Sunday, May 26th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ

នយោបាយ

នាយក​រដ្ឋមន្ត្រី​​កម្ពុជា​​បញ្ជាក់​​ពី​ការ​ផ្លាស់​ប្តូរ​តំណែង​​អភិបាល​​រាជធានី​-​​ខេត្ត​ចំនួន​​១០​រូប​

  • PDF

​នៅក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មីរបស់​សាលាខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៣​នេះ នា​យករដ្ឋ​មន្ត្រី​​កម្ពុជា​​សម្តេច​ហ៊ុន សែន​ បាន​បញ្ជាក់​​ថា អភិបាល​ខេត្ត​-​​រាជ​ធានី​ចំ​នួន​​១០​រូប​នឹង​ត្រូវ​​ផ្លាស់​ប្តូរ​​តំណែង​។​ ​អភិបាលខេត្ត​រាជធានី​មាន​អាណត្តិ៤ឆ្នាំ​ ហើយ​ត្រូវ​ផុត​អាណត្តិ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា​កន្លង​មក​។​

សំលេងៈ

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាបាន​បន្តថា អភិបាលខេត្ត​-​រាជធានី ដែល​បាន​ដោះដូរ​ហើយ​ដល់​អាយុ​ចូល​និវត្ត​មាន៨រូបនោះ​រួមមាន​​អភិបាល​ខេត្ត​​សៀម​រាប​គឺ ​​លោក​ ស៊ូ​ ភិរិន្ទ​​​ អភិបាល​​ខេត្ត​កំពង់​ធំ ​លោក​ឈុន​ ឈ​ន់ ​​អភិបាល​ខេត្ត​កំពង់​ចាម​​ ​លោក​​ហ៊ុន ណេង​​ អភិបាល​ខេត្ត​ស្ទឹង​ត្រែង ​​លោក​​ឡូយ ​សុផាត ​​អភិបាល​​រាជ​ធានី​​ភ្នំ​ពេញ ​លោក​កែប ​ជុតិមា ​អភិបាល​​ខេត្ត​​​កណ្តាល​ លោក​​ឈុន ស៊ីរុន ​​អភិបាល​ខេត្ត​កំពង់ស្ពឺ​ លោក​​កង ហ៊ាង ​និង​​អភិបាល​​ខេត្ត​មណ្ឌល​គិរី​​ លោក ​ចាន់ យឿន​។​

​ចំណែក​អភិបាលខេត្ត​ឧត្តរមានជ័​យ លោក​ពេជ្រ សុ​ឃិន ដែល​មាន​បញ្ហា​សុខភាព​ក៏​ត្រូវ​ផ្លាស់ប្តូរ​។ រីឯ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​អ៊ុង អឿន​ក៏ត្រូវ​ប្តូរ​ចេញ​ដែរ​​ដោយសារ​លោក​ត្រូវ​​ទៅ​​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​​តំណាង​រាស្ត្រ​។​

​សូមបញ្ជាក់​ថា បើ​តាម​ការបញ្ជាក់​ពី​សម្តេច​នាយករដ្ឋមន្ត្រីក្រៅពី​ការដោះដូរ​អភិបាល ខេត្ត​-​រាជធានី​ចំនួន​១០ខាងលើនេះ អភិបាលខេត្ត​១៤​ខេត្ត​ផ្សេង​ទៀត​ដែល​បាន​​រៀបចំ​រួចរាល់​អស់ ហើយ​នោះ​ក៍​នឹង​ចូលកាន់​តំណែង​រៀងៗ​ខ្លួន​ដោយ​មិន​មាន​ការផ្លាស់ប្តូរ​ណាមួយ​នោះទេ​។

​​គួរ​បញ្ជាក់ដែរថា ​ការបោះ​ឆ្នោត​​ជាតិ​​នឹង​​ធ្វើ​ឡើង​​នៅ​ថ្ងៃ​​អាទិត្យ​ ទី​២៨ ​ខែកក្កដា​ ឆ្នាំ​២០១៣​​ខាង​មុខ​នេះ​៕​(ដោយៈ​ជា ធីរិទ្ធ)​

​អ្នកនាំ​ពាក្យ​​រដ្ឋាភិបាល​ថា​សំដី​​លោក​​សម​រង្ស៊ី ​ជា​រឿង​​ភូតកុហក​​ប្រជា​ពលរដ្ឋ

  • PDF

​លោកទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង ប្រតិកម្ម​​រហ័ស​បាន​ចាត់​ទុក​​សំដី​​លោក​សម រង្ស៊ី​ ថាជាការ​ភូតកុហក​ប្រជាពលរដ្ឋ និង គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​​​តែ​​ប៉ុណ្ណោះ​។

ការឆ្លើយតប​របស់​លោកទិត សុធា បែបនេះ គឺ​​បាន​​ធ្វើ​ឡើង​​ក្រោយ​ពី​លោក​​សម ​រង្ស៊ី ​ក្នុង​​ពិធី​​បង្សុ​កូល​​គោរព​​វិញ្ញាណក្ខន្ធ​​អ្នក​​ដែល​​បាន​​ស្លាប់​​នៅ​ក្នុង​របប​ខ្មែរ​​ក្រ​ហម​​នៅ​​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​មេសា បាន​ថ្លែង​តាម​​វិដេ​អូ​អ៊ីន​ធឺណេ​ត​​ដោយ​​បាន​ប្រកាស​ពី​ជោគជ័យ​និង​ការរំពឹង​ទុក​របស់​គណ​​បក្ស​​សង្គ្រោះ​ជាតិ​ក្នុង​ការបោះឆ្នោត​ជាតិនៅ​ខែ​កក្កដា​ខាងមុខហើយ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​របស់លោក​នឹង​បើក​ឲ្យ​តុលា​ការ​​បន្ត​សំ​ណុំ​រឿង​កាត់ទោស​លើ​អតីត​មេ​ខ្មែរក្រហម។​

​ក្នុង​ពិធី​បង្សុកូល​នោះ​លោក​សម​រង្ស៊ី​បាន​ឆ្លៀត​លើកឡើងពី​បញ្ហា​នយោបាយ និង អម​ដោយ​ការអំពាវនាវឲ្យមាន​ការផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​​ការបោះឆ្នោតជាតិនៅពេល​ខាងមុខ ដើម្បី​នាំ​កម្ពុជាឲ្យ​ស្គាល់​សេរីភាព និង យុត្តិធម៌​ពិតប្រាកដ​។​

​ក្រៅពី​ការអំពាវនាវ​អោយ​ផ្លាស់ប្តូ​មេដឹកនាំ​ថ្មីលោក​សម ​រង្ស៊ីបានលើកឡើង​ពីគណបក្ស​សង្គ្រោះជាតិ​ដែល​កើតចេញ​ពី​ការ​បង្រួបបង្រួម​រវាង​គណបក្ស សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស។

គណបក្សសង្គ្រោះជាតិ​ដែល​លោក​សម​រង្ស៊ីបាន​រំលឹក​ដល់ត្រូវបាន​លោក​សម រង្ស៊ី ជឿជាក់ថា នឹង​ជា​រដ្ឋាភិបាល​ថ្មីដែល​ជំរុញ​ឲ្យ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដំណើរការ​ទៅមុខស្របតាម គតិយុត្តិ​ធម៌ និង​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​។

​យ៉ាងណាក៏ដោយ​មិន​ដល់​មួយថ្ងៃ​ផង​សំដី និងការលើកឡើង​របស់​លោក​សម​រង្ស៊ី ត្រូវបាន​លោក​ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង ប្រតិកម្ម​រហ័ស ចាត់​ទុកថា គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​។

លោកទិត សុធា​បញ្ជាក់ថា បច្ចុប្បន្ន​ដំណើរ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​កំពុងតែ​ទៅមុខ​​វា​មិន​ដូច​អ្វី​ដែល​សមរង្ស៊ី​បាន​និយាយ​ទេ​។

តប​នឹង​ក្តីសង្ឃឹម​លោក​សម​រង្ស៊ីថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជា​រដ្ឋាភិបាល​ថ្មី លោកទិត​ សុធា​បាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​មាន​សមត្ថភាព​ទទួលជោគជ័យ​នៅក្នុង​ការ​បោះ​ឆ្នោត​​​ដែរ​។

​ម្ចាស់​ក្សត្រី​​អរុណ​រស្មី​ទៅ​​បំពេញ​​ទស្សនកិច្ច​​ជា​ផ្លូវការ​នៅ​ចិន​

  • PDF

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​មេសា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​របស់​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណ​រស្មី ប្រធាន​គណ​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច​​រូ​ម​​នឹង​​គណៈ​ប្រតិភូ​​ចំនួន​​៦រូប​ ក្នុង​នោះ​មាន​​លោក​សៅ​ រ៉ានី​ អគ្គ​លេ​ខា​​ធិ​ការ​រង​​គ​ណ​​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច ​និង​​ជា​​តំណាង​រាស្ត្រ​​ប្រចាំ​​ខេត្ត​​ព្រៃ​វែង​​​ផង​​ដែរ​។

នេះ​បើ​តាម​សេចក្តីប្រកាស​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​។​ សេច​ក្តី​ប្រកាស​​ដដែល​​បាន​​បន្ត​​ថា​​ម្ចាស់​​ក្សត្រី​​នឹង​​គង់​​ស្នាក់​នៅ​​ទី​ក្រុង​​ប៉េកាំង​ចំនួន​បី​ថ្ងៃ​រួច​បន្ត​ទស្សន​កិច្ច​​ទៅ​​ទី​ក្រុង​​ស៊ី​អាន​នៃ​ខេត្ត​សាន​ស៊ី និង​ទីក្រុង​សេង​ជិន​នៃ​ខេត្ត​កង់​តុង​ជា​បន្ត​ទៀត​។

​នៅ​ទីក្រុង​ប៉េកាំង ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណ​រស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជួបពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​​ថ្មី​នៃ​គណៈកម្មាធិកា​រ​មជ្ឈឹមបក្ស​កុម្មុយនិស្ត​ចិន​ក្នុង​គោលបំណង​ពង្រីក និង​ពង្រឹង​​ចំណង​​មេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណ​​បក្ស​កុម្មុយ​និស្ត​​ចិន និង​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

បន្ទាប់មក សម្តេច​ប្រធាន និង​គណៈប្រតិភូ​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​យាង និង​អញ្ជើញ​ទៅ​ទស្សនា សារៈមន្ទីរ​ជាតិ​នៃ​ប្រទេស​ចិន​។​

​គួរ​បញ្ចាក់​ថា​គណៈ​ប្រតិភូ​​ជាន់​ខ្ពស់​​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​អមដំណើរ​ទស្សន​កិច្ច​រយៈពេល​៨​ថ្ងៃ​នោះ​មានដូចជា លោក​សៅ រ៉ានី អគ្គលេខាធិការរង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ុច និង​ជា​​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​ព្រៃវែង លោក​ហ្សាក់​គី សែ​ចិន អគ្គទីប្រឹក្សាសេដ្ឋកិច្ចនៃ​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​​និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​លោកស្រី ប្រាក់ ចន្ថា សមាជិក​គណៈកម្មាធិកា​រនា​យក និង​ជា​រដ្ឋលេខាធិការ​ក្រសួង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សមាជិក​សមាជិកា​មួយចំនួនទៀត​៕

​សវន​ការ​​ថ្ងៃទី​២​ ភាគី​​ថៃ​​ឡើង​​ពន្យល់​​ផ្ទាល់​មាត់​​ដល់​​តុលាការ​​ក្រុង​ឡា​អេ

  • PDF

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​គឺជា​វេន​របស់​ភាគី​ថៃ​ដែល​ឡើង​ពន្យល់​ផ្ទាល់មាត់​ដល់​តុលាការ​ក្រុងឡាអេ​ទាក់ទង​នឹង​ពាក្យបណ្តឹង​របស់​កម្ពុ​ជា​សុំ​ឲ្យ​តុលាការ​នេះ​បក​ស្រាយ​​សាលក្រម​ឆ្នាំ១៩៦២ ស្តីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​។​ភាគី​ថៃ​កាល​ពី​ម្សិលមិញ​បាន​ព្យាយាម​ពន្យល់​តុលាការ​ថា​សាលក្រម​ឆ្នាំ ១៩៦២ មិន​ជាប់​ពាក់​ពន្ធ័​នឹង​ជម្លោះ​ព្រំដែន​ទេ​។

ថៃ​បាន​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​បញ្ហា​ព្រំដែន​ដែល​ត្រូវបាន​កំណត់​ដោយ​អនុញ្ញា និង​សន្ធិសញ្ញា​បារាំង​សៀម​ឆ្នាំ១៩០៤ និង១៩០៧ មិន​ស្ថិត​ក្រោម​យុត្ថាធិការ​នៃ​សាលក្រម​ឆ្នាំ១៩៦២​ទេ​។ ការព្យាយាម​លើក​បញ្ហា​នេះ​ពីព្រោះ​តែ​ថៃ​ចង់​បង្ហាញ​ឲ្យឃើញថា បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ជា​ជម្លោះ​មិនទាន់​ដោះស្រាយបាន​និង​​ត្រូវ​បន្ត​ដោះស្រាយ​។

​នេះ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ទាមទារ​ផ្ទៃដី ៤.៦គីឡូម៉ែត្រ​ក្រឡា​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​។ ​នៅក្នុង​សវន​ការ​នោះ​ថៃ​បាន​អះអាងថា នេះ​ជា​សវនាការ​ដ៏​សំខាន់​មួយ ដែល​ខ្លួន​ត្រូវ​ទាមទារ​និង បង្ហាញ​ភស្តុតាង​ឯកសារ​ជាច្រើន​ដល់​តុលាការ​។

​យ៉ាងណា​ក៏​ដោយ​សម្រាប់​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​ឡើងវិញ តុលាការ​គ្រាន់តែ​ធ្វើតាម​នីតិវិធីតែ​តុលាការ​អន្តរជាតិ​មួយ​នេះ​ពិតជា​បានដឹង​រួច​ទៅ​ហើយ​ថា សាលក្រម​ឆ្នាំ១៩៦២មានន័យ​បែបណា​? យ៉ាងណាក៏ដោយ​នេះ​មិនមែន​ជា​ការកាត់ក្តី​អំពី​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ទេ តែ​គ្រាន់តែ​ជា​ការបកស្រាយ​ឡើង​វិញ​​សាល​ក្រម​​ឆ្នាំ​១៩៦២​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថា​នេះ គឺជាការ​តទល់​គ្នា​រវាង​កម្ពុជា​ថៃ​កាលពី​ថ្ងៃ​ទី​១៧​មេសា​ម្សិលមិញ​នេះ គឹជាថ្ងៃ​ទី​ពីរ​ហើយ​បន្ទាប់ពី​ត្រូវ​បាន​ឈប់សម្រាក​មួយថ្ងៃ​កាលពី​ថ្ងៃ​អង្គារ​។​គូរ​រំលឹកថា កាលពី​ថ្ងៃ​បើក​សវន​ការ​ថ្ងៃ​ដំបូង​ពោលគឺ កាលពី​ថ្ងៃ​ចន្ទ ទី​១៥ មេសា កម្ពុជា​បាន​ឡើង​ការពារ​បណ្តឹង​របស់​ខ្លួន​ដោយ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​។

ទាំង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង ទាំង​អ្នកច្បាប់ និង​មេធាវី​បរទេស​៣​នាក់​ដែល​ការពារ​ពាក្យបណ្តឹង​របស់​កម្ពុជា​ដោយ​បញ្ជាក់​ពី​ការបំពា​ន​ជា​បន្តបន្ទាប់​របស់​ថៃ​មកលើ​បូរណភាព​ដែនដី​របស់​កម្ពុជា​។

​ការបំពាន​របស់​ថៃ​រហូត​ដល់​ផ្ទុះ​សង្គ្រាម​៣​លើក​ក្នុង​ឆ្នាំ ២០០៨ ២០១១ និង ២០១២ បាន​បង្ខំ​ឲ្យ​កម្ពុជា​ងាក​មក​រក​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​ថ្មី ៥០​ឆ្នាំ​ក្រោយ​ពី​តុលាការ​នេះ​បាន​កាត់ក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ភាគី​ថៃ​ចំពោះ រឿងក្តី​ប្រាសាទព្រះវិហារ​។​

កម្ពុជា​បាន​បញ្ជាក់ថា បណ្តឹង​នេះ​គឺ​ចង់ឲ្យ​តុលាការ​បកស្រាយ​ឡើងវិញ​សាល​ក្រម​ឆ្នាំ ១៩៦២ ដើម្បី​ពន្យល់​ថៃ​ឲ្យបាន​ច្បាស់​ថា ប្រទេស​នេះ​កំពុង​បំពាន​សាល​ក្រម​​ឆ្នាំ​១៩៦២​​របស់​តុលាការ​អន្តរជាតិ​។

ក្នុង​សាលក្រម​តុលាការ​ក្រុងឡាអេ ឆ្នាំ​១៩៦២ នៅក្នុង​សេចក្តីសន្និដ្ឋាន តុលាការ​បាន​សម្រេច ៣​ចំណុច​សំខាន់ៗ​គឺ​ទី​១៖ ប្រាសាទ​ព្រះវិហារ ស្ថិត​នៅលើ​ទឹកដី​ដែល​ស្ថិតក្រោម​អធិបតេយ្យ​របស់​កម្ពុជា​។

ទី​២៖ ថៃ​ត្រូវ​ដក​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​ទាំងអស់​ចេញ​ពី​ប្រាសាទ និង​ពី​ជុំវិញ​ប្រាសាទ ដែល​ជា​ទឹកដី​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា និង​ទី​៣​ថៃ​ត្រូវ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នូវ​រាល់​វត្ថុ​បុរាណ​ដែល​ថៃ​បាន​យកចេញ​ពី​ប្រាសាទ​​ព្រះវិហារ​។​

គួរកត់សំគាល់​ថា កាសែត​ដឺ​ណេ​សិន​របស់​ថៃ​បាន​ដកស្រង់​សម្តី​របស់​លេខា​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ​ថា លោកស្រី យី​ង​ឡាក់​នាយករដ្ឋមន្ត្រី​ថៃ​មាន​ជំ​នឿ​​ចិត្ត​ថា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នឹង​ស្តាប់​ដល់​ភាគី​ទាំងសងខាង​ហើយ​លោក​ស្រី បាន​អំពាវនាវ​អោយ​សាធារណជន​ថៃ​ស្តាប់​ដោយ​ស្ងប់ស្ងាត់ ហើយ​បើក​ចិត្ត​ទទួល​កសិណសាក្សី​របស់​ក្រុមអ្នកច្បាប់​ថៃ​។

​គួរបញ្ជាក់​ថា ជនជាតិ​ថៃ​ប្រមាណ ១០០០ នាក់​នៃ​ក្រុម​មួយ​ដែល​ដាក់ឈ្មោះថា អ្នកសេ្នហាជាតិ​ថៃ បាន​ជួបជុំគ្នា​ធ្វើការ​តវ៉ា​ជំទាស់​ទៅ​នឹង​សវនាការ​របស់​តុលា​ការ​​យុត្តិធម៌ អន្តរជាតិ​។

ពួកគេ​ថា ថៃ​នឹង​បាត់បង់​ដី​ទំហំ ៤,៦គីឡូម៉ែត្រ​ក្រឡា​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ និង​ទឹកដី​ទំហំ១,៨លានរ៉ៃ​នៅ​ខេត្ត​ចំនួន​៧និង ទំហំ១៧លាន​រ៉ៃ​នៅ​ឈូង​សមុទ្រ​ថៃ​បើ​យោង​តាម​ផែនទី​បារាំង​-​សៀម​ខ្នាត​១​លើ​២០០.០០០៕

សមាគម​​មួយ​នឹង​​បង្ហាញ​​មូល​ហេតុ​នៃ​​ការ​រារាំង​មិន​​ឲ្យ​​ខ្មែរ​​កម្ពុជា​​ក្រោម​ទៅ​លេង​​ស្រុក​កំណើត

  • PDF

សន្និសីទកាសែត​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ធ្វើ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ ខែ​មេសា ឆ្នាំ​២០១៣​នោះ គឺ​ធ្វើ​នៅក្នុង​សាលប្រជុំ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ឋិត​ក្នុង​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។

​សេចក្តីប្រកាស​នោះ ឲ្យដឹង ថា ខ្មែរ​កម្ពុជា​ក្រោម​ខ្លះ ត្រូវបាន​ឃាត់ខ្លួន​អស់​រយៈពេល​៤៨​ម៉ោង ត្រូវបាន​ពិន័យ​ជា​ទឹកប្រាក់​រាប់សិប​លាន​ដុង ត្រូវ​បាន​ឆែកឆេរ​ឥ​វ៉ាន់ ត្រូវបាន​សួរចម្លើយ និង​គម្រាមកំហែង បំផិតបំភ័យ ហើយ​ត្រូវបាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​។

រី​ឯ​អ្នកខ្លះ​ទៀត ពេល​ទៅដល់​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​ត្រូវបាន​អាជ្ញាធរ​វៀតណាម​នៅ​ទីនោះ រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​ដំណើរ ដូច​ជា​ការ​ហៅ​ទៅ​សួរ​ចម្លើយ​នៅ​ទីស្នាក់ការ​នគរបាល​ឃុំ ស្រុក និង​ខេត្ត​ជា​ញឹកញាប់​។​

​បើ​តាម​សេចក្តីប្រកាស​ដដែល​នោះ ឲ្យដឹង​ទៀត ថា អ្នកខ្លះ​ទៀត ត្រូវបាន​នគរបាល​វៀតណាម​ពី​ថ្នាក់​ស្រុក​ដល់​ថ្នាក់​ខេត្ត ចុះ​មក​សួរចម្លើយ គម្រាមកំហែង បំផិត​បំភ័យ​ដ​ល់​គេហ​ដ្ឋា​ន​តែម្តង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកខ្លះ​ទៀត ក៏​ត្រូវបាន​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​លិខិត​ឆ្លងដែន ព្រមទាំង​ចាប់បង្ខំ​ឲ្យធ្វើ​ជា​កិ​ញ​សម្ងាត់ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​ខ្មែរក្រោម ឲ្យ​អាជ្ញាធរ​វៀតណាម​ទៅវិញ​។​

​ដោយ​សម្លឹង​ឃើញ​ថា នេះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​មកលើ​ខ្មែរ​កម្ពុជា​ក្រោម​ទើប​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​អង្គ​​សន្និសីទ​សារព័ត៌មាន​ស្ដីពី​“​សេរីភាព​ដើរហើរ​របស់​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ត្រូវបាន​រំលោភ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​” ដើម្បី​ជា​ការអំពាវនាវ​សូមឲ្យ​អាជ្ញាធរ​វៀតណាម​ត្រូវ​តែ​បញ្ឈប់​​រាល់​​ទង្វើ​​រំលោភ​សិទ្ធិ​ខ្មែរក្រោម​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​៕(ដោយៈ​ឃួន សុភ័​ក្រ)

ផ្លាស់​ប្តូរ​អភិបាល​ខេត្ត រាជធានី១០​រូប រួចរាល់​សម្រាប់​​អាណត្តិ​​ថ្មី

  • PDF

​នៅក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​របស់​សាលាខេត្ត​កំពត​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា​នេះ សម្តេចហ៊ុន សែន បានប្រកាសថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា កន្លងទៅ មាន​​ការ​ផ្លាស់​ប្តូរ​​អភិបាលខេត្ត​រាជធានី​ចំនួន១០រូប ដោយ​សារ​​តែ​អភិបាល​ខេត្ត​​ដែល​​មក​​ពី​​កូតា​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​​ទាំងអស់​នោះ​​ដល់​​អាយុ​​ចូល​​និវត្ត​​មាន​​បញ្ហា​​​សុខភាព​ និង​​ត្រូវ​​ទៅ​​ឈរ​​ឈ្មោះ​​ជា​​តំណាង​រាស្ត្រ​​សម្រាប់​​ការ​បោះ​ឆ្នោត​​ជាតិ​​នៅ​​ខែ​កក្កដា​។

សម្តេចក៏​បាន​ចុះហត្ថលេខា​លើ​ការដោះដូរ​អភិបាលខេត្ត រាជធានី​​ទាំង​១០រូប​នោះ​រួចរាល់​ហើយ ហើយ​ការប្តូរ​ចេញ​និង​ចូល​កាន់តំណែង​ក៏​បាន​ធ្វើឡើង​រួចរាល់​ហើយ​​ដែរ​។

​សម្តេចហ៊ុន សែន បាន​បន្តថា អភិបាលខេត្តដែល​បាន​ដោះដូរទាំង​១០​រូបនោះ​រួមមាន​៖ អភិបាលខេត្ត​សៀមរាប កំពង់ធំ កំពង់ចាម ស្ទឹងត្រែង ភ្នំពេញ កណ្តាល​ កំពង់ស្ពឺ ខេត្ត​មណ្ឌលគិរី​។ ចំណែក​អភិបាលខេត្ត​ឧត្តរមានជ័​យ លោក​ពេជ្រ សុ​ឃិន ដែល​មាន​បញ្ហា​សុខភាព​ក៏​ត្រូវ​ផ្លាស់ប្តូរ​ដែរ​។

រីឯ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន ក៏​ត្រូវ​ប្តូរ​ចេញ​ដែរ​ដោយសារ​លោក​ត្រូវ​ទៅ​ឈរ​ឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​។​ ​សម្តេច​ហ៊ុន សែន ក៏​បាន​បញ្ជាក់​​ថា អភិបាលខេត្ត​១៤ខេត្ត​ផ្សេង​ទៀត បាន​ចូល​កាន់តំណែង​ឡើងវិញ​មិន​មាន​ការផ្លាស់ប្តូរ​នោះទេ​។​

សម្តេច​ហ៊ុន សែន​ អញ្ជើញ​​សម្ពោធ​អាគារ​សាលា​ខេត្ត​កំពត

  • PDF

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជានៅ​ព្រឹក​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៣ បានអញ្ជើញជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់សម្ពោធ​ដាក់​​ឲ្យ​ប្រើ​ ប្រាស់​​ជា​​ផ្លូវ​ការ​​នូវ​​អគារ​​សាលា​ខេត្ត​កំពត​មួយ​ខ្នង ដែលមាន​កម្ពស់​២​ជាន់​។

នៅក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់នៃ​រាជរដ្ឋាភិបាលមន្ត្រីតាមមន្ទីរស្ថាប័ន​នានាមន្ត្រី​សាលាខេត្ត​កំពត និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​។​

​ប្រមុខ​រដ្ឋាភិបាល​​ប្រកាស​​ពី​ការ​រៀបចំ​​ពិធី​បុណ្យ​អ៊ុំ​ទូក​​នៅ​​មុខ​វាំង​​ឡើងវិញ​

  • PDF

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ​បានប្រកាសរៀបចំ​ពិធី​បុណ្យ​អ៊ុំ​ទូក​ឡើងវិញ​នៅ​ឆ្នាំ​២០១៣​នេះ បន្ទាប់​ពី​ខកខាន​មិន​បាន​រៀបចំ​អស់​ពេល​​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា កាលពី​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ដោយសារ​បញ្ហាគ្រោះទឹកជំនន់ និង​កាន់​ព្រះរាជ​មរណ​ទុកអង្គ​សម្ដេចឪ នរោត្តម សីហនុ​។

​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ពហុ​កីឡា​ដ្ឋា​ន​ជាតិ​មរតក​តេជោ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែ​មេសា​នេះ​បាន​ប្រ​កាស​​ថា នៅ​ឆ្នាំ​២០១៣​នេះ ពិធី​បុណ្យ​អុំទូក​ត្រូវតែ​ធ្វើ​ជា​ធម្មតា​ឡើងវិញ បន្ទាប់​ពី​ខកខាន​មិន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​អស់​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​រួច​មក​។

សំលេងៈ

​ពិធី​បុណ្យ​អុំទូកនៅ​ឆ្នាំ​នេះនឹង​ត្រូវ​ធ្វើឡើងនៅ​អំឡុង​ថ្ងៃទី​១៦-១៧ និង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

​គួរបញ្ជាក់ ថា នៅ​ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ប្រកាស​លុបចោល​ការ​ប្រារព្ធ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អក​អំបក​និង​សំពះ​ព្រះ​ខែ ​ដើម្បី​ចូលរួម​កាន់​ព្រះរាជ​ទុក្ខ​អតីតព្រះមហាក្សត្រ ព្រះ​នរោត្តម សីហនុ ដែល​បាន​សោយ​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

ចំណែក កាលពី​ឆ្នាំ​២០១១ រាជរដ្ឋាភិបាល​កម្ពុជាក៏​បាន​លុបចោល​បុណ្យ​អ៊ុំ​ទូក​នេះដែរ ដោយសារ​តែ​គ្រោះ​ទឹកជំនន់​ដែល​បាន​ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​២៥០​នាក់ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជាង​១,៤​លាន​នាក់ ទទួលរង​ផលប៉ះពាល់​៕​(ដោយៈឃួន សុភ័​ក្រ)​

​កម្ពុជា​​ចាប់​ផ្តើម​បើក​​ការ​ដ្ឋាន​​សាងសង់​​ពហុ​កីឡាដ្ឋាន​​ជាតិ​​មរតក​​តេជោ​

  • PDF

សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នឹង​ធ្វើជា​អធិបតីភាពក្នុង​ពិធី​ការដ្ឋាន​សាងសង់​សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​ជា​ពហុកីឡាដ្ឋាន​ធំ​ទំនើប​លំដាប់​ខ្នាត​​អន្តរជាតិ​មួយ​នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា​ឆ្នាំ​២០១៣​​ស្អែក​នេះ​។

​បើ​តាម​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញបានឲ្យដឹងថា សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ជា​ពហុ​កីឡដ្ឋាន​ថ្មី​នេះ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ លើ​ទំហំ​ផ្ទៃ​ដី​ជាង​៨៣​ហិកតា ក្នុង​តំបន់​អភិវឌ្ឍ​ន៏​របស់​លោក​ឧកញ៉ាលី យ៉ុង​ផាត ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាប់​។​

​អភិបាល​រាជធានី​ភ្នំពេញ​លោក​កែប ជុតិមា បាន​បញ្ជាក់​ក្នុង​ពិធីសែនក្រុងពាលី​តាម​បែប​សាសនា ដើម្បី​បួងសួង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​សុំ​សេចក្តីសុខ សេចក្តី​ចម្រើន​​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែ​មេសា ​ឆ្នាំ​២០១៣​នេះ​ថា ការ​សាង​សង់​​ពហុ​​កីឡ​ដ្ឋាន​​ជាតិ​​ខ្នាត​​ធំ​​ទំនើប​​នេះ ​ស្រប​ពេល​​ដែល​​កំណើន​សេដ្ឋកិច្ច និង​កម្រិតជីវភាព​រស់​នៅ​​របស់​​ប្រជាពលរដ្ឋកាន់តែ​ប្រសើរ​ឡើង​នោះ ហើយ​វិស័យ​កីឡា​ជា​មុខព្រួញ​មួយចាំបាច់​មាន​ការអភិវឌ្ឍ​ន៏​ក្រោម​​ចក្ខុ​វិស័យ​​របស់​​ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា​។

​ចំណែក​មន្ត្រី​រាជរដ្ឋាភិបាលបានឲ្យ​ដឹង​ដែរថា នេះ​ជា​ពហុ​កីឡដ្ឋាន​ដ៏​ទំនើបបម្រើ​ឲ្យ​ពហុ​វិស័យ​កីឡា និង​ជា​គំរូ​ក្នុង​ប្រទេស​ជា​លើកដំបូងអាច​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត SEA GAME នៅ​ឆ្នាំ​២០២០​ខាងមុខក៏​ដូច​អាច​ទទួល​រៀបចំ​ការប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ផងដែរ​។

​ក្រុម​មន្ត្រី​ខាង​លើ ឲ្យដឹងទៀតថា ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឲ្យមាន​ការចាប់អារម្មណ៍ ចាំបាច់​ត្រូវតែ​ប្រមូលផ្តុំ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើបទាន់សម័យមាន​កន្លែង​វាយ​​កូន​ហ្គោល សណ្ឋាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម បុរី​​លំនៅ​ដ្ឋាន​ សួន​សត្វ​​ជាដើម​ និង​ប្រែក្លាយ​តំបន់​នេះ​ឲ្យទៅ​ជា​ទីក្រុងរ​ណបមួយ​ទាន់សម័យ​នៅ​អាស៊ី​អា​គ្នេយ៏​​ផង​ដែរ​។​

​ប្រទេស​កម្ពុជាមាន​ពហុកីឡាដ្ឋាន​ជាច្រើន​ហើយ​ដែរ ដូចជា​ពហុកីឡាដ្ឋាន​អូឡាំពិក​ជាដើមដែល​កសាង​ឡើងដោយ​សម្ដេចឪ នរោត្ដម សីហនុ​៕

ប្រមុខ​​រដ្ឋាភិបាល​​ស្នើឲ្យ​ពលរដ្ឋ​​ស្ងប់ស្ងាត់​​ជុំវិញ​​សំណុំ​រឿង​​ប្រាសាទ​​ព្រះវិហារ​

  • PDF

​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​មុខ​អំពាវនាវ​ជា​លើក​ដំបូង ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ដោយ​បាន​ស្នើ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា និង​កង​ទ័ព​​នៅតាម​ព្រំដែន​ទាំងអស់​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ នៅពេល​ដែល​តុលាការ​យុត្ដិធម៌​អន្តរជាតិទី​ក្រុង​ឡា​អេ នឹង​បើក​សវនាការ​លើ​សំណុំរឿង​ប្រាសាទ​ព្រះ​វិហារ​ដែល​ប្រទេស​កម្ពុជា និង​ថៃ ត្រូវ​តតាំង​គ្នា​តាម​ផ្លូវច្បាប់​នា​ពាក់​កណ្ដាល​ខែ​មេសា​នេះ​។​

សំលេងៈ

​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ នឹង​បើក​សវនាកា​រលើ​សំណុំរឿង​ប្រាសាទព្រះវិហារ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ គឺ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​របស់​កម្ពុជា និង​ថៃ​។

នៅក្នុង​សវនាការ​នោះ ប្រទេស​ថៃ​បានប្រកាស ពី​ការផ្សាយ​បន្ត​ផ្ទាល់ ពី​សវនាការ​ទាំងមូល​មកកាន់​ប្រទេស​ថៃ ដោយ​មាន​ការបកប្រែ​ជា​ភាសា​ថៃ ដើម្បីអោយ​ប្រជាពលរដ្ឋ​របស់​គេ​ងាយស្រួល​ស្ដាប់​ផងដែរ​។

ប៉ុន្តែ​សំរាប់​ប្រទេស​កម្ពុជា​បើ ទោះបីជា​កម្ពុជា​មិន​បាន​ផ្សាយ​ផ្ទាល់​ក៍​ពិតមែន តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា នឹង​ផ្ដល់​ព័ត៌មាន ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។​

បើ​យោង​តាម​កាលវិភាគ​នៃ​អង្គ​សវនាការ​នេះ ត្រូវបាន​គេ​ដឹងថា សវនាការ​នឹង​ធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៩​ខែ​មេសា​ខាង​មុខ​នេះ ដោយ​ចែកចេញជា​ពីរ​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គឺជា​ការផ្តល់​សក្ខីកម្ម​ផ្ទាល់មាត់​រវាង​ភាគី​កម្ពុជា​និង​ថៃ​។

បើ​តាម​គំរោងនៅ​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែ​មេសា គឺជា​ការផ្តល់​សក្ខីកម្ម​ផ្ទាល់មាត់​របស់​ភាគី​កម្ពុជា​ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​១​រសៀល និង​ចាប់ពី​ម៉ោង​៣​ដល់​ម៉ោង​៤​និង​៣០​នាទី​។

នៅ​ថ្ងៃ​ពុធ​ទី​១៧​មេសា គឺជា ការផ្តល់​សក្ខីកម្ម​របស់​ភាគី​ថៃ ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​១​រសៀល និង​ចាប់ពី​ម៉ោង​៣ រសៀល​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល​។ ចំពោះ​ការផ្តល់​សក្ខីកម្ម​លើក​ទី​២​នឹង​ធ្វើឡើងនៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​១៨​ខែ​មេសា​គឺជា​ការផ្តល់​សក្ខីកម្ម​ផ្ទាល់មាត់​របស់​ភាគី​កម្ពុជា​ចាប់ពី​ម៉ោង​៣​ដល់​ម៉ោង​៥ រសៀល​​ និង​នៅ​ថ្ងៃ​សុក្រ​ទី​១៩​ខែ​មេសា​គឺជា​ការផ្តល់​សក្ខីកម្មរ​បស់​ភាគី​ថៃ ចាប់ពី​ម៉ោង​៣​ដល់​ម៉ោង​៥​រសៀល​។​

​កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៣ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​មួយ​ក្រុម ដែល​សមាសភាព ដូចជា ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​កម្ពុជា​-​ថៃ លោក វ៉ា គឹមហុង ជា​អនុប្រធាន រដ្ឋលេខាធិការ​ក្រសួងការបរទេស លោក ឡុង វីសាលោ អនុប្រធាន និង​សមាជិក​មួយចំនួន​ទៀត ក្នុងនោះ​មាន​អ្នកច្បាប់ អ្នកជំនាញ​ព្រំដែន​សរុប​ចំនួន​១២​នាក់ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុង​ឡាអេ ដើម្បី​ចូលរួម​សវនាការ​នេះ​។​

​គួរ​រំលឹក​ឡើងវិញ​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១១​កម្ពុជា​បាន​ដាក់​ពាក្យបណ្តឹងទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ អោយ​បកស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២​ឡើងវិញ បន្ទាប់​ពី​កងទ័ព​ថៃ​បាន​បើក​​ការ​វាយ​ប្រហារ​​ដោយ​​អាវុធ​​លើ​​កម្ពុជា​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ ដោយ​សំអាង​ថា ទឹក​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា នៅជាប់​នឹង​ជើង​ប្រាសាទព្រះវិហារ ថា​ជា​ទឹកដី​របស់​ខ្លួន​។ ក៏​ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ដោយ​សំអាង​លើ​ផែនទី​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​​អន្តរជាតិ​៕​ឃួន សុភ័​ក្រ​

សម្តេច​ហ៊ុន សែន ​ស្នើ​អោយ​​ស្ងប់​ស្ងាត់​ចំពោះ​រឿង​​ប្រាសាទ​​ព្រះវិហារ​

  • PDF

សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​ទាមទារ​ឲ្យ​ប្រជាជន​កម្ពុជា​រក្សា​ភាពស្ងបស្ងាត់ចំពោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ ខណ​:​ដែល​កម្ពុជា​និង​ថៃ នឹង​ត្រូវ​ប្រឈមមុខ​ជា​មួយ​គ្នាតាម​ផ្លូវច្បាប់​នៅ​តុលាការ​យុត្តិធម៌អន្តរជាតិ​ក្រុងឡាអេ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

គួរបញ្ជាក់​ថា កាលពី​ល្ងាចថ្ងៃទី ៩​មេសា លោកហោ ណាំហុង បាន​ដឹកនាំ​ប្រតិភូព្រមទាំង​អ្នកជំនាញច្បាប់ទៅកាន់​តុលាការ​យុត្តិធ៌ម​អន្តរជាតិ​ទី​ក្រុងឡាអេ ​ICJ ដើម្បី​​​ទៅ​តតាំង​រឿងក្តី​ប្រាសាទ​ព្រះវិហារ​។

តុលាការ​ឡាអេ នឹង​បើក​សវនាការ​សួរដេញដោល​ផ្ទាល់មាត់ អំពី​ជម្លោះទឹកដី​រវាង​កម្ពុជា​-​ថៃ​លើ​ទឹកដី​ទំហំ ៤,៦គីឡូម៉ែត្រ​ក្រឡា ក្បែរ​ជើង​ប្រាសាទ​ព្រះវិហារ​ចាប់​ពី​​ថ្ងៃ​​ទី​១៥-១៩​ខែ​មេសា ដែល​ភាគី​ថៃ​អះអាងថា ជា​ទឹកដី​របស់​ខ្លួន​នោះ​។ ជា​សវនាការ​ដែលប្តឹង​ដោយ​ភាគី​កម្ពុជា​ឲ្យ​តុលាការ​ឡាអេ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​។

រដ្ឋ​អំណាច​​ចិន​​ប្រកាស​ថា គណបក្ស​​ប្រជាជន​​នឹង​​ឈ្នះ​​ឆ្នោត​​នា​ខែ​​កក្កដា​​ខាងមុខ

  • PDF

​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ឆ្នោត​បន្តទៀត​ដោយ​គ្មាន​​មន្ទិល​សង្ស័យ​។

នេះ​គឺ​ជា​សម្តី របស់​មេដឹកនាំ​កំពូលៗ​របស់​ចិន​ដែល​ត្រូវបាន​លោក​ចម ប្រសិទ្ធ យក​មក​​លាតត្រដាង​​ប្រាប់​​ដល់​​ក្រុមអ្នក​កាសែត​​នៅ​ក្នុង​​ស​ន្និសិទ​​សារព័ត៌​មាន​​ស្តី​អំពី​ល​ទ្ធ​ផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន ​ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិនចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១០ ខែ​មេសា​។

​លោកចម ប្រសិទ្ធ បាន​បន្ត​ថា​ជាមួយនឹង​ក្តីរំពឹង​លើ​ជ័យជម្នះ​របស់​សម្តេ​ច ហ៊ុន សែន​និង​គណបក្ស​ប្រជាជន​កម្ពុជាសម្រាប់​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាង​មុខ​មេដឹកនាំ​ថ្មី​របស់​ចិន​ទាំង​នាយក​រដ្ឋមន្ត្រី និង​ទាំង​ប្រធានាធិបតី​ចិន​ក៏​បាន​ប្រកាស​សន្យា​បន្ត​ផ្តល់ជំនួយ និង​ជួយ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន សម្រាប់​ពង្រឹង​​ឯកភាព​ជាតិ​និង​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

សំលេងៈ

​ទាក់ទង​នឹង​បញ្ហា​នេះ លោកយឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​លើកឡើង​ថា ចិន​មិនអាច​ដឹង​ពី​ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ​។ លោក​ថា ការបោះឆ្នោត​នៅពេលខាងមុខ ប្រសិនបើ​រៀបចំ​បាន​ត្រឹមត្រូវ​មាន​ភាពយុត្តិធម៌​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​។​

សំលេងៈ

​ចំណែក​លោក​កែម ឡី អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​នៅ​កម្ពុជាបាន​លើកឡើង​ថា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ខ្មែរ​នា​ពេលបច្ចុប្បន្ន​នេះ គេ​នៅ​អាច​សន្និដ្ឋាន​បាន​ដឹងថា គណបក្ស​ណា មួយ​នឹង​ឈ្នះឆ្នោត​នោះ​ទេ ពីព្រោះ​ទាំង​គណៈបក្ស​ប្រឆាំង​ទាំង​គណបក្ស​កាន់អំណាច​សុទ្ធ តែ​មាន​គោលនយោបាយ​ល្អ​ដូច​គ្នា​។

តែ​លោក​កែម ឡី ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ ប្រសិនបើ​កម្ពុជា​កៀក​ស្មា​កាន់តែ​ជ្រៅ​ជាមួយ​ចិន​ដោយ​មិន​មាន​តុល្យភាព​រវាង​បណ្តាល​ប្រទេស​លើ​ពិភព​លោក​​ទេនោះ កម្ពុជា​នឹង​មាន​វាសនា​ដូច​កូរ៉េខាងជើង​។​

សំលេងៈ

​សូមបញ្ជាក់​ថា នៅសល់​រយៈពេល​តែ​ជាង​៣ខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ​អាណត្តិ​ទី៥ នឹង​ឈា​n​ដល់​។ ពេលវេលា​កាន់តែ​កៀក​បែបនេះ បាន​ធ្វើឲ្យ​អ្នកនយោបាយ​កម្ពុជាម្នាក់ៗ​នាំ​គ្នា​ខិតខំ​បញ្ចេញ​នូវ​សកម្មភាព​ល្អៗ​របស់ខ្លួនបង្ហាញ​ប្រាប់​ទៅប្រជាពលរដ្ឋ​ថា បក្ស​របស់​ខ្លួន​ល្អ ដើម្បី​ទទួលបាន​នូវ​សម្លេង​ឆ្នោត​​ពី​​ពេល​​រដ្ឋ​៕

​សាលាក្ដី​​ខ្មែរក្រហម​បន្ត​​សវនាការ​ដោយ​បន្ត​​ស្ដាប់​​ការ​ផ្តល់​​សក្ខីកម្ម​​របស់​​សាក្សី​​ជនជាតិ​​បារាំង​

  • PDF

អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​មេសា​នេះ បាន​បន្ត​បើក​សវនាការ​ថ្ងៃទី​៣ លើ​សំណុំរឿង​០០២ ដោយ​មាន​ការ​ស្ដាប់​នូវ​ការ​ផ្តល់​​សក្ខីកម្ម​របស់​សាក្សី​ជនជាតិ​បារាំង​លោក​ហ្វ្រង់​ស័រ ពុង​សូ (Francois Pon​​chaud)​។​

​លោក​នេ​ត ភ​ក្ដ្រា មន្ដ្រី​នាំពាក្យ​នៃ​សាលាក្ដី​ខ្មែរក្រហមបានឲ្យដឹង នៅ​រសៀល​ថ្ងៃ​ពុធ​នេះថា នៅក្នុង​សវនាការនៅថ្ងៃនេះមានការ​ចោទសួរ​ពី​សំណាក់​ព្រះរាជ​អាជ្ងា មេធាវី​ដើមបណ្ដឹង និង​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​អំពី​ព្រឹត្តិការណ៍ដែល​សាក្សី​ជនជាតិ​បារាំង លោក​ហ្វ្រង់​ស័រ ពុង​សូ បាន​ជួបប្រទះ​ដោយផ្ទាល់​នៅក្នុង​អំឡុង​ពេល​មុន​សម័យ​ខ្មែរក្រហម និង​នៅក្នុង​សម័យ​ខ្មែរក្រហម​។​

សំលេងៈ

​សវនាការ​នៅ​ថ្ងៃនេះ មាន​ការចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់​ជន​ជាប់​ចោទ​លោក​ខៀវ សំផន ចំណែក​លោក​នួន ជា ដោយសារ​តែ​បញ្ហា​សុខភាព​បាន​លះបង់​សិទ្ធិ​ចូលរួម​ស្ដាប់​សវនាការ​ដោយ​ផ្ទាល់ តែ​បាន​ស្ដាប់​នៅក្នុង​បន្ទប់​សោត្តទស្សន៍​។

​កាលពី​ថ្ងៃ​ម្សិលមិញ លោក​ហ្វ្រង់​ស័រ ពុង​សូ (Francois Ponchaud) សាក្សី​ក្នុង​សំណុំរឿង​០០២ បាន​បាន​ឡើង​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​។

លោកហ្វ្រង់​ស័រ ពុង​សូ​បាន​រៀបរាប់​ជា​ភាសា​ខ្មែរ អំពី​ព្រឹត្តិការណ៍​ដែល​លោក​បាន​ជួបប្រទះ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​ទាំង​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​មកលើ​ប្រទេស​កម្ពុជា​។

​លោក ហ្វ្រង់​ស័រ ពុង​សូ​បាន​ថ្លែងថា ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន ហើយ​ការទម្លាក់​គ្រាប់បែក​នេះ គឺ​ជា​ទង្វើ​ដ៏​អាក្រក់​បំផុត​។​សាក្សី​ជនជាតិ​បារាំង​រូបនេះ​ក៏​បាន​ទាមទារ​ឲ្យ​កាត់ទោស​អតីត​ប្រធានាធិបតី​អាមេរិក ចំពោះ​ការទម្លាក់​គ្រាប់បែក នៅ​កម្ពុជា​ផងដែរ​។​

​គួរបញ្ជាក់​ថា សវនាការ​លើ​សំណុំរឿង​០០២ ត្រូវបាន​ផ្អាក​ដំណើរការ កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៣ ដោយសារ​តែ​បញ្ហា​ប្រាក់ខែ​បុគ្គលិក​ជាតិ​និង​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​៕(ដោយៈ​ឃួន សុភ័​ក្រ)

កម្ពុជា​-​​ចិន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​រួម​ក្រោយ​​ដំណើរ​​ទស្សនកិច្ច​​របស់​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា

  • PDF

សេចក្ដីថ្លែងការណ៍​សំខាន់ៗ​៩​ចំណុច​រួមមានៈ កម្ពុជា​-​ចិន​បាន​ឯក​ភាព​​គ្នា​​កំណត់​​យក​​ឆ្នាំ​​២០១៣​​នេះ​ គឺជា​ខួប​លើក​ទី​៥៥​​​នៃ​​ការ​បង្កើត​​ទំនាក់​ទំនង​​ការ​ទូត​​រវាង​​ចិន​​និង​​កម្ពុជា​​និង​ជា​«​ឆ្នាំ​មិត្តភាព​ចិន​-​កម្ពុជា​»​។

ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​អនុម័ត​វិធានការ​ច្បាស់លាស់​និង​ប្រកបដោយ​ប្រសិទ្ធភាព ​ដើម្បី​រក្សា​កំណើន​ពាណិ​ជ្ជកម្ម​ទ្វេភាគី​ជា​ប្រចាំ​និង​ព្យាយាម​សម្រេច​ឲ្យ​បាន​​នូវ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​គិត​ជា​​ទឹកប្រាក់​​ចំនួន​៥​ពាន់​លាន​​ដុល្លា​​អាមេរិក​​នៅ​​ឆ្នាំ​២០១៧​​​ខាង​មុខ​។​

នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដដែល​បានឲ្យដឹង​ទៀតថា ប្រទេស​ចិន​និង​បន្ត​គាំទ្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​លើកទឹកចិត្ត​ដល់​ប្រជាជន​ចិន​ឲ្យ​មក​​ទស្សនា​ប្រទេស​កម្ពុជា​និ​ង​ពង្រីក​ការរៀបចំ​សិទ្ធ​​នៃ​​ការ​ធ្វើ​​អាកាស​ចរណ៍​​និង​​គាំ​​ទ្រ​​ដល់​​ការ​បង្កើន​​ផ្លូវ​​និង​​ជើង​ហោះ​ហើរ​នៃ​ធុរកិច្ច​ផ្នែក​អាកាសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។​

ជាមួយគ្នានេះ​ប្រទេស​ចិន​ក៏​បាន​សន្យា​បន្ដ​លើកទឹកចិត្ដ​ដល់​សហ​គ្រា​សនានា​មាន​សមត្ថភាព​ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្ដិការ​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​ប្រទេស​កម្ពុជា​នៅក្នុង​វិស័យ​នានា​ជា​អាទិភាព​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម​ការថែរក្សា​ទឹក​ឧស្សាហកម្ម​និង​ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេសៗ​ព្រម​ទាំង​​ថាមពល​និង​ធនធាន​រ៉ែ ។​

ភាគី​ទាំងពីរ​បាន​ឯកភាព​ជម្រុញ​សម្របសម្រួល​និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នៅ​ក្នុង តំបន់​និង​អន្តរជាតិ​ដើម្បី​ការពារ​រួមគ្នា​ផលប្រយោជន៍​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​។

​សូមបញ្ជាក់​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន​កើតឡើង​កាលពី​៥៥​ឆ្នាំ​កន្លង​ទៅ​ពោល គឺ​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវបាន​ជម្រុញ​ក្នុង​ជំនាន់​ដឹកនាំ​ប្រទេស​របស់​ម៉ៅ សេងទុង នាយករដ្ឋមន្ត្រី ជូ អេង​ឡាយ​និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត​នៅ​ជំនាន់​មុន​និង​បន្តរហូត​​មកដល់​ជំនាន់​សម្ដេចឪ នរោត្តម សីហនុ​និង​មកដល់​ពេល​បច្ចុប្បន្ន​នេះ​៕(ដោយៈ​អេង គឹមហុង)​

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​​សន្និសីទ​លើក​ទី​៥ រវាង​​រដ្ឋ​សភា​​​កម្ពុជា ឡាវ វៀតណាម

  • PDF

​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​លើក​ទី​៥ រវាង​​គណៈ​កម្មការ​​កិច្ច​ការ​បរទេស​​រដ្ឋសភា​​នៃ​ប្រទេស​​ចំនួន​​៣​គឺ​​កម្ពុជា ​ឡាវ​ វៀតណាម ​ក្រោម​​ប្រធាន​បទ​​"​តួនាទី​​សភា​ ​ដើម្បី​​គាំ​ទ្រ​ការអភិវឌ្ឍន៍​​តំបន់​​ត្រីកោណ​​កម្ពុជា​​ឡាវ​​វៀត​ណាម​"​។​

សន្និសីទ​នេះ​នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​២៧​មេសា​២០១៣ នៅ​ទីក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។ នេះ​បើ​តាម​ការជូនដំណឹងរ​បស់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា​។

​គួរបញ្ជាក់​ថា សន្និសីទ​របស់​គណៈកម្មកា​រ​សភា​ប្រទេស​ទាំង​បី​នេះ បាន​ប្រារព្ធ​ធ្វើ​លើក​ទី​១ នៅក្នុង​ប្រទេស​វៀតណាម នៅ​ឆ្នាំ​២០០៩ លើក​ទី​២ ធ្វើឡើង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ លើក​ទី​៣ នៅ​ឡាវ​ក្នុង​២០១១ និង​លើក​ទី​៤ ធ្វើ​នៅ​វៀតណាម​ក្នុង​ឆ្នាំ​២០១២​។​

​គ​.​ជ​.​ប ​ប្រកាស​​ពី​ការ​ត្រៀម​​លក្ខណៈ​​រៀបចំ​​ការ​បោះ​ឆ្នោត​​ជាតិ​​នៅ​​ខែ​កក្កដា​

  • PDF

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៩ ខែ​មេសា​នេះ បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ ដើម្បី​ប្រកាស​អំពី​ការរៀបចំ ដំណើរ​ការ​​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥​នៅក្នុង​អំឡុង​ខែ​កក្កដា​ខាងមុខនេះ​។

​លោកអ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​នៅ​ក្នុង​​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៩ ខែ​មេសា ឆ្នាំ​២០១៣​នេះ ដោយ​បាន​បញ្ជាក់ថា គ​.​ជ​.​ប ​បាន​​ត្រៀម​លក្ខណៈ​​រួច​រាល់​​ហើយ​ ដើម្បី​​រៀប​ចំ​​ដំណើរ​​ការ​​បោះ​​ឆ្នោត​​​ជាតិ​​នៅ​​ថ្ងៃ​​ទី​២៨ ខែកក្កដា​ឆ្នាំ​២០១៣​ខាងមុខនេះ​។

លោក​បាន​ថ្លែងថា គ.ជ.ប មាន​ការងារ​ច្រើន​សម្រាប់​រៀបចំ​ដំណើរការ​នៃ​ការបោះឆ្នោត​។ ក្នុងនោះ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​​ដែល​បម្រើ​ឲ្យ​ការ​បោះឆ្នោត​​ជ្រើស​តាំង​​តំណាង​​រាស្ដ្រ​​អាណ្ណត្តិ​​ទី​៥​ ត្រូវ​​បាន​គ​.​ជ​.​ប ​ផ្តល់​​សុពល​ភាព​​រួច​រាល់​។

ជាមួយគ្នានេះ គ​.​ជ​.​ប កំពុង​រៀបចំ​ផលិត​ប័ណ្ណ​ព័ត៌មាន សម្រាប់​អ្នក​បោះឆ្នោត​ស្គាល់ ពី​ទីតាំង និង​ពេលវេលា ដែល​ពួគគេ​ត្រូវ​ទៅ​បោះឆ្នោត​។

គ​.​ជ​.​ប ក៏​កំពុង​រៀប​ចំ​​ផលិត​​ឯកសារ​អប់រំ ដល់​ប្រជាពលរដ្ឋ​ឲ្យទៅ​បោះឆ្នោត តាមរយៈ​ការផ្សព្វផ្សាយ​លើ​ខិតប័ណ្ណ បដា និង​spot video និង​សំឡេង​សម្រាប់​ចាក់​ផ្សាយ​នៅលើ​តាម​កញ្ចក់​​ទូរទស្សន៍ និង​តាម​វិទ្យុ​ផងដែរ​។

​លោក​អ៊ឹម សួស្ដី បាន​បន្ថែមថា គ​.​ជ​.​ប ក៏​បាន​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​លេខ​​១២​៨៥ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​សាកសួរ​អំពី​ព័ត៌មាន ស្ដីពី​ការ​បោះ​ឆ្នោត​​ផង​ដែរ​។​

សំលេងៈ

​ប៉ុន្តែ​ជាមួយ​នឹង​ការប្រកាស​ពី​ការ​រំលឹក​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រៀម​ចូលរួម​នៅ​ក្នុង​ការ បោះឆ្នោតជាតិ​នៅ​ខែកក្កដា​ឆ្នាំ​២០១៣​ខាងមុខនេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិលោកគុយ ប៊ុន​រឿន ដែល​បាន​ចូលរួម​ក្នុង​សន្និសីទកាសែត​នោះមានប្រសាសន៍ថា គណបក្ស​របស់​លោកនឹង​ដឹកនាំ​សកម្មជន​ធ្វើបាតុកម្ម​ធំ​មួយ​នៅ​ពេល​​ឆាប់ៗ​នេះ ប្រសិនបើ គ​.​ជ​.​ប មិន​ព្រម​ទទួលយក​នូវ​អនុសាសន៍របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ស្នើ​ឲ្យ​​ គ​.​ជ​.​ប កែប្រែ​នីតិវិធី និង​ការងារ​បោះឆ្នោត​មួយចំនួន​។

លោក​គុយ ប៊ុន​រឿន បាន​ព្រមាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​និង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ​នេះ​ទេ ប្រសិន​បើ​ គ.ជ.ប មិន​កែ​ប្រែ​​និតិ​វិធី​នៃ​ការបោះឆ្នោត ដែល​រង​ការរិះគន់​នោះ​។

សំលេងៈ

​គួរបញ្ជាក់​ថា កាលពី​ខែ​មុនអង្គការ​អន្តរជាតិ​មួយ​នៅ​កម្ពុជាដែល​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់ ​NDI  និង ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ក្នុង​ស្រុក​ហៅ​កាត់ ខុម​​ហ្វ្រែល បានបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ចុងក្រោយ​របស់​ខ្លួន​ថា មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​ ​១​លាន ​​២​សែន​ ៥​ម៉ឺនាក់​​ កំពុង​ប្រឈម​នឹង​ការបាត់បង់​សិទ្ធិ​​បោះ​ឆ្នោត​​នៅ​ពេល​​ខាង​មុខ​​ដោយ​សារ​តែ​​ពួក​គេ​​បាន​​បាត់​​ឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕(ដោយៈ​ឃួន សុភ័​ក្រ)​

​ចិន​ផ្តល់​ជំនួយ​​ជា​ទឹក​ប្រាក់​​ជិត​​២​ពាន់​លាន​​ដុល្លា​​សម្រាប់​​គម្រោង​​អភិវឌ្ឍន៍​​ចំនួន​​៨​នៅ​​កម្ពុជា​

  • PDF

​កិច្ចព្រមព្រៀង​និង​ការចុះហត្ថលេខា​បាន​ធ្វើឡើង​រវាង​​សម្ដេច​​នា​យក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​ ជា​មួយ​​លោក​​នាយក​រដ្ឋ​មន្ត្រី​​ចិន ​លោក​​លី ខឺ​ឈាង​ ​នៅ​ទីក្រុង​​ប៉េ​កាំង​​ប្រទេស​​ចិន​កាលពី​ថ្ងៃច័ន្ទ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​។

សារព័ត៌មាន​នេះ បាន​ចុះផ្សាយ​ថា លោក​លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិនបាន​ចុះហត្ថលេខា​លើ​ទឹកប្រាក់ជិត​ ២​ពាន់​លាន​​ដុល្លា​មក​​អោយ​​កម្ពុជា​​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៨​នៅ​កម្ពុជា​រួម​មានៈ​គម្រោង​ចម្រាញ់​ប្រេង​ចំនួន ៥លាន​តោន ​រវាង​ធនាគារ​អភិវឌ្ឍន៍​ចិន សាជីវកម្ម​ធានារ៉ាប់រង​ឥណទាន និង​នីហរ័ណ​ចិន​សាជីវកម្ម​ឧស្សាហកម្ម​គ្រឿងយន្ត​ចិន និង​ក្រុមហ៊ុន ខេ​ម​បូឌាន​ភេត្រូ​ខេមី​ខុល ខូ​អិល​ឌី​ធី តម្លៃ ១៦៧០ លាន​ដុល្លារ​អាមេរិក​។​

លើសពីនេះ​ទៅ​ទៀត​ចិន​ក៏បានផ្ដល់ ជំនួយឥតសំណង​ចំនួន ៣០០ លាន​យ័ន រឺ​ស្មើនឹង ៤៨​លាន​ដុល្លារ រួម​និង​ប្រាក់​កម្ចី​សម្បទាន ៥០០ លាន​ដុល្លារ​ទៀត​។ ប្រទេស​​ចិន​ ​គឺជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​និង​កំចី​ដែល​មាន​ការ ប្រាក់​ទាប​ច្រើន​បំផុត​សំរាប់​ប្រទេស​កម្ពុជា​ជាមួយនឹង​លក្ខ័ណ្ឌ​ងាយៗ​។

​គួរបញ្ជាក់​ថា នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន ជាមួយ​លោក​ប្រធានាធិបតី ចិន Xi Jinping​នៅក្រៅ​កិច្ចប្រជុំ​វេទិកា​បូ​អាវ​សម្រាប់​សន្និសីទ​តំបន់​អាស៊ី​ប្រចាំឆ្នាំ ២០១៣​កាលពី​ថ្ងៃអាទិត្យ លោក Xi Jinping បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​ស្អិតល្មួត និង​មិន​អាច​កាត់ផ្តាច់​បាន​រវាង​ប្រទេស​ចិន​និង​កម្ពុជា ដែល​បាន​សាង ឡើង​អស់​រយៈពេល​ជា​យូរណាស់​មកហើយ​។

មិនតែប៉ុណ្ណោះ​លោក Xi Jinping​ ក៍​បាន​លើក​ឡើង​ថា កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​ជា​អ្នក​ជិតខាង​ល្អ​ជា​ដៃគូ​ល្អ និង​ជា​បងប្អូន​ដ៏​ល្អ​របស់​ប្រទេស​ចិន​។ លោក​ប្រធានាធិបតី​ចិន​បាន​បញ្ជាក់បន្ថែម​ថា រដ្ឋាភិបាល​ចិន​គាំទ្រ​ជា​និច្ច​ចំពោះ​រដ្ឋា​ភិបាល​​កម្ពុជា​ជា​ពិសេ​សចិន​ពេញចិត្ត​ក្នុង​ការផ្តល់​ជំនួយ​ដល់​កម្ពុជា​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​ហេ​ដ្ឋា​​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​ដូច​ជា​ការសាងសង់​ស្ពាន​និង​ផ្លូវ​ជាដើម​។

ទំនាក់ទំនង​កម្ពុជា​-​ចិន​កាន់តែ​ស្អិតរ​មួ​ត​ថែម​មួយកម្រិត​ទៀត បន្ទាប់​ពី​ប្រទេស​ចិន​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​កាល​ខែ​មីនា​កន្លង​ទៅ​។ ប្រទេស​ទាំង​ពីរ​ក៍​បាន​ឯក​ភាព​គ្នា​​កំណត់​​យក​ឆ្នាំ​២០១៣​នេះ ជា​ខួប​លើក​ទី​៥៥​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ចិន និង​ជា «​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​»​ផងដែរ​៕(ដោយៈ​អេង គឹមហុង)​

កម្ពុជា​-​​ចិន​ចុះហត្ថលេខា​លើ​​គម្រោង​​ជំនួយ ​និង​​ប្រាក់​​កម្ចី៥៤៨លាន​ដុល្លារ

  • PDF

​កម្ពុជា​និង​ចិនបាន​សម្រេច​លើ​ការចុះហត្ថលេខា​ព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា ៨គម្រោង ដោយ​មាន​ទឹកប្រាក់​ប្រមាណ២​ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​​ជំនួប​​​ពិភាក្សា​​រវាង​​​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​​ចិន​​នៅ​​ទីក្រុង​​ប៉េកាំង ​កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា​។

ក្រៅពីនោះចិន​ក៏​បាន​ផ្តល់​នូវ​ជំនួយឥតសំណង ៣០០លាន​យ័ន ស្មើនឹង ៤៨លាន​ដុល្លារ ព្រមទាំង​ប្រាក់​កម្ចី​សម្បទាន ៥០០លាន​ដុល្លារឲ្យ​កម្ពុជា​។

គួរបញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយះពេល​៥​ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជានៅក្នុង​ប្រទេស​ចិនកម្ពុជា​និង​ចិន នឹង​ចុះហត្ថលេខា​លើ​កម្ចី​សម្បទាន​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក ព្រមទាំង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ក្នុង​ទឹកប្រាក់​ចំនួន ​១៦៧០លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ការស្ថាបនា​រោង​​ចក្រ​ចម្រាញ់​ប្រេងកាត ដែល​បាន​រៀបចំ​ផែនការ​អស់​រយៈពេល​ជា​យូរណាស់​មកហើយ​។​

​លោក​ហោ ណាំហុង ​និង​ដឹក​នាំ​​ប្រតិភូ​ទៅ​ទីក្រុង​​ឡាអេ​នៅ​ព្រឹក​​នេះ

  • PDF

​លោកហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជានៅវេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​អង្គារ ទី​០៩ ខែមេសា​នេះ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់​។

មុននឹងចេញដំណើរលោកហោ ណាំហុង នឹង​ធ្វើ​សន្និ​កាសែតនៅ​ម៉ោង ៥៖៣០ នាទី​ល្ងាចថ្ងៃនេះ បញ្ជាក់​ពី​ការ​ត្រៀមលក្ខណៈ ​និង​ជំហរ​របស់​ខ្លួន​លើក្តី​តតាំង​ផ្ទាល់​មាត់​​មួយ​​នេះ​។

​គួរបញ្ជាក់​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នឹង​បើក​សវនាការ​ផ្ទាល់មាត់​បកស្រាយ​សាលក្រម ស្តីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា​ខាង​មុខ​នេះ​។

ជា​សវនាការដែល​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​កម្ពុជាចំពោះ​ទំហំ​ទឹក​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅជាប់​នឹង​ជើង​ប្រាសាទព្រះវិហារ​ដែល​ថៃបានអះអាងថា​ជា​ទឹកដី​របស់​ខ្លួន​ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ និង​ជាក់លាក់​។

​​ការបកស្រាយ​សាល​ក្រម​សួរដេញដោល​ផ្ទាល់មាត់​នេះ​នឹង​ធ្វើឡើង​ចំនួន​២​ជុំ ដោយ​ជុំ​ទី​១​តម្រូវឲ្យ​ភាគីកម្ពុជា​បកស្រាយ​នៅ​ថ្ងៃទី​១៥​ខែ​មេសា ឯ​ភាគី​ថៃ​វិញ​បក​ស្រាយនៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​។ ជុំ​ទី​២កម្ពុជាបកស្រាយនៅ​ថ្ងៃទី១៨ ហើយ​ភាគី​ថៃ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​។​

​ចិន​ប្តេជ្ញា​​បន្ត​ផ្តល់​​ជំនួយ​​បន្ថែម​ទៀត ​ដើម្បី​​អភិវឌ្ឍន៍​​ប្រទេស​​កម្ពុជា​

  • PDF

នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ហ៊ុន សែន ជាមួយ​លោក​ប្រធានា​ធិបតី​ចិន Xi Jinping ​នៅក្រៅ​កិច្ចប្រជុំ​វេទិកា​បូ​អាវ​សម្រាប់​សន្និសីទ​តំបន់​អាស៊ី​​​ប្រចាំ​​​ឆ្នាំ​​២០១៣។

​​ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា លោក Xi Jinping​ បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​ស្អិតល្មួត និង​មិន​អាច​កាត់​ផ្តាច់​បាន​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ដែល​បាន​សាង​ឡើង​អស់​រយៈពេល​ជា​យូរណាស់​មកហើយ​។

មិនតែប៉ុណ្ណោះ​កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​ជា​អ្នក​ជិតខាង​ល្អ​ជា​ដៃគូ​ល្អ និង​ជា​បងប្អូន​ដ៏​ល្អ​របស់​ប្រទេស​ចិន​។ នេះ​គឺជា​ការ​ថ្លែង​សរសើរ​របស់​លោក​ ​Xi Jinping​ ប្រធានា​ធិបតី​​ចិន​។

​លោក​ប្រធានាធិបតី​ចិន​បាន​បញ្ជាក់បន្ថែម​ថា រដ្ឋាភិបាល​ចិន​គាំទ្រ​ជា​និច្ច​ចំពោះ​រដ្ឋាភិបាលកម្ពុជាជាពិសេស​ចិន​ពេញចិត្ត​ក្នុង​ការផ្តល់​ជំនួយ​ដល់​កម្ពុជា​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យមាន​ការរីកចម្រើន ដូចជា​ការសាងសង់​ស្ពាន និង​ផ្លូវ​ជា​ដើម​។​

​ចំណែក​នាយករដ្ឋមន្ត្រី​កម្ពុជាសម្តេចហ៊ុន សែន ក៍​បាន​សម្តែង​នូវ​ការ​អរគុណ​ដ៏​ក្រៃលែង​ចំពោះ​ការផ្តល់​ជំនួយ​រយៈពេល​ដ៏​យូរអង្វែង​របស់​រដ្ឋាភិបាល​ចិន ចំពោះ​ប្រទេស​កម្ពុជា​។

​លោក​បន្ថែមថា កម្ពុជា​ប្តេជ្ញា​ចិត្ត​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ដោយ​បន្ត​អនុវត្តន៍​នូវ​កិច្ច​​សហប្រតិបត្តិការ​​ដ៏​ល្អ​ប្រសើរ​ជាមួយ​មហាមិត្ត​ចិន​។ លោក​ថា កិច្ចសហការណ៍​ល្អ​នេះ គឺជា​ជម្រើស​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។​

​គួរកត់សម្គាល់​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នៅពេលនេះ រដ្ឋាភិបាល​កម្ពុជា​និង​ចិន​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​​ចំនួន​ពិសេស​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន​ដែល​មាន​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕(ដោយៈជា ធីរិទ្ធ​)

    About Us
    Khana

Activities

Find us at Facebook

Contact Us