Friday, May 24th

Last update06:55:42 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ

នយោបាយអន្តរជាតិ

ជប៉ុន ​នឹង​​អាមេរិក​គ្រោង​ដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​​លើ​កូរ៉េ​ខាងជើង​​បន្ថែម​

ប្រទេស​ជប៉ុន និង អាមេរិក​នឹង​ធ្វើ​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​លើ​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ល្មើស​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​កន្លងទៅនេះ​។

​នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​របស់​ជ​ប៉ុន​កាលពី​ថ្ងៃ​ចន្ទ​។ សូមបញ្ជាក់​ថា ភាព​តានតឹង​កំពុងតែ​ផ្ទុះឡើង​ខ្លាំង​ក្នុង​ឧបទ្វិប​កូរ៉េ​ក្រោយពេល​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាញ់​អាវុធ​នុយក្លេអ៊ែរ​មក​។

​​ប្រធាន​នាយក​ខុទ្ទកាល័យ​រដ្ឋាភិបាល​របស់​ជប៉ុន គឺ​លោក Yoshihide Suga បានបញ្ជាក់​ថា ជប៉ុន និង​អាមេរិក​បាន​ព្រមព្រៀង​គ្នា​ទៅ​ហើយ​ថា នឹង​ធ្វើ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។

ការប្រកាស​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​នេះ នឹង​រឹតតែ​ធ្វើឲ្យ​កូរ៉េខាងជើង​កាន់តែ​ផ្ទុះ​កំហឹង​កាន់តែខ្លាំង​ថែម​ទៀត​ជាពិសេស​នោះ គឺ​ដោយសារតែ​អា​មេ​រិក​​និង​កូរ៉េខាងត្បូង​កំពុងតែ​បើក​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ព្រំដែន​កូរ៉េខាងជើង និង​ខាងត្បូង​។

​​សូម​រម្លឹកថា ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​៧​ខែ​មីនា​បាន​ដាក់ចេញ​នូវ​សេចក្តីសម្រេច​មួយ​ដោយ​បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​លើ​កូរ៉េខាងជើង​។

ចាប់តាំងពី​ពេលនោះ​មក កូរ៉េ​ខាងជើង​បាន​ប្រកាស​លុបចោល​នូវ​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​ជាមួយនឹង​កូរ៉េខាងត្បូង ហើយ​ប្រកាស​ថា សង្គ្រាម​ក្នុង​ឧបទ្វិប​កូរ៉េ​នឹង​កើតឡើង​ជា​ថ្មី​មិន​ខាន​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​រដ្ឋាភិបាល​ផ្តាច់ការ​មួយ​នេះ​បាន​គំរាម​ជា​ញឹកញាប់​វាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក​ព្រោះថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ដើរ​តូរ​យ៉ាងសកម្ម​ក្នុង​ការជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។

​គួរបញ្ជាក់​ថា បើទោះបីជា​សហគម​ន៏​អន្តរជាតិ​បង្កើន​ការដាក់​ទណ្ឌ​លើ​ប្រទេស​កូរ៉េខាងជើង​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ក៏​ប្រទេស​មួយ​នេះ​មិន​បាន​កាត់​បន្ថយ​​ឥរិយាបទ​ប្រហើ​ន​នោះទេ តែ​ផ្ទុយទៅវិញ​កាន់តែ​បង្ក​នូវ​បញ្ហា​កាន់តែ​ច្រើន​ថែមទៀត​៕​(​ដោយៈ​អ៊ុន រស្មី​)

​លោក Xi Jinping​ បញ្ជាក់ថា ចិន និង អាមេរិក​​មាន​​ផល​ប្រយោជន៏​​រួម​គ្នា​

​ប្រធានាធិបតី​ថ្មី​របស់​ចិន គឺ​លោក Xi Jinping ដែល​ទើបតែ​ឡើង​កាន់​តំណែង​​ជា​ផ្លូវការ​កាលពី​សប្តាហ៏​មុន​នោះ​មក​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​​ចិន និង អាមេរិក​មាន​ផលប្រយោជន៏​រួម​គ្នាដ៏​មហា​សាល​។

ការអះអាង​យ៉ាង​ដូច្នោះ​គឺធ្វើឡើង​ក្នុង​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រី​រត​នាគារ​ជាតិ​របស់​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង​។ ​សូមបញ្ជាក់​ថា សហរដ្ឋអាមេរិក​ គឺជា​ប្រទេស​​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​១ និង ចិន​វិញ​ស្ថិតនៅ​លំដាប់​ទី​២​លើ​ពិភពលោក​។​

​នៅក្នុង​ជំនួប​ជាមួយ​និង​លោក Jacob Lew រដ្ឋមន្ត្រី​រតនាគា​របស់​អាមេរិក លោក Xi Jinping ប្រធានាធិបតី​ថ្មី​របស់​ចិន​បាន​បញ្ជាក់ថា ចិន និង អាមេរិក​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា ដើម្បី​ឲ្យ​ប្រទេស​ទាំងពី​អាច​សហការណ៏​គ្នា​ទាញ់​នូវ​ប្រយោជន៏​ដ៏​មហាសាលរ​វាង​ប្រទេ​សសេដ្ឋកិច្ចពិភពលោ​កទាំង​ពីរ​។

ដំណើរ​ទស្សន​និច្ច​របស់​មន្ត្រី​ដ៏​សំខាន់​របស់​អាមេរិក​ទៅកាន់​ប្រទេស​ចិន​នោះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​លោក Xi Jinping បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​ជា​ផ្លូវការ​កាលពី​សប្តាហ៏​មុន​​ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​អាច​ជា​ការ​ធ្វើ​ឡើង​ ដើម្បី​បន្ថូរបន្ថយ​នូវ​ភាពតាន​តឹងរវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ព្រោះថា​នាពេល​ថ្មី​នេះ​ទំនាក់ទំនង​រវាង​ចិន និង អាមេរិក​បាន​ជួប​ភាព​តានតឹង​ដែល​បណ្តាល​មកពី​រឿងរ៉ាវ​ជម្លោះ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ជប៉ុន និង ចិន​ បញ្ហា​សិទ្ធិមនុស្ស និង ចុងក្រោយ​នេះ​អាមេរិក​បាន​ចោទប្រកាន់​ចិន​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការវាយប្រហា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។

បើទោះបីជា​ទំនាក់ទំនង​រវាង​ចិន និង អាមេរិក​មាន​ភាព​តានតឹង​ខ្លាំង​មួយ​រយៈ​ចុងក្រោយ​នេះ​ទៅ​លើ​បញ្ហា​ជាច្រើន​ក៏ដោយ  ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​មិន​បាន​បោះបង់ចោល​នូវ​ប្រយោជន៏ដ៏​ច្រើន​ដែល​កើតឡើង​តាមរយៈ​ទំនាក់​ទំនងនៃ​ប្រទេស​ទាំង​ពីរ​។

ជា​ការកត់សំគាល់​នៅ​ថ្ងៃ​ដែល​លោក Xi Jinping ឡើងកាន់តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បត៏​សប្តាហ៏​មុន​នោះ ប្រធានាធិបតី​របស់​អា​មេរិក​គឺ​លោក​បារ៉ាក អូ​បា​ម៉ា បាន​ទូរ​សព្ទ​ភ្លាមៗ​​ទៅកាន់​លោក Xi Jinping ដែល​ប្រការ​នេះ​ហាក់ដូចជា​បង្ហាញថា អាមេរិក​ចង់​កាត់បន្ថយ​បញ្ហា​ប្រឈម​ជាមួយនឹង​ចិន​។

សហរដ្ឋអាមេរិក​ដែល​កំពុង​ចាត់​ទុក​ប្រទេស​ចិន​ថា ជា​គូរ​ប្រជែង​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅពេល​អនាគត​ទាំង​វិស័យ​យោធា ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​៕​(ដោយៈអ៊ុន រស្មី)

​ក្រុម​​ឧទ្ទាម​​ស៊ី​រី​​តែង​តាំង​​នាយក​រដ្ឋ​មន្ត្រី​​ដឹកនាំ​​រដ្ឋាភិបាល​​បណ្តោះ​អាសន្ន​

លោក ​Ghassan Hitto​ ត្រូវបាន​ក្រុមប្រឆាំង​នៃ​ប្រទេស​ស៊ី​រី​បាន​​ជ្រើស​រើស​​ឲ្យ​​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ នៅក្នុង​ទីក្រុង Istanbul​នៃ​ប្រទេស​ទួ​គី​ដោយ​ទទួលបាន​សម្លេង​ចំនួន​៣៨​ក្នុង​ចំណោម​៤៨​។

ក្នុង​ការបោះឆ្នោត​រើស​មេដឹកនាំ​សម្រាប់​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ី​រី​នោះ​គឺ​មាន​បេក្ខជន​ចូលរួម​ចំនួន​៧​រូប​។ ចំណែក​ក្រុម​មេដឹកនាំ​បក្សប្រឆាំង​បាន​អះអាង​ថា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​នោះ​ជា​ការបោះឆ្នោត​ដោយ​សេរី​យុត្តិធម៌​និង​មាន​លក្ខណៈ​​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​។

រដ្ឋាភិបាល​បណ្តោះអាសន្ន ដែល​កើតឡើង​ចេញពី​ការបោះឆ្នោត​របស់​ក្រុមប្រឆាំង​ស៊ី​រី​នឹងត្រូវ បន្ត​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​ប្រធានាធិបតី​ស៊ី​រី គឺ​លោក Bashar al-Assad​។

សូម​រម្លឹកថា ចលនា​របស់​ក្រុមប្រឆាំង​ស៊ី​រី​នេះ ក៏​មាន​ការទទួលស្គាល់​ពី​សំណាក់​សហគម​ន៏​អន្តរជាតិ​ផង​ដែរ ដែល​ជារឿយៗ​ ប្រទេស​មហាអំណាច​តែង​តែ​​ផ្តល់ជំនួយ​រួមមាន​ទាំង​ថវិកា និង បច្ចេកទេស​ផ្សេងៗ​​ជាដើម ប៉ុន្តែ​ប្រទេស​មហាអំណាច​ទាំងនោះ​បាន​បដិសេធថា ពួកគេ​មិន​បាន​ផ្តល់​ជំនួយ​ជា​គ្រឿង​សព្វាវុ​ធ​​នោះឡើយ​។

បើទោះបីជា​មាន​ការគាំទ្រ​ពី​សំណាក់​សហគម​ន៏​អន្តរជាតិ​យ៉ាងណាក្តី ក៏​ការ​ផ្តាស់​ប្តូរ​របប​ដឹកនាំ​ផ្តាច់ការ​របស់​ស៊ី​រី​នៅតែ​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​ឆាប់​រហ័ស​​​បាន​ឡើយ ដោយសារតែ​រដ្ឋាភិបាល​ស៊ី​រី​នេះ​បាន​បង្ហាញ​ពី​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​ខ្លួន​ដោយ​មិន​បោះបង់​ប្រទេស​ស៊ី​រី​ងាយៗ​ឡើយ ហើយ​ថា​នឹង​តស៊ូ​​រហូតដល់​ថ្ងៃ​ស្លាប់​។

គួរបញ្ជាក់​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ស៊ី​រី​អាច​តស៊ូ​ប្រឆាំង​នឹង​ក្រុម​ឧទាម​បានយូរ​យ៉ាង​ដូច្នោះ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​នេះ​បាន​ទទួល​ការគាំទ្រ​ពី​ប្រទេស​រុស្ស៊ី​។

ជាពិសេស​នោះ​ស៊ី​រី​តែងតែ​ទទួលបាន​ជំនួយ​ជា​គ្រឿង​សព្វាវុធ​ពី​រុស្ស៊ី​ប្រមាណ​៧៥% ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ ២០១១ ហើយ​រហូត​មក​ទល់​នឹង​ពេលនេះ រុស្ស៊ី​នៅតែ​បន្ត​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដដែល​៕(ដោយៈអ៊ុន រស្មី​)

តំណាង​រាស្ត្រ​​អាមេរិក​កាំង​ព្រួយ​បារម្ភ​​ពី​ស្ថេរភាព​​នៃ​មេដឹក​នាំ​កូរ៉េ​ខាងជើង​

​លោក Rep. Mike Rogers​ប្រធាន​គណៈកម្មការ​ស​មាជិក​សភា​បាន​និ​យាយ​​កាលពី​ថ្ងៃអាទិត្យ​ថា មេ​ដឹក​កូរ៉េខាងជើង​មាន​វ័យ​ ២៨​ឆ្នាំ​​​ កំពុង​តែ​​ព្យាយាម​​បញ្ជាក់​​​ខ្លួន​​របស់​​គេ​ថា​ជា​យោធា ហើយ​យោធា​នោះ គឺ​តែងតែ​ញ័រ​ជើង​​ញ័រ​​ដៃ​​សម្ងែង​​ពី​​កម្លាំង​យោធា​ ​ដើម្បី​​តែ​​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​​ពួក​​គេ​​តែ​​ប៉ុណ្ណោះ​។

ដូច្នេះ​សរុប​មក​វិញ ការបង្ហាញ​ទាំងនោះ​ហើយ គឺជា​មូលហេតុ​ដែល​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ដោយ​មិនដឹង​ខ្លួន​។​

​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្លា​យ​ដោយ​ភ្ជាប់​ជាមួយ​ផ្កាយរណប​បង្ហោះ​ចូលទៅ​ក្នុង​តារាវិថី​កាល​ពី​កំឡុង​ខែ​ធ្នូរ ហើយ​បាន​បាញ់​សាកល្បង​សព្វាវុធ​នុយក្លែអ៊ែនៅ​ក្នុង​ខែ​កុម្ភៈ និង​បាន​លុបចោល​សន្ធិសញ្ញា​បញ្ឈប់​សង្គ្រាម​ឆ្នាំ​១៩៥៣ រវាង​កូរ៉េ​ទាំង​ពីរ​ផង​ដែរ​។

មិន​តែ​ប៉ុណ្ណោះ​ជា​ញឹក​ញ៉យ​​ក្នុងកំឡុងពេល​ខែ​នេះ​តែម្តង​កូរ៉េ​ខាងជើង​​តែងតែ​គំរាម​កម្តៅ​សាច់ដុំ​ជាមួយ​កូរ៉េ​ខាងត្បូង​ទៀង​ផង​។​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិល​មិញ កូរ៉េខាងជើង​បានប្រកាសថា ខ្លួន​មិន​ធ្វើ​ការចចារ​ណាមួយ​ឡើយ​ជាមួយនឹង​សហរដ្ឋអាមេរិក​ជុំវិញ​កម្មវិធី​នុយក្លែអ៊ែ​។

មេដឹកនាំ​ទីក្រុង​ព្យ​ង​យ៉ាង​បានបញ្ជាក់​ថា ការជជែក​វែកញែក ដើម្បីអោយ​បោះបង់​ចោល​កម្មវិធី​សព្វាវុធ​​នុយ​ក្លែ​អ៊ែ​​ពិត​ជា​​មិន​​អាច​​ទៅ​​រួច​​នោះ​​ទេ​។​​លោក​ ​Rogers ​​បាន​និយាយថា កូរ៉េ​ខាងជើង​​ពិតជា​មាន​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​ដើម្បី​បាញ់​សហរដ្ឋអាមេរិក​មែន។

ដោយឡែក​អ្នកវិភាគ​បាន​និយាយថា កូរ៉េខាងជើង​ឆ្នាំនេះ មានតែ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់​ប៉ុណ្ណោះ ដែល​បាន​បាញ់​ទៅលើ​កាល​ពី​កំឡុង​ខែ​ធ្នូរ កន្លង​ទៅ​នោះ។​

ចំពោះ​ប្រធាន​គណៈកម្មការ​ជា​សមាជិក​សភា​បាន​និយាយថា តាមពិត​កូរ៉េខាងជើង​កំពុងតែ​មាន​ឆន្ទៈ​គំរាម​គំហែង​យ៉ាង​ទូលាយ​ពី​ការវាយប្រហារ​លើ​សហ​រដ្ឋ​អាមេរិ​កដោយ​អាវុធ​នុយក្លែអ៊ែ​នោះ គឺជា​បញ្ហា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​។​

​យ៉ាងណាក្តី​លោក Rogers បាន​និយាយថា វា​នៅតែ​គួរអោយ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដដែល​ដោយ​យើង​មិន​ដឹង​អំពី​ស្ថេរភាព​នៃ​​មេដឹក​​នាំ​​​វ័យ​​២៨​​ឆ្នាំ​​លោក​​គីម ជុង​​អ៊ុន​​ឡើយ​។ ម្យ៉ាង​វិញ​ទៀង​មិន​មាន​ទំនុកចិត្ត​ត្រង់​ថា មេដឹកនាំ​ប្រទេស​កុ​ម្មុយ​និស្ត​មួយនេះ​អាច​នឹង​អនុវត្តន៍​ដូច​សម្តី​របស់​គេ ឬក៏​យ៉ាងណា​?។​​(ដោយៈ​ថា ថៃ)

​កូរ៉េខាងជើង​​សាកល្បង​​កាំជ្រួច​​ចម្ងាយ​​ខ្លី ​កូរ៉េ​ខាងត្បូង​​បញ្ជូន​​រថក្រោះ

យោធា​កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​ចម្ងាយ​ខ្លី​ចូល​ក្នុង​សមុទ្រ​ខាងកើត កាលពី​ថ្ងៃ​សុក្រ ស្រប​ពេល​ភាព​តានតឹង​កាន់តែ​កើន​កំដៅ​ជិត​ដល់​កំពូល​នោះ​។

ការបាញ់​សាកល្បង​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ​បាន​ទៅ​ត្រួត​​មើល​​ការ​ហាត់​​​បាញ់​កាំ​ភ្លើង​​ធំ​​មែនទែន​នៅ​ជិត​​ព្រំដែន សមុទ្រ​លឿង​ជាមួយ​កូរ៉េ​ខាងត្បូង។

​កូរ៉េខាងជើង ក៏​បាន​គំរាម​បញ្ចេញ​សង្គ្រាម​កូរ៉េ​ទី​២ ដែល​គាំទ្រ​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ ឆ្លើយតប​នឹង​ទ​ណ្ឌ​កម្ម​របស់​​អង្គការ​សហប្រជា​ជាតិ​ និង​ជា​ការ​​ឆ្លើយ​​តប​​​ទៅ​នឹង​​សម​យុទ្ធ​​យោធា​​រួម​​ដ៏​​ធំ​​រវាង​​អាមេរិក​​និង​កូរ៉េ​ខាងត្បូង​។

ដោយឡែក​ឆ្លើយតប​នឹង​ការ​គំរាម​ពី​សំណាក់​កូរ៉េខាងជើង កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជូន​រថក្រោះ​ K-55 ​បាញ់​​ដោយ​ខ្លួនឯង​ទៅ​កាន់​ទីក្រុង​ជាប់​​ព្រំដែន​​ប៉ា​ជូ នៅពេល​​ទាហាន​​ល្បាត​ព្រំដែន​​ឆ្នេរ​នៅ​​កោះ​​យឹង​ព្យឹង​ភាគ​ខាងលិច នៅ​ចម្ងាយ​ជាង​​១០​គីឡូម៉ែត្រ​​ពី​កូរ៉េខាងជើង​។​

​លោក​​លី កេ​គាំង ​ក្លាយ​ជា​​នាយក​​រដ្ឋ​ថ្មី​​របស់​​ប្រទេស​​ចិន​

តំណែង​ជា​នាយករដ្ឋមន្ត្រី​ដែល​លោក​វិន ជា​បាវ ​ធ្លាប់តែ​គ្រប់គ្រង​អស់​រយៈពេល​​១០​ឆ្នាំ​កម្ល​ង​មក​នោះ ត្រូវបាន​លោក​លី កេ​គាំង ចូលខ្លួន​ជំនួស​ហើយ​នៅ​ថ្ងៃ​​សុក្រ​ ទី​១៥ មិនា ​ឆ្នាំ​២០១៣​នេះ។

ក្រៅ​ពី​ដំណែង​ជា​យក​រដ្ឋមន្ត្រី លោក​លី កេ​គាំង ក៏​មាន​មុខតួនាទី​​កាន់កាប់​ដឹកនាំ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​​របស់​ពិភពលោក​សម្រាប់​រយៈពេល​១០​ឆ្នាំ​​ខាង​មុខ​ផងដែរ។

លោក​លី កេ​គាំង ដែល​ជា​សមាជិក​នៅ​លំដាប់​ទី​២​ ​ក្នុង​​គណៈ​កម្មាធិការ​​អចិ​ន្ត្រៃយ៍​​នៃ​​ការិយាល័យ​​នយោបាយ​​របស់​បក្ស​កុម្មុយនីស្ត​ចិន ទទួលបាន​សំឡេង​​គាំ​ទ្រ​២.៩៤០ ក្នុងចំណោម​សំឡេងឆ្នោត​២.៩៤៩ ក្នុង​ការបោះឆ្នោត​សភា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។ មាន​សំឡេង​ប្រឆាំង​៣ និង​អនុបវាទ៦។

មាន​វ័យ ៥៧ឆ្នាំ ក្នុង​ដំណែង​ជា​នាយករដ្ឋមន្ត្រី លោក​លី កេ គាំង ក៏​ប្រឈម​មុខ​ជាមួយ​នឹង​ផល​លំបាក​មួយចំនួន​ផង​ដែរ ក្នុងនោះ​លោក​លី​​ត្រូវ​ធ្វើ​​យ៉ាង​ណា​​ដឹក​នាំ​ប្រទេស​ចិន​ឲ្យ​ឆ្ពោះទៅ​រក​ការ​អភិ​វ​ឌ្ឃ​ន៍​​នៅ​តុល្យ​អោយបាន​ច្រើន​​ចំពោះ​ការប្រកប​របរ​ក​ស៊ីរ​បស់​ប្រជាជន​ក្នុងស្រុក​។

យ៉ាងណា​​ក្តី​​លោក​​លី ក៏​មាន​ប្រជាប្រិយភាព​មិនតិចជាង​លោក​វិន ជា​បាវ​ ​ប៉ុន្មាន​នោះ​ឡើយ។ អ្វី​ជា​ការ​គត់​សម្គាល់​​លោក​​លី គឺ​ជា​​មនុស្ស​​ម្នាក់​​ដែល​​ជិត​​ស្និត​​ជា​មួយ​​អតីត​ប្រធានាធិបតី​ហ៊ូ ជីន​ថាវ។

មិនតែប៉ុណ្ណោះ​លោក​លី ក៏​បាន​ទ​ទូល​សញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច និង​បរិញ្ញាប័ត្រ និង​អនុបណ្ឌិត​ខាងច្បាប់​ចេញពី​សកល​វិទ្យាល័យ​ប៉េកាំង​ដ៏​មាន​កិត្យា​នុភាព​​ដែរ​៕(ដោយៈថា ថៃ)

​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​ច​ន ឃើ​រី ​ធ្វើ​​ទស្សន​កិច្ច​​លើក​ទីមួយ​មក​កាន់​​អាស៊ី​

លោក​ច​ន ឃើ​រី (John Kerry) រដ្ឋមន្ត្រីការបរទេស​អាមេរិក នឹង​ធ្វើ​ទសន្សកិច្ច​លើកដំបូង​របស់​លោក​​ទៅកាន់​តំបន់​អាស៊ី​​នៅ​​ពាក់​កណ្តាល​​ខែ​​មេសា ​ក្នុង​ឋានៈ​​ជា​អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​។

​លោក​ច​ន ឃើ​រី នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ចិន បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​រដ្ឋ មន្ត្រី​ការបរទេស​បរទេស នៃ​ក្រុម​ប្រទេស “G8” ដែល​មាន​​សេដ្ឋ​កិច្ច​ជឿន​លឿន​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ទី​១០​និង​ទី​១១​ខែ​មេសា​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​តំបន់​អាស៊ី​នេះ លោក​ច​ន ឃើ​រី គ្រោង​នឹង​ពិភាក្សា​អំពី​ទំនាក់ទំនង​តំបន់​ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បញ្ហា​បរិស្ថាន ព្រមទាំង​បញ្ហា​ការ​លួច​មើល​ឯកសារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ផងដែរ ដែល​ត្រូវបាន​គេ​ជឿ​ថា​មាន​ប្រភព​ចេញពី​ប្រទេស​ចិន​។​

លោក​ស៊ី ជីន​ពីង​ ក្លាយ​​ជា​​ប្រធានា​ធិបតី​​ចិន​​ជា​​ផ្លូវ​កា​រ​ហើយ​

​នៅ​ទី​បំផុត​ទៅ​លោក​ស៊ី ជីន​ពីង បាន​ក្លាយ​ជា​ប្រធានាធិបតី​ចិន​ជំនួស​ដំណែង​លោក​ហ៊ូ ជីន តាវ ជា​ផ្លូវកា​រហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ តំណែង​ប្រធា​នា​ធិបតី​នេះ បន្ទាប់ពី​លោក​ស៊ី ជីន ពីង​ត្រូវបាន​ជ្រើសតាំង​ដោយ​សមាជិសភា​ជាតិជិត​៣​ពាន់​នាក់​។

លោក​ស៊ី​ទទួលបាន​សម្លេង​គាំទ្រ​ចំនួន​២.៩៥២ ក្នុងចំណោម​​សម្លេង​ឆ្នោត​២.៩៥៦​។ តំណែង​ជា​ប្រធានាធិបតី​ចិន​ដែល​ធ្លាក់​ក្នុង​​កណ្តាប់​ដៃ​​លោក​​ស៊ី​ ជីន​​ពីង​​នេះ ​ជា​​ដំណែង​​កំពូល​​ចុង​ក្រោយ​​ហើយ​ បន្ទាប់​ពី​​លោក​​ស៊ី ជីន​ពីង​ បាន​​ស្នង​​តំណែង​​ជំនួស​​លោក​​ហ៊ូ ជីន​តាវ ​ជា​លេខា​បក្ស​កុំម្មុយនីស្ត​ចិន និង ជា​ប្រធាន​​គណៈកម្មាធិការ​យោធា​មជ្ឈិម​នៅ​សមាជ​បក្ស​លើក​ទី​១៨​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​កន្លងទៅ​។​

​ដោយឡែក​ដំណែង​អនុ​ប្រធានាធិបតី​ចិន​នោះ គឺ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​លោក​លី ​យ័ន​ចា​វ ដែល​ទ​ទូល​បាន​សម្លែងគាំទ្រ​២.៨៣៩​។ លោក​លី យ័ន​ចាវ គឺជា​មនុស្ស​ម្នាក់​ដែល​ជិតស្និត​ជាមួយ លោក​ហ៊ួ ជីន​តាវ ហើយ​លោក​ក៏​ជា​សមាជិក​អ្នក​កាន់ កាប់​ការិយាល័យ​នយោបាយ​របស់​បក្ស​ក​ម្មុយ​និស្ត​ចិន។

គួរបញ្ជាក់​ថា ចាប់តាំងពី​លោក​ស៊ី ជីន​ពីង​ បាន​ទ​ទូល​ដំណែង​ជា​មេដឹកនាំ​កំពូល​នៃ​បក្ស​កុ​ម្មុយ​នីស្ត​​ចិន​ ​កាលពី​ខែវិច្ចិការ​កន្លង​មក​លោក​ស៊ី ធ្លាប់​បាន​សន្យា​ថា ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី លោក​នឹង​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អនុវត្តន៍​កំណែទម្រង់​សេដ្ឋកិច្ច និង​លុប​បំបាត់​អំពើពុករលួយ​ផងដែរ​។

បើ​ទោះបីជា​យ៉ាងណា​នេះ​ក្តី​ភាពជាក់ស្តែង​នៅ​មិន​លេច​ធ្លាយ​ចេញ​នៅឡើយ​ទេ ថា​តើ​ក្នុង​អណត្តិ​របស់លោក នឹង​ធ្វើអោយ​ប្រទេស​ចិន​នៅតែ​អាច​គ្រប់​គ្រង​ឈ្មោះ​ជា​មហា​យក្ស​ក្នុង​អាស៊ី​ទៀត ឬ យ៉ាងណា​?​។ លោក​ស៊ី ជីន​ពីង ក៏​ប្រឈម​មុខ​នឹង​ក្តី​ព្រួ យ​បារម្ភៈ​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​តំបន់​ផងដែរ ជាក់​ស្តែង​ដូចជា​ជម្លោះ​ដ៏​សាំ​ញាំ​ជាមួយប្រ​ទេសជ​ប៉ុន និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាច្រើន​ទៀត។

ក្រោយ​ពី​ទ​ទូល​ដំណែង​ជា​ប្រធា នា​ធិបតី​នេះ លោក ស៊ី ជីន​ពីង​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស ជា​លើកដំបូង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល ​BRICS ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បួង​នៅ​ដំណាច់ខែ​កុម្ភៈ​នេះ​។ បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​បាន​និយាយថា លោក​ស៊ី ជីន​ពីង នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្សី​ផងដែរ​៕​(ដោយៈថា ថៃ)

​ជប៉ុន​ប្រជុំ​​ជាមួយ​​អាស៊ាន​ស្រប​​ពេល​​ខ្លួន​​មាន​​ជម្លោះ​​ជាមួយ​​ចិន

ជប៉ុន​បើក​កិច្ចប្រជុំ​ជាមួយ​ប្រទេស​អាស៊ាន រយៈពេល​២​ថ្ងៃ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​អំពី​សន្តិសុខ ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​អាស៊ាន​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ជួន​ចំ​ពេល​ដែល​ជម្លោះរវាង​ ជប៉ុន និង​ចិន កាន់តែ​មាន​ភាព​តានតឹង​ឡើង​។ នៅក្នុង​កិច្ចប្រជុំ​នោះ​ក៏​​មាន​​ការ​ចូល​រួម​​ពី​​ប្រទេស​ មួយ​​ចំនួន​​ទៀត ​ដែល​​មាន​​ជម្លោះ​​ទឹក​ដី​​ជា​​មួយ​​មហា​អំណាច​​ផង​ដែរ​។

​លោក​អាគី​ណូរី អេតុ អនុ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ជប៉ុន​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថា តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក មាន​បញ្ហា​ផ្សេងៗ ទាក់ទង​ទៅនឹង​សន្តិសុខ និង​វិស័យ​ការពារ​ដោយ​រួមទាំង​ជម្លោះទឹកដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​។​

ទំនាក់ទំនង​ចិន​និង​ជប៉ុន កាន់តែ​តានតឹង​ឡើង​កាលពី​ឆ្នាំមុន ដោយ​ភាគ​ទាំង​២ បាន​ដណ្តើមអធិបតេយ្យ​ភាព​លើ​ប្រជុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋា​ភិបាល​​ក្រុង​​តូ​ក្យ ​នៅ​សមុទ្រ​ចិន​ខាងកើត​។​

វ៉េណេ​ស៊ុយ​អេ​ឡា​បើ​កការ​ស៊ើប​អង្កេ​ត​ការ​ស្លាប់​​របស់​​លោក ​Hugo Chavez

ថ្វី​ត្បិត​តែ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា លោក​ហោ​ហ្គូ ឆា​វ៉េ​ស បាន​ទ​ទូល​មរណៈ​ទៅ​ហើយ​ក៏​ពិតមែន ក៏ប៉ុន្តែ​ភាពមន្ទិលសង្ស័យ​ផ្សេងៗ​ ​កំពុងតែ​កើត​ឡើង​​​ជា​បន្តបន្ទាប់​។

មន្ទិលសង្ស័យ​នោះ​នូវត្រង់ថា ការស្លាប់​របស់​លោក​ហោ​ហ្គូ ឆា​វ៉ែស មិនមែន​ស្លាប់​ដោយសារតែ​ជម្ងឺមហារីក​បូស្ត្រាត​​តែ​ម្យ៉ាង​​នោះទេ តែ​អាច​មាន​ការ​លួច​​ធ្វើ​ឃាត​ដោយ​នរណា​ម្នាក់​ក៏​ថា​បាន​។ ​នេះ​បើ​តាម​ការលើកឡើង​របស់​លោក​ម៉ា​ ឌឺ​រ៉ូ ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​។

​ដូច្នេះ​ករណី​ការស្លាប់​របស់​លោក​ហោ​ហ្គូ ឆា​វ៉ែស ត្រូវបាន​ក្រុមមន្ត្រី​វ៉េណេស៊ុយ​អេ​ឡា​និយាយថា នឹង​បើក​ការ​ស៊ើប​អង្គេត​ត្រូតពិនិត្យយ៉ាង​ល្អិតល្អន់ ដើម្បី​​ឲ្យដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នោះ​។

យ៉ាងណាក្តី ការស្លាប់​ប្រធានាធិបតី ​Hugo Chavez​ នោះ​ត្រូវបាន​គេ​សង្ស័យ​ជា​ដំបូង​ថា គឺជា​ការធ្វើឃាត​ដោយ​ទីភ្នាក់ងារ​អន្តរជាតិ​។ ​រដ្ឋ​មន្ត្រី​មួយ​រូប​គ្រប់​គ្រង​​ខាង​ប្រេង​លោក ​Rafael Ramirez បាន​និយាយថា សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​ជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​នៃ​ការស្លាប់​របស់​លោក​​ឆា​វ៉េ​ស​​នេះ​។​

គួរ​បញ្ជាក់ដែរថា​កាល​ពី​លោក​ឆា​វ៉េ​ស នៅ​មានជីវិត​នៅឡើយ​លោក​ក៏​ធ្លាប់​​បាន​សង្ស័យ​ខ្លួនឯង​ដែរ​ថា​លោក​ហាក់ដូចជា​ត្រូវ​បាន​ចាក់​ថ្នាំ​ម្យ៉ាង​ដោយ​កង​កម្លាំង​​អ្នក​ចក្រពត្តិនិយម​បរទេស​បន្ទាប់ពី​​រក​ឃើញ​​ថា​​លោក​មាន​ជម្ងឺ​មហារីក​នៅក្នុង​ឆ្នាំ​២០១១​។​

ដោយឡែក​នៅ​ថ្ងៃ​ដែល​លោក​ឆា​វ៉េ​ស​បាន​ស្លាប់​អនុប្រធានាធិ ប​តីវ៉េ​ណេ​ស៊ុយអេ​ឡា​លោក ​Nicolas Maduro​ បាន​និយាយថា​ករណី​ការស្លាប់​របស់​លោក​ប្រធានាធិបតី​ឆា​វ៉េ​ស​គឺ​មាន​ភាពស្រដៀងគ្នា​ទៅនឹង​ការស្លាប់​របស់​មេដឹកនាំ​ប៉ាឡេ​ស្ទីន លោក​យ៉ាស់​សេ អា​រ៉ា​ហ្វាត​ផងដែរ​។

​កាលណោះ​មេដឹកនាំ​ប៉ាឡេ​ស្ទីន​លោក ​Yasser Arafat​ ត្រូវបាន​គេ​សង្ស័យ​ថា​ស្លាប់​ដោយសារតែ​ជម្ងឺមហារីក​ជម្ងឺថ្លើម​នឹង​ខ្លះទៀត​ថា​លោក​មាន​ផ្ទុក​ជម្ងឺ ​HIV ​ទៀតផង​។ ​ប៉ុន្តែ​ក្រោយមក​លោក​អា​រ៉ា​ហ្វាត់​ត្រូវបាន​គេ​សង្ស័យ​ថា​ត្រូវ​បាន​ស្លាប់​ដោយសារតែ​ថ្នាំ​បំពុល​ប៉ូ​ឡូ​នី​ញ៉ូម​៕ដោយៈ​ថា ថៃ​

កូរ៉េ​ខាងជើង​​គំរាម​វាយ​ប្រហា​​លើ​ដែន​​កោះ​​កូរ៉េ​ខាងត្បូង​

ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កំពុងតែ​ឡើង​កម្តៅ​ជិត​ដល់​កំពូល​ហើយ​មក​ដល់​ពេលនេះ​។ ​កាលពី​ថ្ងៃ​ច័ន្ទ​​ម្សិលមិញ​ មេដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​យ៉ាងខ្លាំងៗ​ថា ខ្លួន​នឹង​បាញ់​ផ្លោង​នុយក្លែអ៊ែ​កម្ទេចកូន​កោះ​ក្នុង​ដែនដី​កូរ៉េខាងត្បូង​ឲ្យ​ខាន​តែ​បាន​។

ការព្រមាន​នេះ​បាន​ព្រលយ​ចេញ ខណៈ​ដែល​លោក​គីម ជុង​អ៊ុន​ មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង​បាន​ធ្វើដំណើ​រ​ទស្សនកិច្ច​ទៅកាន់​តំបន់​កងកាំ​ភ្លើង​ធំ​​នៅ​តាម​ព្រំដែន​។

បងធំ​ក្រុង​ព្យុង​យ៉ាង​រូបនេះ​បាន​និយាយទៀតថា កោះ ​Baengnyeong​ ដែល​ស្ថិតនៅ​ខាងត្បូង​នៃ​ព្រំដែន​សមុទ្រ​ជម្លោះ​នោះ គឺ​ជា​គោលដៅ​ដ៏​សំខាន់​មួយ​ក្នុង​ការបង្ករ​ទៅ​ជា​ជម្លោះ​។

​គួរគត់សម្គាល់​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ជួន​ពេល​ដែល​យោធា​កូរ៉េខាងត្បូង និង​អាមេរិកកាំង​កំពុង​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​រួម​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​យ៉ាង​កក្រើក​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ទីក្រុង​ព្យុង​យ៉ាង​ប្រកាស​មិន​ទ​ទូល​ស្គាល់​ទាំង​អស់​នូវ​កិច្ចព្រមព្រៀង​ផ្អាក់​បាញ់​គ្នា​រវាង​បងប្អួ​នគូរ​សត្រូវ​ទាំងពីរ​នា​រយៈពេល​៦០​ឆ្នាំ​មកនេះ​។

មិនតែប៉ុណ្ណោះ កូរ៉េ​ខាងជើង​ក៏​បាន​ព្រមាន​បាញ់​នុយក្លែអ៊ែ​កម្ទេច​សហរ​ដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ដើម្បី​ជា​ការ​ផ្ចាញ​តប​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។

​គួរបញ្ជាក់​ថា កូន​កោះ Baengnyeong ដែល​កូរ៉ែខាងជើង​គំរាមគំហែ​ង​បាញ់​កម្ទេច​ចោល​នោះ មាន​លំនៅដ្ឋាន​ប្រជាជន​ស៊ីវិល​ជាង​៥​ពាន់​ក្រៅពីនោះ ជា​ទីស្នាក់ការ​យោធា​ទាំងអស់។

​គួររម្លឹកថា​ក្នុង​ឆ្នាំ​២០១០ នាវា​កូរ៉េខាងត្បូង​មួយ​គ្រឿង​បាន​លិច​ក្នុង​បាតសមុទ្រ​នៅក្បែ​រកោះ ​Baengnyeong ដោយ​បាន​សម្លាប់​មនុស្ស​៤៦​នាក់ ហើយ​នៅ​ឆ្នាំ​ដដែល​នោះ កូរ៉េ​ខាងជើង​បាន​បាញ់​យ៉ាងដំណំ​នៅក្បែ​រកោះ​Yeonpyeong ដែល​កាលណោះ សម្លាប់​មនុស្ស​៤​នាក់​ទៀត​។​

​ភ្ជាប់​ជាមួយ​នឹង​ពត៌មាន​នេះ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ សហរដ្ឋអាមេរិក​បាន​សំរេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​​ធនាគារ​​ប្តូរ​​ប្រាក់​​បរទេស​​និង​​មន្ត្រី​សំខាន់​​ចំនួន​​៤​នាក់​ ​របស់​កូរ៉េខាងជើង​ ដើម្បី​បង្កើន​ការគាប់សង្កត់​លើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ឲ្យ​បោះបង់ចោលក​ម្ម​វិធី​នុយក្លេអ៊ែ​ររបស់ខ្លួន​។

​ចំណាត់ការ​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រសួង​រតនាគារ​និង​ក្រសួងការបរទេស​របស់​អា​មរិក​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ផ្គើន​និង​បាន​រំ​លោភ​​​បំពាន​លើ​សេចក្តីសម្រេច​របស់​អន្តរជាតិ​និង​បាន​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​កាលពី​ខែ​មុន​ដែល​នាំឲ្យ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​តែម្តង​។

នេះ​ជា​ទណ្ឌកម្ម​ថ្មី​មួយទៀត​បន្ថែម​លើ​ទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​៕(ដោយៈ​ថា ថៃ)

សម្តេច​​ប៉ាប​​ថ្មី​​ត្រូវ​បាន​​បោះ​ឆ្នោត​​ជ្រើស​រើស​​នៅ​ថ្ងៃ​​អង្គារ​នេះ​

​សង្ឃ​ប៉ាប​ចំនួន​១១៥​អង្គ​នោះ​ គឺជា​សង្ឃ​តា​តូ​លិកជាន់​ខ្ពស់​មក​ពី​ទូទាំង​ពិភពលោក​ដែល​ធ្វើ​ការបោះឆ្នោត​រើស​សម្តេច​សង្ឃ​ប៉ាប់​ថ្មី​នៅ​ថ្ងៃ​អង្គការ​នេះ​។ ដំណើរការ​នៃ​ការបោះឆ្នោត​នោះ​ គឺ​ត្រូវ​ធ្វើឡើង​ដោយ​បិទទ្វា និង​មិន​អនុញ្ញាតិឲ្យ​មានទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ខាង​ក្រៅ​ឡើយ​។

ក្នុងពេល​បោះឆ្នោត​នោះ​សង្ឃ​ប៉ាប​​ចំនួន​១១៥​អង្គ​ មាន​ក្រដាស​មួយ​សន្លឹក​ដែល​តម្រូវ​ឲ្យ​សង្ឃ​ប៉ាប​​ទាំងអស់នោះ​សរសេរ​នូវ​ឈ្មោះ​ន​ណា​ម្នាក់​ក្នុង​ចំ​ណោម​​សង្ឃ​ទាំង​១១៥​អង្គ​នោះ​ឬ​សង្ឃ​ផ្សេង​ទៀត​ដែល​គេ​ចង់​បោះ​ឲ្យ ប៉ុន្តែ​សង្ឃ​នី​មួយៗ​មិន​អាច​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​សម្តេច​ប៉ាប់​ដើម្បី​គ្រប់​គ្រង់​បុរី​វ៉ា​ទី​កង់​បាន​ឡើយ​។

ហើយ​សម្តេច​សង្ឃ​ប៉ាប​ថ្មី​នឹង​ត្រូវ​តែងតាំង​ជា​ផ្លូវការ​ក្រោយ​ការបោះឆ្នោត​នេះ ដោយ​ឆ្លងកាត់​សម្លេងគាំទ្រ​ពី​ចំនួន​២​ភាគ​បី​ឬ​ចំនួន​៧៧​ក្នុងចំណោម ១១៥​សម្លេង​។

ចំពោះ​បេក្ខភាព​ដែល​ត្រូវបាន​គេ​កត់សំគាល់ថា នឹង​ក្លាយជា​សម្តេច​ប៉ាប​ថ្មី​គឺ​មាន​សង្ឃ​មក​ពី​ប្រទេស​អ៊ីតាលី​ប្រេ​ស៊ីល​កាណាដា​អាមេរិក​អូទ្រីស​អា​ហ្សង់​ទីន​ហ្កា​ណា និង​ហ្វ៊ីលីពីន​ជាដើម​។

​ការរៀបចំ​ការបោះឆ្នោត​នេះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​សម្តេច​ប៉ា​ប Benedict ទី​១៦​នេះ បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២៨​ខែ​កុម្ភៈ​។

ការលាលែង​ចេញពី​មុខ​តំណែង​នោះ​គឺជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​អ្នក​កាន់​សាសនា​កាតូលិក​ព្រោះ​ជាង​​ ៦០០​ឆ្នាំ​​មកហើយ មិន​ដែល​មាន​សម្តេច​សង្ឃ​ណា​ប្រកាស​លាឈប់​ពី​មុខតំណែង​។ មូលហេតុ​នៃ​ការលាលែង​ពី​តំណែង​របស់​សម្តេច​សង្ឃ​ប៉ាប​ទី​១៦​ត្រូវបាន​គេ​បកស្រាយ​ថា ដោយសារ​តែ​ភាព​​​ចាស់​​ជរា​។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ការលាលែង​ចេញពី​តំណែង​នេះ ត្រូវបាន​គេ​ដឹងថា ក៏​ដោយសារ​តែ​មាន​រឿង​អាស្រូវ​ក្នុង​បុរី​វ៉ា​ទី​កង់​នោះ​ផងដែរ​។ គេ​មិន​ទាន់​ដឹង​ថា តើ​សង្ឃ​ប៉ាប​មកពី​ប្រទេស​ណា​ទេ ដែល​អាច​មក​គ្រង់​តំណែង​ជា​សម្តេច​ប៉ាប​ថ្មី​សម្រាប់​គ្រប់​គ្រង់​អ្នក​កាន់​សាសនា​កា​តូ​លិច​ប្រមាណ​​ជាង​​១​​ពាន់​​លាន​​នាក់ នៅ​ទូទាំង​ពិភពលោក​៕(ដោយៈ​អ៊ុន រស្មី​)

មី​យ៉ាន់​ម៉ា​​ចាប់ផ្តើម​​ការចរចា​​ជា​ថ្មី​​ជាមួយ​​ក្រុម​ឧទ្ទាម

មី​យ៉ាន់​ម៉ា​បានចាប់ផ្តើម​ធ្វើការ​ចរចារ​សន្តិភាព​សារជាថ្មី ជាមួយ​ក្រុម​ឧទ្ទាម​កា​ជីន​កាលពី​ថ្ងៃ​ច័ន្ទ នៅក្នុង​នៅ​ទីក្រុង ​Ruili ប្រទេស​ចិន​។

កិច្ចចរចារ​នេះ​កើតឡើង​នៅ​ពេល​ដែល​កងទ័ព​មី​យ៉ាន់​ម៉ា​មិនទាន់​ដកចេញ​ពី​រដ្ឋកា​ជីន នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​នៅឡើយ​។ កិច្ច​ចរចា​ជា​ថ្មី​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​នយោបាយ​និយាយថា ទំនងជា​នឹង​មាន​ភាព​ល្អប្រសើរ​ជាង​ពេលមុនៗ​។

​គួរ​បញ្ចាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១១​​មក​កិច្ចចរចា​សន្តិភាព​ត្រូវបាន​ធ្វើឡើង​ជា​ច្រើន​លើក​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​កា​ជីន​នេះ ប៉ុន្តែ​ការ​ចរ​ចា​​​បាន​ជាប់គាំង​ដោយ​គ្មាន​សម្រេចបាន​កិច្ចព្រមព្រៀង ដោយសារតែ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​បន្តបន្ទាប់​រវាង​ភាគី​ទាំង​២​និង​បាន​ឆក់យក​ជីវិត​មនុស្ស​​ជា​ច្រើន​​នាក់​។​

​ជប៉ុន​​ប្រារព្ធ​​ខួប​២​​ឆ្នាំ​​នៃ​ការ​វាយ​ប្រហា​​ដោយ​​រលក​​យក្ស​​ស៊ូ​ណា​មី

ការ​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​ការវាយប្រហារ​ដោយ​រលក​យក្ស​ស៊ូ​ណាម៉ិនេះ ត្រូវ​បាន​រដ្ឋាភិបាល​ជ​ប៉ុន​បាន​រៀបចំ​ធ្វើឡើង​ក្នុង​កម្រិត​ជាតិ​មួយ​នៅក្នុង​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១១​មិនា​នេះ ដោយមាន​ការយាង​ចូលរួម​ពី​ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តុ និង​អធិរាជិនី មី​ជីកូ ដើម្បី​គោរព​វិញាណក្ខន្ធ​ដល់​មនុស្ស​ស្លាប់​១៥.៨៨១​នាក់​និង​២.៦៦៨​នាក់​ទៀត​ដែល​បាត់​ខ្លួន​ដោយ​រញ្ជួយ​ដី​និង​ស៊ូ​ណា​មី​កាលពី​ថ្ងៃ​១១​មីនា​ឆ្នាំ​២០១១​។​

​ប្រជាជន​ជប៉ុន​និង​ព្រះ​ចៅ​អធិរាជ​ជប៉ុន​បាន​ស្មឹង​ស្មា​ធិ៍​១​នាទី​នៅវេលា​ម៉ោង​១៤​និង​៤៦​នាទី​ម៉ោង​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​ត្រូវ​នឹង​ម៉ោង​៥​និង​៤៦​នាទី​ម៉ោង​សកល ជា​ពេលវេលា​ដែល​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​៩​រិ​ច្ឆ​ទ័របាន​វាយប្រហារ​ប្រទេស​ជប៉ុន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នា​ថ្ងៃ​១១​មីនា​ឆ្នាំ​២០១១​។​

មនុស្ស​យ៉ាង​តិច​ចំនួន​១៨០០០​នាក់ បាន​ស្លាប់​នឹង​បាត់​ខ្លួន នៅពេល​រំ​ញ័រ​បាន​បង្ក​ជា​មហា​រលក​សមុទ្រ​ដែល​បាន​លេប​ត្របាក់​សហគមន៍​តាម​ឆ្នេរ​និង​បំផ្លាញ​រោងចក្រ​នុយក្លេអ៊ែ​រ Fukushima Daiichi ដែល​បាន​រលាយ​ផ្ទុះ​និង​បង្ក​វិបត្តិ​នុយក្លេអ៊ែរ​យ៉ាង​អាក្រក់​បំផុត​ចាប់តាំងពី​ការកើតមាន​ឧបទ្ទវហេតុ​នៅ​រោងចក្រ Chernobyl នា​ឆ្នាំ​១៩៨៦​។​

​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ ប្រជាជន​ជប៉ុន​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​ក្នុង​ទីក្រុង តូ​ក្យូ ដើម្បី​ជំរុញ​អោយ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើប្រាស់​ថា​ម​ពល​ដែល​បានមកពី​រោងចក្រ​នុយក្លេអ៊ែ​។

ចាប់តាំងពី​ការវាយប្រហារ​ដោយ​រលក​យក្ស​ស៊ូ​ណា​ម៉ិ​កាលពី​ឆ្នាំ​២០១១​មក​រោងចក្រ​ម៉ា​ស៊ី​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែ​ចំនួន​៥០​ ​របស់​ជប៉ុន​បាន​បិទ និង​ត្រួត​ពិនិត្យ​​​ឡើងវិញ ហើយ​មាន​រោង​ចក្រ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​តែ​២​ប៉ុណ្ណោះ ដែល​បាន​បើក​អោយ​ដំណើរការ​ឡើងវិញ​។

​ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន លោក​ស៊ិន ស៊ូ​អាបេ បាន​បង្ហាញ​បំណង​បើក​អោយ​ដំណើរការ​ឡើងវិញ​នូវ​ម៉ា​ស៊ី​រ៉េ​អា​ក់ទ័រ​ទាំងនោះ ក្រោយ​ពី​ការត្រួតពិនិត្យ​ពី​សុវត្ថិភាព​រួចមក​៕​(ដោយៈវ៉ា សំណព្វ)

​​ការរំលោភ​​សិទ្ធិមនុស្ស​​​នៅ​​Iraq​តែ​ជា​បញ្ហា​ក្រោយ​ការ​ដួលរលំ​​​របប​លោក​Saddam Hussein

ដប់​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​ដែល​របប​ផ្តាច់ការ​នៅ ​Iraq​ ដឹកនាំ​ដោយ​លោក Saddam Hussein បាន​បញ្ចប់ទៅ​នៅ​ឆ្នាំ​២០០៣​ ដោយ​​ការ​វាយ​លុក​​ចូល​​ពី​​សហ​រដ្ឋ​អាមេរិក​។ សករាជ​ថ្មី របប​ថ្មី មេដឹកនាំ​ថ្មី បាន​កើតឡើង​នៅក្នុង​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​។

ក៏​ប៉ុន្តែ​ការ​បំបិទ​សិទ្ធិសេរីភាព និង​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មួយ​នេះ នៅតែ​ជា​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។ នេះ​បើ​តាម​របាយការណ៍រ​បស់​អង្គ​ការ​លើកលែងទោស​អន្តរជាតិ ដែល​បាន​បង្ហាញ​នៅ​ថ្ងៃ​ច័ន្ទ ទី១១ ខែ​មីនា​នេះ​។​

​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​លើកឡើង​ថា ការវាយប្រហារ​ការធ្វើ​ទារុណកម្ម​ទៅលើ​ប្រជា​ជន​ស្លូតត្រង់​បាន​កើតឡើង​ជា​ញឹកញាប់​។ ម្យ៉ាងទៀត​ភាព​អយុត្តិធម៌ នៅក្នុង​ប្រព័ន្ធ​តុលាការ ការ​សូកប៉ាន់ និង​អំពើពុករលួយ​បាន​ធ្វើឲ្យ​ប្រទេស​នេះ គ្មាន​ការអភិវឌ្ឍ​ទាល់តែសោះ​។​

សូមបញ្ជាក់​ថា អំពើ​ហិង្សា​នៅ​អ៊ីរ៉ាក់​គឺជា​អំពើហិង្សា​តាមរយៈ​ភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល​ប្រឆាំង​នឹង​កងទ័ព​អាមេរិកាំង​ប្រឆាំងនឹង​បុគ្គ​លិក​​របស់​អង្គការសហប្រជាជាតិ​និង​របស់​កាកបាទក្រហម​អន្តរជាតិ​ជា​ដើម​។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​គឺ​ការប្រយុទ្ធ​គ្នា​រវាង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​Sunnite ដែលជា​អ្នក​អាឡោះអាល័យ​របប​Saddam Hussein និង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត Chiite ដែលជា​អ្នកគាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បច្ចុប្បន្ន​។​

​គួរកត់សម្គាល់​ថា ចាប់ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០១២ ទាហាន​អាមេរិកាំង​ជិត​៤​ពាន់​នាក់​និង​ជនជាតិ​អៀ​រ៉ាក់ជាង​១​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។ ​មិន​តែ​ប៉ុណ្ណោះ​ប្រជាជន​ស៊ីវិល​អៀ​រ៉ា​ក់ជាង​៤​លាន​នាក់​បាន​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​អារ៉ាប់​ផ្សេង ដូចជា​នៅ​Syrie និង នៅ​Jordanie ឬ​ក៏​បាន​ធ្វើ​បន្លាស់​ទី​ទៅ​នៅ​កន្លែង​ផ្សេង​ក្នុង​ទឹកដី​អៀ​រ៉ាក់​។​

​សូម​រម្លឹក​បន្ថែមថា នៅ​ថ្ងៃ​ទី​២០​មីនា​ឆ្នាំ​២០០៣​សង្គ្រាម​អាមេរិក​នៅ​អៀ​រ៉ាក់​បាន​ផ្តើមឡើង​។ Saddam Hussein​ត្រូវបាន​ចាប់ខ្លួន នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៣ ​រួច​ហើយ​​ត្រូវបាន​កាត់ទោស និង​ប្រហារជីវិត​នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៦​។ ​កូនប្រុស​ទាំង​ពីរ​នាក់​របស់​Saddam Hussein ត្រូវបាន​កងទ័ព​អាមេរិកាំង​បាញ់សម្លាប់​នៅ​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០០៣៕​(​អត្ថបទ​ដោយ ជា ធីរិទ្ធ​)

​កូរ៉េខាងជើង​ផ្តាច់​​បណ្តាញ​​ទាក់ទង​​ជាមួយ​​កូរ៉េ​​ខាងត្បូង

ភាព​តានតឹង​កាន់តែ​ក្តៅ​ឡើងៗ រវាង​ឧបទ្វីប​កូរ៉េ​ដោយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១១​មីនា​នេះ កូរ៉េខាងជើង​បាន​កាត់ផ្តាច់​បណ្តាញ​ទាក់ទង​កាក​បាទ​ក្រហម (Red Cross​ hotline) ជាមួយ​កូរ៉េ​ខាងត្បូង​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​មួយ​នៅ​កូរ៉េ​ខាងត្បូង​និង​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។

រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​គំរាម​កាត់ផ្តាច់​បណ្តាញ​ទាក់ទង​នេះ ប្រសិនបើ​អាមេរិក និង​កូរ៉េខាងត្បូង​មិន​បញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​ទេនោះ​។​

​គួរបញ្ជាក់​ថា បណ្តាញ​ទាក់ទង​កាកបាទ​ក្រហម​នេះ​ត្រូវបាន​ប្រើ​សម្រាប់​ធ្វើការ​ទាក់ទង​រវាង​ក្រុង​សេ​អ៊ូ​ល​និង​ព្យុង​យ៉ាង​ដោយសារ​ប្រទេស​ទាំង​ពីរ​នេះ មិន​​មាន​​ទំនាក់ទំនង​ការទូត​។​

ប្រទេស ​Venezuela ​​នឹង​បោះ​ឆ្នោត​​រើស​​ប្រធានាធិបតី​​នៅ​ថ្ងៃ​​ទី​១៤​​មេសា​

ប្រទេស​ Venezuela កាលពី​ថ្ងៃ​សៅរ​បានប្រកាសថា នឹង​ធ្វើ​​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤​ខែ​មេសា​ខាង​មុខ​នេះ ក្រោយ​ពេល​​ដែល​​ប្រធានាធិបតី​លោក Hugo Chavez បាន​ទទួលមរណៈភាព​កាល​ពី​​ថ្ងៃ​ទី ៥​មីនា​កន្លង​ទៅ​។

រីឯ​កាលពី​ថ្ងៃ​សុក្រ​អនុ​ប្រធានាធិបតី​នៃ​ប្រទេស នេះ គឺ​លោក Nicolas Maduro ក៏​បាន​ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី​ជំនួស​តំណែង Chavez បណ្តោះអាសន្ន​ផងដែរ មុន​ពេល​ប្រធានាធិបតី​ថ្មី​ត្រូវបាន​ជ្រើសរើស​។

​ការងារ​ផ្សេងៗ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស Venezuela ត្រូវ​ធ្លាក់​ទៅលើ​លោក Nicolas Maduro​ដែល​បាន​ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​សុក្រ​ជំនួស​លោក​Hugo Chavez។

ប៉ុន្តែ​លោក Nicolas Maduro​កាន់តំណែង​ជា​ប្រធានាធិបតី​នេះ គឺ​គ្រាន់តែ​គ្រប់​គ្រង់​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ដូច្នេះ​ប្រធានាធិបតី​ពិតប្រាកដ​នឹង​ចូល​មក​កាន់​ការងារ​នៃ​ប្រទេស​នេះ​ជា​ផ្លូវការ ក្រោយ​ការបោះឆ្នោត​ថ្ងៃទី ១៤​ខែ​មេសា​។

បើ​ទោះបីជា​លោក​Nicolas Maduro កាន់តំណែង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ក៏ដោយ ក៏​ប្រការ​នេះ​ក៏​ត្រូវបាន​ក្រុម​គណបក្ស​ប្រឆាំង​រិះគន់​យ៉ាង​ខ្លាំង​ដែរ​ចំពោះ​ចំណាត់ការ​យ៉ាង​ដូច្នោះ​។

​បើ​តាម​រដ្ឋធម្មនុញរ​បស់​ប្រទេស​Venezuela​តម្រូវឲ្យមាន​ការបោះឆ្នោ​ត​ក្នុងរយៈពេល​៣០​ថ្ងៃ​ពោលគឺ​រាប់​ចាប់ពី​ថ្ងៃ​ទី​៥​មីនា​ជា​ថ្ងៃ​ទទួល​មរណៈភាព​របស់​លោក Hugo Chavez ប៉ុន្តែ​ការបោះឆ្នោត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤​មេសា​នោះ គឺ​វា​មិន​ស្ថិត​នៅក្នុង​រយៈពេល​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​ឡើយ​ដោយសារតែ​មាន​ការលំបាក​ក្នុង​ការរៀបចំ​ឲ្យបាន​ល្អ​។

ទាក់ទង​នឹង​បញ្ហា​នេះ​​ខាង​គណកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​ជាតិ​របស់​ប្រទេស​ Venezuela បានបញ្ជាក់​​រយៈ​ពេល​​នោះ​​គឺ ​គ្រាន់​គ្រាន់​ក្នុង​ការរៀបចំ ប៉ុន្តែ​​បើ​ទោះបីជា មាន​ការអះអាង​បែប​នេះ​ក្តី​មជ្ឈដ្ឋាន​ទូទៅ​បាន​បា​រម្ម​ថា​រយៈពេល​នោះ នឹង​មិន​អាចឲ្យ​ការរៀបចំ​ការបោះឆ្នោ​តដំណើរការ​បានល្អ​ឡើយ​។

​គួរបញ្ជាក់​ថា លោក Hugo Chavez បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី៥ មីនា​ក្រោយពេល​ត្រលប់​ពី​ទទួល​ការវះកាត់​ជម្ងឺមហារីក​ក្នុង​ប្រទេស​គុយបា​វិញ​កាលពី​ថ្ងៃ​ទី ១៨​កុម្ភៈ​។

ចំពោះ​សាកល​ព​របស់លោក​ក៏​ត្រូវបាន​ក្រុមមន្ត្រី​នៃ​ប្រទេស​នេះ​បញ្ជាក់ថា នឹង​ត្រូវ​រក្សាទុក​ដូច​បណ្តា​សាកសព​របស់​មេដឹកនាំ​ល្បីៗ​ក្នុង​សតវត្ស​ទី​២០​ដូច​ជា ហូជីមិញ រឺ​ក៏​លោក​ម៉ៅ​សេទុង​ផងដែរ​៕​(​ដោយ អ៊ុន រស្មី​)

អនុ​ប្រធានា​ធិបតី​​វ៉េណេស៊ុយ​អេ​ឡា​​ចូល​ស្បថ​​កាន់​​ដំណែង​​ជា​​ប្រធានាធបិតី​​ស្តីទី​

​ពិធី​ស្បថ​ចូល​កាន់ដំណែង​ជា​ប្រធានាធិបតី​ស្តីទី​របស់​លោក Nicolas Maduro ​ដែល​អតីត​ជា​អនុ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​សុក្រ ទី​០៨ ខែ​មិនា​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ពិធី​បុណ្យ​សព​ជា​សាធារណៈ​របស់​​ប្រធា​នា​ធិបតី​​វ៉េណេស៊ុយ អេ​ឡា​លោក Hugo Chavez​។

ការឡើង​ស្នង​ដំណែង​ជា​ប្រធានាធិបតី​ជំនួស​លោក Hugo Chavez ដោយ​លោក Nicolas Maduro នេះ​បន្ទាប់ពី​លោក Nicolas Maduro បាន​ទ​ទូល​សម្លេង​គាំទ្រ​​នៅ​ក្នុង​សភាជាតិ​វ៉េណេស៊ុយ​អេ​ឡា​។

ដូច្នេះ​អតីត​អនុ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា បាន​ឡើង​​ជា​ប្រធានាធិបតី​ស្តីទី​ជា​ផ្លូវកា​រហើយ ដើម្បី​ដឹកនាំ​សារ​ធា​រណ​រដ្ឋ​វ៉េណេស៊ុយ​អេ​ឡា​ជា​ប៉ុណ្តោះ​អាសន្ន​ជំនួស​លោក​ឆា​វ៉េ​ស​ដែល​បាន​ទ​ទូល​មរណៈភាព​កាលី​ថ្ងៃទី​៥ មិនា​កន្លង​ទៅ​ដោយសារ​ជម្ងឺមហារីក​ប្រូ​ស្តា​ត​។

បើទោះបីជា​យ៉ាងនេះក្តី​គណបក្សប្រឆាំង​​សំខាន់​​បាន​សម្តែង​ការ​មិន​ពេញ​​ចិត្ត​នោះទេ ដោយ​បាន​លើកឡើង​ថា ពិធី​ឡើង​កាន់ដំណែង​នេះ​បាន​ធ្វើ​ឡើង​មិន​​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ​នោះ​ទេ​។

ជាមួយគ្នា​នោះ គណបក្សប្រឆាំង​ក៏​បាន​ធ្វើពហិការ​មិន​ចូលរួម​ក្នុង​ពិធី​សម្បថ​របស់លោក Maduro នោះដែរ។ មេដឹកនាំ​គណបក្សប្រឆាំង​លោក Henrique​ Capriles បាន​ហៅ ការឡើង​ស្នង​ដំណែងរ​បស់​ម៉ា​ឌឺ​រ៉ូ​នោះថា ជា​ចលនា​បោកប្រាស់​ដោយ​យោង​​តាម​ច្បាប់​រដ្ឋធម្មនុញ សម្លេង​តែ​មួយ​របស់​សភា​ជាតិ​មិន​អាច​អោយ​មនុស្សម្នា​ក់ឡើ​ង​កាន់​ដំ​ណែ​ង​​ជា​ប្រធានាធិបតី​ស្តីទី​បាន​ឡើយ​។

ដោយឡែក​បន្ទាប់ពី​ពិធី​សម្បថ​លោក Maduro និង​លោក Cabello បាន​និយាយថា ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​នឹង​ដើរ​ទៅ​តាម​មាគ៌ា​សង្គមនិយម។ ទន្ទឹម​​​គ្នា​​នោះ​​ដែរ​លោក​ម៉ា​ឌឺ​រ៉ូ​បាន​ប្រកាស​នៅ​ក្នុង​សភា​ជាតិ​ថា ការស្បថ​ចូល​កាន់ដំណែង​របស់​លោក​នេះ​ក្នុង​ជា​នាម​ជា​បេក្ខភាព​លោក Hugo Chavez ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត ដើម្បី​គោរព និង​ការពារ​នៅ​រដ្ឋធម្មនុញ Bolivarian ដែល​បាន​តស៊ូ​បង្កើត​ដោយ​បាត់​ដៃទទេ​របស់ លោក​ឆា​វ៉េ​ស​។ យ៉ាងណាក្តី​ជា​ប្រធានា​ធិ​បតី​​ស្តីទី លោក​ម៉ា​ឌឺ​រ៉ូ ត្រូវបាន​គេ​រំពឹងថា ការបោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​រយៈពេល​៣០​ថ្ងៃ​ទៀត​នេះ។(ដោយៈថា ថៃ)

​អាមេរិក​​ព្រមាន​​តប​​ទៅ​កូរ៉េ​ខាងជើង​​ថា​ដាក់​ទណ្ឌ​កម្ម​ថ្មី​​របស់ ​​UN ​​កាន់​តែ​​ធ្ងន់

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ប្រជុំ​បោះឆ្នោត​​ជា​ឯក​​ឆន្ទ​​ដោយ​បាន​ដាក់​ទណ្ឌកម្ម​ដ៏​ដ៏​ក្តៅ​បំផុត​មួយ​ដែល​ពិបាក​នឹង​ស៊ូទ្រាំ​បំផុត ដើម្បី​​​​ជា​ការឆ្លើយតប​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ដែល​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លែអ៊ែជា​លើក​ទី​៣​ដោយ​ជោគជ័យ និង​បាន​គំរាម​គំហែង​ពី​ការប្រើប្រាស់​អា​វុធ​​នុយ​ក្លែអ៊ែ ​ដើម្បី​វាយកម្ទេច​កូរ៉េខាងត្បូ​ង​និង​សហរដ្ឋអាមេរិ​ក​។

មិនតែប៉ុណ្ណោះ​ឡើយ មេដឹកនាំ​ដ៏​ឯកោ​លោក​គីម ជុង​អ៊ុន បាន​ចាត់​ទុក​​សិទ្ធិ​សញ្ញា​​មិន​​ឈ្លាន​ពាន​​រវាង​​ប្រទេស​​គូរ​​សត្រូវ​​បង​ប្អូន​​ទាំងពីរ​ជា​អសា​របង់​ទៀតផង​។​ ឯកអគ្គ​រដ្ឋ​ទួត​​អាមេរិក​បាន​ថ្លែង​ឲ្យដឹង​បន្ទាប់​ពី​ការបោះឆ្នោត​ជា​ឯកតោភាគី​ថា ទណ្ឌកម្ម​ទាំងនេះ​នឹង​រឹតរួត​យ៉ាង​ខ្លាំង​បំផុត​លើ​ប្រទេស​កូរ៉េខាងជើង​។​

​សេចក្តី​ព្រមព្រៀង​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ UN​ បាន​បើក​កិច្ច​ច​ចារ​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ​។ ​ឯកអគ្គ​រដ្ឋ​ទួត​UN របស់​ប្រទេស​ចិន លោក​ Li Baodong បាន​និយាយថា ចិន​គឺ​ជា​ប្រទេស​គោល​មួយ ដូច្នេះ​វាយ​ពិតណាស់ថា ការដាក់ទណ្ឌកម្ម​នេះ គឺ​ដើម្បី​ការពារ​សន្តិភាព និង​ស្ថេរភាព​លើ​ឧបទ្វីប​កូរ៉េ​។​

​គួរបញ្ជាក់​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​តែ​ឡើង​កម្តៅ​បន្តិច​ម្តងៗ ខណៈ​ប្រទេស​កូរ៉េខាងជើង​កំពុង​ខិតខំ​អភិវឌ្ឍន៍​អាវុធ​នុយក្លែអ៊ែ និង​បច្ចេកវិទ្យា​មី​ស៊ី​ល បន្ទាប់​ពី​ប្រទេស​ក​ម្មុយ​នីស្ត​មួយនេះ​បាន​បាញ់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ និង​បាន​បំផ្ទុះ​គ្រាប់បែកបរមាណូ​នៅ​ក្រោម​ដី​រួម​មក។

ជាមួយគ្នា​នោះ​រដ្ឋាភិបាល​ព្យុង​យ៉ាង​បាន​ព្រមាន​យ៉ាង​ខ្លាំងៗ​ថា​ខ្លួន​នឹង​ធ្វើ​ការបាញ់​អាវុធ​នុយក្លែអ៊ែ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិ​ក​និង​កូរ៉េខាងត្បូង​ឲ្យបាន​ជា​ដាច​ខាត់​៕(ដោយៈថា ថៃ)

កូរ៉េ​ខាងជើង​​លុបចោល​​សន្ធិ​សញ្ញា​​មិន​ឈ្លាន​ពាន​​ជា​មួយ​​កូរ៉េ​ខាងត្បូង​

​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​​នៃ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​បោះឆ្នោត​អនុម័ត​ដាក់ទណ្ឌកម្ម​ជា​ថ្មី​​ម្តង​ទៀត​ប្រឆាំង​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​ចាត់ទុក​ជា​អសា​របង់​ចំពោះ​សន្ធិសញ្ញា​មិន​ឈ្លានពាន ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េខាងត្បូង កាលពី​ឆ្នាំ ១៩៩១​កន្លងទៅ និង​សម្រេច​លុបចោល​ប្រព័ន្ធ​ទាក់ទង ​hotline ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ឆ្នាំ១៩៧១​ផងដែរ​។​

​ជា​ការឆ្លើយតប ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​​គម្រាម​​ថា ​ប្រសិន​បើ​​ប្រទេស​​កូរ៉េ​ខាង​ជើង​​​ហ៊ាន​​ឈ្លាន​​ណា​មួយ​ម​ក​លើជីវិត និង​ស្ថិរភាព​ក្នុង​ប្រ​ទេស​របស់​ខ្លួន​យោធា​កូរ៉េខាងត្បូង​នឹង​សងសឹក​ឲ្យ​ចាស់ដៃ ដោយ​ចាប់ផ្តើម​ពី​ចំណុច​នៃ​ការឈ្លានពាន​និង​ក្រុម​អ្នកគាំទ្រ សម្រាប់​ការឈ្លានពាន​ព្រមទាំង​ភាពជា​អ្នក​ដឹក​នាំ​។​

នៅពេល​នេះ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ក្តៅ​ឈួល​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ហើយ​នៅ​ថ្ងៃ​សុក្រ ទី​០៨ ខែ​មីនា​នេះ​ផងដែរ មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​គីម ចុង​​អ៊ុន បាន​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា​ក្នុង​កោះ​ភាគខាងត្បូង​ប្រទេស​ហើយ​បាន​និយាយថា កងកម្លាំង​យោធា​ទាំងអស់​របស់​ខ្លួន​ដូចជា​ផ្នែក​ថ្មើជើង​ជើងទឹ​ក​ ទ័ព​អាកាស​​ព្រមទាំង​កងកម្លាំង​បាញ់​គ្រាប់​​​រ៉ុក្កែត​​យុទ្ធសាស្ត្រ​​បាន​ត្រៀម​ខ្លួន​រួចរាល់​ជា​ស្ថាពរ​ក្នុងការ​វាយ​ប្រហារ​តាមបែប​កូរ៉េ​ចំពោះ​សង្គ្រាម​ពី​ខាងក្រៅ​។​

សូមបញ្ជាក់​ថា នយោបាយ​១៨០​អង្សារ​របស់​រដ្ឋាភិបាល​កុ​ម្មុយ​នី​ស​ដ៏​សែន​ឯកោ​មួយ​នេះ ដែល​កំពុង​ធ្វើ​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​លអាច​នឹង​ផ្ទះ​សង្គ្រាម​ឡើង​គ្រប់​វិនាទី​។ ព្រោះ​កន្លងមក​មាន​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​តានតឹង​មួយ​ចំនួន​រួច​ហើយ ដែល​វិះ​នឹង​ជម្រុញ​ឲ្យ​បងប្អូន​គូសត្រូវ​ទាំងពីរ​ធ្លាក់​ក្នុង​សង្គ្រាម​រវាង​គ្នា​ជាថ្មី​។​

ជាក់ស្តែង​ការបាញ់​ផ្លោង​ពី​សំណាក់​កូរ៉េខាងជើង​លើ​កោះ​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១០​ដែល​បណ្តាលឲ្យ​ស្លាប់​មនុស្ស ៤​នាក់ ក្នុងនោះ​ជន​ស៊ីវិល​២​នាក់ ​និង​ទាហាន​២​នាក់​។

បន្ទាប់មក​ក្នុង​ឆ្នាំ២០១០ ដដែល​នោះ​មាន​ការបាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េខាងត្បូង​មួយ​គ្រឿង​ដែល​រដ្ឋ​អំណាច​ក្រុង​សេ​អ៊ូ​ល​បាន​ចោទ​ក្រុង​ព្យុងយ៉ាង​ជា​អ្នក​ធ្វើ​តែ​ក្រុង​ព្យុង​យ៉ាង​បាន​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​៕​(ដោយៈជា ធីរិទ្ធ)​

    About Us
    Khana

Activities

Find us at Facebook

Contact Us