Tuesday, May 21st

Last update07:55:37 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ

នយោបាយអន្តរជាតិ

ចិន​​បញ្ជាក់​ថា​ ខ្លួន​មិន​​បាន​​បាញ់​ប្រហារ​​ទៅ​លើ​​ទូក​​នេសាទ​​វៀតណាម​​ឡើយ

រដ្ឋាភិបាល​របស់​ចិន​បាន​ចេញ​មុខ​បកស្រាយ​កាលពីរ​ថ្ងៃ​អង្គារ​កន្លងទៅ​ចំពោះ​ការ​ចោទ​ពី​ខាង​ប្រទេស​វៀតណាម​ដែល​លើកឡើង​ថា នាវា​របស់​ចិន​បាន​បាញ់​ប្រហារ​​ទៅ​លើ​ទូ​កនា​សាទ​របស់​វៀតណាម​បណ្តាល​ឲ្យ​ឆេះ​។

ការបកស្រាយ​របស់​ចិន​នោះ គឺ​បាន​ច្រានចោល​នូវ​បទ​ចោទប្រកាន់​របស់​វៀត​ណា​ម ហើយ​ថា ខ្លួន​គ្រាន់តែ​បាញ់​គំរាម​ឡើង​លើ​ប៉ុណ្ណោះ ​ដើម្បី​ឲ្យ​ទូក​នេសាទ​នោះ​ចាក​ចេញពី​តំបន់​គ្រប់គ្រង​របស់​ខ្លួន​។

​បើ​តាម​ការអះអាង​របស់​ភាគី​ចិន កាលពី​ថ្ងៃ​ទី ២០​ខែ​មីនា​គឺ​ពិតជា​មាន​ហេតុ​ការណ៏​ដែលទូក​នេសាទ​៤​គ្រឿង​របស់​វៀតណាម​បាន​ចូល​ទៅ​តំបន់​កោះ Paracel  ឬ​ហៅ​ជា​ភាសា​ចិន​ថា Xisha មែន​ហើយ​ពេលនោះ​ខ្លួន​ក៏​បាន​បាញ់​គំរាម​ឡើង​លើ​ចំនួន​២​ដង​ ដើម្បី​ឲ្យ​ទូក​នេសាទ​របស់​វៀតណាម​ចាក់ចេញ​ហើយ​ថា អ្វីៗ​មិន​ដូច​ការចោទប្រកាន់​របស់​វៀតណាម ដែល​ថា​ភាគី​ចិន​បាន​បាញ់ប្រហា​ទៅលើ​ទូក​នេសាទ​នោះ​ចំៗ​នោះឡើយ​។

រដ្ឋាភិបាល ចិន​បាន​បញ្ជាក់ថា វិធានការ​ដែល​ចិន​បាន​អនុវត្ត​ន៏​នាពេលនោះ​គឺជា​រឿង​ដ៏​ចាំបាច់ ហើយ​ក៏​ស្រប​ច្បាប់​ផងដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​របស់​ចិន គឺ​លោក Hong Lei បានចាត់ទុក​សកម្មភាព​របស់​ទូក​នេសាទ​វៀត​ណា​ម​ចូលទៅក្នុង​ដែនទឹក​ដែល​ស្ថិតក្រោម​ការ​គ្រាប់​គ្រង​របស់​ចិន​នោះ​​ថា ជា​រឿង​ខុសច្បាប់ ហើយ​ថា​រដ្ឋាភិបាល​ប្រទេស​វៀតណាម​គួរតែ​ចាត់​វិធានការ​ផ្សេងៗ​ដោយ​ធ្វើ​ការអភិវឌ្ឍ​ន៏​នូវ​ចំណេះដឹង​និង គ្រប់គ្រង​នូវ​អ្នកនេសាទ​របស់​ខ្លួន​ឲ្យបាន​ល្អ ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អំពើរ​ខុសច្បាប់​បែប​នោះ​ទៀត​។

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​រដ្ឋាភិបាល​របស់​ប្រទេស​វៀតណាម​បាន​ចោទប្រកាន់​ទៅលើ​ចិន​ថា បាន​បាញ់ប្រហារ​ទៅ​លើ​ទូក​នេសាទ​របស់ខ្លួន​កាលពី​ថ្ងៃ​ទី​២០​មីនា​កន្លង​ទៅ​បណ្តាលឲ្យ​ឆាប់ឆេះ​ទូក​នេសាទ​។ បញ្ហា​នេះ​ក៏​បាន​ធ្វើឲ្យ​ប្រជាជន​វៀតណាម​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យ៉ាង​ខ្លាំងខ្លា​ផងដែរ​។

គួរបញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​មាន​អ្នកនេសាទ​វៀតណាម​ចូលទៅ​ក្នុង​ដែនទឹក​ដែល​ចិន​អះអាងថា​ជា​របស់​ខ្លួន​នោះ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ២៤ មីនា​ឆ្នាំ ២០១២ អាជ្ញាធរ​ចិន​បាន​ចាប់​ទូក​នេសាទ​វៀតណាម​ចំនួន​២​គ្រឿង ដែល​មាន​អ្នកនេសាទ​សរុប​ចំនួន​២១​នាក់​។

ហើយ​នៅពេល​នោះ​ចិន​ក៏​បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​ប្រទេស​វៀតណាម​ផងដែរ​។ កោះ Paracel  នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ក៏​ត្រូវបាន​វៀតណាម​អះអាងថា ជា​របស់​​ខ្លួន​​ផង​​ដែរ​។ បញ្ហា​ទាំងអស់​នេះ​តែងតែ​ធ្វើឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មើល​មុខ​គ្នា​មិន​ចំឡើយ៕(​ដោយៈ​អ៊ុន រស្មី )

​រដ្ឋាភិបាល​​ថៃ និង​ ក្រុម​​ឧទាម​​បើក​​កិច្ច​ចរចារ​​សន្តិភាព​​ជា​ថ្មី​

​វា​ជា​កិច្ចចរចារ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅរក​ស្ថេរភាព និង រក្សា​សន្តិសុខ​ក្នុង​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​​ថៃ​​ដែល​​ធ្វើ​ឡើង​​រវាង​​រដ្ឋាភិបាល​ និង​ ក្រុម​​ឧទាម​​អ៊ីស្លាម​។​ កិច្ច​ចរចារនេះនឹង​ត្រូវ​រៀបចំ​ឡើង​នៅក្នុង​ទីក្រុង Kuala Lumpur ​នៃ​ប្រទេស​​ម៉ាឡេស៊ី​។

កាលពី​ពេល​ថ្មីៗ នេះ​ក្រុម​ឧទ្ទាម​ថៃ និង​រដ្ឋាភិបាល​ថៃ​ក៍​បាន​ជួប​ចរចារ​គ្នា​ម្តង​ហើយ​ដែរ តែ​ជា​កិច្ច​ចរចារ​ដែល​មិន​អាច​ឈានទៅដល់​ការបញ្ចប់​អំពើហិង្សា​នៅក្នុង​ប្រទេស​ថៃ​ភាគ​ខាងត្បូង​បាន​ទេ​។

នៅក្នុង​កិច្ចប្រជុំ​កាលណោះ ក្រុម​ឧទាម​ថៃ​ភាគខាងត្បូង​បាន​ដាក់​លក្ខខណ្ឌ​ចំនួន ៩​ចំណុច​សម្រាប់​ដំណើរការ​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ថៃ​ហើយ​ក្នុង​ចំ​ណោម​​លក្ខខណ្ឌ​ចំនួន ៩​​ចំណុច​នោះ​មានដូចជា ការដក​កងទ័ព​ថៃ​ចេញពី​តំបន់​ភាគ​ខាងត្បូង​ហើយ​ដាក់​កង​សន្តិសុខ​ក្នុង​តំបន់​ជា​អ្នក​ថែរក្សា​សន្តិសុខ​ការ​ទទួល​ស្គាល់​ពូជសាសន៍​និង​ភាសា​របស់​ប្រជាជន​ដែល​ជនជាតិភាគតិច​ម៉ាឡាយូ (Melayu)​នៅ​តំបន់​ភាគខាងត្បូង​និង​ចំណុច​ផ្សេងៗ​ទៀត​។

​ការបង្កើត​ឲ្យមាន​ការ​បើក​កិច្ចចរចារ​នេះ ឡើង​គឺ​ដោយសារ​តែ​ពីរ​មួយថ្ងៃ​ទៅ​មួយថ្ងៃ​អំពើរ​ហិង្សា​ក្នុង​តំបន់​ទាំងនោះ​មិន​មាន​ការ​ថមថយ​នោះ​ឡើយ បើ​ទោះបីជា​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ប្រើប្រាស់​កងកម្លាំង​បង្ក្រាប​យ៉ាង​ខ្លាំងខ្លា​ក៏​ដោយ តែ​ផ្ទុយទៅវិញ​អំពើរ​ហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុម​ឧទាម​ចង់​ផ្តាច់​ទឹក​ដី​ទាំងនោះ​កាន់​តែ​​កើន​ឡើង​ខ្លាំង​ជា​ហេតុ​ធ្វើឲ្យ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ និង រងរបួស​ជា​រៀងរាល់ថ្ងៃ​។

ចាប់តាំងពី​មាន​ការវាយប្រហារ​របស់​ក្រុម​ពួក​ឧទាម​អ៊ីស្លា​មនៅ​ភាគខាងត្បូង​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០០៤​មក​យ៉ាង​ហោច​ណាស់​មនុស្ស​ប្រមាណ​៥៥០០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​ដែល​ភាគច្រើន​គឺជា ទាហាន ព្រះសង្ឃ គ្រូបង្រៀន និង​អាជ្ញាធរ​ដែនដី ដូច​ជា​មេភូមិ ជាដើម​។​

​ដូច្នេះ រដ្ឋាភិបាល​ថៃ​ចាំបាច់​រើសយក​កិច្ចចរចារ​វិញ​ជា​ជាង​ការប្រើប្រាស់​កម្លាំងបាយ​ដែល​រឹតតែ​នាំ​ឲ្យ​បញ្ហា​កាន់តែ​រីកធំឡើង​។

ប៉ុន្តែ​មនុស្ស​មួយចំនួន​យល់ឃើញថា កិច្ចចរចារ​នោះ​ពិបាក​នឹង​ដោះស្រាយ​បញ្ហា​បាន​ណាស់​ដោយសារតែ​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​នោះ​មិនមែន​មាន​តែ​ក្រុម​ឧទាម​តែមួយ​នោះទេ ពោល​គឺ​មាន​ក្រុម​ឧទាម​ផ្សេងៗ​គ្នា ហើយ​ក្រុម​ឧទាម​ខ្លះ​ក៏​មិន​ពេញចិត្ត​ទៅនឹង​ការបើក​កិច្ចចរចារ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​នោះដែរ​។

គួរបញ្ជាក់​ថា នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ដែល​តែងតែ​ប្រឈម​នឹង​ភាព​ចលាចល​នោះ​គឺ​មាន​ខេត្ត​ចំនួន​៣ មានដូចជា ខេត្ត​ Pattani ខេត្ត Yala ​និង​ខេត្ត​Narathiwat​។​(ដោយៈអ៊ុន រស្មី)​

របប​ស៊ី​រី​​ច្រាន​​ចោល​​ការដាក់​​ក្រុម​ប្រឆាំង​​អោយ​​អង្គុយ​​កៅអី​​រដ្ឋាភិបាល​

កិច្ចប្រជុំ​បណ្តា​ប្រទេស​សម្ព័ន្ធ​អារ៉ាប់ ដែល​បាន​បើក​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​កាតា​កាលពី​ថ្ងៃ អង្គារ​ដោយ​មាន​វត្តមាន​បណ្តា​មេដឹកនាំ​កំពូលៗ​នៃ​រដ្ឋ​សម្ព័ន្ធ​អារ៉ាប់​ទាំងអស់​បាន​ចូលរួម​ត្រូវ​បាន​រដ្ឋាភិបាល​ស៊ី​រី ក្រោម​ការដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Bashar al-Assad បដិសេធចោល​មិន​ទទួលស្គាល់​នូវ​កិច្ចប្រជុំ​នេះ​ឡើយ ដោយ​ចោទប្រកាន់​ថា នេះ​គឺ ជា​ការធ្វើ​អំពើ​ភេរវកម្ម​មួយ​ដោយ​ស្របច្បាប់​។

កិច្ចប្រជុំ​សម្ព័ន្ធ​អារ៉ាប់ លើក​ទី​២៤ ដែល​ជា​កិច្ចប្រជុំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ កាន់តែ​ពុះកញ្ជ្រោល​ឡើង​។

នៅក្នុង​កិច្ចប្រជុំ ប្រមុខរដ្ឋ​សម្ព័ន្ធ​អារ៉ាប់​ទាំងអស់​បាន​សម្រេច​ទទួល​យក​សមាជិកភាព​របស់​ក្រុមប្រឆាំង​ស៊ីរី ថា​ជា​ក្រុម​ស្របច្បាប់​ដោយ​​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឆាំង​​ស៊ី​រី អង្គុយ​ជំនួស​អាសនៈ​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​នៅក្នុង​សម្ព័ន្ធ​អារ៉ាប់​តែម្តង​។​

​លោក ម៉ូ​អាស អាល់ ខា​ទីប​(Moaz al-Khatib) តំណាង​នៃ​សម្ព័ន្ធ​ក្រុមប្រឆាំង​ស៊ី​រី​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា ការទទួលស្គាល់​ក្រុម​របស់​ខ្លួន ថា​ជា​ក្រុម​ស្រប​ច្បាប់​​នេះ វា​គឺជា​ផ្នែក​មួយ​ក្នុង​ការស្តារ​នូវ​កិត្តិយស​របស់​ខ្លួន​ឡើងវិញ ក្រោយ​ពី​រដ្ឋាភិបាល​ស៊ី​រី ដែល​ដឹកនាំ​ដោយ លោក​ប្រធានាធិបតី Bashar al-Assad បាន​រំ​លោភ​​ទៅ​លើ​សិទ្ធិសេរីភាព​និង​ភាពស្របច្បាប់​របស់​ប្រជាជន​ស៊ី​រី​ទាំងអស់​នា​ពេលកន្លងមក​។​ លោក Khatib ​ក៏​បាន​អំពាវនាវ​ឲ្យមាន​ការផ្តល់​ជំនួយ​លើ​ផ្នែក​នយោ​បាយ និង​ ហិរញ្ញ​វត្ថុ​​បន្ថែម​​ទៀត​​ទៅ​​ដល់​​ក្រុម​ឧទ្ទាម​ស៊ី​រី​ផងដែរ​។​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ​រហូតមកទល់​ពេលនេះ​សង្គ្រាមស៊ីវិល​នៅក្នុង​ស៊ី​រី បាន​ធ្វើអោយ​មាន​មនុស្ស​ស្លាប់​ជាង ៧​ម៉ឺន​នាក់​មក​ហើយ ចំណែក​ឯ​ប្រជាជន​ស៊ី​រី​ប្រមាណ ៣​លាន​នាក់ បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​៕(ដោយៈ​ជា ធីរិទ្ធ)

​អង្គការ​សហប្រជាជាតិ​បញ្ជូន​​បុគ្គលិក​​ចេញពី​​ប្រទេស​​ស៊ី​រី

​អង្គការសហប្រជាជាតិ កំពុង​ជម្លៀស​បុគ្គលិក​របស់​ចំនួន​ខ្លួន​ពាក់កណ្តាល នៃ​បុគ្គលិក​ទាំងអស់​ដែលមាន​ប្រហែល ១០០​នាក់ ចេញពី​ប្រទេស​ស៊ី​រី ទៅ​កាន់​ទីក្រុង​កា​អ៊ីរ៉ូ ខណៈ​ដែល​អំពើ​ហិង្សា​កើតមានឡើង​នៅ​ក្បែរ​មូលដ្ឋាន​របស់អង្គការសហប្រជាជាតិ​។

នេះ​បើ​យោង​តាម​ការលើកឡើង​របស់​អ្នកនាំពាក្យ​របស់​មន្ត្រី​ការបរទេស កាល​ពី​ថ្ងៃ​ចន្ទ​។ អ្នកនាំពាក្យ​រូប​នោះ​បានបញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គារ ទី​២៦ និង​នៅ​ថ្ងៃ​ពុធ នេះ​ថា គ្រាប់កាំភ្លើង​ផ្លោង​បាន​បន្ត​ធ្លាក់​នៅ​ក្បែរ​សណ្ឋាគារ ដែល​ជា​កន្លែង​ស្នាក់នៅ​របស់​បុគ្គលិក​នៃ​អង្គការ​សហប្រជាជាតិ​។

​កូរ៉េខាងជើង​​បញ្ចេញ​​វីដេអូ ​វាយប្រហារ​​លើ​អាមេរិក​​ជា​លើក​​ទី​៣

វីដេអូ​នេះ​មាន​រយៈពេល​៤​នាទី ហើយ​មាន​ចំណងជើង​ថា “​សង្គ្រាម​ដ៏​ខ្លី​ក្នុង​រយៈពេល​៣​ថ្ងៃ​”​។ ​វា​ត្រូវ​បាន​គេ​បង្ហោះ​នៅលើ​វេបសាយរ​ដ្ឋ​របស់កូ​រ៉េ​ខាងជើង ​និង​ បង្ហោះ​​​នៅ​លើ​​ប្រព័ន្ធ​ YouTube ផងដែរ​។

វីដេអូ​នេះ​បាន​បង្ហាញ​ពី​ការវាយប្រហារ​ពី​សំណាក់​កូរ៉េ​ខាងជើង​ដោយ​គ្រាប់បែក ប៉ា​រ៉ា​ម៉ាន់​ណូ ទៅកាន់​ដែនដី​អាមេរិក និង​ទីក្រុង​សំខាន់ៗ​របស់​កូរ៉េ​ខាងត្បូង ហើយ​ចាប់​ប្រជាជន​អាមេរិក​ចំនួន​១៥​ម៉ឺន​នាក់​ជា​ចំណាត់​ខ្មាំង​ផងដែរ​។

កាល​ពី​សប្តាហ៏​មុន​កូរ៉េខាងជើង ក៏​បាន​បង្ហោះ​វីដេអូ​ដែល​បង្ហាញ​ពី​ការកំទេច​អាគា Capitol​របស់​អាមេរិក​ផង​ដែរ​។ គួរបញ្ជាក់​ថា ការបញ្ចេញ​នូវ​រូបភាព​ដែល​បង្ហាញ​​ពី​សកម្មភាព​វាយប្រហារ​ទៅលើ​ប្រទេស​អាមេរិក និង ប្រទេស​កូរ៉េខាងត្បូង គឺធ្វើឡើង​ខណៈ​ដែល​អាមេរិក និង កូរ៉េខាងត្បូង​កំពុងតែ​បើក​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រួម​គ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​​ខឹង​​យ៉ាង​ខ្លាំង​។

នា​ពេល​ថ្មីៗ​កន្លងមក កូរ៉េ​ខាងជើង​ក៏​បាន​គំរាម​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​របស់​អាមេរិក​ប្រចាំ​នៅក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ ក្រោយពេល​ដែល​អាមេរិក​បាន​បញ្ជូន​​យន្តហោះ​ទំលាក់​គ្រាប់បែក​​B-52​​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។

​គួរបញ្ជាក់​ថា ភាព​តានតឹង​ក្នុង​ឧបទ្វិប​កូរ៉េ​បានកើនឡើង​ខ្លាំងចាប់​តាំងពីរ​ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៣​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​កន្លងទៅ​។

ក្រោយមក​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ដាក់ចេញ​នូវ​សេក្តីសម្រេច​ដោយ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​នេះ​។

ជា​មួយ​នឹង​ការបង្ហាញ​វីដេអូ​ដ៍​ខ្លី​នេះ ប្រទេស​កូរ៉េខាងជើង​នៅថ្ងៃនេះ ក៍​បាន​តំឡើង​កាំភ្លើង​ធំ និង​គ្រឿង​សព្វាវុធ​ជាច្រើន​ទៀត នៅ​តាម​តំបន់​ព្រំដែន​ជាប់​នឹង​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។ មើល​ទៅ​លើក​នេះ​កូរ៉េខាងជើង​អាច​លេង​មែនទែន​ហើយ​៕ អ៊ុន រស្មី​

​ប្រធា​នាធិបតី​​ចិន​​កំពុង​​បន្ត​​ទស្សន​កិច្ច​​ក្នុង​​ប្រទេស ​Tanzania

​យន្តហោះ​ពិសេស​របស់​ប្រធានាធិបតី​ចិន​បាន​ទៅរដ្ឋធានី​សេដ្ឋកិច្ច​របស់​អាហ្វ្រិក​ខាងកើត​ហើយ គឺ​រដ្ឋធានីរ Dar es Salaam កាលពី​ថ្ងៃអាទិត្យ បន្ទាប់​ពី​ចាកចេញ​ពី​រដ្ឋធានី​មូ​ស្គូ​ប្រទេស​រុស្ស៊ី។

នេះ​គឺជា​ការបើកឆាក​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ទី​១ ចាប់តាំងពី​លោក​ស៊ី ជីន​ពីង​ បាន​ក្លាយ​ជា​ប្រធានាធិបតី​ចិន​រយៈពេល​១០​កន្លងមក។​ ​ក្នុង​ដ​ណើ​រ​ទស្សនកិច្ច​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ប្រធានាធិបតី​ចិន​ក៍បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស Tanzania​ ផងដែរ​។

ក្នុង​កិច្ច​ជំនួប​ពិភាក្សា​នោះ ប្រធានាធិបតី​ចិន ស៊ី ជីន ពីង និង​ប្រធានាធិបតី​នៃ​ប្រទេស Tanzanian​ លោក JakayaKikwete​ ក៍​បាន​ចុះហត្ថលេខា​១៦​ចំនុច​ផ្សេងៗ ​គ្នា​ផង​​ដែរ ក្នុង​នោះ​​មាន​ដូចជា​ការអភិវឌ្ឍ​ន៍​ពាណិជ្ជកម្ម វប្បធម៌ រួម​ទាំង​ការអនុវត្តន៍ វិស័យ​កីឡា មន្ទី​ពេទ្យ និង​ការកសាង​មជ្ឈមណ្ឌល​វប្បធម៌​ចិន​ក្នុង​ប្រទេស Tanzania ​ទៀតផង​។​

​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះដែរ លោក​ស៊ី ក៍​បាន​ថ្លែង​សន្ទរកថា ដ៏​មាន​អត្ថន័យ​មួយ​ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​ជា​មួយ Africa មុននឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Durban អាហ្វ្រិក​ខាងត្បូង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ផុស​ឡើង​នៃ​សេដ្ឋកិច្ច​។

លោក​ស៊ី បាន​និយាយថា កិច្ចសហប្រតិបត្តិការ រវាង​ចិន​-​ប្រទេស​អាហ្វ្រិក គឺ​មាន​ភាពទូលំទូលាយ​យ៉ាងខ្លាំង​។ ទន្ទឹម​គ្នា​នោះ​លោក​បាន​លើកឡើង​ថា ក្រុង​ប៉េកាំង​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ទំនាក់ទំនង​មិត្តភាព​យ៉ាង​ជិតស្និត​ជាមួយ​ប្រទេស​អាហ្វ្រិក​ទាំងអស់ ហើយ​គ្មាន​បញ្ហា​នោះឡើយ ចំពោះ​ប្រទេស​ណាមួយ​ធំ ឬ​តូច ខ្លាំង ឬ​ខ្សោយ​ មាន ឬ​ក្រ​ក៏ដោយ។

គួរគត់សម្គាល់​ថា ប្រទេស​ចិន គឺជា​អ្នកវិនិយោគ​បរទេស​ដ៏​ធំ​លំដាប់​ទី​២ ក្នុងប្រទេស Tanzania​ជាមួយនឹង​ការដាក់ទុន​ក្នុង​អាជីវកម្ម ដូចជា​វិស័យ​កសិកម្ម ធ្យួង​ថ្ម ដែក និង​ហេដ្ឋារចនាសម្ព័ន្ធជាដើម​។

​គួរបញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស Tanzania​ របស់​មេដឹកនាំ​កំពូល​ចិន​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​ស៊ី ជីន​ពីង បញ្ចប់​ទស្សនកិច្ច​ក្នុង​ប្រទេស​រុស្ស៊ី​។

កាលណោះលោកស៊ី បាន​ក៏​បាន​ជួប​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន​ដោយ​ផ្តោត​ទៅលើ​បញ្ហា​ពាណិជ្ជកម្ម​ផង​ដែរ និង​បញ្ហា​សេដ្ឋកិច្ច​ទ្វេភាគី​ពិសេស​វិស័យ​​ថាមពល និង​បច្ចេកវិជ្ជា​ឈានមុខ​។​(ដោយៈថា ថៃ)

កូរ៉េ​​ខាងត្បូង​​និង​​អាមេរិក​​កិច្ច​ព្រម​ព្រៀង​​ប្រឆាំង​នឹង​​ការវាយ​ប្រហារ​​របស់​​កូរ៉េ​ខាងជើង​

របប​ទីក្រុង​ព្យុង​យ៉ាង​​ក្រោម​​ការដឹកនាំ​របស់​លោក​សេនាប្រមុខ គឹម ជុង​អ៊ុន​ កំពុង​បង្ក​ការព្រួយ​បារម្ភ​កម្រិត​ខ្ពស់បំផុត​មួយ​សម្រាប់​​សន្តិ​សុខ​​ក្នុង​​ឧបទ្វីប​កូរ៉េ​។

​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​នេះ​បាន​កើតឡើង​ជា​ថ្មី​ចាប់តាំងពី​ក្រុង​ព្យុង​យ៉ាង​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​​លើក​ទី​៣​​ កាលពី​ខែ​កុម្ភៈ​ក្រោយពី​បាន​បាញ់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​កាលពី​ចុងឆ្នាំ​មុន​។

ជាពិសេស​នោះរបបនេះ គម្រាម​វាយប្រហារ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ដែល​កំពុង​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​។

យ៉ាងណា​ក៍ដោយ នៅ​ង​ថ្ងៃ​ច័ន្ទ នេះ រដ្ឋ​អំ ណា​ច​ទីក្រុង​សេ​អ៊ូ​ល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយទៀត ស្តី​អំពី​គម្រោង​កងទ័ព​ថ្មី​ជាមួយ​សហ​រដ្ឋ​អា​មេ​រិក ​ដើម្បី​​ប្រឆាំង​​ទៅ​​នឹង​​ការ​វាយ​ប្រហារ​​ពី​សំណាក់ ប្រទេស​កូរ៉េខាងជើង​។

​បច្ចុប្បន្ន​កងទ័ព​របស់​សហរដ្ឋអាមេរិ​ក​ទាំ​ង​អស់ ដែល​ដាក់​ប្រចាំការ​នៅ​ក្នុង​ទឹកដី​កូរ៉េ ខាងត្បូង​មាន​ចំនួន​២៨០០០នាក់​។​ ​មន្ត្រី​របស់​អាមេរិក​បាន​និយាយថា រដ្ឋា​ភិ​បាល​​ទីក្រុង​​វ៉ា​ស៊ី​តោន​បាន​ត្រៀម​លក្ខណៈ​រួចរាល់ ហើយ​ក្នុង​ការជួយ​កូរ៉េខាងត្បូង ដើម្បី​ការពារ​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លែអ៊ែរ​ពី​សំណាក់​រដ្ឋាភិបាល​ទី​ក្រុង​​ព្យុង​​យ៉ាង​។​

​សូមបញ្ជាក់​ថា ការប្រឈមមុខ​ដាក់​គ្នា​រវាង​កូរ៉េខាងត្បូង អាមេរិក​ជាមួយ​កូរ៉េ​ខាងជើង​បាន​ឡើង​ដល់​កម្រិត​មួយ​គួរឲ្យ​ព្រួយបារម្ភ​។​ កូរ៉េខាងជើង​ដែល​ខឹង​នឹង​ទណ្ឌ​កម្ម​​អន្តរ​ជាតិ​បាន​គំរាម​បញ្ឆេះ​សង្គ្រាម​កូរ៉េ​ជា​លើក​ទី​២​ហើយ​លើក​នេះ​ជា​សង្គ្រាម​ដែល​គាំទ្រ​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​៕​(ដោយៈជា ធីរិទ្ធ)

​ប្រមុខ​​ការ​ទូត​​អាមេរិក​​បន្ត​ពិភាក្សា​​ជាមួយ​​នឹង​មេដឹក​នាំ​​អ៊ី​ស្រា​អ៊ែល​

លោក John Kerry រដ្ឋមន្ត្រីការបរទេស​របស់​អាមេរិក បាន​ជួបពិភាក្សា​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​កាលពី​ថ្ងៃ​សៅរ ស្តី​អំពីរ​បញ្ហា​រវាង​ប្រទេស​អ៊ី​ស្រា​អ៊ែល និង ប៉ាឡេ​ស្ទីន​។

ការជួប​ពិភាក្សា​នេះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​លោក​បាន​ជូន​ដំណើរ​ប្រធានាធិបតី បា​រ៉ា​ក អូ​បា​ម៉ា​ឡើង​យន្តហោះ​ចាក់ចេញ​ពី​ប្រទេស​សូ​ដង់​ទៅកាន់​អាមេរិក​នៅ​ថ្ងៃ​សៅរ​។

​បើទោះបីជា លោក​បា​រ៉ា​ក អូ​បា​ម៉ា ប្រធានាធិបតី​នៃ​ប្រទេស​អាមេរិក​បាន​ចាក់ចេញ​ពី​តំបន់​មជ្ឈិមបូព៌ា​បាត់​ទៅ​ហើយ​កាលពី​ថ្ងៃ​សៅរ​ក្រោយពីរ​បំពេញ​ទស្សនកិច្ច​ក្នុង​​តំបន់​នេះ​អស់​រយៈពេល​៤​ថ្ងៃ។

លោក John Kerry រដ្ឋមន្ត្រីការបរទេស​របស់​អាមេរិក​ដែល​មាន​តួនាទី​រៀបចំ​ការងារ​មួយចំនួន​សម្រាប់​ប្រធានាធិបតី​អាមេរិក​នោះ​មិន​ទាន់​ចាក់ចេញ​ពី​តំបន់​មជ្ឈឹម​បូ​ព៌ា​​ភ្លាមៗ​​នោះទេ ពោល​គឺ​ក្រោយពេល​ដែល​លោក អូ​បា​ម៉ា បាន​ឡើង​យន្តហោះ​ពី​ប្រទេស​សូ​ដង់​ទៅកាន់​អាមេរិក​វិញ​នោះ​លោក John Kerry ​ក៏​បាន​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អ៊ែលភ្លាមៗ​ផងដែរ ដើម្បី​ទៅ​ជូ​ប​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​នេះ​ប្រទេស​នេះ​។

កាលពី​ថ្ងៃ​សៅរ​នោះ កិច្ចចរចារ​សន្តិភាព​រវាង​ប្រទេស​អ៊ី​ស្រា​អ៊ែល និង ប៉ាឡេ​ស្ទីន គឺជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​លោក John Kerry ក្នុង​ជំនួប​ពិភាក្សា​ជាមួយនឹង​លោក​Benjamin Netanyahu នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ី​ស្រ​អ៊ែល​។

គួរបញ្ជាក់​ថា លោក John Kerry ក៏​បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​នៃ​ប្រទេស​ប៉ាឡេ​ស្ទីន​គឺ​លោក​Mahmoud Abbas​ផងដែរ នៅក្នុង​ប្រទេស​សូ​ដង់​ទាក់ទង​នឹង​បញ្ហា​ដដែល​នេះ​។​

កាលពី​អំឡុង​ពេល​ដែល​លោក បា​រ៉ា​ក អូ​បា​ម៉ា ប្រធានាធិបតី​នៃ​ប្រទេស​អាមេរិក​បំពេញ​ទស្សនកិច្ច​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​រយៈពេល​៤​ថ្ងៃ​កន្លង​ទៅ​នោះ បញ្ហា​ជម្លោះ​រវាង​ប៉ាឡេ​ស្ទីន និង​អ៊ី​ស្រា​អ៊ែលក៏​ត្រូវបាន​លើកយ​ក​ទៅ​ពិភាក្សា​ជាមួយនឹង​ភាគី​ជម្លោះ​នីមួយៗ​ផងដែរ​។

​សូមបញ្ជាក់​ថា កិច្ច​ចរចារ​ស្វែងរក​សន្តិភាព​រវាង​ប្រទេស​អ៊ី​ស្រា​អ៊ែល និង ប៉ាឡេ​ស្ទីន ត្រូវបាន​ចាប់​ផ្តើមតំបូង​កាលពី​ឆ្នាំ​២០១០ តែ​យ៉ាងណា​ក៏ដោយ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ភាព​តានតឹង​បាន​កើន​ឡើង​ខ្លាំង​ជា​ពិសេស​ក្រោយ​ពេល​ដែល​ប៉ាឡេ​ស្ទីន​ត្រូវបានគេទទួលស្គាល់​ជារ​ដ្ឋ​ពេញ​ច្បាប់​។

​ដោយសារ​តែ​បញ្ហា​នេះ​អ៊ី​ស្រា​អ៊ែលក៏​បាន​ប្រកាសពីគ​ម្រោង​សាងសង់​ផ្ទះ​បន្ថែម​នៅ​តំបន់​ជម្លោះ​ជា​ហេតុ​ធ្វើឲ្យ​បញ្ហា​បាន​រីកធំឡើង​។ ប៉ាឡេ​ស្ទីនក៏​បានព្រមាន​បោះ​បង់​ចោល​នូវ​កិច្ច​ចរចារ​សន្តិភាពរ​វា​ង​ប្រទេស​ទាំង​ពីរ​នេះ​ផង​ដែរ​៕ (​ដោយ អ៊ុន រស្មី​)

​ចិន​ និង​​រុស្ស៊ី​​សន្យា​​បង្កើន​​ចំណង​​មិត្តភាព​​ឲ្យ​កាន់​តែ​ខ្លាំង​

​ប្រទេស​រុស្ស៊ី និង ចិន កាលពី​ថ្ងៃ​សៅរ​​​បាន​សន្យា​នឹង​ខិតខំ​បង្កើន​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមុំា​​ថែម​ទៀត​។ ​

ការសន្យា​រវាង​ប្រទេស​ទាំង​ពីរ​បែបនេះ គឺធ្វើឡើង​ក្នុង​ដំណើរ​​ទស្សន​កិច្ច​​របស់​​លោក​ Xi Jinping ​ប្រធានាធិបតី​ថ្មី​របស់​ចិន​នៅ​ថ្ងៃទី​២​។

លើសពីនេះទៅទៀត ប្រទេស​ទាំង​ពីរ​នេះ ក៏​បង្ហាញ់​ពី​ជំហរ​ក្នុង​ការប្រឆាំង​ទៅ​នឹង​ការ​លូកដៃ​ចូលទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នី​មួយៗ​ ផងដែរ​។

​ឈាន​ដល់​ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​របស់លោក Xi Jinping ​ប្រធានាធិបតី​ថ្មី​របស់​ចិន​ហើយក៏​ជា​ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​ចិន​រូប​នេះ​ជា​មួយ​នឹង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី​គឺ​លោក ​Dmitry Medvedev​ ផងដែរ​។

​ភាគី​ទាំងពីរ​បាន​សន្យាថា​នឹង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​ជាពិសេស​នោះ​គឺ​វិស័យ​ពាណិជ្ជកម្ម​តែ​ម្តង​។ ​សូមបញ្ជាក់​ថា ប្រទេស​រុស្ស៊ី​គឺជា​ប្រទេស​មួយ​ចំណោម​ប្រទេស​ដទៃ​ទៀត​ដែល​ផលិត​នូវ​ថាមពល​ច្រើនជាងគេ រីឯ​ប្រទេស​ចិន​វិញ​គឺជា​ប្រទេស​ដែល​ប្រើប្រាស់​នូវ​ថាមពល​ច្រើនជាងគេ​នៅលើ​ពិភពលោក​។

កាល​ថ្ងៃ​សុក្រ ក្រុមហ៊ុន​រដ្ឋ​ដែល​ផ្តត់ផ្គង់​ថាមពលដ៏​ធំ​មួយ​របស់​ប្រទេស​រុស្ស៊ី​ក៏បាន​ព្រមព្រៀង​ថា នឹង​បង្កើន​ការផ្គត់ផ្គង់​ថាមពល​ដល់​ប្រទេស​ចិន​លើស​ពី​មុន​៣​ដង​ឯណោះ​។

ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​ទៅ​ក៏​បាន​ព្រមព្រៀង​ក្នុង​កំរិត​បឋម​លើ​គម្រោង​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​ភ្ជាប់​ពី​ប្រទេស រុស្ស៊ី​ទៅកាន់​ចិន​ផង​ដែរ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​​មជ្ឈដ្ឋាន​ទូទៅ​សន្និដ្ឋានថា នឹង​ត្រូវ​ចំណាយ​ពេលវេលា​យូរ​តទៅទៀត​ដើម្បី​សម្រេច​លទ្ធផល​ជា​ផ្លូវការ​។​

កាលពី​ឆ្នាំ​២០១២ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​រុស្ស៊ី និង​ចិន​គឺ​មាន​ចំនួន​៨៨​ពាន់​លាន​ដុល្លា​អាមេរិក​។ ដំណើរ​ទស្សនកិច្ច​ថ្ងៃទី​២​នោះ​គឺ​មិនមែន​តែ​រឿង​ពាណិជ្ជកម្ម​ទេ ដែល​ភាគី​ទាំងពីរ​បាន​ពិភាក្សា​នោះ ពោល​គឺ លោក Xi Jinping បាន​ថ្លែង​បង្ហាញ់​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការប្រឆាំង​ដាច់​ខាត់​ចំពោះ​ការ​លូកដៃ​ចូលទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​​របស់​​ប្រទេស​នី​មួយៗ ព្រោះ​ប្រទេស​ទាំងអស់​មាន​សិទ្ធ​ក្នុង​ការជ្រើសរើស​វិធី​ក្នុង​ការអភិវឌ្ឍ​ន៏​ប្រទេស​របស់​គេ​។

ប្រធានាធិបតី​ចិន​រូបនោះ​ក៏​បាន​បញ្ជាក់ទៀតថា ចិន និង រុស្ស៊ី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរក្សា​ស្ថេរភាព​លើ​ពិភពលោក​ទាំងមូល​។​ គួរបញ្ជាក់​ថា ប្រទេស​ចិន និង​ រុស្ស៊ី​គឺជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​លើ​ពិភពលោក ហើយ​ប្រទេស​ទាំងនេះ គឺជា​សមាជិក​អចិន្ត្រៃយ៏​របស់​ក្រុមប្រឹក្សា​សន្តិសុខនៃអ​ង្គ​ការ​សហប្រជាជាតិ​។

ជាទូទៅ​ប្រទេស​ទាំង​ពីរ​តែងតែ​ប្រឆាំង​មិនឲ្យ​ប្រទេស​មហាអំណាច​ផ្សេង​ទៀត​លូក​ដៃ​ឬ​ចូល​ទៅ​ធ្វើ​អន្តរាគ​ម​ន៏​ក្នុង​ប្រទេស​ដទៃ​នោះ​ឡើយ ដូច​ជា​​ករណី​​វិបត្តិ​​ក្នុង​​ប្រ​ទេស​​ស៊ី​រី​ជាដើម បើទោះបីជា​ប្រទេស​នេះ​មាន​បញ្ហា​យ៉ាងណាក៏ដោយ​៕​(​ដោយ អ៊ុន រស្មី​)


អូ​បា​​ម៉ា​ស្ថិត​​នៅ​ក្នុង​​ប្រទេស​ Jordan

យន្តហោះ​ពិសេស​លោក​ប្រធានាធិបតី​អាមេរិក​បាន​ចុះ​ចត់​នៅក្នុង​អាកាស​យាន​ដ្ឋាន​ Queen Alia​ ក្បែ​ទីក្រុង Amman ហើយ​ត្រូវបាន​ទ​ទូល​ស្វាគមន៍​​យ៉ាង​​កក​ក្តៅ​​ដោយ​​រដ្ឋ​មន្ត្រី​ការបរទេស លោក Nasser Judeh និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទាំងប្រ​ញ៉ាប់​ប្រ​ញ៉ាល​​ទៅកាន់​ប្រទេសម​ជ្ឈឹម​បូ​ព៌ានេះ លោក​បា​រ៉ាក់ អូ​បា​ម៉ា​មាន​គោលបំណង​ដើម្បី​ពិភាក្សា​ការងារ​​ជា​មួយ​​ព្រះ​​ចៅ ​Abdullah II ដែល​ជា​សមព្ព័ន្ធមិត្ត​របស់​អាមេរិកដ៏​ស្អិតរមួត​។

ក្នុង​កិច្ចពិភាក្សា​នោះ គឺ​ក្រោម​ប្រធានបទ​ដ៏​ក្តៅ​មួយ​ស្តី​ពី​ការរង​ទុក្ខ​នៃ​សង្គ្រាម​ស៊ីវិល​របស់​ស៊ី​រី​ក្នុងប្រទេស​ Jordan ដែល​បាន​ទ​ទូល​ជនភៀសខ្លួន​ប្រមាណ​ជិត​ ៥​​សែន​នាក់ ពី​ប្រទេស​សី​រី​ដែល​ហែក​ហួរ​ដោយ​ភ្លើងសង្គ្រាម​រវាង​រដ្ឋាភិបាល និង​ពួក​ប្រឆាំង។

ក្នុង​ជំនួប​ពិភាគ្សា​នោះ​លោក​ប្រធា​នា​ធិបតី​អាមេរិក​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួយ​ពង្រឹង​ដល់​ក្រុម​ប្រឆាំង​របប​លោក​ប្រធានាធិបតី​បា​ហ្សា អាល់ អា​ហ្សា​ដ ដើម្បី​​ជំនះ​រាល់​ឧបសគ្គ​ក្នុង​ជម្លោះ​បង្ហូ​ឈាម​នោះ។

ទន្ទឹម​គ្នា​នោះ​ដែរ លោក​អូ​បា​ម៉ា​ បាន​ព្រមាន​ប្រឆាំង​ជា​ដាច់​ខាត់ ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​ដោយ​រដ្ឋាភិបាល​ស៊ី​រី ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​​លោក​​​អា​ហ្សា​ដ ចុះ​ចេញ​​ពី​​តំណែង​​ផងដែរ។

គួរបញ្ជាក់​ថា ប្រទេស​ហ្ស៊កដានី បាន​ក្លាយជា​ប្រទេស​មួយ​ដែល​ទ​ទូល​ជនរងគ្រោះ​ពី​ប្រទេស​ស៊ី​រី​ជាច្រើន ចាប់តាំងពី​ស៊ី​រី​បាន​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​សន្ធោស​ន្ធៅ​មក​។

ព្រះ​ចៅ​អា​ប់ ដូ​ល​ឡាទី​២ បាន​ថ្លែងថា ជនភៀសខ្លួន​ស៊ី​រី​ទាំងនេះ​ស្មើនឹង​១០% នៃ​ចំនួន​ប្រជាជន​ហ្សូ​ដង់ ហើយ​សរុប​ទៅ​អាច​នឹង​កើនឡើង​ទ្វេដង​ទៀង​ផង ទម្រាំ​ឈាន​​ដល់​​សង្គ្រាម​ត្រូវបាន​បញ្ចប់។

ជាមួយគ្នា​នោះ ព្រះ​ចៅ​អាប់​ដុល​ឡា ក៏​បានពា​វនាវ​ឲ្យ​សហគមនួ​អន្តរជាតិ​ជួយ​ផ្តល់​ជំនួយ​ផង​ដែ​រ ​សម្រាប់​​ជន​ភៀស​ខ្លួន​​ទាំង​នោះ។​ ឆ្លើយតប​ចំពោះ​ការអំពាវនាវ​នេះ លោក​អូ​បា​ម៉ា ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ ២០០លាន់​ដុល្លា​អាមេរិក ដល់​ប្រទេស​ហ្សូ​ដង់​ដែរ​ក្នុង​ឆ្នាំនេះ ដើម្បី​ជួយ​ឧបត្ថម្ភ​ជនភៀសខ្លួន៕(ដោយៈថា ថៃ)

​មេដឹក​នាំ​កូរ៉េ​ខាងជើង​ចុះ​ត្រូត​ពិនិត្យ​​មើល​​កងទ័ព​​ពិសេស

នៅ​ថ្ងៃ​សៅរ៍​នេះ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​-​អ៊ុន បាន​ចុះ​ទៅ​ត្រួត​មើល​កងឯកភាព​ដ៏​ពិសេស​មួយ​ដោយ​បាន​ចេញ​បញ្ជា​អោយ​ពួកគេ​វាយ​ប្រហារ​ដូច​ល្បឿន​ផ្លេកបន្ទោរ នៅពេល​ណា​សង្គ្រាម​ផ្ទុះឡើង។

ការចុះ​ត្រួតពិនិត្យ​ពលទាហាន​នេះ បាន​កើតឡើង​ចំពេល​ភាព​តានតឹង​កើន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុង​​យ៉ាង​​ចេញ​​ការ​ព្រ​មាន​​ជា​​ហូរ​ហែរ​​លើ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។

លោក​​គីម ​ជា​​សេនា​ប្រមុខ​នៅក្នុង​ជួរ​កងទ័ព​​ប្រជា​ជន​​កូរ៉េ​បាន​ប្រាប់​កងឯកភាព​ Unit​ 1973​ ថា​បេសកកម្ម​របស់​គេ គឺ​ត្រូវ​បំផ្លាញ​មូលដ្ឋាន​សត្រូវ ។

ជាពិសេស​នៅ​ពេល​សង្គ្រាម​ផ្ទុះឡើង​កងឯកភាព​ត្រូវតែ​សំរុក​វាយប្រហារ​លើ​បេះដូង​សត្រូវ​ឲ្យ​រលឿន​ដូច​ផ្លេកបន្ទោរ និង​បំផ្លាញ​ទីតាំង​យោធា​រួម​​ទាំង​​ស្ថាប័ន​​គ្រប់​​គ្រប​​របស់​​ពួក៕

លោក​ស៊ី​ ជីន​ពីង​ ផ្តើម​​ដំណើរ​​ទស្សន​កិច្ច​​ជា​​លើក​ដំបូង​​នៅ​ប្រទេសរុស្ស៊ី​​

ប្រធានាធិបតីចិន ​លោកស៊ី ជិន​ពីង បាន​ចាកចេញពី​ទីក្រុងប៉េកាំង​ហើយ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​រុស្ស៊ី តង់​ហ្ស៊ា​នៀ អា​ហ្វ្រិក​​ខាងត្បូង និង​សាធារណរដ្ឋ​កុង​ហ្គោ​។

គោលដៅ​ទី​១​របស់លោក​ស៊ី គឺ​ធ្វើ​ដំណើ​ទៅកាន់​ប្រទេស​រូស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​ដ៍​ជិតស្និទ្ធ​របស់​ចិន​។ អ្វី​ជា​ការកត់សំគាល់នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ហើយ នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ចិន​។​

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង ត្រូវ​ជួប​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​នេះ​ជាមួយ​ប្រធានាធិបតី រុស្ស៊ី លោក​វ្លា​ឌី​មៀ ពូ​ទីន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ស៊ី ជីន​ពីង ក៍​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ពិភាក្សា​អំពី​ការនាំចេញ​ឧស្ម័ន​រុស្ស៊ី​។​

ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី "​ចិន​និង​រុស្ស៊ី​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ធំ​និង​សំខាន់​បំផុត​"​។​ ក្រៅពី​ទៅកាន់​ប្រទេស​រូស្ស៊ី លោក​ស៊ី ជី​ង​ពីង​ក៍​មាន​គំរោង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចំនួន​៣​ទៀត​ដូចជា​ប្រទេស តង់​ហ្ស៊ា​នៀ អាហ្វ្រិក​ខាងត្បូង និង​សាធារណរដ្ឋ កុង​ហ្គោ​។​

​​គួរកត់សំគាល់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការលើកឡើង​របស់​លោក​ស៊ី​ចំពោះ​សភា​ប្រជាជន​ចិន​ថា លោក​ចង់ឲ្យ​ប្រទេស​ចិន​កាន់តែ​មាន​ទំនុក​ចិត្ត​ខ្លួនឯង​និង​មាន​ភាពរឹងមាំ​បន្ថែមទៀត​ ដើម្បី​ដណ្តើម​ការដឹកនាំ​ជាមួយ​សហរដ្ឋអាមេរិក​នៅ​អាស៊ី ដែល​ជា​តំបន់​ដ៏​មាន​សក្តានុពល​សម្រាប់​ការរីក​លូត​លាស់​​សេដ្ឋ​កិច្ច​​ចិន​។​

​លោក​ស៊ី បាន​ក្លាយជា​ប្រធាន​បក្ស​កុម្មុយនីស្ត​ចិន ​កាល​ពី​ខែ​វិច្ឆិកា ហើយ​បន្ទាប់មក​លោក​ត្រូវបាន​​ជ្រើសតាំង​ជា​ប្រធានាធិបតី​ចិន​ជា​ផ្លូវការ​ កាលពី​​ថ្ងៃ​​ទី​១៤​ មិនា​សប្តាហ៍​​មុន​នេះ​៕(ដោយៈ​វ៉ា សំណព្វ​)

U​N​ចាប់​ផ្តើម​​អង្គេត​​ពី​ការ​រំលោភ​​សិទ្ធិ​មនុ​ស្ស​​នៅ​​កូរ៉េ​​ខាងជើង​

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ដាក់​ចេញ​នៅ​សេចក្តីសម្រេច​មួយ​ដើម្បី​ដំណើរការ​នៃ​ការ​ស៊ើប​អង្គេត​ចំពោះ​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ដែល​កំពុង​តែ​រីក​សាយភាយ​យ៉ាងខ្លាំង​នៅក្នុង​សាធារណៈរដ្ឋ​របស់​ប្រជាជនកុ​ម្មុយ​និស្ត​កូរ៉េខាងជើង​។​ការ​ជិះជាន់​លើ​សិទ្ធិមនុស្ស​នោះ​ហើយ​ដែល​ជា​កត្តា​ដ៏​ចម្បង​មួយ​បង្ក​ទៅ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។​

​ការ​អនុម័ត​ជា​ឯកច្ឆ័ន លើ​ដំណោះស្រាយ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​សឺ​ណែ​វ ប្រទេ​សស្វី​ស​ដោយ​មាន​ចូលរួម​​ពី​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​​របស់​​អង្គ​​ការ​​សហ​ប្រជា​ជាតិ ដូចជា​សហរដ្ឋអាមេរិក​ជប៉ុន និង​សហភាព​អ៊ឺរ៉ុប រួម​ជាមួយ​បច្ចឹម​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។

​ឯកអគ្គ​រដ្ឋ​ទួត Irish លោក Gerard Corr​បាន​ថ្លែង​ក្នុងនាម​ជា​សហភាព​អ៊ឺរ៉ុប​ថា​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប្រជាជន​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង​បាន​ក្លាយជា​ប្រធានបទ​ដ៏​រសើប​មួយ​នៃ​ការរំលោភបំពាន និង​ការធ្វើ​ទុក្ខទោស​ដល់​សិទ្ធិមនុស្ស​។​

​ដោយឡែក​ឯកអគ្គ​រដ្ឋ​ទួត​កូរ៉េ​ខា​ជើង លោក​ Pyong Se So បាន​ធ្វើ​ការបដិសេធ​ចំពោះ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​នេះ​ថា ជា​រឿងប្រឌិត និង​ចោទ​ប្រកាន់​ទាំងស្រុង​តែ​ម្តង​មកលើ​ទីក្រុង​ព្យុង​យ៉ាង​។ ម្យ៉ាងវិញទៀត ជាការ​បន្ធូ​បន្ថយ​ចំណាប់​អារម្មណ៍​ខាង​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​ដើម្បី​អោយ​ស្អប់ខ្ពើម​រូបភាព​នៃ​សាធារណៈរដ្ឋ​កុ​ម្មុន​និស្ត​កូរ៉េខាងជើង​នេះ ។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កូរ៉េ​ខាងជើង លោក ​Marzuki Darusman ​បាន​រាយការណ៍​ប្រាប់​ក្រុមប្រឹក្សា​យ៉ាង​ញឹក​ញ៉យ​ក្នុង​ខែ​នេះ ដោយ​​ចោទប្រកាន់​ទីក្រុង​ព្យុង​យ៉ាង​ថា​កំពុងតែ​រំ​ព័ទ្ធ​ទៅ​ដោយ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ដែល​អាច​បណ្តាល​ទៅ​ជា​ទង្វើ​ប្រឆាំង​មនុស្ស​ជាតិ​បាន ជាក់ស្តែង​ដូច​ជា​ការ​បង្អត់អាហារ​ប្រជាជន​ការ​ធ្វើ​បាប និង​ការ​ឃុំឃាំង​ប្រជាជន​តាម​ទំនើងចិត្ត​ជាដើម​។

គួរគត់សម្គាល់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កូរ៉េ​ខាងជើង​បាន​ស្ថិតនៅ​ក្នុង​ភាព​ឯកោ និង​ដាច់​ឆ្ងាយ​ពី​សហគមន៍​អន្តរជាតិ​យ៉ាងខ្លាំង បន្ទាប់​ពី​ប្រទេស​មួយ​នេះ បាន​ចាប់ផ្តើម​ស្ថាបនា​នៅ​កម្មវិធី​នុយក្លែអ៊ែ​។

​ជាពិសេស​ក្នុង​ពេល​ដែល​ស្ថានភាព​តាន់តឹង​ផ្នែក​យោធា​នៅក្នុង​ឧបទ្វីប​កូរ៉េ កំពុងពុះ​កញ្ច្រោល​យ៉ាងក​ក្រើក​ចាប់តាំងពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​នុយក្លែអ៊ែ​លើកទី​៣​កាលពី​ខែ​មុន​កន្លងមក​៕​(ដោយៈថា ថៃ)

ចិន​ប្ដេជ្ញា​​ការពារ​​ទឹកដី ​ខណៈ​​ដែល​​ជប៉ុន ​និង​​អាមេរិក​​រៀបចំ​​ផែនការ​​យោធា​​ប្រឆាំង​

រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ​បាន​ប្រកាសថា ខ្លួន​នឹង​បង្កើន​វិស័យ​ការពារ​ទឹកដី​បន្ថែមទៀត ដោយ​មិន​ផ្លាស់ប្តូរ​ជំហរ​ក្នុង​ការការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​នោះឡើយ​។

ការប្រកាស​បែប​នេះ កើតឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា ប្រទេស​ជប៉ុន​និង​សហរដ្ឋអាមេរិក នឹង​រៀបចំ​ផែនការ​មួយ​ដើម្បី​ប្រឆាំង​ការចូល​ឈ្លានពាន​របស់​ចិន នៅ​ប្រជុំ​កោះ​ដែល​ជប៉ុន​ហៅ​ថា ប្រជុំ​កោះ​សេន​កា​គូ​និង​ចិន​ហៅថា​ទាវ​យូ​ដែល​កំពុង​មាន​ជម្លោះ​នោះ​។​

​កាសែត​របស់​ជប៉ុន​មួយ ដែល​បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ទីរ​បញ្ច​កោ​ណ បានឲ្យដឹងថា ក្រុមមន្ត្រី​ជប៉ុន​និង​អាមេរិក​នឹង​រៀបចំ​ផែនការ​យោធា​រួមគា្ន​ដើម្បី​ដណ្តើម​យក​មក​វិញ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​នេះ បើសិន​ចិន​ចូល​កាន់កាប់​ប្រជុំ​កោះ​នេះ​។​

​ប្រភព​ដដែលបាន​ឲ្យដឹង​បន្តថា ការត្រៀមខ្លួន​រួម​គ្នា​រវាង​ជប៉ុន​និង​អាមេរិក​នេះ នឹង​ជា​លើក​ទី​មួយ​របស់​ប្រទេស​ជា​សម្ពន្ធមិត្ត​ក្នុង​ការឆ្លើយតប​ចំពោះ​ការគំរាមកំហែង​ដោយ​ការវាយប្រហារ​ណា​មួយ​លើ​តំបន់​នៅ​ប្រជុំ​កោះ​នេះ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ជប៉ុន ។​

​ចំពោះ​ការរៀបចំ​ផែនការ​យោធា​រវាង​ជប៉ុន និង​អាមេរិក​នេះ​គឺជា​ការត្រៀមខ្លួន​ជាមុន​ក្នុង​ការប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ការអះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន​លើ​ប្រជុំ​កោះ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ជប៉ុន​នេះ​។​

​គួរបញ្ជាក់ ថា ប្រទេស​ចិន និង​ជប៉ុន​មាន​ជម្លោះ​នៅ​ដែន​កោះ​សមុទ្រ​ចិន​ខាងត្បូង ជា​យូរ​មក​ហើយ ដោយ​ជម្លោះ​នោះ​ចាប់ផ្តើម​ផ្ទុះឡើង​ខ្លាំង នៅពេល​រដ្ឋា​ភិ​បាល​​ជប៉ុន​បានប្រកាស​ទិញ​កោះ​នៅ​តំបន់​ជម្លោះ​ដែល​ជប៉ុន​ហៅ​ថា​ប្រជុំ​កោះ​សេន​កា​គូ​និង​ចិន​ហៅ​ថា​ទាវ​យូ ពី​ក្រុមហ៊ុន​ឯកជន​កាលពី​ឆ្នាំ​២០១២​មក​។

ជាមួយ​នឹង​ការប្រកាស​ទិញ​នេះ ប្រទេស​ចិន​បាន​ផ្ទុះ​ការតវ៉ា​ជា​បន្តបន្ទាប់​ដោយ​បាន​បញ្ជូន​នាវា និង​យន្តហោះ​ជាច្រើន​គ្រឿង​ទៅ​តំបន់​ដែល​មាន​ជម្លោះ​នោះ​៕​(ដោយៈ​ឃួន សុភ័​ក្រ)

លោក ​​Obama​ ​ទៅ​​ជួប​​​ប្រធានា​ធិបតី​​ប៉ាឡេ​ស្ទីន​​នៅ​​​តំបន់ ​West​ Bank

​ប្រធានបទ​សំខាន់​ដែល​លោក Barack Obama ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ត្រូវ​លើក​យក​ពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​នៃ​ប្រទេស​ប៉ាឡេ​ស្ទីន​គឺ​លោក Mahmoud Abbas ក្នុង​តំបន់ West Bank​នោះ​គឺ ប្រាកដ​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស់​រវាង​ប្រទេស​អ៊ី​ស្រា​អ៊ែល​នឹង​ប៉ាឡេ​ស្ទី​ន​។

បើ​ទោះជា​ក្នុង​ជំនួប​នោះ លោក Barack Obama នឹង​ត្រូវ​​ធ្វើ​​ការ​សម្រុះ​សម្រួល​​រវាង​​អ៊ី​ស្រា​អ៊ែល​​នឹង​​ប៉ាឡេ​​ស្ទីន​​ក៏​ដោយ​ ​មជ្ឈដ្ឋាន​​ទូទៅ​​បាន​​សន្និដ្ឋាន​ថា កិច្ច​ពិភា​ក្សា​​នោះ​​ពិបាក​នឹង​ចេញ​នូវ​លទ្ធផល​ល្អ​ណាស់​ដោយសា​តែ លោក Obama​បាន​អះអាង​យ៉ាងម៉ុត​មុំា​​ជាមួយនឹង​មេដឹកនាំ​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​ថា នឹង​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​អ៊ី​ស្រា​អ៊ែល​ជា​រៀងរហូត ហើយ​ថា ការរក្សា​ស្ថេរភាព​ក្នុង​ប្រទេស​នេះ​គឺជា​រឿង​ដ៏​ចាំបាច់​បំផុត​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក Obama​ក៏​បាន​បញ្ជាក់ថា អ៊ី​ស្រា​អ៊ែល​មាន​សិទ្ធិ​ក្នុង​ការការ​ពារ​ខ្លួន​ពី​ការ​ឈ្លាន​ពាន​ណាមួយ​។ ដូច្នេះ​ពាក្យ​សំដី​ទាំងនេះ អាច​ធ្វើឲ្យ​ប៉ាឡេ​ស្ទីន​កាន់តែ​មាន​កំហឹង​ឡើង​ថែម​ទៀត​។ ក្រុម​ជនជាតិ​ប៉ាឡេ​ស្ទីន​ជាច្រើន​កំពុងតែ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ី​ស្រា​អ៊ែល លើ​បញ្ហា​ជម្លោះ​ទឹកដី។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមអ្នកតវ៉ា​របស់​ប៉ាឡេ​ស្ទីន​ទាំងអស់​នោះ​ក៏បានស្តីបន្ទោស ទៅកាន់​លោក Barack Obama ផងដែរ​ចំពោះ​ការគាំទ្រ​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែល​។

គួរបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​អ៊ី​ស្រា​អ៊ែល​នេះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែល​បាន​រឹតបណ្តឹង​សន្តិសុ​ខ​យ៉ាងខ្លាំង ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងនេះក្តី​នៅ​ថ្ងៃ​ព្រហស្បត៏នេះ ប៉ូលីស​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​បាន​រាយការណ៏​មក​ថា គ្រាប់​រ៉ុក្កែត​ពីរ​គ្រាប់​បាញ់​ចេញពី​តំបន់​កា​ហ្សា​បាន​ធ្លាក់ចំ​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​ត្រៀម​នឹង​ចាកចេញ​ពី​ទីក្រុង​យេរ៉ូ​សាលឹម ប្រទេស​អ៊ីស្រាអែល​ឆ្ពោះទៅ​កាន់​​ទី​ក្រុង​​ប៉ាឡេ​ស្ទីន Ramallah ដើម្បី​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ប៉ាឡេ​ស្ទីន​។​

​អ្នកនាំពាក្យ​ប៉ូលិស​អ៊ីស្រាអែល Micky Rosenfeld និយាយ​ថា​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​បាន​ធ្លាក់ចំ​ទីធ្លា​ផ្ទះ​មួយ​ខ្នង​នៅ​ទីក្រុង​Sderot​ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់ និង​របួស​ឡើយ​។ លោក​អូ​បា​ម៉ា​កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ ​នៅ​អ៊ីស្រាអែល និង​តំបន់ West Bank ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​ចាប់តាំងពី​លោក​ចូល​កាន់​​តំ​ណែង​​​ក្នុង​អាណត្តិ​ទី​២​មក​។​

​អ៊ីស្រាអែល​បាន​ដណ្ដើម​យក​តំបន់​កា​ហ្សា​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៦៧ ​និង​បាន​បណ្ដេញ​ប្រជាជន​ចេញពី​ទីនោះ​កាលពី​ឆ្នាំ​២០០៥​។​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​​នេះ​​ក្រុម​​សកម្មប្រយុទ្ធ​នៅ​តំបន់​កា​ហ្សា​តែងតែ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ជាប្រចាំ​មកលើ​តំបន់​ភាគខាងត្បូង​អ៊ីស្រាអែល​នេះ​៕(ដោយៈអ៊ុន រស្មី​)

លោក ​Obama​​ ​ផ្តើម​​ដំណើរ​​ទស្សន​កិច្ច​​ជា​លើក​ដំបូង​​ទៅកាន់​​ប្រទេស​​អ៊ី​ស្រា​អ៊ែល​

ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ លោក ​Barack ​Obama​​ កំពុង​​បំពេញ​​ទស្សន​កិច្ច​​ជា​លើក​ដំបូង​​របស់​​លោក​​ទៅ​កាន់​​ប្រទេស​​អ៊ី​ស្រា​​អ៊ែល​ដែល​​ជា​សម្ព័ន​មិត្ត​។

នេះ​គឺ​ការ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​នេះ បន្ទាប់ពី​លោក Barack Obama​ ឡើងកាន់តំណែង​ជាប្រ​ធានា​ធិបតី​​អណត្តិ​​ទី​២​មក​។​

ប្រធានបទ​សំខាន់ៗ​​នឹង​​ត្រូវ​​លើក​ឡើង​នៅក្នុង​​ទស្សនកិច្ច​​នោះ​ពិសេស​បញ្ហា​នៅ​ប្រទេស​អ៊ីរ៉ង់ ស៊ី​រី និង​បញ្ហា​​រវាង​អ៊ី​ស្រា​អ៊ែល និង​​ប៉ាឡេ​ស្ទីន​​ជាដើម​។​

​ក្រោយ​ពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អណត្តិ​ទី​២​មក​លោក Barack Obama​ បានសម្រេច​ជ្រើស​យក​ប្រទេស​អ៊ី​ស្រា​អ៊ែល​​ជាប្រទេស​ដំបូង​សម្រាប់​ដំណើរ​ទស្សនកិ​ច្ច​ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​មាន​រយៈពេល​៣​ថ្ងៃ​ពោលគឺ​ចាប់ពី​ថ្ងៃ​ពុធ​ទី​២០​ដល់​ថ្ងៃ​សុក្រ​ ទី​២២​ ខែ​មីនា​។

បើ​តាម​គម្រោង​លោក Obama នឹង​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ​នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែល​ដូចជា នៅ​ថ្ងៃ​ពុធ​ចូលជួប​ពិភាក្សា​ជា​មួយ​​នឹង​លោក ​Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែល​។

ថ្ងៃ​ព្រហស្បត៏​ជួប​ពិភាក្សា​ជា​មួយ​នឹង​លោក Mahmoud Abbas ជា​ប្រធានាធិបតី ចំណែក​ថ្ងៃ​សុក្រ​វិញ លោក Barack Obama​នឹង​ទៅ​ទស្សនា​វិហារ Bethlehem ហើយ​បន្ទាប់មក​លោក​នឹង​ចាក់ចេញ​ទៅ​កាន់​ប្រទេស​សូ​ដង់។​

ការបំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ី​ស្រា​អ៊ែល​នេះ គឺធ្វើឡើង​ខណៈ​ដែល​ស្ថានភាព​ក្នុង​តំបន់​អារ៉ាប់​កំពុងតែ​មាន​ភាព​តាន​តឹង​​ខ្លាំង​ឡើងៗ ជាពិសេស​នោះ​គឺ​បញ្ហា​រវាង​ប្រទេស​អ៊ី​ស្រា​អ៊ែល និង ប្រទេស​ប៉ាឡេ​ស្ទីន​តែម្តង​។

ដូច្នេះ​បញ្ហា​នេះ អាច​ជា​ប្រធានបទ​សម្រាប់​មេដឹកនាំ​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​លើកយក​មក​ពិភាក្សា​ជា​មួយ​នឹង​លោក Barack Obama​ ផងដែរ​។

​ចំណែកឯ​ប្រធានបទ​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​នោះ មានដូចជា បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង និង បញ្ហា​សង្គ្រាម​ក្នុង​ប្រទេស​ស៊ី​រី​។

ចំណែកឯ​លោក John Kerry​ ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​អាមេរិក​បាន​ទៅ​ដល់​ប្រទេស​អ៊ី​ស្រា​អ៊ែល​ហើយ​ កាលពី​ថ្ងៃ​អង្គារ ដើម្បី​​រៀបចំ​នូវ​ការងារ​មួយចំនួន​សម្រាប់​លោក Barack Obama​។​

រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែល​វិញ​បាន​នឹង​កំពុងតែ​រឹតបណ្តឹង​នូវ​សន្តិសុខ​យ៉ាងខ្លាំង ដើម្បី​ជៀសវាង​នូវ​បញ្ហា​ណាមួយ ព្រោះ​ថា នាពេល​នេះ​ក្រុម​ជនជាតិ​ប៉ាឡេ​ស្ទីន​ជាច្រើន​កំពុងតែ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ី​ស្រា​អ៊ែល​លើ​បញ្ហា​ជម្លោះ​ទឹក​ដី ​ដោយ​​មាន​ទាំង​ការ​ប្រើ​​អំពើរ​​ហិង្សា​​ទៀត​​ផង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមអ្នកតវ៉ា​របស់​ប៉ាឡេ​ស្ទីន​ទាំងអស់​នោះ​ក៏បានស្តីបន្ទោស​ទៅកាន់​លោក Barack Obama ផងដែរ​ចំពោះ​​ការ​គាំ​ទ្រ​​លើ​​រដ្ឋាភិបាល​​នៃ​​ប្រទេស​​អ៊ី​ស្រា​អ៊ែល​៕​(ដោយៈអ៊ុន រស្មី

 

 

កូរ៉េ​ខាងជើង​​ព្រមាន​​ចាត់វិធាន​ការ​លើ​​យន្តហោះ​​ទម្លាក់​​គ្រាប់​​អាមេរិក​

 

នៅ​ថ្ងៃ​ពុធ​នេះ មេដឹកនាំ​វ័យក្មេង​លោក​គីម​ជុង អ៊ុន បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​វត្ត​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប៉ា​រ៉ា​ម៉ាន់​ណូ​អាមេរិក​​B-52 ដែល​មាន​សមត្ថភាព​អាច​ទប់ទល់​ជាមួយ​នុយក្លែអ៊ែ​បាន​។

យន្តហោះ​នេះ បាន​នឹង​កំពុង​ហោះហើរ​​ធ្វើ​​សម​យុទ្ធ​​​នៅលើ​​ដែន​អាកាស​​​ឧបទ្វី​ប​​កូរ៉េ​​​នោះ​។ លំ​ហាត់​សមយុទ្ធ​ជើង​អាកាស​នោះ​បងធំ​ទីក្រុង​ព្យុង​យ៉ាង​បាន​ចាត់ទុកថា ជាការ​បង្ក​ហេតុ​ដែល​មិន​អាច​លើកលែង​ទោស​អោយបាន​។ ​

ទន្ទឹម​គ្នា​នោះ​លោក​​បាន​​ព្រមាន​យ៉ាងខ្លាំងៗ​ថា យោធា​កូរ៉េខាងជើង នឹង​បញ្ចេញ​សកម្មភាព​ប្រឆាំង​ភ្លាម​ប្រសិន បើ​ការហ្វឹកហាត់​នោះ​មិន​ព្រម​បញ្ឈប់​។​ អ្នកនាំពាក្យ​មន្ទី Pentagon​ បាន​និយាយថា យ៉ាងហោចណាស់​ក៏​មាន​យន្តហោះ​B-52 ចំនួន​មួយ​គ្រឿង​ដែរ​ដែល​បាន​ហោះហើរ​លើ​ដែនអាកាស​កូរ៉េខាងជើង កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដែល​​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​លំ​ហាត់​សមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​រវាង​យោធា​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​ទីក្រុង​ព្យុ​យ៉ាង​បាន​បរិហារ ថា​ជា​លំ​ហាត់​ឈ្លានពាន​ទៅលើ​កូរ៉េខាងជើង​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយថា លំ​ហាត់​សមយុទ្ធ​នោះ គឺជា​ការ​បង្ក​រឿង​ដែល​មិន​អាច​អត់ឱន​ឲ្យបាន​។ ​លោក​បាន​បន្ថែមទៀតថា អាមេរិក​កំពុង​តែ​បញ្ចេញ​យុទ្ធសាស្ត្រ​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​មក​កាន់​ឧបទ្វីប​កូរ៉េ​ចំ​ពេល​សភាពការណ៍​ខិត​ជិត​ដល់​មាត់ជ្រោះ​នៃ​សង្គ្រាម​។

​ក្រសួងការបរទេស​កូរ៉េខាងជើង និយាយ​ថា​ទីក្រុង​ព្យុង​យ៉ាង​បាន​តាមដាន​សមយុទ្ធ​នេះ យ៉ាង​ដិតដល់​បំផុត​ហើយ​សន្យាថា​នឹង​ប្រើប្រាស់​យោធា​ដ៏​ខ្លាំង ដើម្បី​ប្រឆាំង​យន្ត​ហោះ​​B-52​អាមេរិក​ ប្រសិនបើ​ហោះ​មកកាន់​ឧបទ្វីប​កូរ៉េ​សារ​ជា​ថ្មី​នោះ​៕(ដោយៈថា ថៃ)

 

ជប៉ុន ​នឹង​​អាមេរិក​គ្រោង​ដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​​លើ​កូរ៉េ​ខាងជើង​​បន្ថែម​

ប្រទេស​ជប៉ុន និង អាមេរិក​នឹង​ធ្វើ​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​លើ​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ល្មើស​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​កន្លងទៅនេះ​។

​នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​របស់​ជ​ប៉ុន​កាលពី​ថ្ងៃ​ចន្ទ​។ សូមបញ្ជាក់​ថា ភាព​តានតឹង​កំពុងតែ​ផ្ទុះឡើង​ខ្លាំង​ក្នុង​ឧបទ្វិប​កូរ៉េ​ក្រោយពេល​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាញ់​អាវុធ​នុយក្លេអ៊ែរ​មក​។

​​ប្រធាន​នាយក​ខុទ្ទកាល័យ​រដ្ឋាភិបាល​របស់​ជប៉ុន គឺ​លោក Yoshihide Suga បានបញ្ជាក់​ថា ជប៉ុន និង​អាមេរិក​បាន​ព្រមព្រៀង​គ្នា​ទៅ​ហើយ​ថា នឹង​ធ្វើ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។

ការប្រកាស​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​នេះ នឹង​រឹតតែ​ធ្វើឲ្យ​កូរ៉េខាងជើង​កាន់តែ​ផ្ទុះ​កំហឹង​កាន់តែខ្លាំង​ថែម​ទៀត​ជាពិសេស​នោះ គឺ​ដោយសារតែ​អា​មេ​រិក​​និង​កូរ៉េខាងត្បូង​កំពុងតែ​បើក​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ព្រំដែន​កូរ៉េខាងជើង និង​ខាងត្បូង​។

​​សូម​រម្លឹកថា ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​៧​ខែ​មីនា​បាន​ដាក់ចេញ​នូវ​សេចក្តីសម្រេច​មួយ​ដោយ​បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​លើ​កូរ៉េខាងជើង​។

ចាប់តាំងពី​ពេលនោះ​មក កូរ៉េ​ខាងជើង​បាន​ប្រកាស​លុបចោល​នូវ​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​ជាមួយនឹង​កូរ៉េខាងត្បូង ហើយ​ប្រកាស​ថា សង្គ្រាម​ក្នុង​ឧបទ្វិប​កូរ៉េ​នឹង​កើតឡើង​ជា​ថ្មី​មិន​ខាន​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​រដ្ឋាភិបាល​ផ្តាច់ការ​មួយ​នេះ​បាន​គំរាម​ជា​ញឹកញាប់​វាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក​ព្រោះថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ដើរ​តូរ​យ៉ាងសកម្ម​ក្នុង​ការជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។

​គួរបញ្ជាក់​ថា បើទោះបីជា​សហគម​ន៏​អន្តរជាតិ​បង្កើន​ការដាក់​ទណ្ឌ​លើ​ប្រទេស​កូរ៉េខាងជើង​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ក៏​ប្រទេស​មួយ​នេះ​មិន​បាន​កាត់​បន្ថយ​​ឥរិយាបទ​ប្រហើ​ន​នោះទេ តែ​ផ្ទុយទៅវិញ​កាន់តែ​បង្ក​នូវ​បញ្ហា​កាន់តែ​ច្រើន​ថែមទៀត​៕​(​ដោយៈ​អ៊ុន រស្មី​)

​លោក Xi Jinping​ បញ្ជាក់ថា ចិន និង អាមេរិក​​មាន​​ផល​ប្រយោជន៏​​រួម​គ្នា​

​ប្រធានាធិបតី​ថ្មី​របស់​ចិន គឺ​លោក Xi Jinping ដែល​ទើបតែ​ឡើង​កាន់​តំណែង​​ជា​ផ្លូវការ​កាលពី​សប្តាហ៏​មុន​នោះ​មក​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​​ចិន និង អាមេរិក​មាន​ផលប្រយោជន៏​រួម​គ្នាដ៏​មហា​សាល​។

ការអះអាង​យ៉ាង​ដូច្នោះ​គឺធ្វើឡើង​ក្នុង​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រី​រត​នាគារ​ជាតិ​របស់​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង​។ ​សូមបញ្ជាក់​ថា សហរដ្ឋអាមេរិក​ គឺជា​ប្រទេស​​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​១ និង ចិន​វិញ​ស្ថិតនៅ​លំដាប់​ទី​២​លើ​ពិភពលោក​។​

​នៅក្នុង​ជំនួប​ជាមួយ​និង​លោក Jacob Lew រដ្ឋមន្ត្រី​រតនាគា​របស់​អាមេរិក លោក Xi Jinping ប្រធានាធិបតី​ថ្មី​របស់​ចិន​បាន​បញ្ជាក់ថា ចិន និង អាមេរិក​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា ដើម្បី​ឲ្យ​ប្រទេស​ទាំងពី​អាច​សហការណ៏​គ្នា​ទាញ់​នូវ​ប្រយោជន៏​ដ៏​មហាសាលរ​វាង​ប្រទេ​សសេដ្ឋកិច្ចពិភពលោ​កទាំង​ពីរ​។

ដំណើរ​ទស្សន​និច្ច​របស់​មន្ត្រី​ដ៏​សំខាន់​របស់​អាមេរិក​ទៅកាន់​ប្រទេស​ចិន​នោះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​លោក Xi Jinping បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​ជា​ផ្លូវការ​កាលពី​សប្តាហ៏​មុន​​ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​អាច​ជា​ការ​ធ្វើ​ឡើង​ ដើម្បី​បន្ថូរបន្ថយ​នូវ​ភាពតាន​តឹងរវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ព្រោះថា​នាពេល​ថ្មី​នេះ​ទំនាក់ទំនង​រវាង​ចិន និង អាមេរិក​បាន​ជួប​ភាព​តានតឹង​ដែល​បណ្តាល​មកពី​រឿងរ៉ាវ​ជម្លោះ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ជប៉ុន និង ចិន​ បញ្ហា​សិទ្ធិមនុស្ស និង ចុងក្រោយ​នេះ​អាមេរិក​បាន​ចោទប្រកាន់​ចិន​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការវាយប្រហា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។

បើទោះបីជា​ទំនាក់ទំនង​រវាង​ចិន និង អាមេរិក​មាន​ភាព​តានតឹង​ខ្លាំង​មួយ​រយៈ​ចុងក្រោយ​នេះ​ទៅ​លើ​បញ្ហា​ជាច្រើន​ក៏ដោយ  ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​មិន​បាន​បោះបង់ចោល​នូវ​ប្រយោជន៏ដ៏​ច្រើន​ដែល​កើតឡើង​តាមរយៈ​ទំនាក់​ទំនងនៃ​ប្រទេស​ទាំង​ពីរ​។

ជា​ការកត់សំគាល់​នៅ​ថ្ងៃ​ដែល​លោក Xi Jinping ឡើងកាន់តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បត៏​សប្តាហ៏​មុន​នោះ ប្រធានាធិបតី​របស់​អា​មេរិក​គឺ​លោក​បារ៉ាក អូ​បា​ម៉ា បាន​ទូរ​សព្ទ​ភ្លាមៗ​​ទៅកាន់​លោក Xi Jinping ដែល​ប្រការ​នេះ​ហាក់ដូចជា​បង្ហាញថា អាមេរិក​ចង់​កាត់បន្ថយ​បញ្ហា​ប្រឈម​ជាមួយនឹង​ចិន​។

សហរដ្ឋអាមេរិក​ដែល​កំពុង​ចាត់​ទុក​ប្រទេស​ចិន​ថា ជា​គូរ​ប្រជែង​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅពេល​អនាគត​ទាំង​វិស័យ​យោធា ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​៕​(ដោយៈអ៊ុន រស្មី)

​ក្រុម​​ឧទ្ទាម​​ស៊ី​រី​​តែង​តាំង​​នាយក​រដ្ឋ​មន្ត្រី​​ដឹកនាំ​​រដ្ឋាភិបាល​​បណ្តោះ​អាសន្ន​

លោក ​Ghassan Hitto​ ត្រូវបាន​ក្រុមប្រឆាំង​នៃ​ប្រទេស​ស៊ី​រី​បាន​​ជ្រើស​រើស​​ឲ្យ​​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ នៅក្នុង​ទីក្រុង Istanbul​នៃ​ប្រទេស​ទួ​គី​ដោយ​ទទួលបាន​សម្លេង​ចំនួន​៣៨​ក្នុង​ចំណោម​៤៨​។

ក្នុង​ការបោះឆ្នោត​រើស​មេដឹកនាំ​សម្រាប់​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ី​រី​នោះ​គឺ​មាន​បេក្ខជន​ចូលរួម​ចំនួន​៧​រូប​។ ចំណែក​ក្រុម​មេដឹកនាំ​បក្សប្រឆាំង​បាន​អះអាង​ថា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​នោះ​ជា​ការបោះឆ្នោត​ដោយ​សេរី​យុត្តិធម៌​និង​មាន​លក្ខណៈ​​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​។

រដ្ឋាភិបាល​បណ្តោះអាសន្ន ដែល​កើតឡើង​ចេញពី​ការបោះឆ្នោត​របស់​ក្រុមប្រឆាំង​ស៊ី​រី​នឹងត្រូវ បន្ត​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​ប្រធានាធិបតី​ស៊ី​រី គឺ​លោក Bashar al-Assad​។

សូម​រម្លឹកថា ចលនា​របស់​ក្រុមប្រឆាំង​ស៊ី​រី​នេះ ក៏​មាន​ការទទួលស្គាល់​ពី​សំណាក់​សហគម​ន៏​អន្តរជាតិ​ផង​ដែរ ដែល​ជារឿយៗ​ ប្រទេស​មហាអំណាច​តែង​តែ​​ផ្តល់ជំនួយ​រួមមាន​ទាំង​ថវិកា និង បច្ចេកទេស​ផ្សេងៗ​​ជាដើម ប៉ុន្តែ​ប្រទេស​មហាអំណាច​ទាំងនោះ​បាន​បដិសេធថា ពួកគេ​មិន​បាន​ផ្តល់​ជំនួយ​ជា​គ្រឿង​សព្វាវុ​ធ​​នោះឡើយ​។

បើទោះបីជា​មាន​ការគាំទ្រ​ពី​សំណាក់​សហគម​ន៏​អន្តរជាតិ​យ៉ាងណាក្តី ក៏​ការ​ផ្តាស់​ប្តូរ​របប​ដឹកនាំ​ផ្តាច់ការ​របស់​ស៊ី​រី​នៅតែ​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​ឆាប់​រហ័ស​​​បាន​ឡើយ ដោយសារតែ​រដ្ឋាភិបាល​ស៊ី​រី​នេះ​បាន​បង្ហាញ​ពី​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​ខ្លួន​ដោយ​មិន​បោះបង់​ប្រទេស​ស៊ី​រី​ងាយៗ​ឡើយ ហើយ​ថា​នឹង​តស៊ូ​​រហូតដល់​ថ្ងៃ​ស្លាប់​។

គួរបញ្ជាក់​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ស៊ី​រី​អាច​តស៊ូ​ប្រឆាំង​នឹង​ក្រុម​ឧទាម​បានយូរ​យ៉ាង​ដូច្នោះ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​នេះ​បាន​ទទួល​ការគាំទ្រ​ពី​ប្រទេស​រុស្ស៊ី​។

ជាពិសេស​នោះ​ស៊ី​រី​តែងតែ​ទទួលបាន​ជំនួយ​ជា​គ្រឿង​សព្វាវុធ​ពី​រុស្ស៊ី​ប្រមាណ​៧៥% ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ ២០១១ ហើយ​រហូត​មក​ទល់​នឹង​ពេលនេះ រុស្ស៊ី​នៅតែ​បន្ត​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដដែល​៕(ដោយៈអ៊ុន រស្មី​)

    About Us
    Khana

Activities

Find us at Facebook

Contact Us