
ទីភ្នាក់ងារអភិវឌ្ឍអូស្ត្រាលី ឬហៅថា Ausaid បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងសាងសង់ផ្លូងដែកនៅកម្ពុជាដោយ Ausaid បានលើកឡើងថា គម្រោងនេះនឹងធ្វើឲ្យមានផលប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន Toll របស់ប្រទេសអូស្ត្រាលី សម្រាប់ការធ្វើអាជីវកម្មលើផ្លូវដែកដោយក្រុមហ៊ុនអូស្ត្រាលីនេះ មានភារកិច្ចធ្វើអាជីវកម្មលើផ្លូវដែក និងជួសជុលថែទាំក្នុងរយៈពេល ៣០ឆ្នាំ។
រដ្ឋាភិបាលកម្ពុជាក្នុងភាពជាដៃគូជាមួយ ADB បានគាំពារគម្រោងស្តារផ្លូវដែកដែលមានទឹកប្រាក់១៤៥ លានដុល្លារសម្រាប់ផ្លូវដែកចាស់ៗ និងខូចខាតក្នុងប្រវែង៦៥០គីឡូម៉ែត្រ។ គម្រោងនេះដែលបានរងប៉ះពាល់ដល់ប្រជាជនសរុបជាង៤ពាន់គ្រួសារនៅទូទាំងប្រទេសដែលគ្រួសារចំនួន១២០០ ក្នុងចំណោមនោះត្រូវបានបង្ខំឲ្យចាកចេញទៅរស់នៅកនែ្លងថ្មី។
នាពេលកន្លងមក ពលរដ្ឋនៅតំបន់ផ្លូវដែកដែលត្រូវបានបណ្តេញចេញដោយបង្ខំបានធ្វើការតវ៉ា និងបានដាក់ពាក្យបណ្តឹងទៅឲ្យធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដើម្បីសុំឲ្យពិនិត្យមើលគម្រោងស្តារប្រព័ន្ធផ្លូវដែកនេះឡើងវិញ ពីព្រោះវាប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។
លោក David Pred ប្រធានអង្គការ Inclusive Development International បានបង្ហាញពីភាពបរាជ័យរបស់ ADB ថា ដោយសារតែ ADB មិនបានគោរពតាមគោលនយោបាយទើបធើ្វអោយគ្រួសារដែលងាយរងគ្រោះដែលពីមុនរស់នៅក្រោមបន្ទាត់ក្រីក្រ ឥឡូវនេះកាន់តែក្រីក្រទៅៗ ដោយសារដំណើរការផ្តល់ទីលំនៅថ្មីដល់ប្រជាជនទាំងនោះដែលមានលក្ខណៈមិនសមស្រប ហើយបច្ចុប្បន្ននេះពួកគេមិនអាចបំពេញតម្រូវការមូលដ្ឋានរបស់ខ្លួនបានដូចមុនទៀតទេ។
សូមបញ្ជាក់ថាគម្រោងស្តារផ្លូវដែកនៅកម្ពុជាឡើងវិញនេះត្រូវប្រើប្រាស់នូវទឹកប្រាក់សរុបចំនួន១៤៥លានដុល្លារអាមេរិកក្នុងនោះរួមមាន៖ ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៨៤លានដុល្លារ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលីចំនួន ២១,៥លានដុល្លារ ឥណទានពីអង្គការ OPEC ចំនួន១៣ លានដុល្លារ និងអំណោយពីរដ្ឋាភិបាលម៉ាឡេស៊ី នូវដែករ៉ៃគិតជាទឹកប្រាក់ចំនួន ២,៨លានដុល្លារអាមេរិក ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២០,៣លានដុល្លារអាមេរិក៕ (អត្ថបទដោយ ជា ធីរិទ្ធ)






















































