​រស់​នៅ​ ប្រចាំថ្ងៃ លោកអ្នក​ប្រហែល​ជា​បាន​ផ្ញើរសារ​ រាប់ម៉ឺន​ រាប់​ពាន់​សារ​ ទៅ​កាន់​​អ្នក​​ដទៃ​ផ្សេង​ទៀត​ នៅ​លើ​បណ្តាញ​ផ្ញើរ​សារ​ តាម​ប្រព័ន្ធ​​អ៊ីនធើណីត។​ ប៉ុន្តែ​មិនដឹងថា​ តើអ្វី​ ជា​អត្ថន័យ​ ​ដែល​លោកអ្នកបាន​ផ្ញើរនោះ​ទេ?​

ដោយឡែក ​នៅក្នុង​ប្រទេសចិន​ ដែល​ជាប្រទេស​ មានជំនឿ​អរូបិយ​ជុំវិញការ​ស្លាប់​​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​បង្កើត​នូវ​គេហ​​ទំព័រ​ថ្មីមួយ​ ដែលមាន​ឈ្មោះថា ​“ជីវិត​ ប្រអប់ ​ខ្មៅ” ​ឬហៅ​​ជា​ភាសា​អង់​គ្លេស​ថា​ “Life Black Box”​​ ដែល​អនុញ្ញាត​ឱ្យអ្នក​​ប្រើ​ប្រាស់​ អ៊ិនធឺណីតទាំងអស់ ​អាច​សរសេរ​​ជាសារ​ ឬបង្ហោះ​រូបភាព​ផ្សេងៗ ​នៅក្នុង​គេហទំព័រមួយនេះ ​មុន​ពេល​ដែល​ពួកគេ​ស្លាប់។​

ការប្រើ​ប្រាស់​នូវគេហទំព័រ “Life Black Box” ​គឺគ្រប់ប្រជាជនចិន​ ទាំងអស់​អាច​ចុះឈ្មោះ ​និង​បញ្ចូល​នូវរូបភាព ឬ​សារ​សម្ងាត់​ផ្សេងៗ ដែល​ជាពាក្យ​លា ចុងក្រោយ​​របស់អ្នក​​ប្រើ​​ប្រាស់ មុន​​​នឹង​ស្លាប់​។ ​បន្ទាប់ពីមក​ នៅពេល​ដែល​លោក​អ្នក​ស្លាប់ ​វេបសាយនេះ​​ នឹង​បញ្ជូន​ទិន្នន័យ ឬសារ ​​របស់​អ្នក ​ទៅ​មនុស្ស​ដែល​ អ្នកចង់ផ្ញើរសារទៅឲ្យ ​ជាក់ជាពុំខាន។ នេះ​បើ​តាម​ការចុះផ្សាយ​​នៅ​លើ​ទំព័រ​​​​​​​សារ​ព័ត៌មាន​CNN​ ចេញផ្សាយ​កាលពីថ្ងៃសុក្រ។​

គួរបញ្ជាក់ថា​​ ជាការកត់សម្គាល់ ​ការបង្កើតនូវ​ វេបសាយថ្មីនេះ​ឡើង ​គឺបន្ទាប់ពី​មានករណី​បាត់​យន្ត​​​ហោះ​ម៉ាឡេស៊ី​ផ្ទុក​អ្នក​​ដំណើរ​២៣៩នាក់ យ៉ាងអាថ៌កំបាំង​ ដែលនៅក្នុង​នោះ​ ២ ភាគ៣​ នៃអ្នកដំណើរ​នៅលើយន្តហោះ​នេះ គឺ​ជាជន​ជាតិ​ចិន៕​(ដោយៈសៅ វិសាល)





នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​៖​នៅតែ​មាន​ទំនុក​ចិត្ត​ក្នុង​ការស្វែង​រក​ប្រអប់​​ខ្មៅ​យន្ត​ហោះ​​ម៉ាឡេស៊ី​

  • PDF

លោក​Tony Abbott នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ប្រកាស​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​នេះថា លោក​នៅតែ​មាន​ទំនុកចិត្ត យ៉ាង​​ខ្លាំង​ក្នុង​ការស្វែងរក​ប្រអប់​ខ្មៅ​យន្តហោះ​ម៉ាឡេស៊ី។

បើទោះបីជា​ប្រអប់​ខ្មៅ​នេះ​អស់​សុពលភាព​ក៏ដោយ​​​ការប្រកាស​​បែប​នេះ​ពី​សំណាក់​លោកTony Abbott ធ្វើឡើង​ខណៈ​ដែល​ក្រុម​អ្នកជំនាញ​រុករក​អូស្ត្រាលី​បាន​ប្រមូល​ទិន្នន័យ​នៃ​រលកសញ្ញា​ជាច្រើន​នៅក្នុង​មហាសមុទ្រ​ឥ​ណ្ឌ ដើម្បី​​ធ្វើ​ជា​កំណត់ហេតុ និង​ស្វែងរក​ទីតាំង​ដ៏​ពិតប្រាកដ​មួយ​នៃ​យន្តហោះ Boeing 777  ដែល​ត្រូវបាន​គេ​សន្និដ្ឋាន ថា​បាន​ធ្លាក់​នៅក្នុង​បាត​សមុទ្រ​​ឥណ្ឌា​នេះ​។​

​លោក Abbott បាន​បន្តថា «​ចំពោះ​តំបន់​នៃ​ការរុករក​នេះ គឺ​ពិតជា​មាន​ភាព​តូចចង្អៀត​ខ្លាំងណាស់ ប៉ុន្តែ​យើង ក៏​មាន​ការជឿជាក់​ថា នឹង​មាន​សញ្ញា​ពី​ប្រអប់​ខ្មៅ​នោះ​ពុំខាន​»​។ ទន្ទឹមនឹងនេះ​លោក Abbott  មិន​បង្ហាញ​អ្វី​ច្រើន ជាង​នេះ​ទៀត​នោះ​ទេ មុនពេល​ដែល​លោក​បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​ថា ២​ភាគ​៣ នៃ​អ្នកដំណើរ​២៣៩​នៅលើ​យន្តហោះ​ប៊ូ​អ៊ីង​៧៧៧​នោះ គឺជា​ជនជាតិ​ចិន​។​

​គួរបញ្ជាក់​ថា ប្រទេស​អូស្ត្រាលីបាន​បញ្ជូន​យន្តហោះ​យោធា​ចំនួន​១១​គ្រឿង យន្តហោះ​ស៊ីវិល​ចំនួន​​៤​គ្រឿង ព្រមទាំង​នាវា​ចំនួន​១៤​គ្រឿង ក្នុង​ការស្វែងរក​ប្រអប់​ខ្មៅ​នៅលើ​យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​បាត់​អស់​រយៈពេល​ជាង​១​ខែ​កន្លងមកនេះ បើទោះបីជា​ដឹងថា ប្រអប់​ខ្មៅ​នេះ​បាន​អស់​​សុពល​ភាព​​ទៅហើយ​៕​(​ដោយៈ​សៅ វិសាល​)

ក្រុម​​អ្នកជំនាញ​​រក​​យន្តហោះ​​ម៉ាឡេស៊ី​​នៅតែ​បន្ត​​ស្វែងរក​​ខណៈ​​ប្រអប់​​ខ្មៅ​​អស់​​សុពលភាព

  • PDF

រលក​សញ្ញា​​បង្ហាញ​​ពី​បាត​សមុទ្រ​​ឥណ្ឌា​ ដែល​​ធ្វើឲ្យ​​អ្នកស្វែងរក​​ពិបាក​​យល់​បំផុត​ និង​មិនដឹង​​សញ្ញា​ត្រូវបាន​គេ​​សង្ស័យ​ថា​ មាន​​ប្រភព​​ពី​​ប្រអប់​ខ្មៅ​​របស់​​យន្តហោះ​​ម៉ាឡេស៊ី​ ប៉ុន្តែ​រលក​សញ្ញា​នោះ​  រហូតមកដល់​​ពេលនេះ​ នៅ​មិនទាន់​​អាច​កំណត់​​បាន​ថា​ នៅ​ចំណុច​​ណាមួយ​​នៅក្នុង​​បាតសមុទ្រ​​ឥណ្ឌានៅឡើយ​ទេ ។​ ទោះយ៉ាងណា​ ការស្វែងរក​​សញ្ញា​​របស់​​ប្រអប់​ខ្មៅ​ នៅតែ​​បន្ត​ទៀត​​នៅ​ថ្ងៃ​​ទី​០៩​​ខែ​មេសា​នេះ​ ខណៈដែល​​គ្រប់​គ្នា​បានដឹង​ហើយថា ថ្ម​របស់​​ប្រអប់​ខ្មៅ​​បាន​ផុត​កំណត់​​ហើយ​​ក៏​ដោយ ។​

ជា​ការ​កត់សម្គាល់​​នៅ​ថ្ងៃ​​ដដែល​នេះ​ មាន​​យន្តហោះ​​យោធា​​ចំនួន​​១១​គ្រឿង​ យន្តហោះ​​ស៊ីវិលចំនួន​៤​​គ្រឿង​ និង​នាវា​​ចំនួន​​១៤​គ្រឿង​ កំពុង​​សកម្ម​​នៅ​ក្នុង​​ការស្វែងរក​ ជាង​​ពីរ​ពាន់​​គីឡូម៉ែត្រ​ ពី​ទីក្រុង​ ផឺត​​ (Perth) ប្រទេស​​អូស្ត្រាលី។​ ការ​ខិតខំ​​ប្រឹងប្រែង​រ​ក​យន្តហោះ​​ ដែល​មាន​​រយៈ​ពេល​​​ជាង​៣០​ថ្ងៃ​​​មក​ហើយ​​ នៅតែ​គ្មាន​​ដំណឹង​អាច​និយាយ​បាន​ថា​ ប្រៀប​ដូច​​ជា​ការ​ស្វែង​រក​​ម្ជុល​​នៅ​បាត​សមុទ្រ​​អឹ​ញ្ចឹង​ដែរ។នេះ​​បើ​តាម​​ការបញ្ជាក់​​ពី​លោក​ Angus ​Houston ​អតីត​​ប្រធាន​​ក្រសួង​ការពារជាតិ​​អូស្ដ្រាលី​។

លោក​ Houston​ បាន​​បញ្ជាក់​​បន្ថែម​​ទៀត​ថា​ ការស្វែងរក​​ពី​ឧបករណ៍​​ ដ៏​ទំនើប​​របស់​​សហរដ្ឋអាមេរិក​​ កាលពី​ថ្ងៃ​ទី​​០៨​ខែ​មេសា​ គឺ​មិន​ទទួល​បាន​លទ្ធផល​​អ្វី​​បន្ថែម​នោះ​​ទេ ។​ ប៉ុន្តែ​​យោងតាម​​ប្រភព​​សម្លេង ​ដែល​​ទទួលបាន​​ពី​ឧបករណ៍​​ស្វែងរក​​ប្រអប់​ខ្មៅ​​នា​ពេល​កន្លងមក​ គេ​នៅតែ​​ជឿ​ថា​​យន្តហោះ​​ម៉ាឡេស៊ី​ ដែល​បាត់​​ដ៏​អាថ៌កំបាំង​​ពិតជា​​នៅក្នុង​​បាត​​មហាសមុទ្រ​​ឥណ្ឌា ។​

​បើ​តាម​​អ្នកវិភាគ​​មួយរូប​ ដែល​​មាន​​មូលដ្ឋាន​​នៅ​​ទីក្រុង​​ហ្សា​កាតា​​(Jakarta) ​​ប្រទេស​​ឥណ្ឌូនេស៊ី​​បាន​​ប្រាប់​​ឲ្យដឹង​ដែរថា​ ប្រសិន​​បើ​​តំបន់​ដែល​​សង្ស័យ​ថា​ ជា​ចំណុច​​ដែល​​យន្តហោះ​​ម៉ាឡេស៊ី​​ផ្ទុក​មនុស្ស​ សរុប​​២៣៩​នាក់​ បាន​​បញ្ចប់​​ជីវិត​​នៅ​ទីនោះ​ យើង​នឹង​​​ត្រូវ​​ចំណាយ​​ពេល​​មួយ​ខែ​ ឬ​អាច​​ច្រើន​ជាង​នេះ​​បន្ថែមទៀត​ ដើម្បី​​កំណត់​​មុខសញ្ញា​​ស្វែងរក​ថ្មី ។​ អ្នកវិភាគ​​រូបនោះ ​បាន​បន្ត​ទៀតថា​ សំរាប់​​សំឡេង​ដែល​​ទទួលបាន​ ពី​បាតសមុទ្រ​​ឥណ្ឌា​ វា​ពិតជា​​មាន​សារៈសំខាន់​ខ្លាំងណាស់​​សំរាប់​​ការស្វែង​រក ប៉ុន្តែ​​គួរឲ្យ​​សោកស្តាយ​​ពេលវេលា​​ដ៏​មាន​តម្លៃទាំងនោះ​ បាន​រត់​ចេញ​​ពី​មុខរបស់​​ក្រុម​​អ្នកស្វែងរក​​មួយ​​ពព្រិច​ភ្នែក​៕​(ដោយ៖អ៊ុន សុខឡា)​

រុស្ស៊ី​ព្រមាន​ពីសង្គ្រាម​ស៊ីវិល ​ប្រសិន​បើ​អ៊ុយក្រែន​បង្រ្កាប​​​ក្រុមបះបោរ

  • PDF

ក្រសួង​ការ​បរទេសរុស្ស៊ី​ នៅថ្ងៃ​អង្គារ​នេះ ​បានព្រមាន​ ពីសង្គ្រាម​ស៊ីវិល​ រវាងរុស្ស៊ី ​និងអ៊ុយក្រែន ​ប្រសិនបើអ៊ុយក្រែន ព្យា​យាម ប្រើ​ប្រាស់​កង​កម្លាំង​​ណាមួយ ​ក្នុង​ការបង្រ្កាប​ មកលើក្រុម​បាតុកររុស្ស៊ី ​នៅតំបន់ភាគ​ខាង​កើត នៃ​ប្រទេស​អ៊ុយ​ក្រែន។​​

ការ​ព្រមានបែបនេះ ធ្វើឡើង បន្ទាប់ពីក្រុមបាតុករដែលគាំទ្ររដ្ឋាភិបាលទីក្រុងម៉ូស្គូ បាន​រឹបអូស​យកអគារ​រដ្ឋាភិបាល​មួយ​ចំនួន​ នៅក្នុងទីក្រុងទាំងបី របស់អ៊ុយក្រែន រួមមានទីក្រុង Donetsk, Luhansk និង Kharkiv កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា​​ ក្រុមបាតុករ ប្រទេសរុស្ស៊ីប្រមាណ២០០០នាក់ បាននាំគ្នាបង្កភាពចលាចលនៅតំបន់ Donestsk ដើម្បី​ទាម​​ទារ​​ឲ្យតំបន់នេះ​ ផ្ដាច់ខ្លួនពីអ៊ុយក្រែន​ និងចង់បង្កើតជា រដ្ឋឯករាជ្យដែលមានឈ្មោះថា “សាធារណរដ្ឋប្រជាមានិត Donetsk ព្រមទាំងបានអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិមួយ ចំពោះការផ្តាច់ទឹកដីនេ នៅថ្ងៃទី ១១ ខែឧសភា​ខាងមុខ៕​(ដោយៈ​សៅ វិសាល)​​​​

​អូស្ដ្រាលី​​រកឃើញ​​សញ្ញា​ថ្មី​​ផ្សេង​ទៀត​​ដែល​ទាក់ទង​​នឹង​ប្រអប់​​ខ្មៅ​នៅ​លើ​​យន្ដហោះ​​ម៉ាឡេស៊ី​

  • PDF

​តាម​ព័ត៌មាន​ដែល​ចុះផ្សាយ​លើ​គេហទំព័រ​អន្ដរ​ជាតិ​AFP​បានឱ្យដឹងថា នាវា​របស់​អូស្ដ្រាលី​ដែល​តាម​ប្រមាញ់​រក​យន្ដហោះ​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​ចាប់បាន​នូវ​សញ្ញា​ថ្មី​ផ្សេង​ទៀត​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​យន្ដហោះ​ប៊ូ​អ៊ីង​​៧៧៧ របស់​ម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួន​​កាលពី​ថ្ងៃ​ទី​០៨ ​ខែ​មីនា ក្រៅ​ពី​​សញ្ញា​ដែល​ចិន​ចាប់បាន។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក Angus Houston ​អតីត​ប្រធាន​ក្រសួង​ការពារជាតិ​អូស្ដ្រាលី​។​

​ឧបករណ៍​ស្រូប​សំឡេង​ត្រូវបាន​គេ​ពង្រាយ​ពី​នាវា​របស់​អូស្ដ្រាលី​ចូលទៅក្នុង​សមុទ្រ​ដើម្បី​តាមដាន​ពី​ប្រភពព័ត៌មាន​ដែល​ចាប់បាន​ពី​ក្នុង​សមុទ្រ​​ដែល​គេ​សង្ស័យថា​ជា​ប្រអប់​ខ្មៅ​នៅលើ​យន្ដហោះ​។ លោក​Houston​បាន​បញ្ជាក់បន្ថែម​ថា​ទោះបីជា​ចាប់បាន​នូវ​សញ្ញា​ខ្លះៗ​ក៏ពិតមែន​ក៏​ក្រុម​អ្នកស្រាវជ្រាវ ត្រូវការ​ពេលវេលា​បន្ថែម ដើម្បី​ត្រួតពិនិត្យ​និង​ស្វែងរក​ទីតាំង​ឱ្យបាន​ពិតប្រាកដ​។

ពេលវេលា​ដែល​សមស្រប​សម្រាប់​ស្រាវជ្រាវ​យ៉ាងហោចណាស់​ក៏​ត្រូវ​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ដែរ​ក្នុង​ការតាមដាន​នូវ​ប្រភព​សំឡេង​។ ប៉ុន្ដែ​ជា​ចុង​ក្រោយ​លោក​បាន​សង្កត់ធ្ងន់ថា​នេះ​គឺជា​ការសន្យា​មួយ​ជាក់លាក់​ក្នុង​ការដឹកនាំ​កងកម្លាំង​ស្វែករក​ប្រអប់​ខ្មៅ​នៅលើ​យន្ដហោះ​។​

​គួរ​រម្លឹក​ឡើងវិញ​ថា យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ម៉ាឡេស៊ី​បាន​បាត់​ពី​ប្រព័ន្ធ​ទាក់ទង​កាលពី​ថ្ងៃ​ទី​០៨​ខែ​មីនា បន្ទាប់​ពី​ហោះ​ចាក​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េកាំង​។ នៅលើ​យន្ដហោះ មាន​ផ្ទុក​មនុស្ស​សរុប​២៣៩​នាក់​រួមទាំង​អ្នកបើកបរ​និង​អ្នក​បម្រើការ​នៅ​លើ​នោះ​ផង​។

ក្រោយពេល​ដែល​បាត់​ខ្លួន​មាន​ប្រទេស​ជាច្រើន​នៅលើ​សាកលលោក បាន​ចូលរួម​សហការ​គ្នា​ដើម្បី​ស្វែងរក​ប៉ុន្ដែ​ជា​លទ្ធផល​សូម្បី​តែ​ដាន​បន្ដិច​ក៏​​រក​​មិន​ឃើញ គឺ​បាន​ទទួល​តែ​ព័ត៌មាន​មិន​ច្បាស់​តែប៉ុណ្ណោះ​។ ជាក់ស្ដែង​ដូច​ជា​ការ​ចាប់បាន​នូវ​រូបភាព​ជា​ច្រើន​ផ្ទាំង​អណ្ដែត នៅលើ​ទឹក​តាម​រយៈ​​ផ្កាយ​រណប​របស់​បារាំង ថៃ​ជប៉ុន​ជាដើម​តែ​ក្រោយពេល​បញ្ជូន​ក្រុម​អ្នកជំនាញ​ចុះទៅ​ស្វែងរក​មិន​បាន​ឃើញ​អ្វី​ដូចដែល​ប្រព័ន្ធ​ផ្កាយ​រណប​​ចាប់​​បាន​​ឡើយ​។

ចំណែកឯ​ការស្វែងរក​ប្រអប់​ខ្មៅ​នៅ​លើ​យន្ដហោះ​ដែល​បាត់ គឺ​សល់​រយៈពេល តែ​មួយ​ថ្ងៃ​នេះ​ប៉ុណ្ណោះ ព្រោះ​ប្រអប់​ផ្ទុក​ព័ត៌មាន​ខាងលើ​មាន​សុ​ពល​ភាព​ ៣០​ថ្ងៃ​។​ ផ្ទុយទៅវិញ​ប្រសិនបើ​រក​មិនឃើញ វា​នឹង​លុប​អស់​ព័ត៌មាន​ដែល​អាច​បញ្ជាក់​ពី​មូលហេតុ​បណ្ដាលឱ្យ​យន្ដហោះ​បាត់​ខ្លួន​។ ​ដូច្នេះ​គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា​ក្រុម​អ្នករុករក​អូស្ដ្រាលី​អាច​តាមដាន​ដឹង​ពី​ប្រភព​ដែល​ប្រអប់​ខ្មៅ​ស្ថិត​នៅ​ឬ​យ៉ាងណា​នោះ​ទេ​៕​(ដោយ៖​ពេញ​ ផេង)​

ក្រុម​​អាវ​​ក្រហម​ ​ជួបជុំ​គ្នា​ដូច​​​​ការ​គ្រោងទុក​​ ដើម្បី​​​ប្រឆាំង​​ការ​ទម្លាក់​​ លោក​ស្រី​​យី​ង​​ឡាក់​​

  • PDF

​នៅ​ថ្ងៃ​ទី​​០៥​​ ខែ​មេសា​នេះ​​ គឺជា​ថ្ងៃ​​ដែល​​ ក្រុមបាតុករ​គាំទ្រ​ រដ្ឋាភិបាល​​លោកស្រី ​យី​ង​ឡាក់​ ស៊ីណាវ៉ាត្រា ​ធ្វើ​ការប្រមូលផ្ដុំ​គ្នា​ ដើម្បី​​ឆ្លើយ​តប​​ នឹង​ក្រុមប្រឆាំង​​ ដែល​ប៉ុនប៉ង​ ទម្លាក់​លោកស្រី ចេញពី​តំណែង​។​ ការប្រមូលផ្ដុំ​របស់​ពួកគេ​បាន​ចាប់​ផ្ដើម​​ឡើង​​តាំង ពី​ព្រឹក​ថ្ងៃ​ទី​០៥​ខែ​មេសា​នេះ​ម្លេះ ដោយ​មាន​អ្នកចូលរួម​ ប្រមាណ​២​ម៉ឺន​នាក់​។

ការជួបជុំ​របស់​ពួកគេ នឹង​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ហើយ​នៅ​ថ្ងៃទី​០៦​ខែ​មេសា អាច​នឹង​មាន​អ្នកចូលរួម​បន្ថែម រហូតដល់​ទៅ​២​សែន​នាក់​។នេះ​បើ​តាម​កា​បញ្ជាក់​ពី​លោក ប៉ា​រ៉ា​ដន ប៉ា​តា​ណា​តា​ប៊ុត ទីប្រឹក្សា​សន្ដិសុខ​ក្នុង​ប្រទេស​ថៃ​។​

​ដើម្បី​ទប់ស្កាត់ ​នឹង​ការប៉ះទង្គិច​គ្នា ក៏​ដូចជា​គ្រោះ​ថ្នាក់​ដែល​កើតឡើង​ដោយ​ចៃដន្យ ក្រុមមន្ដ្រី​ប៉ូលីស និង​កងទ័ព​ប្រមា​ណ​​​​ជា​ ៣​ពាន់​នាក់ ក៏​ត្រូវបាន​ដាក់ពង្រាយ​ជាយក្រុង​ភាគ​ខាងលិច​នៃ​ទីក្រុង​បាងកក​ផងដែរ​។

​ទាក់ទង​នឹង​ ការជួបជុំ​គ្នា​របស់​ក្រុម​ទាំងពីរ លោក ប៉ា​រ៉ា​ដន បាន​បញ្ជាក់បន្ថែម​ថា អាជ្ញាធរ​សង្ឃឹមថា នឹង​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ឡើយ ព្រោះ​ក្រុមប្រឆាំង​ប្រមូលផ្ដុំ​គ្នា​នៅ​សួនច្បារ​កណ្ដាល​ក្រុង និង​ក្រុមគាំទ្រ​បាន​ជួបជុំ​នៅ​ទីកន្លែង​ផ្សែង​ដែល​ឆ្ងាយ​ពី​គ្នា​។

​សូមបញ្ជាក់​ថា ​ដោយសារ​តែ​ភាព ជាប់គាំង​ខាង​ផ្នែក​នយោបាយ បាន​ធ្វើឱ្យ​ប្រជាជន​ថៃ​ធ្វើ​ការប្រមូលផ្ដុំ​គ្នា​ម្ដង​ហើយ​ម្ដងទៀត ទាំង​ក្រុមប្រឆាំង​និង​ក្រុមគាំទ្រ​។

ដោយឡែក​សម្រាប់​ចលនា​ប្រមូលផ្ដុំ​ក្រុមប្រឆាំង​កន្លងមក បាន​ធ្វើឱ្យ​មាន​អ្នក​ស្លាប់​ប្រមាណ​២៤​នាក់ និង​ជា​ច្រើន​រយ​នាក់​ទៀត​រងរបួស ដោយសារ​តែ​ការប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច និង​ការវាយប្រហារ​ពី​ជន​មិន​ស្គាល់​មុខ ក្នុង​អំឡុង​ពេល​​នៃ​​ការតវ៉ា ​ដែល​ចាប់ផ្ដើម​ឡើង​តាំងពី​ចុងឆ្នាំ​២០១៣​មក​៕(ដោយៈពេញ ផេង)

ឧបករណ៍​ស្វែង​រក​ ប្រអប់ខ្មៅ​របស់​យន្ដ​ហោះ​៧៧៧​ ត្រូវបាន​គេបញ្ជូន​ ទៅដល់សមុទ្រ​ឥណ្ឌា​នៅ​ថ្ងៃនេះ​

  • PDF

ក្រោយ​​ពីបាន​​បាត់​ដំណឹង​អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ​នេះ ក្រុម​អ្នក​ជំនាញ​នៅ​មិន​ទាន់​បោះ​បង់​ចោល​នូវ​កិច្ច​សហ​ប្រតិបត្ដិការ​​ស្វែងរក​យន្ដ​ហោះ​​​ម៉ា​ឡេស៊ី​ នៅឡើយទេ។​ នៅថ្ងៃទី​០៥​ខែមេសា​នេះ ឧបករណ៍​សម្រាប់​ស្វែង​រកប្រអប់​ខ្មៅ​នៅ​លើយន្ដហោះ​ ត្រូវ​បាន​​​គេបញ្ជូន​ទៅសមុទ្រ​ឥណ្ឌា​តាមនាវា​ ហើយ ​ ដើម្បីតាម​ដាន​ និងស្វែងរកប្រអប់ខ្មៅ នោះបន្ដទៀត។​

សូម​​បញ្ជាក់ថា ​នៅសល់​តែ៣ថ្ងៃ​ទៀតប៉ុណ្ណោះ​​ ប្រអប់ខ្មៅ​នៅលើយន្ដហោះ​ នឹងអស់សុពលភាព។ ដូច្នេះ​ប្រសិន​បើ​មិន​អាច​រក​ឃើញវាទេ​ គេនឹងមិន​អាចដឹង​បានឡើយថា ​យន្ដហោះដឹក​អ្នកដំណើរប៊ូអ៊ីង​​ ៧៧៧របស់​មាឡេស៊ី បា​ត់​ខ្លួន​ដោយ​​​​សារ​អ្វី​ឱ្យពិត​ប្រាកដ​ឡើយ។(ដោយៈពេញ ផេង)

គ្រោះ​​រញ្ជួយ​ដី​​មាន​​កម្លាំង​៨.២​​រ៉ិ​ចទ័​រ​វាយ​ប្រហារ​​ឆ្នេរសមុទ្រ​​ប្រទេស​ឈី​លី​​

  • PDF

គ្រោះ​​រញ្ជួយ​ដី​​មួយ​​ដែល​មាន​​កម្លាំង​​៨.២​រ៉ិ​ចទ័​រ​ បាន​​វាយប្រហារ​​ទៅលើ​​ឆ្នេរសមុទ្រ​​ប៉ាស៊ីហ្វិក​​ប្រទេស​ឈីលី ដោយ​​បាន​​បណ្ដាល​ឱ្យ​​មនុស្ស​​ពីរ​នាក់​​បាន​ស្លាប់​ និង​​៣​នាក់​​ផ្សេង​ទៀត​​រងរបួស​។​ ហេតុការណ៍​​នេះ​​បាន​​កើត​ឡើង​​នៅ​​ម៉ោង​​ប្រមាណ​​៨​និង​៤៦​នាទី​​យប់​​ម៉ោង​ក្នុង​​តំបន់​ ថ្ងៃទី​​០១​​ខែ​មេសា​ ស្ថិត​​នៅ​​ឆ្នេរ​សមុទ្រ​​ភាគ​​ខាងជើង​​ប្រទេស​ឈី​លី​។​  គ្រោះ​​រញ្ជួយ​ដី​​នេះ​ទៀតសោត​ ស្ថិតនៅ​​ក្នុង​​ជម្រៅ​១០​​គីឡូម៉ែត្រ​ និង​បាន​​បង្កឱ្យ​មាន​​ជា​​រលក ​​ស៊ូណាមិ​ ​មាន​កម្ពស់​​ជាង​​ពី​ម៉ែត្រ​​ផងដែរ​។​ សូម​បញ្ជាក់​​ថា​ ទាក់ទង​​នឹង​​ការ​បំផ្លាញ​​ទៅ​លើ​​តំបន់​ឆ្នេរ​ នៅ​​មិនទាន់​​មាន​​របាយការណ៍បញ្ជាក់​​ច្បាស់លាស់​​នៅឡើយ​​ទេ​។​ ចំណែកឯ​​ប្រជាពលរដ្ឋ​​ដែល​​រស់​នៅ​តំបន់​ឆ្នេរ​ ក៏​ត្រូវ​​គេ​ជំលៀស​​ចេញ​ពី​តំបន់​​គ្រោះថ្នាក់​ ទៅ​រក​​កន្លែង​​មាន​​សុវត្ថិភាព​​ហើយដែរ​៕​(​ដោយ៖ពេញ ផេង)

បច្ចុប្បន្ន​​ផល​ប៉ះពាល់​​នៃ​អាកាស​ធាតុ​នៅ​​ទូទាំង​​ពិភពលោក​​កំពុង​តែ​​កើនឡើង​យ៉ាង​ខ្លាំងក្លា​

  • PDF

ក្រុម​អ្នកវិទ្យាសាស្ដ្រ​រួមទាំង​មន្ដ្រី​ជំនាញ​មួយ​ចំនួន​ទៀត​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​​អាកាស​ធាតុ​បាន​​ជួប​​ពិភាក្សា​​គ្នា​នៅ​ក្នុង​​ទីក្រុង​​យូ​កូហា​ម៉ា ​ប្រទេស​​ជប៉ុន​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​បង្ក​ឱ្យមាន​ផលប៉ះពាល់​និង​រក​ដំណោះស្រាយ​ទៅ​លើ​ប​ញ្ហ​ប្រែប្រួល​នៃ​​អាកាស​ធាតុ​នៅ​ក្នុង​​ពិភព​​លោក។

ក្នុង​កិច្ច​ពិក្សា​គ្នា​ដែល​បាន​ប្រារព្ធ​ឡើង​ជាង​មួយ​សប្ដាហ៍ ក្នុង​ប្រទេស​ជប៉ុន​នេះ បាន​សម្រេច​នូវ​លទ្ធផល​មួយចំនួន​គួរឱ្យកត់សម្គាល់​គឺ ថា​ក្រុម​អ្នកវិ​ទ្យាសាស្ដ្រ​អាច​កំណត់​ពី​ពេលវេលា​ជាក់លាក់​នៃ​ការជះឥទ្ធិពល​ខ្លាំងក្លា​ដល់​បម្រែបម្រួល​អាកាសធាតុ​នៅលើ​ពិភពលោក​ក្នុង​ពេល​អនាគត​។

នៅ​ក្នុង​កិច្ចពិភាក្សា ក្រុម​អ្នកវិទ្យាសាស្ដ្រ​ក៏​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ដែល​វា​អាច​មាន​ផលប៉ះពាល់​ដល់​ការលូតលាស់​របស់​មនុស្ស​ជាតិ​។

ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​ពេល​ធ្វើ​សន្និសីទ​ការ​សែត​ក្នុង​ទីក្រុង​យូ​កូហា​ម៉ា លោក ម៉ៃ​ឃើ​ល ចា​រ៉ូដ អគ្គលេខាធិការ​នៃ​អង្គការ​ឧត្ដុនិយម​ពិភពលោក​បាន​ឱ្យដឹងថា ពីមុន​មនុស្ស​បាន​បំផ្លាញ​អាកាសធាតុ​នៃ​ផែនដី​ដោយ​ភាពល្ងង់​ខ្លៅ ប៉ុន្ដែ​ពេល​នេះ​ភាពល្ងង់ខ្លៅ​លែង​ជា​ការចោទ​ប្រកាន់ ​ឬក៏​ជា​ហេតុផល​ទៀតហើយ​។

​សូម​បញ្ជាក់​ដែរ​ថា សេចក្ដីរាយការណ៍​បាន​បង្ហាញ​ឱ្យដឹងថា ផលប៉ះពាល់​ដែល​សំខាន់​បំផុត​ទៅលើ​ប្រព័ន្ធ​ធម្មជាតិ​គឺ មាន​រយៈពេល​ខ្លី​ណាស់ ប្រមាណ​ជា​២០​ទៅ​៣០​ឆ្នាំ​ទៀត​តែប៉ុណ្ណោះ​។ ដូច្នេះ​នៅ​ឆ្នាំ​២០៥០ បើ​តាម​ការវាស់ស្ទង់ របស់​អ្នកវិទ្យាសាស្ដ្រ សីតុណ្ហភាព​អាច​កើតឡើង​៣​អង្សា​បន្ថែមទៀត​។

ក្នុងពេល​បច្ចុប្បន្ន​មាន​ហេតុផល​ចំនួន​៥​ យ៉ាង​ដែល​គេ​ព្រួយបារម្ភ​ថា​ទំនង​ជា​បង្កឱ្យមាន​ផល​ប៉ះពាល់​យ៉ាង​លឿន ហើយ​ហេតុផល​ទាំង​៥​យ៉ាង​​នោះ​​បានបង្ហាញ​ជា​លទ្ធផល​ធ្វើឱ្យ​ពិភពលោក មាន​កម្ដៅ​កើនឡើង​រួចទៅហើយ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការជួបពិភាក្សាគ្នា​នៅក្នុង​ប្រទេស​ជប៉ុន ដែល​មាន​ការចូលរួម​ពី​ក្រុម​អ្នកវិទ្យាសាស្ដ្រ និង​មន្ដ្រី​ជំនាញ​ជា​ច្រើន​របស់​អង្គការសហប្រជាជាតិ​គឺជា​លើក​ទី​ពីរ​ហើយ​ ដើម្បី​ពិភាក្សា​ពី​បុព្វ​ហេតុ​ ​និង ​រក​វិធីសាស្ដ្រ​ស្រាយ​បញ្ហា​ឡើងកំ​ម្ដៅ​ពិភពលោក​៕​(ដោយ៖​ពេញ ផេង)​

បំណែក​នៅក្នុង​សមុទ្រ​រាប់រយ​បំណែក ​មិនមែន​ជា ​របស់​យន្តហោះ​ម៉ាឡេស៊ី​ទេ​

  • PDF

​មន្ត្រី​អាជ្ញាធ​សុវត្ថិភាព ដែនសមុទ្រ ប្រទេស​អូស្ត្រាលី បានបង្ហាញ​របាយការណ៍​ថ្មី​មួយ កាលពី​យប់​ថ្ងៃ​ទី​៣០​ខែ​មីនា ។ របាយការណ៍​ថ្មី​នោះ​គឺ វត្ថុ​ដែល​ត្រូវបាន​គេ​សន្និដ្ឋានថា ជា​បំណែក​របស់​យន្តហោះ​ម៉ាឡេស៊ី​MH ៣៧០ វត្ថុ​នោះ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​យន្តហោះ​ម៉ាឡេស៊ី​ទេ ។ ការអះអាង​បែប​នេះ ធ្វើឡើង​បន្ទាប់​ពី ក្រុម​អ្នកស្រាវជ្រាវ យក​បាន​វត្ថុ​មួយចំនួន​ពី​ក្នុង​ទឹក សមុទ្រ នឹង​បាន​ត្រួតពិនិត្យ​រួចមក ។

តើ​វត្ថុ​រាប់រយ​បំណែក​ដែល​ប្រព័ន្ធ​ផ្កាយរណប របស់​ប្រទេស​មួយចំនួន ចាប់បាន ហើយ​បាន​សន្មត​ថា ជា​របស់​យន្តហោះ​ម៉ាឡេស៊ី​នោះ វា​ជា​អ្វី​ទៅ​វិញ ?​សូម​បញ្ជាក់​ដែរ​ថា វត្ថុ​ទាំងនោះ ខ្លះ ​មាន​ទំហំ​រហូតដល់​ទៅ​ជាង​២០​ម៉ែត្រ វា​គឺជា​សម្ភារៈ​របស់​អ្នកនេសាទ ចំនែក​បំណែក​នៃ​នាវា និង​វត្ថុ ផ្សេងៗ​ទៀត ដែល​វត្ថុ​ទាំងអស់​នោះ​បាន​បន្សល់ទុក​កាលពី​១០​ឆ្នាំមុន ក្នុងអំឡុង​គ្រោះ មហន្តរាយ​រលក​យក្ស ស៊ូណាមិ​បាន​កើតឡើង ។​ទោះបីជា មន្ត្រី​អាជ្ញាធ​សុវត្ថិភាព ដែនសមុទ្រ ប្រទេស​អូស្ត្រាលី បានបញ្ជាក់​ដូច្នេះ​ក្តី ប៉ុន្តែ​ពួកគេ មិន​បោះបង់ ការស្វែងរក     ​យន្ត​ហោះ នៅ​សមុទ្រ​ឥណ្ឌា​នោះទេ  បើទោះបីជា ការសង្ស័យ​នៅតែមាន​ក៏ដោយ​។  ក្រុម​អ្នកស្រាវជ្រាវ នៅតែ​បន្ត​សកម្មភាព​ស្វែងរក គ្រាន់តែ​ផ្លាស់ប្តូរ​ទីតាំង​នៃ​ការស្វែងរក​តែ​ប៉ុណ្ណោះ ។

​ជា​ការកត់សំគាល់ នៅ​ថ្ងៃ​ទី​៣១​ខែ​មីនា ក្រុម​អ្នកស្រាវជ្រាវ បាន​ចាកចេញ​ពី​តំបន់ ដែល​ពួកគេ​ធ្លាប់​រក ហើយ​បាន​ទៅ បន្ត​ស្វែរក​នៅ​កន្លែង​ផ្សេង និង​ស្វែងរក​តំបន់​ថ្មី ក្នុងនោះ  ក្រុម​អ្នក ស្វែងរក បាន​នាំយក​ឧបករណ៍​ស្វែងរក ប្រអប់​ខ្មៅ​ទៅ​ជាមួយ​ផង​ដែរ ។

​មកដល់​ចំណុច​នេះ​សូម​បញ្ជាក់​បន្តិច​ថា ប្រអប់​ខ្មៅ ដែល​ស្ថិត​នៅលើ​យន្តហោះ​ម៉ាឡេស៊ី​MH ៣៧០ វា​អាច​រស់រាន​បាន ត្រឹមតែ​៣០​ថ្ងៃ​ប៉ុណ្ណោះ ។ បើ​គិត​ចាប់ពី​ថ្ងៃ​បាត់​យន្តហោះ រហូតមកដល់​ពេលនេះ ពេលវេលា​ស្វែងរក​ប្រអប់​ខ្មៅ​កាន់តែ​ខើច​ទៅៗ ។​បញ្ហា​នេះ បាន​ក្លាយ​ជា​ការព្រួយបារម្ភ​ទៅ​ដល់​អ្នក​ស្រាវជ្រាវ​ដូចគ្នា​។

​ទាក់ទង​ទៅ​និង​សាច់ញាត្តិ​របស់​អ្នកដំណើរ ដែល​ស្ថិត​នៅលើ​យន្តហោះ​ម៉ាឡេស៊ី​វិញ ក្រោយ​ពី​សាច់ញាត្តិ​ដែល​ជា​ជនជាតិ​ចិន បាន​ធ្វើដំណើរ ទៅដល់​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ពូកគេ​បានទាមទារ​ជួប​លោក​នាយករដ្ឋមន្ត្រី ណា​ជីព រ៉ាស្សាក់ និង រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន ម៉ាឡេស៊ី តទល់​គ្នា ក្នុង​គោលបំណង សុំ​ឲ្យ​អ្នក​ទាំង​ពីរ ធ្វើ​ការបកស្រាយ ពី​ការប្រកាស​ដំណឹង​ក្លែងក្លាយ ថា​យន្តហោះ​ម៉ាឡេស៊ី​បានបញ្ចប់​ការហោះហើរ នៅ​សមុទ្រ​ឥណ្ឌា​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា លោក រ៉ាស្សាក់ រក​ហេតុផល​បែប​ណា មក​ប្រឈមមុខ​និង​សមាជិក​គ្រួសារ ដែល​ស្ថិត​នៅលើ​យន្តហោះ ដែល​បាន​បាត់​ជា​អាថ៍កំបាំង​នោះទេ ។ ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ ក្រុម​សាច់ញាត្តិ មាន​ក្តីសង្ឃឹម​ជាថ្មី ថា​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​ពួកគេ​អាច​នឹង​នៅ​រស់រាន​មានជីវិត​នៅឡើយ ៕(ដោយៈ អ៊ុន សុខឡា)

ក្រុម​គ្រួសារ​​ជនជាតិ​ចិន​​៥០​គ្រួសារ​​ធ្វើដំណើរ​​ទៅ​ប្រទេស​​ម៉ាឡេស៊ី​​ដើម្បី​​សាកសួរ​​ពី​ដំណឹង​​យន្ដហោះ

  • PDF

​ក្រោយ​ពី​បាន​​សាកសួរ​​ទៅ​អាជ្ញាធរ​​ម៉ាឡេស៊ី ​ម្ដង​​ហើយ​​ម្ដង​ទៀត​ ប៉ុន្ដែ​​មិន​​បាន​​សម្រេចទាក់ទង​​នឹង​​ដំណឹង​​យន្ដហោះ​​ម៉ាឡេស៊ី​ ដែល​​បាន​បាត់​​ខ្លួន​​ជាង​២០​ថ្ងៃ​​មក​ហើយ​​នោះ​ ពេល​នេះ​​ប្រជាជន​​ចិន​​​ប្រមាណ​៥០​គ្រួសារ​ ដែល​​ជា​​សាច់ញាតិ​​របស់​​អ្នក​ដំណើរ​​លើ​​យន្ដហោះ​ បាន​​ធ្វើដំណើរ​​មក​ដល់​​ប្រទេស​ម៉ាឡេ​ស៊ី ហើយ​។​

ការ​ធ្វើដំណើរ​​របស់​​ពួកគេ​ បាន​​មក​ដល់​​ប្រទេស​ម៉ាឡេស៊ី ​នៅ​​ថ្ងៃទី៣០​​ខែ​មីនា​​នេះ​ ដោយ​ពាំនាំ​​មក​ជាមួយ​​នៅ​​ចម្ងល់​ ក៏ដូច​ជា​​ទុក្ខ​ព្រួយ​​ ភ្ជាប់​មក​​ជាមួយ​​ផង ដើម្បី​​ដាក់​​សម្ពាធ​​លើ​នាយក​រដ្ឋ​មន្ដ្រី​​ ម៉ាឡេស៊ី​ ឱ្យ​​ប្រាប់​​ពី​ព័ត៌មាន​​ពិត​ប្រាកដ​ទាក់ទិន​​នឹង​​យន្ដហោះ​​ប៊ូ​អ៊ីង​៧៧៧​​ដល់​ពួកគេ​។​

សូម​បញ្ជាក់​​ថា​ កាល​ពី​សប្ដាហ៍​​មុន​​ប្រធានាធិបតី​​របស់​​​ម៉ាឡេស៊ី​​លោក​ ណា​ជីព​ រ៉ា​​ហ្សាក់​ បាន​ប្រកាស​ថា​ បើ​យោង​​ទៅលើ​​ទិន្នន័យ​ និង​​ប្រភព​​ព័ត៌មា​ន​ផ្សេងៗ​​ទៀត​​បាន​​បញ្ជាក់​ថា​ យន្ដហោះ​​ខាងលើ​ បាន​​បាត់​ដំណឹង​នៅ​​សមុទ្រ​​ឥណ្ឌា​។​ ប៉ុន្ដែ​​ក្រុម​គ្រួសារ​ ក៏​ដូច​​ជា​សាច់​ញាតិ​​មួយ​ចំនូ​ន​​ទៀត​​ របស់​​ជន​រងគ្រោះ​​​នៅ​​លើយន្ដហោះ​ មិន​ព្រម​​ទទួល​យក​​នូវ​​ការប្រកាស​​ថា​ យន្ដហោះ​​បាន​ធ្លាក់​​នៅ​សមុទ្រ​​ឥណ្ឌា​​ឡើយ​ រហូត​ដល់​អ្នក​ស្រាវជ្រាវ​​អាច​​រក​​ភស្ដុតាង​​ មក​​បញ្ជាក់​ពី​ការពិត​​ជា​​មុន​សិន​។​ មកទល់​នឹង​​ពេលនេះ​ សាច់​ញាតិ​​របស់​​អ្នក​​ដំណើរ​​នៅ​លើ​​យន្ដហោះ​ នៅតែ​​ស្នើ​​ឱ្យ​​រដ្ឋាភិបាល​​ម៉ាឡេស៊ី​ ​បន្ដ​​ស្វែង​រក​​តទៅ​ទៀត​។

​គួរ​រម្លឹក​​ឡើង​វិញ​​បន្ដិច​​ថា​ យន្ដហោះ​​ម៉ាឡេស៊ី​​ប៊ូ​អ៊ីង​​៧៧៧​ មាន​ផ្ទុក​​មនុស្ស​​សរុប​​២៣៩​នាក់​ និង​​បាន​​បាត់ខ្លួន​​កាល​ពី​ថ្ងៃ​​ទី​០៨​​ខែ​មីនា​ ក្រោយ​ពេល​​ហោះ​​ចាក​ចេញ​ពី​ទីក្រុង​ កូឡា​ឡាំ​ពួ​ ឆ្ពោះ​ទៅ​​ទីក្រុង​​ប៉េកាំង​។​ មកទល់​​នឹង​ពេល​នេះ​ គេ​នៅ​​មិនទាន់​​ដឹង​​ថា​​យន្ដហោះ​​មួយគ្រឿង​​នេះ​ បាត់​ទៅ​​ណា​​ឱ្យ​ពិត​ប្រាកដ​​នោះ​ទេ​ ប៉ុន្ដែ​​ក្រុម​​អ្នកជំនាញ​​បាន​​សន្និដ្ឋាន​ថា​ វា​បាន​​ធ្លាក់​​នៅ​ក្នុង​​សមុទ្រ​​ឥណ្ឌា​ ដោយសារ​​តែ​ផ្កាយ​រណ​ប​រ​បស់​​ប្រទេសជាច្រើន​ ចាប់​​បាន​​រូបភាព​​ជា​ច្រើន​​ផ្ទាំង​​អណ្ដែត​​នៅ​​លើ​ផ្ទៃ​សមុទ្រ​ ដែល​​គេ​សង្ស័​យ​​ថា​​ ជាបំ​ណែក​របស់​​យន្ដហោះ​៕​(ដោយ៖ពេញ ផេង)

Facebook ​បង្ហាញ​មហិច្ឆតា​យក្ស ក្នុង​ការ​បង្កើត​Internet​ តាម​រយៈ​ប្រើ​ប្រាស់​យន្តហោះ​គ្មានមនុស្ស​បើក ​និង​ឡាស៊ែរ​

  • PDF

​Facebook ​មាន​ផែនការ​ ដ៏​មហិច្ឆតា​​ធំមួយ​​​ ក្នុង​ការ​នាំមក​នូវ​សេវា​អ៊ីន​ធើណែត​ ទៅ​កាន់តំបន់​ពីរភាគបី​ នៃ​ពិភពលោក តាម​រយៈ​ការ​ប្រើ​ប្រាស់​យន្ត​ហោះ​​​គ្មាន​​​មនុស្សបើក​ ​និង​​ឡា​ស៊ែរ​​ ដោយ​​មិន​ចាំ​​បាច់​តភ្ជាប់​​នូវ​ប្រព័ន្ធ​អ៊ីន​​ធើណែត​​នោះ​​ឡើយ​​​។

គម្រោង​​ការយក្ស​ ​របស់​Facebookនេះ ​ត្រូវ​បាន​ប្រកាស​នៅ​លើវេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សង្គម​ ដោយ ​ស្ថាបនិក​​សញ្ជាតិ​អាមេរិក​​​​លោក Mark ​Zucke​rberg​ ។

ការ​បង្ហាញនូវ​​ គម្រោង​ដ៏មហិមារ​​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​អាច​ជា​ការប្រកួត​ប្រជែង ​ដោយ​ផ្ទាល់​ជាមួយ​ ក្រុមហ៊ុន Google​ ដែល​គ្រោងនឹង​ផ្តល់​ការ​ចែកចែយ​Internet ​នៅទូទាំង​ពិភព​លោក​តាមរយៈ ​ការបង្ហោះ​បាឡុង​។

តែយ៉ាង​​​​ណាក៏​ដោយ​ ការប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​ទាំង២នេះ​ ត្រូវបាន​ក្រុម​អ្នក​និយម​​ប្រើប្រាស់​បច្ចេក​​​​វិទ្យា​ បាន​​ស្វាគមន៍ ​និង​​អបអរសាទរ ​ដោយសារ​តែ​ការប្រកួត​ប្រជែង​របស់​ពួក​គេ​​ ជា​ការ​​អភិវឌ្ឍន៍​ពិភពលោក ​ពិសេស​ ​​​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​៕(ដោយៈសៅ វិសាល)

អូស្ត្រាលី៖ ប្រតិបត្តិ​ការរុករក​យន្តហោះម៉ាឡេស៊ី​ផ្លាស់ប្តូរទី​តាំង​ថ្មីផ្សេង​ទៀត

  • PDF

បន្ទាប់ពី​មាន​ផ្កាយរណប​នៃប្រទេស​ជាច្រើន​ចាប់បាន​នូវរូបភាព​នៃវត្ថុ​អណ្តែត​ជាច្រើន​បំណែក​នៅ​លើ​ផ្ទៃមហា​សមុទ្រ​ឥណ្ឌា​រួចមក ​នៅថ្ងៃ​សុក្រ​នេះ​ ក្រុម​នាវិក​រុករកយន្ត​ហោះ​ម៉ាឡេ​ស៊ីរបស់​រដ្ឋាភិបាល​អូស្រា្តលី បាន​ផ្លាស់​ប្តូរទីតាំង​រុករកថ្មី​ផ្សេង​ទៀត។​

ការផ្លាស់​ប្តូរទីតាំង នៃការរុក​រក​យន្ត​ហោះ​ម៉ាឡេស៊ី​នេះ​ ត្រូវ​បាន​លោក​ Tony Abbott​  នាយក​រដ្ឋមន្រ្តី​ អូស្ត្រាលី លើក​ឡើង​ថា គឺ​ដើម្បី​ធ្វើយ៉ាង​ណា​ ធានា​បាន​នូវការស៊ើប​អង្កេត ឲ្យបាន​ហ្មត់​ចត់​ជា​ទីបំផុត​ ដើម្បី​ផ្តល់​នូវព័ត៌​មាន​ដ៏ជាក់លាក់​មួយ​ដល់​ក្រុម​គ្រួសារ​ជនរង​គ្រោះ​។

គួរបញ្ជាក់ថា ​ការស្វែង​រកនៅតំបន់​ថ្មីនេះ​ គឺមាន​ទំហំ​នៃ​ការរុករក​ប្រមាណ ​៣១៩.០០០​ គីឡូ​ម៉ែត្រ​ការ៉េ ​គឺ​ធំជាង​តំបន់ ស្វែង​រកមុន​ នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ ភាគខាងត្បូង​ ចំនួន​៤ដង​ ហើយវា​ស្ថិតនៅ​ភាគ​ឦ​សាន​នៃ​មហាសមុទ្រ​ឥណ្ឌា​ ដែល​មាន​​ចំងាយ​ប្រមាណ​១.១០០​​ គីឡូ​ម៉ែត្រ​ ពីតំបន់រុករកចាស់។ ​នេះ​បើតាមការបញ្ជាក់ពី ការិយាល័យសុវត្ថិភាព ដែន​សមុទ្រ​អូស្ត្រាលី​ ( AMSA )៕​(ដោយៈសៅ វិសាល)


ព័ត៌មាន​ថ្មី​​ពី​យន្ដហោះ​​ម៉ាឡេស៊ី​៖​​ផ្កាយរណប​​ជប៉ុន​​ចាប់​បាន​​រូបភាព​​១០​ផ្ទាំង​​បន្ថែម

  • PDF

បន្ទាប់​ពី​​ផ្កាយ​រណប​​របស់​​បារាំង​ និង​​ផ្កាយ​រណប​របស់​​ថៃ​​ ចាប់​បាន​​រូបភាព​​ជា​ច្រើន​​ផ្ទាំង​​អណ្ដែត​​នៅ​លើ​​ផ្ទៃ​សមុទ្រ​​ឥណ្ឌា​ ដែល​​គេ​សង្ស័យ​ថា​​ជា​​បំណែក​​របស់​​យន្ដហោះ​​​ប៊ូ​អ៊ីង​​៧៧៧​​របស់​​ ម៉ាឡេស៊ី ​​រួចមក​ ពេលនេះ ​​ផ្កាយរណប​​របស់​​ជប៉ុន​ បាន​​បង្ហាញ​​នូវ​​រូបភាព​​ចំនួន​​១០​ផ្ទាំង​​បន្ថែម​ទៀត​​ហើយ​​ អណ្ដែត​​នៅ​លើ​ទឹក​។​

រូបភាព​​ទាំង​​១០​​ផ្ទាំង​​ដែល​​ផ្កាយរណប​​របស់​​ជប៉ុន​​ចាប់បាន​ គឺ​ស្ថិតនៅ​​ចម្ងាយ​​២៥០០​​គីឡូម៉ែត្រ​ ភាគ​និរតី​​នៃ​ទីក្រុង​ ភឺស​ ដែល​​ជា​​ទីក្រុង​​ស្ថិតនៅ​​ភាគ​ខាងលិច​​ប្រទេស​​​អូស្ដ្រាលី​​ នៅ​ម៉ោង​​ប្រមាណ​ជា​​៩​ព្រឹក​ និង​ម៉ោង​​៣​រសៀល​​ថ្ងៃ​ទី​២៦​​ខែ​មីនា​។​ នេះ​​បើ​តាម​​ការបញ្ជាក់​ ​ពី​ភ្នាក់ងារ​​សារព័ត៌មាន​ ក្យូ​ដូ​ និង​ ​ជី​ជិ​ របស់​​ជប៉ុន​។​ បើ​តាម​​ព័ត៌មាន​​ពី​ប្រព័ន្ធ​​ផ្កាយ​រណប​​បាន​ឱ្យដឹង​​ទៀត​ថា​ រូបភាព​​ទាំងអស់​​នោះ​ មាន​​បណ្ដោយ​​​ប្រមាណ​ជា​​៨​ម៉ែត្រ​​និង​ទទឹង​​ប្រមាណ​ជា​​៤​ម៉ែត្រ​ ដែល​​រដ្ឋាភិបាល​​របស់​​ជប៉ុន​​បាន​​សន្និដ្ឋាន​ថា​ វា​​គឺជា​​បំណែក​​នៃ​យន្ដហោះ​​ ម៉ាឡេស៊ី​ ​ដែល​​បាន​បាត់​​ខ្លួន​។​

​​គួរ​រម្លឹក​​ឡើងវិញ​​ថា​ កាលពី​​ថ្ងៃ​ទី​​២៦​​កន្លង​ទៅ​នេះ​ ផ្កាយ​រណប​​របស់​​បារាំង ​​ចាប់​​បាន​​​រូបភាព​​ចំនួន​​១២២​ផ្ទាំង​ ​អណ្ដែត​​នៅក្នុង​​មហាសមុទ្រ​​ឥណ្ឌា​។​ ក្នុង​ចំណោម​​រូបភាព​​ទាំង​អស់​​មាន​តូច​​មាន​ធំ​ និង​ខ្លះ​​មាន​ទំហំ​ ដល់​ទៅ​​២៣​ម៉ែត្រ​​ឯណោះ​។​ ​ក្រៅពី​នេះ​ កាល​ពី​ថ្ងៃ​ទី​​២៧​​ខែ​មីនា​ ផ្កាយ​រណប​​របស់​​ថៃ​ ​ក៏​ចាប់​​បាន​​រូបភាព​​ចំនួន​​៣០០​ផ្ទាំង​​បន្ថែម​ទៀត​ នៅក្នុង​​សមុទ្រ​​ឥណ្ឌា​ ស្ថិត​នៅ​​ចម្ងាយ​​២០០​​គីឡូម៉ែត្រ​​ ពី​​កន្លែង​​ដែល​​ផ្កាយ​រណប​​របស់​​បារាំង​​ចាប់បាន​។​ រូបភាព​​ពី​​ផ្កាយ​រណប​​ថៃ​​បាន​​បង្ហាញ​​ឱ្យដឹង​ទៀត​ថា​ កម្ទេច​​វត្ថុ​ទាំង​​៣០០​​បំណែក​​នោះ​ មាន​​ទំហំ​​ចាប់ពី​​២​ម៉ែត្រ​ ​រហូតដល់​​ទៅ​​១៥​ម៉ែត្រ​។​

ដូច្នេះ​​ បើ​តាម​​ការ​ចាប់​បាន​រូបភាព​​ពី​​ផ្កាយ​រណប​​ប្រទេស​​ទាំង​បី​ វា​អាច​​ជា​​សញ្ញាណ​​មួយ​​បន្ថែម​​ទៀត​ ងាយ​ស្រួល​​ក្នុង​ការ​តាមដាន​​រក​ព័ត៌មាន​​ជាក់​លាក់​​ពី​​យន្ដហោះ​​ដែល​​បាត់​។​ នៅ​ពេល​នេះ​​ក្រុម​មន្ដ្រី​​ជំនាញ​​កំពុង​តែ​​ខ្នះខ្នែង​​ ស្វែងរក​​ព័ត៌មាន​​ពិត​ប្រាកដ​​ ទោះបីជា​​មាន​ការ​​រំខាន​​ពី​អាកាស​ធាតុ​​ក៏ដោយ​ ដើម្បី​​ឱ្យ​​ច្បាស់​​ថា​ តើ យន្ដហោះ​​​ដែល​​បាត់​​ខ្លួន​​ប្រមាណ​​ជា​​២០​ថ្ងៃ​​មក​​ហើយ​​នេះ​ មាន​​បញ្ហា​​អ្វី​​ឱ្យ​ពិត​ប្រាកដ​៕​(ដោយ៖ពេញ ផេង)​

​ព្រឹត្ដិការណ៍​​សំខាន់ៗ​​បី​នៅ​ថ្ងៃ​សៅរ៍​​ខាង​មុខអាច​ជា​​គន្លឺះ​​ដោះស្រាយ​​ការជាប់​គាំង​នយោបាយ​ថៃ​

  • PDF

នៅ​ថ្ងៃ​សៅរ៍​ខាងមុខ អាច​ចាត់ទុកបាន​ថា​ជា​ថ្ងៃ​មួយ​មាន​សារៈសំខាន់​បំផុត អាច​នឹង​ធ្វើឱ្យ​វិបត្ដិនយោបាយ​ថៃ​ងាកចេញពី​ភាពជាប់គាំង​បាន​។ ងាក​ចេញពី​ភាពជាប់គាំង​គឺថា​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​មាន​ព្រឹត្ដិការណ៍បី​កើត​ឡើង ហើយ​ប្រសិនបើ​ព្រឹត្ដិការណ៍​បី​ធ្វើឡើង​ដោយ​មាន​ការសម្រេ​ច​ចិត្ដ​​ត្រឹមត្រូវ វា​អាច​នឹង​ផ្ដល់នូវ​ដំណោះស្រាយ​សមស្រប​មួយ ហើយក៏​អាច​ផ្ដល់​នូវ​ក្ដីសង្ឃឹម​សម្រាប់​ស្រាយចំណង​នយោបាយ​សម្លាប់​មុខ​ក្នុង​ប្រទេស​ថៃ​បានដែរ​។​

​ទាក់ទិន​នឹង​ព្រឹត្ដិការណ៍​ទាំងបី ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សៅរ៍​​ខាង​មុន​នេះ​គឺ ព្រឹត្ដិការណ៍​ទីមួយ​ក្រុម​គណៈ​កម្មា​ធិការ​កំណែទម្រង់​បែប​ប្រជាធិប​តេយ្យ​ប្រជាជន​នឹង​ធ្វើ​ការជួបជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​ម្ដងទៀត ដើម្បី​ទាមទារ​ឱ្យ​លោកស្រី​យី​ង ឡាក់ និង​គណៈរដ្ឋមន្ដ្រី​របស់​លោក​ស្រី​​ចុះ​ចេញ​​ពី​តំណែង​។

ក្រុមបាតុករ​ប្រឆាំង​ទាំងអស់​នឹង​រៀបចំ​ក្បួន​ដង្ហែ​មួយ ស្រដៀង​គ្នា​ទៅ​នឹង​ការប្រមូលផ្ដុំ​កាលពី​ខែ​វិច្ឆិកា និង​ខែធ្នូ​ឆ្នាំ​២០១៣ ដែល​សកម្មភាព​ពេល​នោះ​ធ្វើឡើង​ដើម្បី​ឱ្យ​លោកស្រី​​យី​ង​ឡាក់ រំលាយ​សភា​ចោល​។ ដោយសារ​តែ​ការចង់​ទម្លាក់​លោកស្រី​យី​ង​ឡាក់​ចេញពី​តំណែង​ពួកគេ​បានព្យាយាម​​គ្រប់​មធ្យោបាយ​។

ប៉ុន្ដែ​ជា​ការឆ្លើយតប ពួកគេ​ត្រូវបាន​ទទួល​រង​ការវាយប្រហារ​យ៉ាង​ចាស់ដៃ​ពី​ជន​មិន​ស្គាល់​មុខ​។ ដូច្នេះ​ហើយ​សម្រាប់​ការជួបជុំ​គ្នា​លើក​នេះ លោក​ស៊ូ​ថេប​ថង​ស៊ូ​បាន ដែល​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង​បាន​ដើរហែរក្បួន​តាំងពី​ថ្ងៃ​ចន្ទ​ម្លេះ ដើម្បី​សុំ​ការគាំទ្រ​ពី​មហាជន​និង​ស្នើសុំ​ឱ្យ​ពួកគេ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ចលនា​តវ៉ា​នៅ​ថ្ងៃ​សៅរ៍​។​

​ព្រឹត្ដិការណ៍​ទីពីរ ថ្នាក់ដឹកនាំ​គណបក្ស​ភឿ​ថៃ​ដែល​មាន​ក្រុម​អាវ​ក្រហម​ជា​អ្នកគាំទ្រ នឹង​រៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ ដើម្បី​ពិភាក្សា​ពី​ផែនការ សម្រាប់​ឆ្លើយតប​នឹង​ការជួបជុំ​របស់​ក្រុម​អាវ​លឿង​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ជាមួយគ្នា​។ បើតាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា មេដឹកនាំ​ចលនា​អាវ​ក្រហម និង​រណសិរ្ស​រួបរួម​​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្តាច់ការ នឹង​ធ្វើ​ការវាយតម្លៃ​ទៅលើ​ទំហំ​នៃ​ការជួបជុំ​របស់​ក្រុមប្រឆាំង ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​។

មូលហេតុ​គឺ​ថា ចលនា​របស់​ពួកគេ​អាច​បង្ក​ឱ្យ​មាន​ការវាយប្រហា​រ​ធំ​បាន​។ ដូច្នេះហើយ​បានជា​ពួកគេ​ធ្វើ​ការវិនិច្ឆ័យ ដើម្បី​ចាត់​វិធានការ​ដោះស្រាយ​។ ​ចំណែកឯ​ព្រឹត្ដិការណ៍​ទី​បី​វិញ​គឺ គណបក្ស​ប្រជាធិបតេយ្យ​នឹង​ធ្វើ​ការសម្រេចចិត្ដ​ថា​តើ គួរតែ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជា​ថ្មី​ឬ​យ៉ាងណា​។

ការសម្រេចចិត្ដ​នេះ គឺ​បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០២​ខែ​កុម្ភៈ​ត្រូវបាន​ទុក​ជា​មោឃៈ ដោយសារ​តែ​ការបោះឆ្នោត​មិន​អាច​ប្រព្រឹត្ដិទៅ​ជា​សា​កល​បាន​ក្នុង​ថ្ងៃ​តែ​មួយ​។ នេះ​បើ​តាម​ការប្រកាស​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​។ ទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ​មិន​ត្រូវបាន​កាត់ទោស ប្រសិន​បើ​ពួកគេ​សម្រេច​រំខាន​ដល់​ការបោះឆ្នោត​ជា​ថ្មី​ក៏ដោយ ក៏​ប្រជាជន​ប្រាកដ​ជា​ចងចាំ​ថា គណបក្ស​ប្រជាធិបតេយ្យ បាន​ដិ​សេធ​ការ​ប្រកួត​​ប្រជែង​​ការបោះឆ្នោត​ជា​លើក​ទី​២​ទៅហើយ​។

ម្យ៉ាងវិញទៀត ប្រសិនបើ​គណបក្ស​មួយ​នេះ សម្រេចចិត្ដ​ចូលរួម​ក្នុ​ង​ការបោះឆ្នោតជាថ្មី សម្រាប់​អ្នកគាំទ្រ​ក្នុង​ក្រុម​កំណែទម្រង់​បែប​ប្រជាធិប​តេយ្យ​ប្រជាជន ទំនង​ជា​ងាក​ទៅរក​ការបោះឆ្នោត​ច្រើន​ជាង​ទៅហើយ ទោះបីជា​ពួកគេ​មានបំណង​រំខាន​ជា​ថ្មី​ក៏​ដោយ លុះត្រាតែ​មាន​ការធ្វើ​កំណែទម្រង់​ជាមុន​។

សរុបមក ប្រសិនបើ​ព្រឹត្ដិការណ៍ទាំ​ង​បី​នេះ ត្រូវធ្វើឡើង​ដោយ​មាន​ការសម្រេចចិត្ដ​ត្រឹមត្រូ​វ​នោះ វា​អាច​ជា​មធ្យោបាយ​ល្អ​មួយ​សម្រាប់​ដោះ​ស្រាយ​​​ស្ថានភាព​នយោបាយ​ជាប់គាំង​ក្នុងប្រទេស​ថៃ​នាបច្ចុប្បន្ន​។ ជាមួយ​សញ្ញា​ល្អប្រសើរ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងបី រាជរដ្ឋាភិបាល​គួរតែ​ចូលរួម​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ ម្យ៉ាងវិញទៀត​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ក៏​ត្រូវតែ​សហការ​គ្នា​ផងដែរ បើ​អនុវត្ដ​ន៍​សកម្មភាព​តែម្នាក់ឯង​វា​ទំនង​ជា​​មិន​​អាច​រក​​ច្រកចេញ​​បានឡើយ​៕(ដោយ៖​ពេញ ផេង)​

ផ្កាយរណប​បារាំង ថត​ឃើញ​បំណែក​ចំនួន​១២២​ សង្ស័យ​​ជា​បំណែក​​យន្តហោះ​​MH370 ​

  • PDF

​យោង តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​CNN ​នៅថ្ងៃ​ថ្ងៃ​ពុធ បាន​បង្ហាញថា មាន​រូបភាព​ថ្មី​ពី​ផ្កាយរណប​របស់​ប្រទេស​បារាំង​ ថត​បាន​បំណែក​ចំនួន​១២២​​ បំណែក នៅក្នុ​មហាសមុទ្រ​ឥណ្ឌា​ មាន​តូច​មាន​ធំ ​ដោយ​បំណែក​ខ្លះ មាន​ទំហំ​រហូត​ដល់​​ទៅ​២៣​ម៉ែត្រ​។​

​ភ្លាមៗបន្ទាប់ពីទទួលបានដំណឹង លោក ហ៊ី​ស្សា​មុឌី​ន បី​ន ហួ​ស្សេន​ (Hishammuddin Bin Hussein) ​រដ្ឋមន្ត្រី​ដឹកជញ្ជូន ស្តីទី​ម៉ាឡេស៊ី​ បានរៀបចំធ្វើ​សន្និសីទ​សា​ព័ត៌មាន ​ដោយបានបញ្ជាក់​ថា បំណែក​ដែល​ផ្កាយរណប​ប្រទេស​បារាំង ថត​ឃើញ​​នោះ គឺ​មិន​ទាន់​ត្រូវបាន​កំណត់ថា ជា​បំណែក​ជើងយន្តហោះ MH370 នោះទេ​។ ប៉ុន្តែ បំណែក​ជាច្រើន​នេះ ត្រូវ​បាន សង្ស័យថា ជា​បំណែក​យន្តហោះ MH370​។

លោក ហ៊ី​ស្សា​មុឌី​ន បាន​បន្តទៀតថា លោក​មិន​ទាន់​ច្បាស់​ថា ជា​បំណែក​យន្តហោះ ប៊ូ​អ៊ីង​៧៧៧ ដែល​ជា​ជើង​យន្ត​ហោះ​ MH370 នោះទេ ដោយ​រងចាំ​ការសិក្សា​ស្រាវជ្រាវ និង​ចេញ​របាយការណ៍​ជាក់លាក់ ណាមួយ​ក្នុង​ការរុករក​នេះ​។​

​សូមបញ្ជាក់​ថា យន្តហោះ​ម៉ាលេស៊ី ដែល​ជា​ជើងយន្តហោះ MH370 បាន​បាត់​ជិត​២០ ថ្ងៃ​មក​ហើយ​នៅ​មិន​ទាន់​រកឃើញ​នៅឡើយ​នោះទេ ដោយ​គ្រាន់តែ​មាន​ការសង្ស័យ​នោះ​ជាច្រើន​លើក​មក​ហើយ​តែ​មិន​ប្រាកដ​នោះឡើយ តើ​បំណែក​ដែល​រក​ឃើញ​នេះ​វា​ពិ​ជា​បំណែក​យន្តហោះ​បូ​អ៊ីង ៧៧៧​មែនឬ​យ៉ាងណា​?(ដោយៈឡេង ដេត)

ប្រជាជន​​ចិន​​ជាង​៣០០​រយ​​នាក់​​ហែ​ក្បួន​​នៅមុខ​​ទូត​ម៉ាឡេស៊ី​​ក្នុង​​ទីក្រុង​​ប៉េកាំង​​

  • PDF

មាន​​មនុស្ស​​ប្រមាណ​​ជាង​៣០០​​នាក់​ បាន​​នាំគ្នា​​ដើ​រហែ​ក្បួន​​នៅ​​មុខ​​ស្ថានទូត​​ម៉ាឡេស៊ី​​ក្នុង​ទីក្រុង​​ប៉េកាំង​ ដើម្បី​​បញ្ចេញ​​កំហឹង​​របស់​​ពួកគេ​​ទៅ​លើ​​អាជ្ញាធរ​​ម៉ាឡេស៊ី​។​ អ្នក​ដែល​​ចូល​រួម​​ក្នុង​ក្បួន​ គឺ​ជា​​សាច់ញាតិ​​និង​​មិត្ដភក្ដិ​​របស់​​ជន​រងគ្រោះ​​នៅលើ​​យន្ដហោះ​។​ នៅក្នុង​​ក្បូន​​នោះដែរ​ ក្រុម​អ្នក​តវ៉ា​​បាន​ដើរ​​ជាមួយ​នឹង​​សម្រែក​​ថា​ សូម​​ធ្វើការ​​បួងសួង​​ឱ្យ​អ្នកដំណើរ​​នៅ​លើ​​យន្ដហោះ​ MH370​ ឱ្យ​ត្រឡប់​​មក​វិញ​​ដោយ​​សុវត្ថិភាព​។​ ក្រៅពីនេះ​​មាន​អ្នក​ខ្លះ​​ទៀត​​ បាន​កាន់​​បដា​​បង្ហាញ​​ពី​ទុក្ខ​ព្រួយ​ និង​​សុំឱ្យ​​រដ្ឋាភិបាល​​ម៉ាឡេស៊ី​​​ ​ប្រាប់​​ការពិត​​ដល់​ពួកគេ​ ព្រោះ​​ការ​រងចាំ​​មាន​​រយៈពេល​​យូរ​ណាស់​​ហើយ​។​ សូម​បញ្ជាក់​ថា​ បើ​តាម​​ការ​សន្និដ្ឋាន​​ចុងក្រោយ​ យន្ដហោះ​​ដឹក​​អ្នកដំណើរ​​ប៊ូ​អ៊ីង​​៧៧៧​​របស់​​ម៉ាឡេស៊ី​ ត្រូវ​បាន​​ធ្លាក់​​នៅក្នុង​​សមុទ្រ​​ឥណ្ឌា​ ព្រោះ​​គេ​បាន​ឃើញ​​បំណែក​​ជាច្រើន​​អណ្ដែត​​លើ​សមុទ្រ​ ដែល​​គេ​​សង្ស័យ​ថា​ ជា​​បំណែក​​របស់​​យន្ដហោះ​។​ រីឯ​​អ្នកដំណើរ​​នៅលើ​​យន្ដហោះ​​វិញ​ ត្រូវបាន​​គេ​សន្និដ្ឋាន​ថា​ គ្មាន​​នរណា​​ម្នាក់​​អាច​​រស់រាន​​មានជីវិត​​បានឡើយ​។​ ប៉ុន្ដែ​​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ព័ត៌មាន​​ពិត​​ប្រាកដ​ ក្រុម​​អ្នក​ជំនាញ​​កំពុង​តែ​ធ្វើ​ការ​តាមដាន​ និង​​រុករក​​បន្ថែម​៕​(ដោយ៖ពេញផេង)​

អាជ្ញាធរ​ចិន​​ទាមទារ​​ពិនិត្យ​​ភស្តុតាង​​ដែល​បញ្ជាក់​ថា​​យន្តហោះ​​ម៉ាឡេស៊ី​​បញ្ចប់​កា​រ​ហោះហើរ​​នៅ​សមុទ្រ​ឥណ្ឌា​

  • PDF

ក្រោយពី​ទទួលបាន​ទិន្នន័យ​ពី​ប្រព័ន្ធ​ផ្កាយរណប​របស់​ចក្រភព​អង់គ្លេស់ បានបញ្ជាក់​ថា​យន្តហ៉ោះ​ម៉ាឡេស៊ី ពិតជា​បាន​បញ្ចប់​ការហោះហើរ​នៅ​កណ្តាល​សមុទ្រ​ឥណ្ឌា​។

ភ្លាមៗ​នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី​លោក​ណា​ជី​ព រ៉ាស្សាក់ បានចេញ​សេចក្តីថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយ ដើម្បី​បញ្ជាក់​យន្ត​ហោះ​​​ម៉ាឡេស៊ី ពិតជា​បញ្ចប់​សកម្មភាព​ហោះហើរ​នៅ​សមុទ្រ​ឥណ្ឌា និង​អ្នកដំណើរ​រួម​ទាំង​នាវិក​ទាំង​​ ២៣៩​នាក់ ពិតជា​គ្មាន​ន​ណា​ម្នាក់​អាច​គេចផុត​ពី​សេចក្តីស្លាប់​ឡើយ​។

​ទោះជា​មាន​ការអះអាង​របស់​លោក​ណា​ជីព រ៉ាស្សាក់ ដូច​ច្នេះ​ក្តីកា​អះអាង​នេះ មិន​ត្រូវបាន​គាំទ្រ​ទាំងស្រុង​ទេ​ពី​ប្រជាជន​ចិន​។​ ដោយ​សាច់​ញ្ញាត​​​បាន​និយាយ​លាយឡំ ជាមួយ​ដំណក់ទឹកភ្នែក​ដែល​ហូរ​មិន​ចេះ​ឈប់​ថា គាត់​មិន​ជឿ​លើ​ការ​អះអាង​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​ទាំងស្រុង​ទេ មាន​ន័យ​ថា ដរាបណា​មិនទាន់​ឃើញ​រូបរាង​ពិតប្រាកដ​របស់​យន្តហោះ​។​

​ជាមួយគ្នា​នោះ​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក​សៀ ហេង​សឹង​( Xie Hangsheng) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហ​ទំព័រ​​ក្រសួង​ការបរទេស​​ចិន​ថា លោក​ទាមទា​ក្នុង​ការត្រួត​ពិនិត្រ​ទិន្នន័យ និង​ភស្តុតាង​ទាំងឡាយណា​ដែល​បាន​បញ្ជាក់ថា​យន្តហោះ MH-​៣៧០​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ​ឡាញ​ម៉ាឡេស៊ី ដែល​មាន​ផ្ទុក​អ្នកដំណើរ ជនជាតិ​ចិន​​២២៧​នាក់ បានបញ្ចប់​ការហោះហើរ​នៅ​កណ្តាល​សមុទ្រ​ឥណ្ឌា​។ ហើយ​លោក សូម​ឲ្យ​អាជ្ញាធ​ម៉ាឡេស៊ី​ស្វះស្វែង​រក​បន្តទៀត​។​

​ទាក់​ទៅនឹង​បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរ​ដែនសមុទ្រ​សុវត្ថិភាព​អូស្រា្តលី​បាន​បញ្ជាក់ឲ្យ​ដឹង​នៅ​​ថ្ងែ​ទី​២៥​ ខែ​មីនា​ថា ពួកគេ​ពិតជា​មិន​អាច​បន្ត​ការ​ស្វែង​រក​​ត​ទៅ​ទៀតបាន​ទេ ពីព្រោះ​អាកាសធាតុ​អាក្រក់​បាន​ព្រមាន​ដល់​ក្រុម​អ្នករុករក​យន្តហោះ​ខ្លាំងណាស់​។

ប្រសិន​បើ​បន្ត​វា​ពិតជា​មិន​មាន​សុវត្ថិ​ភាព​ទេ ចំពោះ​ការស្វែងរក​ដែល​នៅ​លើ​មហា​សារ​គរ​មួយ​ពោ​ពេញ​ទៅដោយ​ខ្យល់​គ្រប​ទៅដោយ​ទឹកភ្លៀង និង​អ័ព្ទ​ដ៏​ខ្មៅ​ងងឹត​។ អាជ្ញាធរ​អូស្ត្រាលី​ដដែល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការស្វែងរក​យន្តហោះ​ម៉ាឡេស៊ី​អាច​នឹង​ពន្យា​ពេល​រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៦​​ ខែ​មីនា​លុះត្រា​ណា​​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល​ឡើងវិញ​៕(ដោយ៖​អ៊ុន សុខ​ឡា)​

Vayo FM Song Request