មហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលប្រទេសតួគីពីសំណាក់ប្រជាជនតួគីបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃទៅហើយ តាំងពីថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃអាទិត្យនេះដោយដំបូងឡើយហ្វូងបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាក្នុងទីក្រុងIstanbul នឹងបានរីករាលដាលស្ទើពេញផ្ទៃប្រទេសតែម្តងនៅព្រឹកថ្ងៃអាទិត្យ។
ក្នុងចំណោមហ្វូងបាតុករទាំងនោះក៏មានពួកវិចិត្រករ និងតំណាងគណបក្សនយោបាយមួយចំនួនដែរ។ បាតុកម្មនោះ ក៏បានបង្កទៅជាអំពើហឹង្សាយ៉ាងក្តៅគគុកនៅលើដងផ្លូងក្នុងទីក្រុងIstanbulរវាងហ្វូងបាតុករ និងក្រុមប៉ូលីស ដោយបណ្តាលអោយប៉ូលីស២៦នាក់ និងជនស៊ីវិលចំនួន ៥៣នាក់រងរបួសធ្ងន់ស្រាល។
ដោយឡែកអង្គការលើកលែងទោសអន្តរជាតិបានអះអាងថា អំពើហឹង្សានោះមានមនុស្សពីរនាក់ត្រូវបានសម្លាប់ និងជាង១០០០នាក់រងរបួស។ ប៉ុន្តែយ៉ាងណាក្តីតួរលេខនោះពុំមានបញ្ជាក់ឲ្យដឹងឡើយ។
ការបង្ក្រាប់របស់ប៉ូលីសយ៉ាងសាហាវនោះ ក៏រឹតតែធ្វើអោយហ្វូងបាតុករផ្ទុះកំហឹងយ៉ាងខ្លាំងថែមមួយកម្រិតទៀតដោយបានប្រមូលផ្តុំជាថ្មី ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Recep Tayyip Erdogan។ ហ្វូងបាតុករស្រែកថា យើងនៅទីនេះ ចុះលោកនៅទីណា?។
មិនតែប៉ុណ្ណោះ ពួកគេបាននិយាយឡកឡឺយយ៉ាងខ្លាំងទៅកាន់រដ្ឋាភិបាល Recep Tayyip Erdogan។ យ៉ាងណាក្តីលោក Recep Tayyip Erdogan ក៏បានអំពាវនាវអោយប្រជាជនស្ងប់ស្ងាត់ ដោយបញ្ឈប់ការធ្វើបាតុកម្មនោះ។
ហើយនាយករដ្ឋមន្ត្រី លោក Erdogan ក៏បានចេញមុខសារភាពទទូលស្គាល់គំហុសមួយចំនួនរបស់លោកផងដែរ ចំពោះការចាត់វិធាន់បំបែកហ្វូងបាតុករនោះ។
យ៉ាងណាក្តីអំពើហឹង្សានោះត្រូវស្ងប់ស្អាត់ទៅវិញខ្លះបន្តិចដែរ ដោយអ្នកខ្លះត្រឡប់ទៅផ្ទុះសម្រាក់ខណៈមេឃភ្លៀងធ្លាក់ខ្លាំង។ ក្នុងរយៈពេលពីរថ្ងៃនៃអំពើហឹង្សានេះ ប៉ូលីសតួគីបានចាប់ខ្លួនមនុស្សជាង៩០០ ហើយអ្នកខ្លះត្រូវបានដោះលែងវិញចំណែកអ្នកខ្លះទៀត ត្រូវបានបញ្ជួនទៅវិនិច្ឆ័យក្តី។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីរូបនេះបានចូលកាន់អំណាចចាប់តាំងពីឆ្នាំ២០០២មកម្លេះ ហើយលោកក៏នឹងផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញតិ្តឲ្យលោកបានបន្តអាណត្តិទៅមុខទៀត។
ប្រជាជនតួគីមួយចំនួនបានត្អូញត្អែថា រដ្ឋាភិបាលរបស់ Erdogan គឺកំពុងតែផ្លាស់ប្តូរប្រទេសតួគីទៅជារដ្ឋឥស្លាមដែលប្រើអំណាចផ្តាច់ការខណៈដែលប្រជាជនតួគី ចង់អោយមានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ សហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភជំវិញការផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនេះ៕(ដោយៈថា ថៃ)