Wednesday, Jun 19th

Last update07:15:34 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ

នយោបាយ

​សម្ដេច​ហ៊ុន សែន ​មាន​​ជំនឿ​​១០០%​​ថា​​នឹង​​ឈ្នះ​​ការ​បោះ​ឆ្នោត​

  • PDF

ខណៈ​ដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ ខិត​ជិត​មក​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រ​កាស​​ដោយ​ជឿជាក់​១០០%​ថា គណបក្ស​ប្រជាជន​នៅតែ​បន្ត​ឈ្នះ​ការបោះឆ្នោត ហើយ​សម្ដេច​នៅតែ​ធ្វើ​ជា​នាយករដ្ឋមន្ដ្រី​នីតិកាល​ទី​៥ រយៈពេល​​​៥​ឆ្នាំ​បន្ដ​ទៀត​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌ​ល និង​សាលា​បាល់ទាត់​ជាតិ​ក្នុង​ស្រុក​បាទី ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែមិថុនា​សម្ដេច​ហ៊ុន សែន មានប្រសាសន៍​ដោយ​មាន​ទំនុកចិត្ត​ខ្ពស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ដ​ឈ្នះ​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ ហើយ​សម្តេច​នៅតែ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​​អាណ្ណត្តិ​ទី​៥ ឆ្នាំ​២០១៣​ដល់​២០១៨​បន្ត​ទៀ​។​

សំលេងៈ

ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាងមុខនេះ មានតែ​គណបក្ស​នយោបាយ​ចំនួន ​៨​ប៉ុណ្ណោះ ដែល​បាន​ចុះឈ្មោះ​ចូល​រួម​បោះឆ្នោត ហើយ​នៅ​ក្នុង​នោះ​គេ​​សង្កេតឃើញថា មានតែ​គណបក្ស​ពីរ​ប៉ុណ្ណោះ ដែល​អាច​ប្រកួតប្រជែង​គ្នាដ៍​ខ្លាំងក្លា​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​កំពុងកាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​ដ៍​ធំ​មួយ​នៅ​កម្ពុជា​។​

​លោកស្រី មួ​រ សុខ​ហួរ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ​មានជំនឿថា នឹង​ឈ្នះ​ការ​បោះ​​​ឆ្នោត​​នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខ​ព្រោះថា ចំនួន​ប្រជាជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង បើទោះបីជា​មាន​ការ​សំ​ឡុត ​គំរាម​កំហែង​ ប្តឹង​ផ្តល់​​មក​​លើ​​ថ្នាក់​ដឹកនាំ​​ជាន់​ខ្ពស់​គណបក្ស និង​ការរំខាន​នានា​ក្តី​។​

សំលេងៈ

គួរបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២៧​ខែមិថុនា ​ដល់​ថ្ងៃ​​ទី​២៦ ​ខែកក្កដា ឆ្នាំ​២០១៣​​ខាងមុខ​នេះ គ្រប់​គណបក្សនយោបាយ​ទាំងអស់ នឹង​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​។ ប៉ុន្តែ​ជា​ការ​កត់សំគាល់ ការឃោសនា​ក៍​បាន​ធ្វើឡើង​ដោយ​គណបក្ស​នីមួយៗ​រួចជាស្រេច​ទៅហើយ​តាម​រយៈ​រូបភាព​ផ្សេងៗ​។​

​ជាមួយនឹង​ការរំពឹងទុក​ពី​ការ​ឈ្នះឆ្នោត​របស់​សម្តេច​ហ៊ុន សែន​​ នេះ​ដែរ​មន្ដ្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ក៏​មាន​ជំនឿ​យ៉ាង​មុតមាំ​ដែរ​ថា គណបក្ស​ខ្លួន​នឹង​ឈ្នះ​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ​៕​(ដោយៈ​ឃួន សុភ័​ក្រ)​

​ព្រះរាជ​​ជីវ​ប្រវត្តិ​​សង្ខេប​​របស់​​សម្តេច​ម៉ែ​

  • PDF

​ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទ្រង់​បាន​ប្រសូត្រ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦ ទ្រង់​មាន​ព្រះ​មាតា​ព្រះបិតា​ជា ជនជាតិ​បារាំង ដើមកំណើត​អ៊ីតាលី ។ ដូច្នេះ​ព្រះមហាក្សត្រី ជា​បុត្រី​កាត់​បារាំង​អ៊ីតាលី​។​

​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ឬ សម្តេចម៉ែ កាល​ពី​កុមារភាព​ទ្រង់​បាន​សិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម  មធ្យមសិក្សា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​នៅ​លី​សេ​ដេ​ការ៍ត ក្រុងភ្នំពេញ​។​

​ព្រះអង្គ​បាន​ត្រូវ​ជ្រើសរើស​ជា​អ្នក​ម្នាង​របស់​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ នៅ​​​ខែ​មេសា ឆ្នាំ​១៩៥២ ខណៈ​ដែល​មាន​អាយុ​បាន​១៦​ឆ្នាំ ហើយ​បាន​ថ្វាយ​​ដល់​ព្រះមហាក្សត្រ​ខ្មែរ​កាលនោះ នូវ​ព្រះ​ឱរស​ចំនួន​ពីរ​ព្រះអង្គ​គឺ ព្រះករុណា​ព្រះបាទ​បរមនាថ នរោត្តម សីហ​មុនី ដែល​ទ្រង់​សម្ភព​នៅ​ឆ្នាំ​១៩៥៣ និង​ស្តេច​ក្រុម​ឃុន នរោត្តម នរិន្ទ្រៈ​ពង្ស សម្ភព​ ខែកញ្ញា ​១៩៥៤​។​

​នៅ​ចុង​ទសវត្សរ៍ ឆ្នាំ​១៩៦០ ព្រះអង្គ​ជា​ប្រធាន​កាកបាទ​ក្រហម​ខ្មែរ និង​បច្ចុប្បន្ននេះ​ទ្រង់​បាន​ផ្ទេរដំណែង​នេះ​ទៅ​ឲ្យ​លោក​ស្រី ប៊ុន រ៉ានី ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​។ តែ​មក ទល់​ពេលនះ ព្រះមហាក្សត្រី ទ្រង់​ក៏​នៅតែ​ជា​ប្រធាន​កិតិ្ត​យសរ​បស់​អង្គការ​នេះ​ដែរ​។​

​សម្តេច​ព្រះវររាជ​មាតា​ទ្រង់​ជា​មហេសី​សំណព្វ របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​ទទួល​ព្រះ​ស្រឹង្គារ ក្តីស្រឡាញ់ មេត្តា ប្រោសប្រណី​យ៉ាង​ខ្លាំងក្លា​ពី​ព្រះ​ស្វាមី​ក្នុង​រយៈពេល​ដ៏​យូរលង់​ជាង កន្លះ​សតវត្សរ៍​កន្លងទៅនេះ​។

ព្រះអង្គ​បាន​យាង​តាម​អតីត​ព្រះមហាក្សត្រ​ទៅ​ស្ទើរ​គ្រប់​ទិស​ទី​ក្នុង គ្រប់​កាលៈទេសៈ មិន​ថា​ក្នុងសម័យ​តស៊ូ​ក្រោយ​រដ្ឋប្រហារ ១៨ មីនា ១៩៧០ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម សម័យ​ការតស៊ូ​ត្រី​ភាគី​នៅ​តំបន់​ជាយ​ដែន​ខាងលិច ឬ​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ នោះឡើយ​។​

​នៅ​ឆ្នាំ​១៩៩២ ព្រះករុណា​សម្តេច នរោត្តម សីហនុ បាន​ប្រទាន​គោរមងារ​ព្រះអង្គ​ពី​អ្នក​ម្នាង ជា​ម្តេច​ព្រះ​ជាយា នៅ​ឆ្នាំ ១៩៩៣ ទ្រង់​បាន​ទទួល​គោរមងារ​ជា​សម្តេចព្រះ​មហេសី នរោត្តម មុនី នា​ថ សីហនុ នៅ​ឆ្នាំ​១៩៩៦ ទទួលបរម​ងារ​ជា​សម្តេច​ព្រះរាជអគ្គមហេសី។

ហើយ​នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះមហាក្សត្រ​អង្គ​បច្ចុប្បន្ន​ ក៏​ទ្រង់​បាន​ប្រកាស​ឲ្យប្រើ​ច្បាប់​ស្តីពី​​ការរៀប​ចំ​ព្រះ​បរម​ងារ​ថ្វាយ​ព្រះ​រាជមាតា ដោយ​ថ្វាយ​ព្រះ​ប​រម​ងារ​ថា សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​។​

​ថ្ងៃ​១៥ ខែតុលា​ឆ្នាំ ២០១២ ជា​ថ្ងៃ​ដែល​ព្រះវររាជ​មាតា​ជាតិខ្មែរ ទ្រង់​សោយសោក​ខ្លាំ​ជាទីបំផុត ក្នុង​ព្រះរាជ​ជីវិត​របស់​ព្រះអង្គ​។​ ថ្ងៃ​១៥ ខែតុលា​ឆ្នាំ​២០១២ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ស្វាមី​សំណព្វ​របស់​ព្រះអង្គ គឺ​ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ​បាន​ឃ្លាតឆ្ញាយ​ពី​ព្រះអង្គ និង​ប្រជារាស្ត្រ​ខ្មែរ​លែង​យាង​វិល​ត្រលប់​​វិញ​ឡើយ​។

អនុស្សាវរីយ៍​ភាពសប្បាយ ភាព​លំបាក​វេទនា​ដែល​ធ្លាប់​ឆ្លងកាត់​ជាមួយគ្នា​ជា​យូរ​មក​ហើយ ធ្វើឲ្យ​ព្រះមហាក្សត្រី​នឹក​អាឡោះអាល័យ​ចំពោះ ព្រះ​វរ​ស្វាមី​របស់​​ព្រះអង្គ​យ៉ាងខ្លាំង​។

មកទល់ពេលនេះ ទោះបីជា​ព្រះ​បរម​រតន​កោដិ បាន​សោយ​ទិវង្គត់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ ក៏ដោយ​ ក៏​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅតែ​បន្ត​កាន់​ព្រះរាជ​មរណៈទុក្ខ​ចំពោះ​ព្រះ​ស្វាមី​របស់​ព្រ​អង្គ​ដែរ​៕

​គណបក្ស​នយោបាយ​នឹង​​ជជែក​​គ្នា​​ក្នុង​វេទិការ​ស្តីពី បរិស្ថាន​និង​ដីធ្លី​នៅ​កម្ពុជា

  • PDF

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ធំៗ​ចំនួន​៥​​ នៅ​កម្ពុជា​នឹង​ពិភាក្សា​គោលនយោបាយ​ក្រោម​ប្រធានបទ​ស្តីពី ទស្សនៈ​គោល​នយោបាយ​របស់​គណបក្ស​នយោ​បាយ​​​ស្ដីពី បញ្ហាដីធ្លី និង​បរិស្ថាន​នៅក្នុង​ប្រទស​កម្ពុជា​។

វេទិកា​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​មណ្ឌល​គី​រី ខេត្ត​មណ្ឌល​គី​រី​។ នេះ​បើ​យោងតាម​​សេច​ក្ដី​ប្រកាស​​ព័ត៌មាន​​រួម​​មួយ​របស់​​ក្រុម​អង្គការ​ទាំង​៥ ​ដែល​​បាន​​ចេញ​ផ្សាយ​​នៅ​​ថ្ងៃ​​ចន្ទ ​ទី​១៧ ​ខែមិថុនា​។​

​ក្នុង​វេទិការ​នេះ តំណាង​គណបក្ស​ធំៗ​បី គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុន ស៊ីន​ប៉ិច ត្រូវបាន​អញ្ជើញ​ចូលរួម ដើម្បី​បង្ហាញ​គោលនយោបាយ​របស់​គណបក្ស​ទៅលើ​បញ្ហា​បរិស្ថាន និង​ដីធ្លី នៅ​កម្ពុជា​នេះ​។

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​បង្ហាញថា វេទិកា​នេះ​​ធ្វើ​ឡើង​​ក្នុង​​គោល​បំណង​ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គណបក្ស​នយោបាយ​សំខាន់ៗ បង្ហាញ​ពី​គោល​នយោ​បាយ​​នានា​របស់​ខ្លួន ស្ដីពី​បញ្ហា​ទាំងពីរ​នេះ​មុន​នឹង​ការបោះឆ្នោត​ឈាន​ចូល​មក​ដល់ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្ដ​ដា​ខាងមុខនេះ​។​

​វេទិកា​នេះ​ផងដែរ ក៏​និង​ផ្ដល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ​មូលដ្ឋាន​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់​ពី​ជំហរ របស់​គណបក្ស​នយោបាយ ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនោះ សម្រាប់​លើក​ទឹកចិត្ត​ឲ្យមាន​ការចូលរួម​ក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ​កាន់តែច្រើន​។​

កម្ពុជា​​ប្រកាស​​ពី​ជោគជ័យ​​នៃ​កិច្ច​ប្រជុំ​​ គណៈកម្មាធិការ​​បេតិកភណ្ឌ​​ពិភព​លោក​​នៅ​​កម្ពុជា​

  • PDF

​ប្រទេស​កម្ពុជា​ទើបតែ​បាន​រៀបចំ​កិច្ចប្រជុំ គណៈកម្មាធិការ​បេតិក​ភណ្ឌ​​ពិភព​លោក​​លើក​​ទី​​៣៧​ ត្រឹមតែ​បាន​២​ថ្ងៃ​ប៉ុណ្ណោះ បើ​គិត​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ប៉ុន្ដែ​​លោក​ឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រី​ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​បាន​ប្រកាស​ពី ភាព​ជោគជ័យ​នៃ​ការរៀបចំ​កិច្ចប្រជុំ​នេះ​។

​លោក​ឧបនាយករដ្ឋមន្ដ្រី សុខ អាន បាន​មានប្រសាសន៍​ក្នុង​​សន្និ​សីទ​កាសែត​​កាល​ពី​ថ្ងៃ​​ម្សិល​មិញ​​ថា កិច្ចប្រជុំ​​របស់​​គណៈ​កម្មា​ធិកា​រ​​បេតិក​ភណ្ឌ​​ពិភព​​លោក​ មាន​​ការ​ទាក់​ទាញ​ជា​ខ្លាំង​ពី​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដូចនេះ​វា គឺជា​ជោគជ័យ​មួយ​សម្រាប់​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី សុខ អាន បាន​មានប្រសាសន៍​បន្ដ​ថា មាន​ប្រទេស​ចំនួន​១២៨​ប្រទេស​បាន​មក​ចូលរួម ហើយ​មាន​មនុស្ស​ចំនួន​១៤៦៥ នាក់​បាន​មក​ចូលរួម​កិច្ចប្រជុំ ដែល​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​។

លោក​ថា ការ​ដែល​មាន​គណៈប្រតិភូ​បរទេស ចូលរួម​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក​ច្រើន​នេះ​ហើយ វា​បាន​បង្ហាញ​ពី​ជោគជ័យ​សម្រាប់​កម្ពុជា ហើយ​កម្ពុជា​នឹង​បន្ត​រៀបចំ​អោយ​រលូន​និង​ប្រកប​ដោយ​វិជ្ជាជីវៈ​។​

​ចំណែក​អគ្គនាយក​អង្គការ​យូណេស្កូ​លោកស្រី IRANA BOKOVA បាន​មានប្រសាសន៍​ដែរ​ថា នៅក្នុង​កិច្ចប្រជុំ​នឹង​មាន​ការពិភាក្សា​អំពី​សំណើ​នៃ​ការដាក់​បញ្ចូល​​នៅ​ក្នុង​​បញ្ជី​​បេតិក​ភណ្ឌ​​ពិភព​លោក និង​បេតិកភណ្ឌ​ពិភពលោក ដែល​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​។​

​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​នេះ គណៈប្រតិភូ​អង្គការ​យូណេស្កូ​បាន​អញ្ជើញ​ទៅ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ផង​ដែរ ដើម្បី​​ស្វែងយល់​នៅ​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​មួយ​នេះ​។

ហើយ​ដំណើរ​ទស្សនៈកិច្ច​នេះ​ក៏​សំដៅ​ជំរុញ និង​ការពិនិត្យ​​មើល​ប្រាសាទ​ព្រះវិហារ ដែល​រង​គ្រោះ​​ដោយ​​គ្រាប់​កាំភ្លើង​​របស់​​ទាហាន​​ថៃ កាលពី​ឆ្នាំ​២០១០​កន្លង​​មក​​​នេះ​​​ដែរ​។​

​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា​​ នៅ​ទីក្រុង​ភ្នំពេញ និង​គ្រោង​បិទ​នៅ​លើ​ទី​លានជល់ដំរី​ក្នុង​ខេត្ត​សៀមរាប​នា​ថ្ងៃទី​២៧ ខែ​​មិថុនា​​ខាង​មុខ​៕(ដោយៈ​ឃួន សុភ័​ក្រ)​

​ប្រតិភូ​អង្គ​ការ​យូណេស្កូ​នឹង​ធ្វើ​​ដំណើរ​​ទៅកាន់​​ប្រាសាទ​​ព្រះវិហារ​នៅថ្ងៃនេះ

  • PDF

​ប្រតិភូ​របស់​អង្គការ​យូណេស្កូ​គ្រោង​នឹង​អញ្ជើញ​ទៅ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៨​ខែមិថុនា ឆ្នាំ​២០១៣​នេះ ដើម្បី​ស្វែងយល់​នៅ​រមណី​យដ្ឋាន​ប្រវត្ដិសាស្ដ្រ​មួយ​នេះ​។

ដំណើរ​ទស្សនៈកិច្ច​នេះក៏​សំដៅ​ជំរុញ និង​ការពិនិត្យ​មើល​ប្រាសាទ​ព្រះវិហារ​ដែល​រងគ្រោះ​ដោយ​គ្រាប់កាំភ្លើង​របស់​ទាហាន​ថៃ កាលពី​ឆ្នាំ​២០១០ កន្លងមក​នេះ​ដែរ​។​

​ប្រភព​ព័ត៌មាន​ពី​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រាសាទ​ព្រះវិហារ​បាន​ឱ្យដឹង​ថា គណៈប្រតិភូ​អង្គការ​យូ​ណេស្កូ បាន​ធ្វើ​ដំណើ​រ​ទៅកាន់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​នា​ឱកាស​នោះ​គឺ​មាន​គោលបំណង​ទស្សនៈកិច្ចស្វែងយល់ ព្រោះ​ថា​ប្រាសាទព្រះវិហារ​បាន​ចុះបញ្ជី​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក​រួចហើយ កាល​ពី​​ឆ្នាំ​២០០៨ កន្លងទៅ​។​

សូមបញ្ជាក់​ថា អង្គការ​យូណេស្កូ និង​បណ្ដា​ប្រទេស​ជា​សមាជិក​ប្រមាណ​ជា​​១៥០០​នាក់ មក​ពី​ជាង​១២០ប្រទេស និង​រដ្ឋសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​បាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ដើម្បី​ចូលរួមកិច្ចប្រជុំពេញអង្គ​លើក​ទី​៣៧ នៃ​គណកម្មការ​បេតិកភណ្ឌ​ពិភពលោក ដែល​បាន​ចាប់ផ្តើម​ឡើងពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៧ មិថុនា​ នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ​ដោយ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ជា​សាកល​នេះ​។​

ព្រះ​មហាក្សត្រ​លើកទឹក​ចិត្ត​​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​​បោះ​ឆ្នោត​

  • PDF

ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​បាន​ផ្ងើរ​​ព្រះរាជ​សារ​ជូន​​ជន​រួ​ម​​ជា​តិ​​របស់​​ព្រះអង្គ​​ដោយ​​លើក​​​ទឹក​​ចិត្ត ​និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​​ដែល​​ខ្លួន​​ពេញ​ចិត្ត និង​មិន​ភ័យខ្លាច​។

​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ ទី​១៧ ខែ​មិថុនា​នេះ​បានឲ្យដឹង​ថា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះបាទ​នរោត្តម សីហ​មុនី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ដោយ​ប្រើ​ឆន្ទៈ​របស់​ខ្លួន​កុំ​មាន​ការព្រួយបារម្ភ​ចំពោះ​ការគាបសង្កត់​ ការ​គំរាម កំ​ហែង ឬ​សម្លុត​ពី​ជន​ណាមួយ ឬ​បក្ស​ណាមួយ​ឲ្យសោះ​។

​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​បានលើកឡើង​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​គឺជា​ការបោះឆ្នោត​សម្ងាត់ ហើយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​តាម​​លទ្ធិ​ប្រជាធិប​តេយ្យ​​សេរី​៕

​កិច្ចប្រជុំ​​គណៈ​កម្មា​ធិការ​​បេតិក​ភណ្ឌ​​ពិភព​លោក​លើក​​ទី​​៣៧​​ ឈាន​ចូល​​ដល់​​ថ្ងៃ​​ទី​២

  • PDF

កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក លើក​ទី​៣៧ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មិថុនា​នេះ គឺ​ឈាន​ចូលដល់​ថ្ងៃទី​២​​ហើយ​​ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ ​ក្រោម​ការដឹក​នាំ​​ដោយ​​លោក​​ឧបនាយក​រដ្ឋមន្ដ្រី ​សុខ អាន រដ្ឋមន្ដ្រី​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី និង​​មាន​​ការ​ចូល​រួម​ពី​​គណៈ​ប្រតិភូ​បរទេស​​ជាង​ ​​​១​ពាន់​​​នាក់ ​ដែល​​មក​​ពី​​១២០​​ប្រទេស ក្នុងចំណោម​ប្រទេស​១៩០​​ដែល​ជា​សមាជិក​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្ដី​ពី​ការការពារ​បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ​នៃ​អង្គការ​យ៉ូ​ណេ​ស្កូ​។​

​កិច្ចប្រជុំ​ត្រូវបាន​បើក​ជា​ផ្លូវកា​រហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​មាន​ការចូលរួម​ពី​សម្តេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន និង​ឥស្សរជន​ជាន់​ខ្ពស់​​កំពូលៗ​​ដទៃទៀត នៃ​ស្ថាប័ន​យូណេស្កូ ហើយ​កិច្ចប្រជុំ​នេះ​នឹងត្រូវ​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា​ខាងមុខ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បានឲ្យដឹងថា សម័យប្រជុំ​ពេញអង្គ​នី​មួយៗ​មាន​ភារកិច្ច​៖

១-​ធ្វើ​អត្ដ​សញ្ញាណ​សម្បត្ដិ​វប្បធម៌ និង​ធម្មជាតិ​ដែល​មាន​តម្លៃ​ជា​សាកល និង​មិន​អាច​កាត់ថ្លៃ​បាន ដោយ​ផ្អែក​លើ​សំណើ​របស់​រដ្ឋ​ភាគី ដើម្បី​ទទួលបាន​ការ​ការ​ពារ អនុលោម​​តាម​អនុសញ្ញា និង​ដើម្បី​ចុះ​ក្នុង​បញ្ជីបេ​តិកភ័​ណ្ឌ​ពិភពលោក​។​

២-​ត្រួតពិនិត្យ​ស្ថានភាព​អភិរក្ស​នៃ​សម្បត្ដិ​វប្បធម៌ ដែល​បាន​ចុះបញ្ជី​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក​ដោយ​សហការ​ជាមួយ​រដ្ឋ​ភាគី និង​សម្រេច​ថា​តើ​មាន​សម្បត្ដិ​វប្ប​ធម៌​​ណា ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​ដក​ចេញ​ពី​បញ្ជី​នេះ ព្រមទាំង​សម្រេច ថា​តើ​សម្បត្ដិ​វប្បធម៌​ណាមួយ​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

៣-​ពិនិត្យមើល​សំណើសុំ​ជំនួយ​ហិរញ្ញវត្ថុ​អន្ដរជាតិ ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​បេតិក​ភ័ណ្ឌ​ពិភពលោក​។​

​យ៉ាងណាក៏ដោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក លើក​ទី​៣៧ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​កម្ពុជា​គ្មាន​គំរោង​យក​សម្បត្តិ បេតិក​ភណ្ឌ​​ជាតិ​​របស់​​ខ្លួន ដើម្បី​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​នេះឡើយ​។ នេះ​បើ​តាម​លោក​ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​កិច្ចប្រជុំ​គណៈកម្មា​ធិ​ការ​​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៧​។

​គួរ​ជម្រាបជូន​ថា នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នេះ ​មាន​​អ្នកសារ​ព័ត៌មាន​​ជាតិ ​និង​អន្តរ​ជាតិ​​ជាង​​៥០០​​នាក់ ​បាន​ចូលរួម​យក​ព័ត៌មាន​នេះ​ផង​ដែរ​។

ជាមួយគ្នានេះ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ក៏​បាន​ប្រកាស​ជូន​ដំណឹង​ថា កិច្ចប្រជុំ​នេះ​​នឹង​​មាន​​ការ​ផ្សាយ​ផ្ទាល់​តាម​គេ​ហ​ទំព័រ​​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី​​ផង​ដែរ​។​

​អ្វី​ជា​ការកត់សំគាល់​នៅក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ថៃ បាន​ស្នើ​ទៅ​កាន់​ភាគី​កម្ពុជា​មិន​អោយ​លើក​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ដាក់​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​នេះ​ទេ​។ ប៉ុន្តែ​​ត្រូវបាន​ភាគី​កម្ពុជា​ច្រានចោល​៕(ដោយៈ​​ឃួន សុភ័​ក្រ)​

កម្ពុជា​​រំពឹង​ថា នឹង​​ទទួល​បាន​​ភ្ញៀវ​ទេស​ចរ​​៤,៥​លាន​នាក់​​នៅ​​ឆ្នាំ​​២០១៥

  • PDF

​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​៣៧​នៃ​គណៈកម្មាធិការ​បេតិក​ភ័ណ្ឌ​ពិភពលោក ដែល​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពី​យប់​ថ្ងៃ​​អាទិត្យ ​ប្រមុខ​ដឹក​នាំ​​នៃ​ប្រទេស​កម្ពុជា សម្តេច​ហ៊ុន សែន​​ បាន​លើកឡើង​ថា អស់​រយៈពេល​ ២០​ឆ្នាំ​​មក​​ហើយ។

​​​ដែល​​​ប្រាសាទ​​អង្គរ​វត្ត​​​ត្រូវ​បាន​ដាក់បញ្ចូល​ល​​​នៅ​ក្នុង​​បញ្ជី​បេ​​តិក​ភ័​ណ្ឌ​​ពិភព​​លោក​ ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​មក​ទស្សនា​កម្ពុជា​មាន​​ចំនួន​​តែ​១២០​.០​០០​​នាក់​​​​ប៉ុណ្ណោះ​។

តួលេខ​នេះ​បាន​កើន​ឡើង​ទៅ​ដល់ ៣,៥​លាន​នាក់​ ​ក្នុង​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា​នឹង​អាច​កើន​ដល់ ៤,៥​លាន​នាក់​​នៅ​ត្រឹម​ឆ្នាំ​២០១៥"​។​

​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​វិស័យ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កំណើន​ប្រកបដោយ​សមធម៌​និង​ការ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី ១០០ ភាគរយ​ក្នុង​ឆ្នាំ​១៩៧៩ មក​ត្រឹម ១៩ ភាគរយ នៅក្នុង​ឆ្នាំ ២០១១​។​

​សូមបញ្ជាក់​ថា នៅក្នុង​ឱកាស​នៃ​ពិធី​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៧​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក កាលពី​យប់​​ថ្ងៃ​អាទិត្យ​​នោះ​​ផង​​ដែរ​​កម្ពុជា​​បាន​​ទទួល​ជា​ផ្លូវការ​នូវ​រូប​បដិមា​បនទ​វៈ​២​អង្គ ពី​ប្រធាន​សារមន្ទីរ Metropolitan Museum of Art ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។

​រូប​បដិមា​ខ្មែរ​ទាំង​ពីរ​អង្គ​នេះ​ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែ​មិថុនា​ក្រោម​កិច្ចសហការ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្ទាល់​។

កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​ធ្វើ​កំណាយ​បូរាណ​វិទ្យាក៍​បាន​រកឃើញ​ទីតាំង​អតីត​ព្រះបរមរាជវាំង​សម័យបូរាណ​នៃ​រាជធានី​ម​ហិន្ទ្របព៌​ត​ដែល​មាន​អាយុកាល​ជាង​១២០០​ឆ្នាំ​​មក​ហើយ​។ ​ទីតាំង​អតីត​រាជវាំង​បូរាណ​នោះ​នៅ​កប់​ក្រោម​ដី​ដោយ​មាន​ព្រៃ​ក្រាស់​ដុះ​គ្រប​នៅ​លើ​ខ្នងភ្នំ​គូលែន​៕(ដោយៈ​​ជា ធីរិទ្ធ​)​

ហុងកុង​​លើក​លែង​​ទិដ្ឋាការ​​ចំពោះ​​មន្ត្រី​​កា​ទូត ​និង​រដ្ឋាភិបាល​​កម្ពុជា​​ចាប់ពី​​ថ្ងៃ​ទី​១​​មិថុនា​​តទៅ​

  • PDF

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​កម្ពុជា លោក​កុយ គួង បាន​អោយ​​ដឹង​​នៅ​​ថ្ងៃ​នេះ​ថា ចាប់ពី​ពេលនេះ​តទៅ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកកា​ទូត​កម្ពុជា​ទាំង​អស់​​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ទីក្រុង​ហុងកុង​បាន​ដោយ​សេរី និង​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ទៀត​នោះ​ទេ​។

លោក​បាន​អោយដឹងថា​បន្ថែមថា រដ្ឋាភិបាល នៃ​ទីក្រុង​ហុងកុង បាន​សម្រេច​លើកលែង​ទិដ្ឋាការ ដល់​មន្ត្រី ការទូត និង​មន្ត្រីរាជការ​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​១​មិថុនា​មក​ម្លេះ​។

​លោក​កុយ គួង បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ការលើក​ទិដ្ឋាការ​ពី​សំណាក់​រដ្ឋាភិបាល​ហុងកុង ដល់​មន្ត្រីរាជការ​កម្ពុជា​នេះ ជាការ​បញ្ជាក់​អំពី​មិត្តភាព​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ភាគី​ទាំងពីរ​។​

​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បាន​បញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃ​ទី១ ខែមិថុនា​​នេះ​​តទៅ។

រដ្ឋាភិបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នឹង​លើកលែង​ទិដ្ឋាការ​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ការទូត​កម្ពុជា​ដែល​មាន​លិខិតឆ្លងដែន​ផ្លូវការ ហើយ​មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល​មួយ​នេះ​ក៏​អនុញ្ញាតឲ្យមាន​ការចេញចូល និង​អាច​ស្នាក់នៅ​ក្នុង​ទីក្រុងហុងកុង រយៈពេល​១៤ថ្ងៃ​ផងដែរ​៕

​គណបក្ស​​សង្គ្រោះ​​ជាតិ​បាន​​ប្រមូល​​ស្នាម​​មេដៃ ទាមទារ​​ឲ្យ​​តំណាង​រាស្ត្រ​ចូល​ធ្វើ​ការ​​វិញ​

  • PDF

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ប្រជាពលរដ្ឋ​នៅតាម​បណ្តា​រាជធានី ​ខេត្ត​​ក្នុង​​គោល​បំណង​ដាក់​ជូន​សម្តេច​​ហេង សំរិន​ ប្រធាន​​រដ្ឋ​​សភា​ ដើម្បី​​ទាម​ទារ​​ឲ្យ​​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​​ដែល​ត្រូវ​បាន​​ដក​ចេញ​​ពី​​រដ្ឋ​សភា​ចូល​​បំ​ពេញ​​ការ​ងារ​​វិញ​។

នៅក្នុង​ញត្តិ​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​ក៏​បាន​បញ្ជាក់ថា ក្នុងករណី​ដែល​ប្រធានរដ្ឋសភា​មិន​ទទួលយក​សំណូមពរ​ទេ ពួកគេ​នឹង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​ដែល​បាន​ដក​នោះ​ចូល​បំពេញ​ការងារ​វិញ៕

​លោក​រ៉ុង ឈុន ​ធ្វើ​សន្និសីទ​កាសែត​ស្តីពី "​​សិទិ្ធ​កម្ពុជា​​ក្នុង​ការ​ទាមទា​រ​ទឹក​ដី ​និង​​កោះ

  • PDF

​លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បានប្រកាស​ជូន​ដំណឹង​ថា ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នឹង​ធ្វើ​ស​ន្និ​សិទ​​កាសែត​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៣​នេះ ស្តីពី "​សិទិ្ធ​កម្ពុជា​ក្នុង​ការទាមទា​រទឹក​ដី និង​កោះ ដែល​សំដៅ​ដល់​កោះ​ត្រល់​" ដែល​បាន​បាត់​​បង់​​​ទាំង​អស់​​ដោយសារ​ការឈ្លាន​ពាន​​ពី​ប្រទេស​​ជិត​ខាង​​កម្ពុជា​។

សន្និសីទកាសែត​នោះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ការិយាល័យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​25 QEo ផ្លូវ​លេខ១៧៣ សង្កាត់​ទូល​ស្វាយ​ព្រៃ​១ រាជធានី​ភ្នំពេញ​។

​គណៈ​កម្មា​ធិការ​​បេតិក​ភណ្ឌ​​ពិភព​លោក​ចាប់ផ្តើម​​បើក​​កិច្ច​ប្រជុំ

  • PDF

សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បានចាប់ផ្តើម​ប្រព្រឹត្ដិ​ធ្វើឡើង​ហើយ ចាប់ពី​ថ្ងៃ​ទី​១៦​នេះ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៣ ក្រោម​ដំបូល​ផ្ទះ​របស់​កម្ពុជា។

នា​ល្ងាច​មិញ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​ហ៊ុន សែន បាន​ចូលរួម​បើក​កិច្ចប្រជុំ​នេះ​ជា​ផ្លូវការ​នៅ​វិមាន​សន្ដិភាព​នា​ទីក្រុង​ភ្នំពេញ​។ ក្នុង​ព្រឹត្ដិការណ៍​ជា​ស​កល​នេះ មាន​ការចូលរួម​ដោយ គណៈប្រតិភូ​ប្រមាណ​១៣០០​នាក់ មកពី​ប្រទេស​ចំនួន​ជាង​១២០​ប្រទេស​​ដែល​​ជា​​សមាជិក​​អនុសញ្ញា​​ ឆ្នាំ​១៩៧២ ស្ដី​ពី​​ការ​ការ​ពារ​បេតិកភណ្ឌ​ពិភព​លោ ក​វប្បធម៌ និង​ធម្មជាតិ​នៃ​អង្គការ​យ៉ូណេស្កូ​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បង្ហាញថា កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នេះ ដើម្បី​ធ្វើ​អត្ដ​សញ្ញាណ​សម្បត្ដិ​វប្ប​ធម៌ និង​ធម្មជាតិ ដែល​មាន​តម្លៃ​ជា​​សាកល​​មិន​​អាច​​កាត់​ថ្លៃ​​បាន​​ដោយ​​ផ្អែក​​លើ​​សំណើ​របស់​រដ្ឋ​ភាគី ដើម្បី​ទទួលបាន​ការការពារ អនុលោម​តាម​អនុសញ្ញា និង​ដើម្បី​​ចុះ​​ក្នុង​​បញ្ជី​បេ​តិក​ភ័​ណ្ឌ​​ពិភព​លោក​។

កិច្ចប្រជុំ​នេះ ក៏​ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​អភិរក្ស​នៃ​សម្បត្ដិ​វប្បធម៌ ដែល​បាន​ចុះបញ្ជី​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក ដោយ​សហការ​ជាមួយ​រដ្ឋ​ភាគី និង​សម្រេច​ថា​តើ​មាន​សម្បត្ដិ​វប្បធម៌​ណា​ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​ដក​ចេញ​ពី​បញ្ជី​នេះ​ព្រមទាំង​សម្រេច ថា​តើ​សម្បត្ដិ​វប្បធម៌​ណា​មួយ​​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ក្នុងនោះ​កិច្ចប្រជុំ​ក៏​ពិនិត្យ​មើល​សំណើសុំ​ជំនួយ​ហិរញ្ញវត្ថុ​អន្ដរជាតិ​ដែល​គាំទ្រ​ថវិកា​ដោយ​មូល​និធិ​​បេតិក​​​ភ័ណ្ឌ​​​ពិភព​​លោក​។

​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ទទួលបន្ទុក​រៀប​ចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​បានឲ្យដឹងថា ក្នុង​សម័យប្រជុំ​ឆ្នាំនេះ​មាន​ការស្នើសុំ​ចុះ​បញ្ជី​​សម្បត្តិ​​បេតិកភណ្ឌ​​ពិភព​លោក​​ចំនួន​​ជិត​​៤០ តែ​​កម្ពុជា​​ដែល​​ជា​​ម្ចាស់​ផ្ទះ​​មិន​​បាន​​ស្នើ​​ឲ្យ​មាន​ការ​ចុះ​បញ្ជី​​ប្រាសាទ​បុរា​ណ​សម្បូរ​ព្រៃ​គុបហ៍ និង​ប្រាសាទ​កោះកែ​ដែល​កម្ពុជា​គ្រោង​​នឹង​​ស្នើ​សុំ​​ទៅ​​អង្គការ​​យូណេស្កូ​​នោះ​ទេ៕​

​គណបក្ស​​សង្គ្រោះ​​ជាតិ​​នឹង​​ចូលរួម​​បោះឆ្នោត​​ ប៉ុន្តែ​​ដាច់ខាត​​មិន​​ទទួល​ស្គាល់​​លទ្ធផល​​បោះ​ឆ្នោត​

  • PDF

លោក​សម រង្ស៊ី បានប្រកាស​ដូច្នេះ តាមរយៈ​វិដេអូ​ខន​ហ្វឺ​រេ​ន ទៅកាន់​ក្រុម​យុវជន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ ដែល​​រៀប​ចំ​ឡើង​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទួលគោក ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែមិថុនា​។

​នេះ​គឺជា​ព្រឹត្តិការណ៏​ពិភាក្សានឹង​បង្ហាញមុខ​របស់​ប្រធាន​គណបក្សប្រឆាំង​រូបនេះ តាមរយៈ​វិដេអូ​ខន​ហ្វឺ​រេ​ន​ជា​លើក​ដំ​ពុង​ចាប់តាំងពី​គណបក្ស​កកើត​ថ្មី​នេះ​ធ្វើ​សមាជ​​គណបក្ស​​រួច​មក​។​

​សំលេងៈ

​មាន​មូលហេតុ​មួយចំនួន​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា គណបក្ស​ប្រឆាំង​នេះ នឹងចូលរួម​ការបោះឆ្នោត ប៉ុន្តែ​នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះទេ​។​

ការអះអាង​បែប​នេះ បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​​លោក​សម រង្ស៊ី ​គឺ​​មាន​មូលហេតុ​មួយចំនួន​ទី​មួយ​គឺ​ ដោយសារ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​មាន​បាតុ​កម្ម​​​​ប្រឆាំង​​លោក​​កឹម សុខា មាន​ការរារាំង រំខាន និង​ឡុកឡូ​ក​វេទិកា​ជួបជុំស​កម្មជន​គាំទ្រ​គណបក្សប្រឆាំង​​តាម​មូលដ្ឋាន​នានា​ ជាពិសេស​​ក្នុង​​ករណី​​ប្តឹង​​លោក​​កឹម សុខា ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​គុក​ទួលស្លែង និង​ករណី​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​កឹម សុខា​ជា​ដើម​។​

​​ទាក់ទង​នឹង​ការលើកឡើង​នេះ លោក​ទេព នីថា អគ្គលេខាធិការ​នៃ​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ដែល​ហៅ​កាត់​ថា គ.ជ.ប បានឲ្យដឹងថា បើ​តាម​​​នីតិ​វិធី​​នៃ​​ គ.ជ.ប គណបក្សនយោបាយ​ដែល​ចូលរួម​ត្រូវ​​ទទួល​​ស្គាល់​​លទ្ធផល​​នៃ​​ការ​បោះ​ឆ្នោត​។​ លោក​​ទេព នី​ថា​​​បន្ត​​ថាៈ​

​សំលេងៈ

​ទាក់ទង​នឹង​គជប​ដែរ លោក​យឹម​ សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ថា គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​នៅតែ​ទាមទារ​ឲ្យ​មាន​​ការ​ផ្លាស់​ប្ដូរ គ​.​ជ​.​ប ដើម្បី​ឲ្យក្លាយ​ទៅ​ជាស្ថាន​ប័ន​រៀបចំ​ការបោះឆ្នោត​ជាតិ​មួយ​​ដែល​​ឯករាជ្យ ​អព្យាក្រឹត្ត ​មិន​លំ​ហៀ​ង ដើម្បី​ឲ្យ​ពិភពលោក​អាច​ទទួល​យក​បាន​។

ជុំវិញ​ករណី​ខាងលើ​នេះ ត្រូវបាន​លោក​ទេព នីថា អគ្គ​​លេខាធិការ គ​.​ជ​.​ប​ បញ្ជាក់​ឲ្យដឹងថា ការបង្កើត​ឲ្យមាន ​គ.ជ​.ប គឺ​មិនមែន​​​ស្ថាប័ន​​​នេះ បង្កើតឡើង​ដោយ​​​ខ្លួន​​ឯង​​​នោះ​​​ទេ គឺ​រាល់​ដំណាក់កាល​បង្កើត ​គ.ជ.​ប គឺ​សុទ្ធតែ​គោរព​ទៅតាម​នីតិវិធី​ច្បាប់​ស្តីពី​ការបោះឆ្នោត​។​

​សំលេងៈ

​គួរបញ្ជាក់​ថា សេចក្តីប្រកាស​របស់​លោក​សម រង្ស៊ី​ តាម​រយៈ​វិដេអូ​​ខុន​​ហ្វីន​​នេះ​​បាន​​ធ្វើ​ឡើង បន្ទាប់​ពី​​ថ្នាក់​​ដឹក​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​បាន​​​ជួប​​ប្រជុំ​​​គ្នា​​​ កាល​​​​​​ពី​​យប់​​​ថ្ងៃ​​ទី​​១៤ ខែ​មិថុនា​​ស្តីពី​​ការ​ចូល​រួម​​បោះ​ឆ្នោត​ ​រឺ ​មិន​ចូលរួម​ជា​លទ្ធផល​គណបក្ស​នេះ​បាន​អះអាង​ថា នឹងចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​​ចំពោះ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​គឺ​គណបក្ស​ប្រឆាំង​នេះ មិន​ទទួលយក​ជាដាច់ខាត​។​

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ការអះអាង​នេះ​ត្រូវ​បាន​​មន្ត្រី​​ គ.ជ.ប អះអាង​តប​វិញ​ថា គឺ​គ្រាន់តែ​ជា​ការលើកឡើង​របស់​គ​ណ​បក្ស​តែ​​ប៉ុណ្ណោះ​តាម​ច្បាប់​​របស់​​ ​​គ.ជ.​ប ​គណ​បក្ស​​​ណា​​​ដែល​​​ចូល​រួម​​​បោះ​ឆ្នោត​​​ហើយ​ត្រូវ​តែ​​ទទួល​ស្គាល់​​លទ្ធផល​​នៃ​​ការ​បោះ​ឆ្នោត​៕

កិច្ចប្រជុំ​ពេញ​អង្គ​លើក​​ទី​៣៧ ​នៃ​​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​​ពិភពលោក​ចាប់ផ្ដើម​​នៅ​ព្រឹក​​ស្អែក​

  • PDF

​ចាប់ពី​ថ្ងៃ​ទី​១៦​ស្អែក​នេះ​ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៧​នៃ​គណៈ​កម្មា​ធិការ​​បេតិកភណ្ឌ​ពិភពលោក។

ដែល​នឹង​ប្រារឰធ្វើ​ជា​ផ្លូវការ​ក្រោម​អ​ធីបតី​ភាព ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​ហ៊ុន សែន នៅ​វិមាន​សន្ដិភាព​នា​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​​តាម​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​របស់​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។

​​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​បានឲ្យដឹង​ថា គណៈប្រតិភូ​ប្រមាណ​​១៣០០​នាក់ មកពី​ប្រទេស​ចំនួន​ជាង​១២០ ប្រទេស​ដែល​ជា​សមាជិក​អនុសញ្ញា​​ឆ្នាំ​​១៩៧២​ ស្ដី​​ពី​​ការ​ការពារ បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ​នៃ​អង្គការ​យ៉ូណេស្កូ នឹង​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​ជា​សកល​នេះ​។

ទីក្រុង​ភ្នំពេញ នឹង​ក្លាយជា​ទីក្រុង​ប្រវត្ដិសាស្ដ្រ នៃ​ការចុះបញ្ជី​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​នានា​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​បច្ចុប្បន្ន​នេះ មាន​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន​៩៦២​រួចជាស្រេច​។

សម័យប្រជុំ​ពេញ អង្គ​នីមួយៗ​មាន​ភារកិច្ច​៖

១-​ធ្វើ​អត្ដ​សញ្ញាណ​សម្បត្ដិ​វប្បធម៌ និង​ធម្មជាតិ​ដែល​មាន​តម្លៃ​ជា​សាកល និង​មិន​អាច​កាត់​ថ្លៃ​បាន​ ដោយ​ផ្អែក​លើ​សំណើ​របស់​រដ្ឋ​ភាគី ដើម្បី​ទទួលបាន​ការ​ការ​ពារ​ អនុលោម​តាម​អនុសញ្ញា និង​ដើម្បី​ចុះ​ក្នុង​បញ្ជីបេ​តិកភ័​ណ្ឌ​ពិភពលោក​។​

២-​ត្រួតពិនិត្យ​ស្ថានភាព​អភិរក្ស​នៃ​សម្បត្ដិ​វប្បធម៌​ដែល​បាន​ចុះបញ្ជី​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក​​​ដោយ​សហការ​ជាមួយរ​ដ្ធ​ភាគី និង​សម្រេច​ថា​តើ​មាន​សម្បត្ដិ​វប្ប​ធម៌​​ណា​ ​ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​ដក​ចេញ​ពី​បញ្ជី​នេះ ព្រមទាំង​សម្រេច​ថា ​តើ​សម្បត្ដិ​វប្បធម៌​ណាមួយ​ដែល​ត្រូវ​លុប​​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

៣-​ពិនិត្យមើល​សំណើសុំ​ជំនួយ​ហិរញ្ញវត្ថុ​អន្ដរជាតិ​ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​បេតិក​ភ័​ណ្ឌ​ពិភពលោក​។​

​គួរកត់សម្គាល់​ថា នេះ​គឺ ជា​កិច្ចប្រជុំ​ធំ​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ឆ្នាំ​២០១២​កន្លងទៅនេះ​ប្រកប​ដោយ​​​ជោគ​ជ័យ​៕(ដោយៈឃួន សុភ័ក្រ)​

សម្តេច​ហ៊ុន សែន​ អញ្ជើញ​​សម្ពោធ​​បណ្ណាល័យ ​និង​​សមិទ្ធិផល​នៅ​វត្ត​​នាគ​វ័ន្ត ​ស្រុក​​ក្រូចឆ្នា

  • PDF

​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​បណ្ណាល័យ និង សមិទ្ធិផល​នានា​ក្នុង​វត្ត​នាគ​វ័ន្ត ស្ថិតនៅក្នុង​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មា ខេត្ត​កំពង់ចាម​។

នៅក្នុង​ពិធី​នោះក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ខេត្ត សិស្សានុសិស្សព្រម​ទាំង​​ប្រជាពលរដ្ឋ​​រាប់​ពាន់​នាក់​។​

​លោក​សម រង្ស៊ី​​បាន​​ប្រកាស​ថា បាន​ឈ្នះ​​លើ​​ការ​គាំ​ទ្រ​​ក្នុង​​បណ្តាញ​​សង្គម​​Facebook

  • PDF

​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​នៅលើ​ទំព័រ​​ Facebook ​របស់​លោក​នៅ​ថ្ងៃ​​នេះ​​ថា លោក​បាន​ឈ្នះ​លើ​ចំនួន​អ្នកគាំទ្រ​នៅ​ក្នុង​បណ្តាញ​​​សង្គម Facebook​ ដ៍​មាន​ប្រជាប្រិយភាព​មួយ​នេះ​។

​បើ​តាម​ការប្រកាស​របស់​លោក​សម រង្ស៊ី គិត​នៅត្រឹម​ម៉ោង 19:09​នាទី​ថ្ងៃ​នេះ គណនេយ្យ​ Facebook របស់​លោក​មាន​អ្នកគាំទ្រ​ចំនួន​67,595​ក្នុង​បណ្តាញ​ហ្វេ​សប៊ុក​គឺ​ច្រើន​ជាង​គណនេយ្យ​ Facebook​ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ចំនួន ​67,561​។​

​លោក​សម រង្ស៊ី បាន​និយាយថា ទំព័រ​ហ្វេ​សប៊ុក​របស់លោក បាន​ក្លាយទៅជា​ទំព័រ​នយោបាយ​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​។ លោក​បាន​សរសេរថា ហ្វេ​សប៊ុក កំពុងតែ​ធ្វើឲ្យ​ការបោះឆ្នោត​ឆ្នាំនេះ មាន​ការប្រែប្រួល​យ៉ាងខ្លាំង​។

នៅ​ថ្ងៃនេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីប្រកាស​មួយ​ថា គណបក្ស​នេះ​នឹង​រៀបចំ​វេទិការ​មួយ ដើម្បី​ជួបជុំ​ជាមួយ​និស្សិត​កម្ពុជា​នា​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា​ចុង​សប្តាហ៍​នេះ ដើម្បី​ប្រកាស​ពី​លទ្ធផល​នេះ​។

​ប៉ុន្តែ​យ៉ាងណា​ក៍ដោយ លោក​ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណរដ្ឋមន្ត្រី​បាន​និយាយថា លោក​មិនដឹងថា​តើ​សម្តេច​នាយក​​រដ្ឋ​មន្ត្រី​ហ៊ុន សែន មាន​គណនេយ្យ Facebook នោះទេ​។

ហើយ​លោក​ក៍​មិន​អាច​បញ្ជាក់បាន​ដែរ​ថា តើ​លោក សម រង្ស៊ី បាន​ប្រកួតប្រជែង​ដោយ​របៀប​ណា​នោះទេ​។ ក៍​ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ការប្រកួតប្រជែង​ក៍​មិន​បាន​ធ្វើឡើង​នៅតាម​បណ្តាញ​សង្គម Facebook​នេះដែរ​។

​ដូច្នេះ​ការប្រកាស​របស់​លោក​សម រង្ស៊ី ដែល​ប្រៀបធៀប​ការលេង Facebook ​ថា​មាន​ការគាំ​ទ្រ​​ច្រើន​​នោះ​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​តែប៉ុណ្ណោះ​។

សំលេងៈ

​លោក​គឹម គុណ​វឌ្ឍន៍ អគ្គនាយក​ទូរ​ទ្សន៍​ជាតិ​កម្ពុជា​ដែល​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម ​Facebook ​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ បានអោយដឹងថា នៅ​ក្នុង​​យុទ្ធនា​ការ​​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្ស​នយោបាយ​ចាប់ពី​ថ្ងៃ​ទី២៧​ មិថុនា ​ដល់​ថ្ងៃ​ទី​​២៦​ កក្កដា​​ខាង​មុខ​នេះ គ.ជ.ប បាន​អនុញ្ញាត​​អោយ​​គណ​​​បក្ស​នយោបាយ​​ឃោសនា​​រក​​សំលេង​ឆ្នោត​ក៍​អាច​ធ្វើទៅបាន​តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម​Facebook​​នេះដែរ​។

លោក​បាន​សរសេរ​ទៀតថា នេះ​ជា​ជំ​ហ៊ាន​ថ្មី​មួយទៀត លើ​ការចែករំលែក​ព័ត៌មាន​និង​ការទទួលបាន​ព័ត៌មាន​។ លោក​គឹម គុណ​វឌ្ឍន៍​ បានអោយ​ដឹង​ដែរ​ថា តាម​ស្ថិតិ​មិន​ផ្លូវការ​គឺ​មាន​យុវជន​កម្ពុជា ប្រមាណ​ជា​​៨០% បាន​និង​កំពុង​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម ​Facebolk ​នេះ​ជា​ប្រចាំ​ថ្ងៃ​។

ប៉ុន្តែ​ក្នុងនាម​លោក​ជា​អ្នកប្រើប្រាស់​បណ្តាញ FB ម្នាក់​ដែរ​នោះ លោក​គឹម គុន​វឌ្ឍន៍ ​បាន​សំណូមពរ​អោយ​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ​ក្នុង​ភាសាសរសេរ​ភាសា​និ​យាយ រូបភាព រូបថត ដើម្បី​រក្សា​នូវ​តំលៃ​ជា​ប្រជាជន​ស៊ីវិល័យ​មួយ​នឹង​គេ​។​

​បើ​តាម​ការវិភាគ​នានា​បានអោយដឹងថា នៅពេល​ដែល​គណបក្សកាន់អំណាច​កំពុងតែ​មាន​ប្រៀប​នៅ​ក្នុង​ការទទួល​បាន​កា​រ​ផ្សព្វផ្សាយ​ច្រើន​តាមរយ​:​សារ​ព័ត៌មាន​ប្រពៃណី​ដូចជា​កាសែត ទូរទស្សន៍ និង វិទ្យ​ជា​ដើម​នោះ​សារព័ត៌មាន​សង្គម​ Facebook ក៍​បាន​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​របស់​គណ​បក្ស​ប្រឆាំង​ ដើម្បី​ធ្វើអោយ​សារ​នយោបាយ​របស់​ពួកគេ​បាន​ជ្រាប​ដល់​អ្នកបោះឆ្នោត​ជា​ង​៩​លាន​នាក់​ផងដែរ​។​

គណបក្សប្រឆាំង​បាន​ប្រើប្រាស់​ Facebook យ៉ាង​ប៉ិនប្រសប់​ដើម្បី​ធ្វើការ​ឃោស​នយោបាយ​ដោយ​គ្មាន​ការ​រឹតត្បិត​ដែល​ពេល​ខ្លះ​បាន​ឆ្ងាយ​ហួស​ពី​ព្រំដែន​នៅក្នុង​សារព័ត៌មាន​បែប​វិជ្ជាជីវ​:​បាន​ធ្វើ​នា​សព្វថ្ងៃនេះ​។​

​គិត​មក​ដល់​ត្រឹម​ថ្ងៃទី​២៣​ខែ​មេសា មនុស្ស​ចំនួន​ជិត​៧​លាន​នាក់​បាន​ប្រើប្រាស់ ​Facebook ដោយ​ច្រើនជាង​ចំនួន​មនុស្ស​ដែល​បាន​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១២​ដែល​មាន​ត្រឹមតែ​ជាង​៥​លាន​នាក់​ប៉ុណ្ណោះ​។

នេះ​ជា​តួលេខ​មួយ​ដែល​បញ្ជាក់​ប្រាប់ថា​Facebook បាន​ក្លាយ​ជា​សារព័ត៌មាន​បែប​ថ្មី​មួយ​ដែល​អាច​នឹង​មាន​ឥទ្ឋិពល​នៅក្នុង​ការបោះឆ្នោត​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ខែ​កក្កដា​ខាងមុខនេះ​៕​(ដោយៈ​វ៉ា សំណព្វ​)

សម្តេច​នាយក​​រដ្ឋមន្ត្រី​​អរគុណ​​ចំពោះ​​សមាជិក​​រដ្ឋាភិបាល​​អាណត្តិទី​៤

  • PDF

​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៣ សម្តេច​នា​យក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​រដ្ឋាភិបាល និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​នៅពេល​ដែល​អាណត្តិ​ទី​៤ ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ ជិត​ដល់​ទីបញ្ចប់​តាមរយៈ​ការបោះឆ្នោត​នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​សេចក្តីប្រកាស​ពី​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​ទីស្តីការគណៈរដ្ឋមន្ត្រី​​បង្ហាញ​ថា សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បាន​​មាន​ប្រសាសន៍​​ថ្លែង​​អំណរ​​គុណ និង​កោតសរសើរ​ចំពោះ​សមាជិក សមាជិកា​រាជរដ្ឋាភិបាល គណៈ​អភិបាលខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ ដែល​បាន​ចូលនិវត្តន៍ និង​កំពុង​ទទួល​ការ​ងារ​​​​​ជា​​​​បន្ត។

​​​​​បណ្តា​​អង្គទូត​​ នៃ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​នៅ​តាម​​បណ្តា​​ប្រទេស​​ជា​​មិត្ត បណ្តា​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​​ដែល​បាន​​រួម​ចំណែក​​តាំង​ពី​​​ដើម​​​អាណត្តិ​​ក្នុងការ​​ធ្វើ​ឲ្យ​​រាជរដ្ឋាភិបាល ​អាណត្តិ​ទី IV នៃ​រដ្ឋសភា​ បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​ទប់​ទល់​​បាន​​ការ​​ប៉ុន​ប៉ង​​​ឈ្លាន​ពាន​​ទឹក​​ដី​​ពី​​ប្រទេស​ជិតខាង គ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះ។

ជាពិសេស​ខ្យល់ព្យុះ​កេត​សាណា ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ដោយ​កម្ពុជា​បាន​ងើបឈរ​ឡើង និង​ជម្រុញ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ធានា​​បាន​​សុ​វស្ថិភាព​​ស្បៀង​អាហារ​​កសាង​​បន្ថែម​​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​៕

​សហរដ្ឋ​អាមេរិក ​និង​​ប្រទេស​​នៅ​តំបន់​​មេគង្គ​​ក្រោម​​ជំរុញ​​ការត្រៀម​​រៀបចំ​​ទប់ទល់​​នឹង​​គ្រោះ​មហន្តរាយ​

  • PDF

​តំណាង​ផ្នែក​ស៊ីវិល​និង​យោធា​ប្រមាណ​១០០​នាក់ មកពី​​សហ​រដ្ឋ​អាមេរិក​​ប្រទេស​​កម្ពុជា​ ឡាវ ភូមា ថៃ និង​ប្រទេស​វៀតណាម បាន​ចូលរួម​នៅក្នុង​លំ​ហាត់​សិក្សា​​​​លើ​​តុ​​រយៈពេល​៣ថ្ងៃ ចាប់តាំងពី​​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលម៉ិញ​​នេះ នៅ​សណ្ឋាគារ Rafles Le Royal Hotel រាជធានី​ភ្នំពេញ​។

អ្នកចូលរួម​បាន​សហ​ការ​គ្នា លើ​ការឆ្លើយតប​ទៅ​នឹង​ឆាក​នៃ​ព្រឹត្តិការណ៍​មាន​ទឹកជំនន់​ធំ​មួយ​ពី​ទន្លេមេគង្គ និង​ដៃ​ទន្លេមេគង្គ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ កម្ពុជា​ថ្ងៃ​នេះ​។

សេចក្តីប្រកាស​បាន​អោយ​ដឹងថា ​លំ​ហាត់​ផ្លាស់ប្តូរ​ជំនាញ​ឯកទេស​ក្នុង​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ​សំរាប់​ភាពរឹងមាំ​នៃ​តំបន់​ប៉ាស៊ីហ្វិក បាន​បង្ហាញ​ពី​ការ​ខិតខំ​ ដើម្បី​ត្រៀម​រៀបចំ​សំរាប់​គ្រា​មាន​គ្រោះមហន្តរាយ​នៅពេល​ខាងមុខ​។

ដោយ​មាន​ការគ្រោង​ផែនការ​ច្បាស់លាស់ ប្រទេស​និមួយៗ​អាច​ដោះស្រាយ​បញ្ហា​ដែល​អាច​កើតមានឡើង​មុនពេល​មាន​គ្រោះមហន្តរាយ​ជាក់ស្តែង​មួយ​កើត​ឡើង​ដោយ​អនុញ្ញាត​អោយមាន​វិធី​ប្រកប ដោយ​ប្រសិទ្ធភាព​ច្រើន​សំរាប់​ផ្តល់​សេវា​សំខាន់​ចាំបាច់​ដល់​សាធារណជន​។​

​គួរបញ្ជាក់​ថា កាលពី​ខែ​កក្កដា ឆ្នាំ​២០០៩ លោកស្រី Hillary Clinton អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក និង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​បាន​បង្កើត​គំរោង​ផ្តួចផ្តើម​ស្តីពី​តំបន់​មេគង្គ​ក្រោម នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ភូ​កេត នៃ​ប្រទេស​ថៃ​។

នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ដំបូង​នេះ រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​នៅ​តំបន់​មេគង្គ​ក្រោម​រដ្ឋមន្ត្រី​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​លើក​កំពស់​សហ​ប្រ​តិប​ត្តិ​ការ​​គ្នា​ក្នុង​វិស័យ​បរិស្ថាន សុខាភិបាល អប់រំ និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។

គំនិត​ផ្តួចផ្តើម​ស្តីពី​តំបន់​មេគង្គ​ក្រោម​នេះ​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​តំបន់​មេគង្គ​ក្រោម​ចំពោះ​សហរដ្ឋអាមេរិក និង​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ជំរុញ​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ប្រទេស​ភូមា​បាន​ចូលរួម​នៅក្នុង​គំរោង​នៃ​គំនិត​ផ្តួចផ្តើ់ម​នេះ​នៅ​ខែកក្កដា ឆ្នាំ​២០១២៕​

​ទីភ្នាក់ងារ USAID​ ប្រកាស​​ផ្តល់​​ថវិកា​​សំរាប់​​វេទិកា​​ឆ្លើយតប​​ផ្នែក​​មនុស្ស​ធម៌​​នៅ​​កម្ពុជា​

  • PDF

សហរដ្ឋអាមេរិក​បាន​ប្រកាសថា ក្នុង​រយៈពេល​៩ខែ ដោយ​ចាប់ផ្តើម​ពី​ខែ​មិថុនា​នេះ​តទៅ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ USAID នឹង​ធ្វើការ​ឧបត្ថម្ភ​ដល់​វេទិកា HRF​ ក្នុងការ​បង្ហើយ​ការរៀប​ចំ​ផែនការ​បំរុង​សំរាប់​ទប់ទល់​នឹង​មហន្តរាយ​តាម​វិស័យ​មួយៗ ដែល​ផ្តោត​លើ​វិស័យ​អប់រំ ស្បៀងអាហារ​និង​អាហារូបត្ថម្ភ សុខាភិបាល ការការពារ​ផ្នែក​រូបវ័ន្ត ទី​ជំរក ទឹក និង​អនាម័យ​។

ជំនួយ​របស់​ទីភ្នាក់ងារ USAID ក៏​នឹង​ជួយ​ផងដែរ​ក្នុងការ​ធ្វើ​អោយ​មាន​យន្តការ​ផ្តល់ព័ត៌មាន និង​យន្តការ​សំរបសំរួល​គ្នា​នៅ​មុន​រដូវ​មាន​គ្រោះមហន្តរាយ​នៅ​កម្ពុជា​ ពង្រឹង​វិធី​ធ្វើការ​សិក្សា​វាយ​តំលៃ​ ដើម្បី​អោយ​ត្រូវ​តាម​បរិបទ​មនុស្សធម៌​នៅ​កម្ពុជា ហើយ​បណ្តុះបណ្តាល​អ្នកចូលរួម​ក្នុង​វេទិកា HRF រួម​ទាំង​អាជ្ញាធរ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង​។​

​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​ទៅ​ថា ការិយាល័យ​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា ការិយាល័យ​ផ្តល់​ជំនួយ​សង្គ្រោះ​មហន្តរាយ​នៅ​បរទេស​របស់​សហរដ្ឋ​អាមេរិក (OFDA) នឹង​ផ្តល់​ថវិកា​ចំនួន ២០០​,០០០​ដុល្លា​អាមេរិក​សំរាប់​ជួយ​ដល់​វេទិកា​ឆ្លើយតប​ផ្នែក​មនុស្សធម៌ (HRF) នៅ​កម្ពុជា​។

វេទិកា HRF នឹង​ពង្រឹង​ការត្រៀម​រៀបចំ​សំរាប់​គ្រាអាសន្ន​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​លើក​កំពស់​ការសំរបសំរួល និង​ការទាក់ទង​គ្នា​ក្នុងចំណោម​អង្គការ​មនុស្ស​ធម៌​នៅ​កម្ពុជា​។​

លោកស្រី Rebecca Black ប្រធាន​បេសកកម្ម​របស់​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​បាន​​មាន​ប្រសាសន៍​ថា “​ការឧបត្ថម្ភ​នេះ​ចំពោះ​វេទិកា​ឆ្លើយតប​ផ្នែក​មនុស្សធម៌​នេះ គឺជា​ឧទាហរណ៍​មួយទៀត​​នៃ​​ការ​ប្តេជ្ញា​ចិត្ត​​របស់​​រដ្ឋាភិបាល​​សហរដ្ឋ​អាមេរិ​ក​​ចំពោះ​​ប្រជាជន​​កម្ពុជា និង​ការទទួលស្គាល់​របស់​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិកលើ​បញ្ហា​ប្រឈម​របស់​ប្រជាជន​កម្ពុជា នៅពេល​គេ​ប្រឈម​និង​ត្រៀម​រៀបចំ​ទប់ទល់​នឹង​មហន្តរាយ​ធម្មជាតិ​”​។​

បន្ទាប់ពី​មាន​គ្រោះទឹកជំនន់​ដ៏​ធំ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១១ វេទិកា HRF ត្រូវបាន​បង្កើតឡើង​នៅ​ខែមិថុនា ឆ្នាំ ២០១២ ដើម្បី​ធានា​អោយ​មាន​ការសំរបសំរួល​គ្នា​ល្អ​ក្នុង​ការរៀបចំ និង​សកម្មភាព​ឆ្លើយតប​ចំពោះ​គ្រាអាសន្ន ក្នុងចំណោម​អង្គការ​មិនមែន​​រដ្ឋាភិ​បាល ទីភ្នាក់​ងារ​​របស់​​អង្គការសហប្រជាជាតិ គណកម្មាធិការ​ជាតិ​កម្ពុជា​សំរាប់​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និង​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​។​

តាំងពី​មាន​ទឹកជំនន់​ឆ្នាំ​២០១១​មក រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៤,១​លាន​ដុល្លា​អាមេរិក​សំរាប់​សកម្មភាព​កាត់បន្ថយ​ហានិភ័យ​ពី​មហន្ត​រាយ និង​ការឆ្លើយតប​នឹង​មហន្តរាយ​ដល់​អង្គការ​ខ្មែរ និង​​ទី​ភ្នាក់​ងារ​​កម្ម​វិធី​​ស្បៀង​អាហារ​​ពិភព​លោក​​របស់​​អង្គការសហប្រជាជាតិ​។

ស្រប​ជាមួយនឹង​សកម្មភាព​របស់​វេទិកា HRF ទីភ្នាក់ងារ USAID បាន​ជួយ​ដល់​ការបង្កើត​វេទិការ​ឆ្លើយតប​ផ្នែក​មនុស្សធម៌​នៅ​កម្ពុជា​ដែល​គ្រប់គ្រង​លើ​ការពង្រឹង​ការត្រៀម​រៀបចំ​សំរាប់​គ្រាអាសន្ន និង​សមត្ថភាព​ឆ្លើយតប​របស់​អង្គការ​មិនមែ​ន​រដ្ឋាភិបាល​ក្នុងស្រុក៕

​ព្រឹក​នេះព្រឹទ្ឋសភា​ប្រជុំ​ពិនិត្យ​ស្តីពី​​ការប្រ​ឆាំង​​ការមិនទទួល​ស្គា​ល់​​ឧក្រិដ្ឋ​ក្នុង​​របប​​ប៉ុលពត​

  • PDF

​ព្រឹទ្ឋសភា​នៃ​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៤ មិថុនា ២០១៣​នេះ បាន បើក​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ឋសភា​នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​លោក សាយ ឈុំ អនុប្រធាន​ទី​១​ព្រឹទ្ឋសភា។

របៀបវារៈ​សំខាន់ៗ ដែល​នឹង​ត្រូវ​ពិនិត្យ​ពិភាក្សា​រួម​មាន​៖

១-​សេចក្តីស្នើច្បាប់ ស្តីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​រយៈពេល នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​)​។​

២-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២​ឆ្នាំ​១៩៩៩ នៃ​អនុសញ្ញា​ទី​ក្រុងឡាអេ ឆ្នាំ​១៩៥៤ ស្តីពី​ការការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​​ប្រដាប់​អាវុធ​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us