មេដឹកនាំសាសនារបស់ប្រទេសអ៊ីរ៉ង បាននិយាយកាលពីថ្ងៃសៅរថា ប្រទេសអ៊ីរ៉ងមិនមានបំណងណាមួយដើម្បីផលិតអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែប្រសិនបើអ៊ីរ៉ងពិតជាចង់ធ្វើមែននោះ សហរដ្ឋអាមេរិកមិនអាចបញ្ឈប់អ៊ីរ៉ងបាននោះឡើយ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ងកំពុងតែត្រៀមចូលតុរចចារជាថ្មីជាមួយនឹងប្រទេសមហាអំណាចចំនួន៦ ស្តីអំពីកម្មវិធីនុយក្លេអ៊ែរនេះនៅពេលខាងមុខ។
មុនពេលដែលប្រទេសអ៊ីរ៉ងត្រៀមបើកកិច្ចចចារជាថ្មីជាមួយនឹងប្រទេសមហាអំណាចទាំង៥បូកមួយ ពោលគឺ មានសមាជិកក្រុមព្រឹក្សាសន្តិសុខទាំង៥បូកនឹងប្រទេសអាឡឺម៉ងស្តីអំពីបញ្ហានុយក្លេអ៊ែរនោះ មេដឹកនាំសាសនាប្រទេសអ៊ីរ៉ងគឺ លោក Ali Khamenei បានបញ្ជាក់ថា ប្រទេសរបស់ខ្លួនមិនមានបំណងណាមួយក្នុងការបង្កើតអាវុធនុយក្លេអ៊ែរនោះទេ ព្រោះការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះ គឺជាការធ្វើឡើងក្នុងន័យសន្តិភាពតែប៉ុណ្ណោះ។
ហើយថាការដែលអ៊ីរ៉ងមិនចង់ផលិតអាវុធនុយក្លេអ៊ែរនោះគឺ មិនមែនដោយសារខ្លាចឥទ្ធិពលអាមេរិកនោះទេ ប៉ុន្តែគឺដោយសារតែសាសនារបស់គេចាត់ទុកថា ការបង្កើតអាវុធនុយក្លេអ៊ែរ គឺជាឧក្រិតកម្មប្រឆាំងមនុស្សជាតិ។
មេដឹកនាំសាសនាប្រទេសអ៊ីរ៉ងម្នាក់នោះក៏បានសង្កត់ធ្ងន់ថា បើសិនជាអ៊ីរ៉ងពិតជាចង់បង្កើតអាវុធនុយក្លេអ៊ែរដូចការចោទប្រកាន់មែននោះ អាមេរិកនឹងមិនអាចបញ្ឈប់អ៊ីរ៉ងបាននោះឡើយ។
កាលពីឆ្នាំ ២០១២កន្លងទៅ លោក Mahmoud Ahmadinejad ប្រធានាធិបតីអ៊ីរ៉ងបាននិយាយដែរថា អ៊ីរ៉ងពិតជាមិនខ្លាចក្នុងការប្រកាសទៅកាន់ពិភពលោកនោះឡើយ ប្រសិនបើអ៊ីរ៉ងពិតជាចង់ផលិតអាវុធនុយក្លេអ៊ែរមែននោះ។
បើទោះបីជាមានការបកស្រាយយ៉ាងណាក៏ដោយ ប្រទេសមហាអំណាចលើពិភពលោក មិនបានទុកចិត្តចំពោះការអះអាងរបស់អ៊ីរ៉ងទាំងនោះឡើយ ព្រោះថាសកម្មភាពក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមយ៉ាងច្រើនបែបនេះ គឺត្រូវបានគេសន្និដ្ឋានថា ជាតំណើរឆ្ពោះទៅការផលិតអាវុធនុយក្លេអ៊ែរ។
ជាពិសេសនោះកាលពីថ្ងៃពុធកន្លងទៅប្រទេសអ៊ីរ៉ងបានប្រកាសថា ប្រទេសខ្លួនបានតំឡើងម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មី ដែលម៉ាស៊ីននោះមានលទ្ធិភាពក្នុងការចម្រាញ់យ៉ាងមានប្រសិទ្ធភាព និងទទួលបានទិន្និផលខ្ពស់។
ម្យ៉ាងវិញទៀតអ៊ីរ៉ងមិនដែលអនុញ្ញាតិឲ្យអ្នកជំនាញ់របស់អង្គការសហប្រជាជាតិចូលពិនិត្យលើកម្មវិធីនុយក្លេអ៊ែរនោះទេ ដែលការត្រួតពិនិត្យនោះគឺធ្វើឡើង ដើម្បីប្រាកដថា តើអ៊ីរ៉ងពិតជាមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរឬយ៉ាងណា។
អាមេរិកទើបតែដាក់ទាន់កម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ងបន្ថែមទៀត ហើយអាមេរិកនឹងបន្តដាក់ទណ្ឌលើប្រទេសនេះបន្តទៀត ដើម្បីឆ្លើយតបទៅនឹងការរំលោភសិទ្ធមនុស្សដ៏ធ្ងន់ធ្ងរក្នុងរដ្ឋអ៊ីស្លាមនេះ។
បញ្ហានេះ បានធ្វើឲ្យអ៊ីរ៉ងប្រកាសមិនចូលតុរចចារជាលក្ខណៈទ្វេភាគីជាមួយនឹងអាមេរិកផងដែរដោយចាត់ទុកថា អាមេរិកកំពុងតែបង្ខំប្រទេសអ៊ីរ៉ងយ៉ាងពេញទំហឹងដើម្បីឲ្យយល់ព្រមតាមខ្លួន។
គួរបញ្ជាក់ថា អ៊ីរ៉ងក៏កំពុងជួបវិបត្តិសេដ្ឋកិច្ចផងដែរដោយសារតែទណ្ឌកម្មរបស់ប្រទេសមហាអំណាចព្រោះថា ប្រទេសមួយនេះបានបាត់បង់ប្រាក់ចំណូលជាច្រើនដែលភាគច្រើនបានមកពីការនាំចេញប្រេង៕(ដោយ អ៊ុន រស្មី)