លោកស្រី Margaret Thatcher គឺជាអតីតនាយករដ្ឋមន្ត្រីស្ត្រីទីមួយរបស់ប្រទេសអង់គ្លេស ហើយក៏ជាមេដឹកនាំដែលមានឈ្មោះល្បីល្បាញមួយរួមនៅលើពិភពលោកផងដែរ។
លោកស្រីត្រូវបានហៅថា ជាស្ត្រីចិត្តដែក។ លោកស្រី Margaret Thatcher កើតនៅថ្ងៃទី ១៣ខែតុលាក្នុងឆ្នាំ១៩២៥ ក្នុងទីក្រុងGrantham។ គ្រួសាររបស់លោកស្រី គឺជាអ្នកជំនួញ និង ជាអ្នកសកម្មក្នុងសកម្មភាពនយោបាយ។
Margaret Thatcher បានចូលសិក្សានៅសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៣ ដោយរើសយកមុខវិជ្ជាគីមី។ តាមរយៈការសិក្សាតាំងពីរថ្នាក់ទាបមករហូតដល់ថ្នាក់ខ្ពស់គេសង្កេតឃើញថា លោកស្រី Margaret Thatcher ជាសិស្សដែលពូកែ និង ខិតខំខ្លាំងខ្លាជាងគេ។
បន្ទាប់មកពោលគឺនៅក្នុងឆ្នាំ១៩៤៦ លោកស្រីត្រូវបានគេបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមន៏អភិរក្សនិយមរបស់សកលវិទ្យាល័យ Oxford របស់អង់គ្លេស។ បន្ទាប់ពីរបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រគាត់ក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិល្បះ ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ១៩៥០។
ក្រោយពីរបញ្ចប់ការសិក្សាលោកស្រីបានទៅធ្វើជាអ្នកស្រាវជ្រាវផ្នែកគីមី ហើយនាពេលនោះក៏មានទំនាក់ទំនងជាច្រើនជាមួយសមាគមន៏អភិរក្សនិយមនៅតាមតំបន់ផ្សេងៗផងដែរ។
ក្នុងឆ្នាំ១៩៥១ អតីតនាយករដ្ឋមន្ត្រីស្រីរូបនេះបានរៀបការជាមួយនឹងបុរសជាអ្នកជំនួញឈ្មោះថា Denis Thatcher។ ហើយនៅឆ្នាំ១៩៥៣ លោកស្រីមានកូនភ្លោះចំនួនពីរនាក់ គឺឈ្មោះថា Carol និង Mark។ រហូតដល់ ឆ្នាំ ១៩៥៩ Margaret Thatcher បានជាប់ឆ្នោតជាសមាជិកសភាមកពីរគណបក្សអភិរក្សនិយម។
រហូតដល់ឆ្នាំ ១៩៧០ លោក ស្រីបានក្លាយទៅជារដ្ឋមន្ត្រីក្រសួងអប់រំ។ ក្នុងឆ្នាំ១៩៧៩ ប្រទេសអង់គ្លេសមាននាយករដ្ឋមន្ត្រីជាស្ត្រីដំបូងគេ ដែលមេដឹកនាំរូបនោះគឺជាលោកស្រី Margaret Thatcher នោះឯង។ ក្នុងសម័យដែលទើបតែឡើងកាន់អំណាចនោះប្រទេសអង់គ្លេសកំពុងតែប្រឈមនឹងបញ្ហាជាច្រើនដូចជា បញ្ហានយោបាយ សន្តិសុខ និង បញ្ហាសេដ្ឋកិច្ច។
ប៉ុន្តែយ៉ាងណាក៏ដោយ មេដឹកនាំស្រីដំបូងរូបនោះបាននាំឲ្យប្រទេសអង់គ្លេសគេចផុតពីរបញ្ហាជាច្រើន ហើយប្រជាប្រិយភាពក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ តាមរយៈប្រជាប្រិយភាពដ៏ខ្លាំងខ្លានេះ Margaret Thatcher បានរក្សាតំណែងជានាយករដ្ឋមន្ត្រីរហូតដល់អាណត្តិទី៣។ ហើយគាត់ក៏បានជាប់ឈ្មោះថា ជាអ្នកដឹកនាំដែលកាន់អំណាចបានយូរជាងគេក្នុងប្រទេសអង់គេ្លសនាសតវត្សទី២០ផងដែរ។
រហូតដល់ឆ្នាំ១៩៩០ មានបញ្ហាជាច្រើនក្នុងប្រទេសអង់គ្លេស ហើយក៏ធ្វើឲ្យប្រជាប្រិយភាពរបស់លោកស្រីក៏ថមថយខ្លាំង ហើយនៅថ្ងៃទី១៣ ខែវិច្ឆិការនៅឆ្នាំដដែល Margaret Thatcher បានលាលែងចេញពីដំណែង។
ក្រោយពីរបានលាលែងចេញពីរតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសរួចមក លោក ស្រី និង ស្វាមី បានទិញផ្ទះមួយកន្លែងក្នុងទីក្រុងឡុងន៏ដើម្បីរស់នៅក្នុងជីវិតឯកជនជាមួយនឹងក្រុមគ្រួសារ។ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣ លោកស្រីបានក្លាយជាអធិការបតីនៅតាមសកលវិទ្យាល័យជាច្រើនរបស់អង់គ្លេស។
រហូតដល់ឆ្នាំ២០០៣ ប្តីរបស់លោកស្រីដែលមានឈ្មោះថា Denis Thatcher បានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺមហារីក។ រយៈពេលជាច្រើនឆ្នាំ ចុងក្រោយនេះ Margaret Thatcher បានប្រឈមនឹងបញ្ហាបាត់បង់ការចង់ចាំ និង បញ្ហាសុខភាពផ្សេងៗទៀត ដោយសារតែវ័យជរា។
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ ពោលគឺកាលពីយប់ថ្ងៃច័ន្ទម្សិលម៉ិញ លោកស្រី Margaret Thatcher បានទទួលមរណៈភាពដោយសារជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលក្នុងវ័យ៨៧ឆ្នាំ។ មរណភាពរបស់លោកស្រី Margaret Thatcher បាននាំអោយពិភពលោកមានការសោកស្តាយយ៉ាងខ្លាំង៕(ដោយៈអ៊ុន រស្មី)