នៅថ្ងៃទី០១ ខែកុម្ភៈនេះ គឺជាថ្ងៃដែលប្រជាជនកម្ពុជាចូលរួមធ្វើព្រះរាជពិធីដង្ហែរព្រះបរមសព ព្រះបរមរតនកោដ្ឋនៅមុខព្រះបរមរាជវាំង។ ព្រះរាជពិធីនេះ ក៏បានធ្វើពិភពលោក មានការចាប់អារម្មណ៏យ៉ាងខ្លាំងផងដែរ។ ជាក់ស្តែងវេបសាយសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីរាជពិធីដង្ហែរព្រះបរមសព ព្រះបរមរតនកោដ្ឋនេះ។
ស្របពេលដែលរាជពិធីដង្ហែរព្រះបរមសព ព្រះបរមរតនកោដ្ឋបានប្រារពឡើងនេះ សារព័ត៌មានល្បីៗរបស់អន្តរជាតិជាច្រើនក៏បានចុះផ្សាយ៉ាងព្រោងព្រាតតែម្តងអំពីព្រះរាជពិធីនេះ។
សារព័ត៌មាន BBC របស់អង់គ្លេសដែលគេស្គាល់ថា ជាសារព័ត៌មានដ៏ល្បីមួយបានចុះផ្សាយអត្ថបទរបស់ខ្លួនទាក់ទងនឹងព្រះរាជពិធីដង្ហែរព្រះបរមសពដោយដាក់ចំណងជើងថា “កម្ពុជាចាប់ផ្តើមរាជពិធីដង្ហែរព្រះបរមសព”។ ហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅទីក្រុងភ្នំពេញដើម្បីធ្វើការដង្ហែរព្រះបរមសព ព្រះបរមរតនកោដ្ឋ របស់អតីតមហាវីរៈក្សត្រកម្ពុជា សម្តេចឪនរោត្តម សីហនុ។
អតីតមហាវីរៈក្សត្រកម្ពុជា សម្តេចឪនរោត្តម សីហនុ គឺជាអ្នកបង្កើតនូវសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា អំឡុងពេលប្រទេសនេះកាត់នូវភ្លើងសង្គ្រាមដ៏ធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មានBBCរបស់អង់គ្លេស។
សារព័ត៌មាន The Nation របស់ថៃវិញក៏បានធ្វើការចាប់អាម្មណ៏ដោយបានចុះផ្សាយលើគេហទំព័ររបស់ខ្លួនផងដែរ ដោយសរសេរថា “ក្បូនដង្ហែរបស់កម្ពុជាបង្ហាញ់ពីក្តីគោរពចំពោះអតីតមហាក្សត្រ”។ អ្នកកាន់ទុកជាច្រើននាក់ ដោយមានទាំងព្រះសង្ឃច្រើនអង្គបានធ្វើការដង្ហែរព្រះបរមសព ព្រះបរមរតនកោដ្ឋពីព្រះបរមរាជវាំង ទៅកាន់វាលព្រះមេរុដើម្បីរងចាំការថ្វាយព្រះភ្លើង។
អតីតមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ គឺជាអ្នកនយោបាយដ៏សំខាន់ម្នាក់ក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៦០ឆ្នាំ មុនពេលព្រះអង្គដាក់រាជ្យនៅឆ្នាំ ២០០៤ដោយសារបញ្ហាសុខភាព។ ព្រះអង្គបានសោយព្រះទីវង្គត់នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ក្នុងទីក្រុងប៉េកាំងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ។
សារព័ត៌មាន The Channelnewsasia របស់សិង្ហបុរី ក៏បានចុះផ្សាយនៅនៅគេហទំព័ររបស់ខ្លួនដោយដាក់ចំណងជើងថា “ប្រជាជនមួយលាននាក់មកដង្ហែរព្រះបរមសពអតីតមហាវីរក្សត្ររបស់កម្ពុជា”។ នៅក្នុងអត្ថបទនោះក៏បានបញ្ជាក់អំពីរក្បួនដង្ហែរព្រះព្រះបរមសពអតីតមហាក្សត្រកម្ពុជាដែលតម្កល់លើព្រះទីនាំងបុស្បុកអមដោយព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
រីឯសារព័ត៌មាន ស៊ីន ហួរ របស់ចិនឯនោះវិញ ក៏បានចុះផ្សាយព័ត៌មានទាក់ទងនឹងព្រះរាជពិធីនេះផងដែរនៅលើវេសាយរបស់ខ្លួន។ ចំណងជើង ត្រូវបានរំលេចឡើងថា “ប្រជាជនកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងព្រះរាជពិធីដង្ហែព្រះបរមសព។ ក្នុងនោះក៏បានរៀបរាប់ថា មានមនុស្សជាង១លាននាក់ចូលរួម និង មានកងកម្លាំងរក្សាសន្តិសុខប្រមាណ១ម៉ឺននាក់ផងដែរ ដើម្បីរក្សាសណ្តាបធ្នាប់។
សារព័ត៌មាន Al jazeera របស់ប្រទេសQatar ក៏បានចុះផ្សាយលើគេហទំព័ររបស់ខ្លួនដោយសរសេរចំណងជើងថា “កម្ពុជាប្រារពពិធីដង្ហែរព្រះរមសពរបស់អតីតមហាក្សត្រ”។ សារព័ត៌មាននោះក៏បានបញ្ជាក់ អំពីសមិទ្ធផលជាច្រើនដែលអតីតមហាវីរក្សត្រកម្ពុជាបានបន្សល់ទុក។ អ្វីដែលពិសេសនោះ គឺជាទាមទារឯករាជភាពពេញបរិបូរណ៌ជូនប្រជាជន កម្ពុជាពីនឹម អណានិគមន៏បារាំង។
ចំណែកសារព័ត៌មាន Asia News Network ដែលមានមូលដ្ឋាននៅក្នុងទីក្រុង បាងកកប្រទេសថៃបានចុះផ្សាយទាក់ទងនឹងព្រះរាជពីធីដង្ហែរពព្រះបរមសពផងដែរ និងដាក់ចំណងជើងថា “ប្រជាជនកម្ពុជាមកចូលរូមព្រះរាជពីធីដង្ហែរព្រះបរមសពអតីតមហាក្សត្រកម្ពុជានៅរាជធានីភ្នំពេញ”។ សារព័ត៌មាន Asia News Network បានសរសេររៀបរាប់អំពីព្រះរាជជីវប្រវត្តិសង្ខេបខ្លះៗទាក់ទងនឹងអតីតមហាក្សត្រកម្ពុជា សម្តេចព្រះនរោត្តម សីហនុ។
ដូចជានៅឆ្នាំ១៩៤១ ដែលជាឆ្នាំព្រះអង្គឡើងគ្រងរាជ្យ។ ឆ្នាំ១៩៥៣ជាឆ្នាំដែលអតីតមហាក្សត្រកម្ពុជាដណ្តើមឯករាជ្យពីរពួកអាណានិគមន៏និយមបារាំងជាដើម។ ក្នុងនោះសារព័ត៌មាន Asia News Network បានសរសេរថា អតីតមហាក្សត្រកម្ពុជាព្រះបាទ នរោត្តម សីហនុ គឺជាបិតាឯករាជ្យជាតិខ្មែរបិតាបង្រួមបង្រួមជាតិខ្មែរ និង បិតាស្ថាបនាជាតិខ្មែរ។
មិនមែនមានត្រឹមតែសារព័ត៌មានទាំងនេះទេ ដែលបានចុះផ្សាយអំពីរព្រឹត្តិការណ៏នៃ ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ពោលគឺមានសារព័ត៌មានល្បីៗជាច្រើនទៀតក៏កំពុងបានចុះផ្សាយ និងតាមដានព័ត៌មានយ៉ាងយកចិត្តទុកដាក់ជាទីបំផុតផងដែរ៕(ដោយ អ៊ុន រស្មី)