កំដៅនៅក្នុងឧបទ្វីបកូរ៉េបានកើនឡើងដល់កំពូលក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះហើយភ្លើងសង្គ្រាមនៅក្នុងឧបទ្វីបនេះអាចឆាបឆេះបានគ្រប់វិនាទី ក្រោយពីប្រទេសកូរ៉េខាងជើងបានមោឃៈភាពសន្ធិសញ្ញាបញ្ចប់សង្គ្រាមឆ្នាំ១៩៥៣។
កំដៅនៅឧបទ្វីបកូរ៉េបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីអង្គការសហប្រជាជាតិបានសំរេចដាក់ទណ្ឌកម្មជាថ្មីប្រឆាំងនឹងប្រទេសកុម្មុយនីស្តមួយនេះ ហើយជាងនេះទៅទៀត កំដៅកាន់តែកើនឡើងថែមទៀតកាលពីថ្ងៃច័ន្ទ នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នាមួយនៅជាប់ព្រំដែននៃប្រទេសកូរ៉េទាំងពីរ។
ជាវិធានការឆ្លើយតបភ្លាមៗ កូរ៉េខាងជើងបានកាត់ផ្តាច់ប្រព័ន្ធទាក់ទងរវាងប្រទេសកូរ៉េទាំងពីរភ្លាម ហើយមេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៍បានប្រកាសភ្លាមៗថា នឹងវាយប្រហារទៅលើដែនកោះ ដែលខ្លួនធ្លាប់បានវាយប្រហារកន្លងមក។
យ៉ាងណាក៍ដោយ បើតាមការវិភាគរបស់លោកសុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយមកពីប្រទេសរូស្ស៊ីបានមើលឃើញថា ឥរិយាបទរបស់កូរ៉េខាងជើងនៅពេលនេះ គ្រាន់តែជាការគំរាមប៉ុណ្ណោះ ពោលគឺកូរ៉េខាងជើង នឹងមិនហានបើកការវាយប្រហារណាមួយនោះទេ។
តែប្រសិនបើកូរ៉េខាងជើងពិតជាបើកការវាយប្រហារទៅលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមែននោះ នោះវា គឺជានយោបាយអត្តឃាតរបស់កូរ៉េខាងជើងខ្លួនឯងហើយ ហើយរបបកុម្មុយនីស្តនៅក្នុងប្រទេសកូរ៉េខាងជើងដែលមានអាយុជាង៦០ឆ្នាំមកនេះនឹងត្រូវដួលរលំមិនខាន។
ជាបន្តសូមស្តាប់បទវិភាគរបស់លោកសុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយមកពីប្រទេសរូស្ស៊ី និងជាសកលវិទ្យាធិការសកលវិទ្យាល័យខេមរៈដូចតទៅ!
សំលេងៈ