



កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំង២០១៣ ហត្ថាកសិករ លីមីតធីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយគត់ ដែលឈានមុនគេនៅកម្ពុជាក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ និង សេវាអេធីអឹមតាមតំរូវការ។
គិតមកដល់ពេលនេះ ហត្ថាកសិករ លីមីតធីត បានធ្វើប្រតិបត្តិការអស់រយះពេល១៩ឆ្នាំមកហើយ ប្រកបដោយភាពទំនុកទុកចិត្ត និងជំនឿជាក់ពីសំណាក់អតិថិជនគ្រប់ទិសទីទាំងជនបទ និងទីក្រុង។
អគារការិយាល័យថ្មី សាខាខេត្តខេត្តតាកែវ របស់ហត្ថាកសិករ លីមីតធីត បានប្រារព្ធពិធីសម្ពោដដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង១៥: 00នាទីរសៀល។ ការិយាល័យខេត្តតាកែវនេះមានអាសយដ្ឋានចាស់សិ្ថតនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ដោយមានការគាំទ្រពីសំណាក់អតិថិជនគ្រប់ទិសទីក្នុងខេត្តតាកែវទាំងមូល ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាបានធ្វើឲ្យហត្ថាកសិករ លីមីតធីត ពង្រីកនិងសាងសង់ការិយាល័យប្រតិបត្តិការរបស់ខ្លួនប្រកបដោយស្តង់ដារខ្ពស់។
ការិយាល័យថី្មរបស់ ហត្ថាកសិករ លីមីតធីត មានទីតាំងស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ក្បែរវិមានឯករាជខេត្តតាកែវ)។ ការិយាល័យថ្មីនេះបានសាងសង់ឡើងតាមបទដ្ឋានស្តង់ដាររបស់ហត្ថាកសិករ លីមីតធីត ដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព សន្តិសុខ ព្រមទាំងមានទីកន្លែងសំរាប់បំរើ អតិថិជន ធំទូលាយប្រកបដោយផាសុខភាព។
នេះជាព្រិត្តិការណ៍ដ៏វិសេសវិសាលមួយសំរាប់ហត្ថាកសិករ លីមីតធីត ការិយាល័យសាខាខេត្តតាកែវ ដែលបានបង្ហាញអំពីភាពរឹងមាំជាមួយនឹងការវិវឌ្ឍឥតឈប់ឈរក្នុងការបម្រើសេវាហិរញ្ញវត្ថុឈានមុខគេប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ដល់អតិថិជនរបស់ខ្លួន។
ពិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកស្រី ជា សិរី អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាពិបាលធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ស្រី បេន អភិបាលខេត្តតាកែវ, ប្រធានអគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាន នាយកដ្ឋាន ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ហត្ថាកសិករ លីមីតធីត ព្រមទាំងអតិថិជន និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ដែលបានចូលរួមអបអរសាទរក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារស្តង់ដារនេះ។
លោកហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ លីមីតធីត បានមានប្រសាសន៏ថា ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះសំណង់អគារស្តង់ដារការិយាល័យសាខាខេត្តតាកែវ ដែលអគារនេះត្រូវបានរៀបចំបំពាក់ប្រព័ន្ធសុវត្ថិភាព សន្តិសុខ និងមានកន្លែង បម្រើអតិថិជនធំទូលាយប្រកបដោយផាសុខភាពដែលទាំងនេះជាតម្រូវការរបស់អតិថិជន ដែលពួកគាត់តែងតែគិតគូពីសុវត្ថិភាពប្រាក់បញ្ញើរបស់គាត់។
បច្ចុប្បន្ននេះ ហត្ថាកសិករ មានបណ្ដាញប្រតិបត្ដិការនៅទូទាំង ២៤ខេត្ត-រាជធានី នៃប្រទេសកម្ពុជា ជាមួយនឹងការិយាល័យចំនួន១២៤កន្លែង និងបុគ្គលិកចំនួន ១,២៧៨នាក់ និង មានទ្រព្យសកម្មសរុបចំនួនជាង ១២៧លានដុល្លារអាមេរិក និងមានភាគទុនិករឹងមាំមកពីក្រៅប្រទេសជាច្រើនដូចជា ប្រទេសន័រវេ ហូឡង់ បារាំង និងស្វីស។
គិតមកទល់នឹងពេលនេះ ហត្ថាកសិករ បានផ្ដល់ឥណទានសរុបចំនួនជាង១០៧លានដុល្លារ ដល់អតិថិជនចំនួន ៧៤,៧៣៩នាក់ រីឯអតិថិជនដាក់ប្រាក់សន្សំមានចំនួនជិត ១១១,០០០នាក់ ជាមួយនឹងសមតុល្យប្រាក់បញ្ញើចំនួនជិត៤៩លានដុល្លារអាមេរិក។
លោកស្រី ជា សិរី អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងកោតសរសើរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ក្នុងការបន្តពង្រីកបណ្តាញការិយាល័យស្តង់ដារ របស់ខ្លួនចូលជ្រៅដល់គ្រប់ទីកន្លែងទាំងនៅប្រជុំជន និង ជនបទដាច់ស្រយាល ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់របស់ខ្លួនក្នុងប្រតិបត្តិការ ហិរញ្ញវត្ថុ ឈានមុខគេនៅកម្ពុជាក៏ដូចជា ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនស្របតាមយុទ្ឋសាស្ត្រចតុកោណជំហានទី២ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ឆ្លៀតក្នុងឳកាលនោះដែរ លោកស្រីបានសម្តែងអំណរសាទរចំពោះការដាក់ឲ្យប្រើប្រាស់នូវសេវា អេធីអឹម ដែលបំពាក់ដោយបច្ចេកវិជ្ជាដ៏ទំនើបជូនដល់ពលរដ្ឋខេត្តតាកែវទាំងមូលក៏ដូចជាពលរដ្ឋទូទាំងប្រទេសកម្ពុជាផងដែរ។
ក្នុងពិធីដ៏មហាឧឡារិកនោះ ឯកឧត្តម ស្រី បេន អភិបាលខេត្តតាកែវបានកត់សម្គាល់ថា ក្នុងនាមរូបខ្ញុំផ្ទាល់តំណាងឲ្យអាជ្ញាធរខេត្តតាកែវ ខ្ញុំសូមសំដែងការអបអរសាទរ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ហត្ថាកសិករ លីមីតធីត និងស្វាគមន៍នូវដំណើរការវិវឌ្ឍន៍របស់ ហត្ថាកសិករ សាខាតាកែវនេះ។
ខ្ញុំគិតថា ការរីកចម្រើន និងការអភិវឌ្ឍន៍របស់ហត្ថាកសិករសាខាតាកែវ ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះប្រជាពលរដ្ឋ និងអ្នកធុរកិច្ចក្នុងខេត្តតាកែវ ដោយទទួលបាននូវប្រភពធនធានហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាកត្តាដ៏គន្លឹះក្នុងការចូលរួមបង្កើតឲ្យមានការងារប្រភពចំណូល និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុង ខេត្តតាកែវ ជាពិសេសអាចកាត់បន្ថយការធ្វើចំណាកស្រុកដ៏ប្រថុយប្រថាន របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ ទៅពេលបញ្ចប់នៃកម្មពីធីដ៏អស្ចារ្យនេះ ក៏មានការចាប់រង្វាន់ជាប្រភេទកាតអេធីអឹមដែលមានទឹកប្រាក់ស្រាប់យ៉ាងច្រើនសន្ឋឹកសន្ឋាប់ ជូនដល់ភ្ញៀវកិត្តិយសដែលបានចូលរួមប្រកបដោយភាពសប្បាយរីករាយ។(ហត្ថាកសិករ កាន់តែទុកចិត្ត កាន់តែចំរើន!)