Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ

នយោបាយ

​រដ្ឋាភិបាល​​នឹង​​សាងសង់​​រូប​​ព្រះបាទ​​នរោត្តម ​សីហនុ​នៅ​​សួន​ច្បារ​​វិមាន​ឯករាជ្យ​

  • PDF

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់​ពន្ធ័​សិក្សា​ពិនិត្យ​សួនច្បារ​ចន្លោះ​ពី​វិមាន​ឯក​​រាជ្យ​​ដល់​នាគ​​បាញ់​​ទឹក​ ដើម្បី​រៀបចំ​ធ្វើជា​ទីតាំង​សម្រាប់​តម្កល់​រូប​សំណាក​​សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ទុក​ជួន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​ចូល​គោរព។

ការណែនាំ​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៦​តុលា​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

​រដ្ឋាភិបាល​ម្រេច​​លើក​​ពេល​បុណ្យ​​សមុទ្រ​​ទៅ​​ធ្វើ​​នៅ​ឆ្នាំ​២០១៤​វិញ​

  • PDF

រាជរដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន បាន​សម្រេច​លើ​ក​ពេល​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ចុង​ខែ​ធ្នូ បំណាច់​ឆ្នាំ​២០១២​នេះ ទៅ​ប្រារព្ធ​ធ្វើ​ដើមឆ្នាំ​២០១៤​វិញ​។

ទន្ទឹមគ្នា​នោះ​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​អោយ​ត្រៀម​រៀបចំ​សម្រាប់​ការ​ប្រារព្ធ​ពិធី​បូជា​ព្រះ​បរមសព​ដែល​នឹង​ធ្វើ​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នា​ដើមឆ្នាំ​២០១៣ ខាងមុខ​នេះ​ផង​ដែរ​។

នេះ​បើ​តាម​សេចក្តីសម្រេច​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែតុលា ឆ្នាំ​២០១២​នេះ​។

ប្រជាជន​​ខ្មែរ​​នៅ​តែ​​ចងចាំ​​មិន​​ភ្លេច​​នូវ​​អនុ​ស្សាវ​រីយ៏​របស់​​សម្តេច​ឪ​​នរោត្តម​​សីហនុ​​ជា​មួយ​​ប្រជារាស្ត្រ​​ខ្មែរ

  • PDF

​ទោះបីជា​យូរ​ប៉ុន្មនាក៏​ដោយ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា​ជា​ពិសេស​​គឺ​ ប្រជារាស្ត្រ​សម័យ​សង្គម​រាស្ត្រ​និយម​នៅ​តែ​ចង់ចាំ និង​នឹករលឹក​មិន​ភ្លេច​នូវ​ស្នាម​ព្រះ​ហស្ត​​របស់​ព្រះរាជ​វរបិតា​ជាតិខ្មែរ​គឺ​ សម្តេច​ឪ​នរោត្តម​សីហនុ​។

​គ្រប់​សកម្មភាព​ជួយ​ជាតិ​មាតុភូមិ​រួមផ្សំ​ នឹង ​ការរួម​សុខ​រូ​ម​ទុក្ខ​ដោយ​ផ្ទាល់​របស់​ព្រះ​អង្គ​នរោត្តម​សីហនុជាមួយ​ នឹង​ ប្រជារាស្ត្រ​ផង​នោះ​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ស្ទើរ​តែ​ទាំងអស់​ចង់ចាំ​មិន​ភ្លេច​នូវ​អនុ​ស្សាវ​រីយ៏​កាល​សម័យនោះ។

​ជា​សម័យកាល​មួយ​ដែល​ប្រជាជន​ខ្មែរ​សំបូរ​សប្បាយ​និង​មាន​សេរីភាព​ពេញ​ផ្ទៃ​ប្រទេស​។ ​មិន​ត្រឹម​បាន​បន្សល់ទុក​នូវ​ស្នាម​ដៃ និង​ស​មិត្ត​ផល​ជាច្រើន​ហើយ​នោះ សម្តេច​ឪ​នរោត្តម​សីហនុ​ក៏​បាន​បន្សល់ទុក​នូវ​អនុ​ស្សាវ​រីយ៏​ជាច្រើន​ទៀត​ផង​ដែរដ​ល់​ប្រជារាស្ត្រ​កម្ពុជា​។​

​តើ​សម្តេចឪ នរោត្តម​សីហនុ មាន​អនុ​ស្សាវ​រីយ៏​អ្វីខ្លះ​ដែល​បង្ក​នៅក្នុ​ងដូង​ចិត្ត​របស់​ប្រជាជន​កម្ពុជា​រហូត​បំភ្លេច​មិនបាន​នោះ​? ​សូម​ស្តាប់​សេចក្តី​រាយ​ការណ៏​របស់​ឆេង សូរិយាៈ

សំលេងៈ

​ពិធី​​ព្រះរាជ​​បូជា​​ព្រះ​បរម​​សព ព្រះ​ករុណា​​​សម្តេច​ឪ​​នឹង​​ប្រារព្ធ​​ធ្វើ​​នៅ​ក្រោយ​​ពិធី​​ចូល​​ឆ្នាំ​​ចិន​

  • PDF

តាមរយៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​តុលា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការរំពឹងទុក​របស់​ស​ម្តេច​ថា ព្រះ​បរម​សព​​របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ អាច​នឹង​ត្រូវ​ធ្វើ​ព្រះរាជ​បូជា​តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ​នៅក្រោយ​ពិធី​ចូល​ឆ្នាំ​ចិន​។

ដែល​ពិធី​ចូល​ឆ្នាំ​ចិន​ធ្វើឡើង​នៅ​អំឡុង​ចុង​ខែ​មករា ឆ្នាំ​២០១៣​​ ដោយ​​ដំណឹង​​នេះ​​ត្រូវ​បាន​​លោក​​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្សព្វ​ផ្សាយ​​ក្នុង​​បណ្តាញ​​​សង្គម​ហ្វេ​សប៊ុក​របស់លោក​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​តុលា​នេះ​៕

​ចលនា​​យុវជន​​បក្ស​ប្រឆាំង​ប្រកាស​​ធ្វើ​​មហា​​បាតុកម្ម​ទាមទារ​​ប្តូរ​​សមាស​ភាព គ​.​ជ​.​ប​.នៅ​​ថ្ងៃ​​៨​វិច្ឆិកា

  • PDF

ចលនា​យុវជន​គណបក្ស​សម រង្ស៊ី បានប្រកាសថា នឹង​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​សមាស​ភា​ព​គ​.​ជ​.​ប​.​។

ក្នុងនោះ​ក៏​មាន​ការដាក់​ញ្ញត្តិ​ទៅ​កាន់​ព្រះបរមរាជវាំង រដ្ឋសភា រដ្ឋាភិបាល ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ​ជាដើម ដើម្បី​ឲ្យមាន​ការដោះ​លែង អ្នក​ទោស​នយោបាយ ​សកម្មជន​​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី ដែល​រងគ្រោះ​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​។

ដើមឡើយ​ក្រុមយុវជន​គណបក្ស​​សម រង្ស៊ី គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ដើម្បី​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភា​ព គ​.​ជ​.​ប​. និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ឲ្យបាន​ពេញ​លេញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ប៉ុន្ត​បាន​ប្តូរ​គម្រោង​ធ្វើ​បាតុកម្ម​ទៅ​ជា​ជួបជុំ និង​ដើ​រហែ​ក្បួន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ​វិញ​។

លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​មានប្រសាសន៍​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា​ថា ការធ្វើ​បាតុកម្ម​វា​ជា​សិទ្ធិសេរីភាព​មួយ​ដោយ​ផ្អែក​លើ​ច្បាប់​ធ្វើ​បាតុកម្ម​ហើយ​នេះ​ជា​រឿង​ធម្មតា​ទេ​៕

ព្រះ​រាជ​បុត្រា​ស្តេច​​ប្រ៊ុយណេ​និង​លោក​ស៊ូ​រិន្ទ​ ពិត​​សុវណ្ណ​នឹង​​អញ្ជើញ​​មក​​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះមហាវីរក្សត្រ​ សម្តេចឪ

  • PDF

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១២ បានឲ្យដឹងថា នៅវេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​២៨ ខែតុលា ព្រះរាជ​បុត្រា​ទី​២ របស់​ព្រះករុណា ស៊ុល​តង់ នៃ​ប្រទេស​ប្រ៊ុយណេ​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូ​រណ ភាព​ទឹកដី និង​ឯក​ភាព​​ជាតិ​​ខ្មែរ​នៅ​ព្រះបរមរាជវាំង​។

ហើយ​នៅ​វេលា​ម៉ោង​៥ រសៀល​ថ្ងៃ​ទី​៣១ ខែតុលា លោក​ស៊ូ​រិន្ទ ពិត​សុវណ្ណ អគ្គលេខាធិការ​អាស៊ាន​នឹង​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហា​វី​រ​ក្សត្រ ផង​ដែរ​។

សូមបញ្ជាក់​ថា ព្រះ​បរមសព​របស់​ព្រះមហាវីរក្សត្រ​ត្រូវបាន​តម្កល់ទុក​ក្នុង​ព្រះបរមរាជវាំង រយៈ​ពេល​៩០​ថ្ងៃ ដើម្បីឲ្យ​ព្រះរាជវង្សានុវង្ស​មន្ត្រីជាន់ខ្ពស់​នៃ​រាជ​រដ្ឋា​ភិបាល​តាម​ក្រសួង​ស្ថាប័ន​នានា មន្ត្រី​អ្នក​មុខ អ្នក​ការ ប្រជារាស្ត្រ​ក៏​ដូច​ជា​មន្ត្រី​អង្គទូត និង​បណ្តា​ថ្នាក់ដឹកនាំ​ប្រទេស​ជា​មិត្ត​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​៕

សម្តេច​​ហ៊ុន សែន ជំរុញ​​ឲ្យ​​អាស៊ាន​បង្កើន​​សុខដុម​​នីយកម្ម​លើ​​ជំនឿ​​សាសនា​នៅ​ក្នុង​​តំបន់​

  • PDF

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​សហគមន៍​សង្គម​-​វប្បធម៌​ឤ​ស៊ាន​​លើក​ទី​៨ បាន​ប្រារព្ធ​ឡើង​នៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា​នេះ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។

ថ្លែង​បើក​កិច្ចប្រជុំ​នោះ​សម្តេច​ហ៊ុន សែន បាន​លើកឡើង​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​លើក​ទី​៨ ដែល​​ប្រារព្ធ​​ធ្វើ​ឡើង​​នេះ​​គឺ​​ ក្នុង​​ខណៈ​ពេល​​ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​កំពុងកាន់​នូវ​ព្រះរាជ​មរណទុក្ខ​ដ៏​មហា​ក្រៀមក្រំ​ជាទីបំផុត​ ដោយ​​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ជាទី​គោរព​សក្ការៈ​និង​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជន​កម្ពុជា​​ទ្រង់​​បាន​​សោយ​​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ កន្លង​ទៅ​ថ្មីៗ​នេះ​។

ជាមួយគ្នា​នោះ​សម្តេចនាយក​រដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​អាស៊ាន​ក៏​បាន​ជំរុញ​ឲ្យ​អាស៊ាន​បង្កើន​សុខដុម​នីយកម្ម លើ​ជំនឿ​សាសនា​នៅក្នុង​តំបន់​ផងដែរ​៕

​គណបក្សប្រឆាំង​​ប្រារព្ធ​ខួប​ឆ្នាំ​​ទី​​២១​នៃ​​កិច្ចព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​​ប៉ារីស​ថ្ងៃទី​​២៣​​តុលា​

  • PDF

គណបក្សប្រឆាំង​ដែល​ទើប​រួបរួម​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ រវាង​គណបក្ស​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិមនុស្ស​អោយ​ក្លាយទៅជា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នៅ​​ព្រឹក​​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១២ បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ឆ្នាំ​ទី​២១ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១-​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២​។

ពិធី​អបអរសាទរ​ខួប​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់​អង្រែ​លើ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីជូនដំណឹង​បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ បាន​នាំមក​នូវ​ប្រជាធិបតេយ្យ សន្តិភាព ការឯកភាព និង​បង្រួបបង្រួម​ជាតិ​ព្រម​ទាំង​សេដ្ឋកិច្ច​ទីផ្សារសេរី សម្រាប់​លើកតម្កើង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​។

លើសពីនេះទៅទៀត កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រីស​ជា​ឯកសារ​ដ៏​មាន​សារសំខាន់​ជា​អន្តរជាតិ​ក្នុងទិសដៅ​ការពារ​អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និង​បូរណភាព​ទឹកដី​កម្ពុជា សម្រាប់​កូនចៅ​ខ្មែរ​ទាំង​ជំនាន់​នេះ​និង​ជំនាន់​ក្រោយៗ​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​សម្រេច​លុបចោល​ថ្ងៃទី​២៣តុលា​ចេញពី​ប្រតិ​ទិននៃ​ការឈប់​សំរាក​បុណ្យជាតិ។

ប៉ុន្តែ​​កាល​ពី​ថ្ងៃ ទី​២៣ ខែតុលា​ឆ្នាំ​២០១២ ម្សិលមិញ​នេះ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ចេញ​សេចក្តីប្រកាស​ជា​ពត៏មាន​មួយ​ដោយ​លើកឡើង​ថា រាជ​រដ្ឋា​ភិ​បាល​ បាន​​សម្រេច​កំណត់​យក​ថ្ងៃ​ទី​២៣ ខែតុលា​​ដែល​​ទិវា​​ចុះ​ហត្ថ​លេខា​​លើ​​កិច្ច​​ព្រម​​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​ថ្ងៃ​ឈប់សម្រាក​១​ថ្ងៃ​ពី​ការងារ​របស់​មន្ត្រីរាជកា​រ ​និយោ​ជិត​ កម្មករ​​នៅ​​ទូទាំង​​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៣​តទៅ​។

គួរ​រម្លឹក​ផងដែរ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ គឺ​បាន​ប្រសូត្រ ចេញ​ពី​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា ព្រះមហាវីរ​ក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​ភាគី​ខ្មែរ​ដទៃទៀត​ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​។

ពិ​សេស​​ប្រទេស​បារាំង និង​ឥណ្ឌូណេស៊ី ដែល​ជា​សហប្រធាន​នៃ​សន្និសី​ទ បាន​ប្រឹងប្រែង​ធ្វើ​ការ​​ចរចា​​បង្រួប​បង្រួម​​រវាង​​ខ្មែរ​​និង​​ខ្មែរ​​អស់​​រយៈ​ពេល​​ជា​ច្រើន​​ឆ្នាំ​ រហូត​​ទីបំផុត​ឈាន​ដល់​ការ​អង្គុយ​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​ខ្មែរ និង​ខ្មែរ​។ កិច្ចព្រមព្រៀង​នោះ​ក៏​បាន​នាំ​ឲ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​១៩៩៣​ផងដែរ​៕

សាវ​នា​​ការ​កាត់​ទោស​​ខ្មែរ​ក្រហម​កាត់​​បន្ថយ​​មក​​ត្រឹម​​បី​ថ្ងៃ​​ក្នុង​​មួយ​​សប្តាហ៍

  • PDF

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ម្សិលម៉ិញ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការិយា​​ល័យ​​​​ជំនួយ​​រដ្ឋបាល​​របស់​​អង្គការ​សហ​ប្រជាជាតិ​​ដល់​​តុលាការ​​ខ្មែរ​ក្រហម​​បាន​​ជូន​ដំណឹង​​មក​​អង្គ​​ជំនុំ​ជម្រះ​​សាលា​ដំបូង​​ថា ដោយ​បញ្ហា​កង្វះ​ថវិកា។

អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​ពុំ​អាច​ជ្រើសរើស​មន្ត្រី ដើម្បី​មក​ជំនួស​កន្លែង​មន្ត្រី​ច្បាប់ អន្តរជាតិ​សំខាន់ៗ មួយចំនួន​និង​បុគ្គលិក​អន្តរជាតិ​ដទៃទៀត​បានឡើយ​។

ដូច្នេះ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នឹង​កាត់បន្ថយ​ចំនួន​ថ្ងៃ​នៃ​ការ​ធ្វើ​សវនាការ​របស់ខ្លួន​មក​នៅត្រឹម​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​នី​មួយៗ​៕

គណបក្ស​​សង្គ្រោះ​​ជាតិ​​គាំ​ទ្រ​​​​ថ្ងៃ​​​២៣​តុលា​ជា​​ថ្ងៃ​​ឈប់​សម្រាក​

  • PDF

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃទី​២៤ ខែ​តុលា​នេះ ដោយ​សម្ដែង​ការអបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​យក​ថ្ងៃទី​២៣ ខែតុលា ថ្ងៃ​ចរចា​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ទិវា​បុណ្យជាតិ​ដែល​អនុញ្ញាត​ឲ្យ​មន្ដ្រីរាជការ​និយោជិត កម្មករ​នៅ​​ទូទាំង​​ប្រទេស​កម្ពុជា​ឈប់​សម្រាក​ពី​ការងារ​ចាប់​ពី​ឆ្នាំ ២០១៣​តទៅ​។

គួរបញ្ជាក់​ថា លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជូន​សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​លើកឡើង​ថា​ការ​ដែល​​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចូល​ថ្ងៃ​ទី​២៣ ខែតុលា ក្នុង​ប្រតិទិន​នៃ​ទិវា​បុណ្យជាតិ​ឡើងវិញ​នេះ​គឺជា​ការ​ប្រសើរ​មួយ​៕

លិខិត​​ថ្មី​​ទៀត​​របស់​​លោក​សម រង្ស៊ី​ជូន​​សម្តេច​​ទាំង​​បី​ក្នុង​​ការ​សុំ​ចូល​​ប្រទេស​​ដើម្បី​​គោរព​​ ព្រះ​វិញ្ញាណ​ក្ខន្ធ​​សម្តេច​ឪ​

  • PDF

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស​បាន​ព្យាយាម​ស្វែងរក​ការ​សម្រប​សម្រួល​ជា​មួយ​នឹង​​ប្រមុខ​​ដឹកនាំ​គណបក្ស​កាន់អំណាច ដើម្បី​បាន​វិលត្រឡប់​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ទោស​ពៃ​ក្នុង​បំណង​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ​។

ជាមួយគ្នា​នោះ​លោក​សម រង្ស៊ី បាន​សរសេរ​លិខិត​ជាថ្មី​ម្តងទៀត​ផ្ញើជូន​សម្តេច​ទាំង​បី ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក សម រង្ស៊ី បាន​ផ្ញើរ​លិខិត​ម្តង​រួចមកហើយ កាលពី​សប្តាហ៍​មុន​ថ្វាយ​ព្រះមហាក្សត្រ សម្តេច​ព្រះបាទ បរមនាថ នរោត្តម សីហ​មុនី និង​ជូន​សម្តេច​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​។

គួរបញ្ជាក់​ថា លិខិត​របស់លោក​សម រង្ស៊ី ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ ដែល​បាន​ផ្ញើ​រួម​ជូន​សម្តេច​ទាំង​បី​នោះ​ត្រូវបាន​មន្ត្រី​ខុទ្ទកាល័យ​របស់​សម្តេច​ទាំង​បី ព្រម​ទទួលយក​ហើយ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា​ម្សិលម៉ិញ​នេះ​៕

កម្ពុជា​​បន្ត​​ជំរុញ​​ក្រម​​ប្រតិបត្តិ​​ស្តី​ពី​​សមុទ្រ​​ចិន​​ខាង​ត្បូង​និ​ង​សន្តិភាព​​នៅ​​ឧបទ្វីប​​កូរ៉េ

  • PDF

លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​និង​ជា​ឧត្តម​មន្ត្រី​អាស៊ាន​បាន​ប្រាប់ឲ្យដឹង​ថា មន្ត្រី​អាស៊ាន​ចង់បាន​ក្រម​ប្រតិបត្តិ​ឲ្យបាន​ឆាប់​។ លោកស្រី​បាន​បន្ថែម​ថា ក្រម​ប្រតិបត្តិ​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង​មិន​អាស្រ័យ​លើ​ប្រទេស​អាស៊ាន​ទាំង​១០​តែឯង​ទេ តែ​វា​អាស្រ័យ​លើ​ទៅលើ​ភាកី​ចិន​ផង​ដែរ​។

លោកស្រី​អះអាងថា ឧត្តម​មន្ត្រី​អាស៊ាន​នឹង​ធ្វើ​ការពិភាក្សា​ត្រូវធ្វើ​យ៉ាងណា​ដើម្បីឲ្យ​ការតាក់តែង​ក្រមប្រតិបត្តិ​នេះ​ប្រព្រឹត្ត​ទៅ​រលូន​ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​​បំផុត​រវាង​អាស៊ាន​និង​ភាគី​ចិន​។

ភាគច្រើន​នៃ​ប្រទេស​អាស៊ាន​យល់ថា​ក្រម​ប្រតិបត្តិ​នេះ​នឹង​ជួយ​បង្កា​កុំឲ្យ​មាន​ជម្លោះ​តឹងតែង​ឬ​ចៀសវាង​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយសារ​ការទាម​ទារ​​អធិបតេយ្យភាព​ដែន​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ដូច្នេះ​អាស៊ាន​បាន​ខិតខំ​ប្រឹងប្រែង​ជុំរុញ​ធ្វើយ៉ាងណា​ឲ្យ​ឆាប់​មាន​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​នេះ​៕

គណបក្ស​ប្រឆាំង​ប្រារព្ធ​ខួប​ថ្ងៃ​២៣​​តុលា​ថ្ងៃ​​ចុះ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​​ប៉ារីស

  • PDF

​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៤ ខែ​តុលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​រួបរួម​ថ្មី​រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​​ឆ្នាំ​​ទី​២១​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣​ខែតុលា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

សូម​រម្លឹកថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ កើតចេញ​ពី​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​ភាគី​ខ្មែរ​ដទៃទៀត ដោយ​មាន​ការឧ​ប​ត្ត​ម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ពិសេស​ប្រទេស​បារាំង និង​ឥណ្ឌូ​នេស៊ី។

ដែល​ជា​សហប្រធាន​នៃ​សន្និសីទ​បាន​ប្រឹងប្រែង​ធ្វើការ​ចរចា​បង្រួបបង្រួម​រវាង​ខ្មែរ និង​ខ្មែរ​អស់​ជាច្រើន​ឆ្នាំ​រហូត​ទីបំផុត​ឈាន​ដល់​ការ​អង្គុយ​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​ខ្មែរ និង​ខ្មែរ​។ កិច្ចព្រមព្រៀង​នោះ​ក៏​បាន​នាំ​ឲ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​១៩៩៣៕

តំណាង​​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​​ដឹកនាំ​​គណៈ​ប្រតិភូ​មក​​គោរព​​ព្រះ​​វិញ្ញាណក្ខន្ធ​​ព្រះមហាវីរ​ក្សត្រ

  • PDF

ក្រសួងការបរទេស​បាន​ជូន​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែតុលា​បាន​ឲ្យ​ដឹង​ថា​នៅ​​ថ្ងៃ​​ទី​២៣ ខែ​តុលា​នេះ​លោក​បណ្ឌិត កោះ ស៊ូ ឃូន (Dr. Koh Tsu Koon​) ជា​រដ្ឋ​មន្ត្រី​ទីស្តីការ​នាយករដ្ឋមន្ត្រី និង​ជា​តំណាង​រដ្ឋាភិបាល ម៉ាឡេស៊ី​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​មហាវីរ​ក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​នៅ​ព្រះបរមរាជវាំង​។

ដោយឡែក​នៅ​វេលា​ម៉ោង៩ និង ៣០នាទី​ព្រឹកថ្ងៃទី​២៤ ខែតុលា លោក​ចា​ម៉ាល់ រ៉ា​ចា​ផាក់​សា ( Hon. Chamal Rajapaksa ) ប្រធានសភា​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​សង្គមនិយម ស្រីលង្កា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​ផងដែរ​។

គួរកត់សម្គាល់​ថា ក្នុងអំឡុងពេល​នៃ​ការ​កាន់ទុក្ខ​របស់​ព្រះមហា​រី​វ​ក្សត្រ ព្រះបាទ​សម្តេច នរោត្តម សីហនុ​មេ​ដឹក​នាំ​​នៃ​ប្រទេស​ជិតខាង​បាន​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ត​របស់​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង​ផងដែរ​៕

ប្រធាន​សភា​សិរី​ល​ង្កា​នឹង​​មក​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​​សម្តេច​​ព្រះមហាវីរ​ក្សត្រ

  • PDF

នៅវេលា​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែតុលា លោក​ហ៊ុន ចា​ម៉ាល់ រ៉ា​ចា​ផាក់​សា ( Hon. Chamal Rajapaksa ) ប្រធានសភា​នៃ​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​​សង្គមនិយម​ស្រីលង្កា នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរ​ក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​នៅ​ព្រះបរមរាជវាំង​។ ​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​២២ ខែ​តុលា​នេះ​៕

​រដ្ឋាភិបាល​​កំណត់​​យក​​ថ្ងៃ​​១៥​តុលា​​ជា​​ទិវា​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​​សម្តេច​​តា

  • PDF

រាជរដ្ឋាភិបាល​ក​ម្ពជា​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែតុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ សម្រាប់​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រ​ចាំ​ឆ្នាំ​​២០១៣​។

សារាចរ​ណែនាំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ ០៣ ស​.​រ ដែល​មាន​ចុះហត្ថលេខា ដោយ​សម្តេច​នា​យក​រដ្ឋ មន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​​ឯកភាព​ជាតិ​ខ្មែរ​មាន​គុណូបការៈ​ដ៏​ថ្លៃថ្លា​វិសេសវិសាល និង​ឧត្តុង្គឧត្តម​ចំពោះ​ជាតិ​មាតុភូមិ​ដែល​ក្នុង​មួយ​ជីវិត​របស់​ព្រះអង្គ។

ព្រះអង្គ​បាន​លះបង់​ទាំង​ព្រះ​កាយ​ពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណ​​ភាព​ទឹកដី ការបង្រួបបង្រួម​ជាតិ សាសនា សេរីភាព សម​ភាព សមធម៌ យុត្តិធម៌ មនុស្ស​ធម៌ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស​ព្រះរាជ​វីរ​សកម្មភាព​ដ៏​ច្រើន​របស់​ព្រះ​អង្គ​ដែល​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួលបាន​ឯក​រាជ្យ បូរណ​ភាព​ទឹកដី ឯកភាព​ជាតិ អព្យាក្រឹតភាព និង​កិត្យានុភាព​ដ៏​ល្បីល្បាញ​នៅលើ​សកលលោក។

ដោយ​យោង​តាម​អនុ​ក្រឹត្យ​លេខ​១៨៦ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រី​រាជ​ការ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​១៥ ខែតុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ។ សារ​ចរណ៍​ណែនាំ​មាន​ខ្លឹមសារ​ដូច​តទៅ​៖

១- គ្រប់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ត្រូវ​រៀបចំ​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ១៥​តុលា ឲ្យបាន​ឧត្តុង្គឧត្តម សក្តិសម​នឹង​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​តាម​ទំនៀមទម្លាប់​ព្រពៃ​ណី​ជាតិខ្មែរ​។​

២- គ្រប់​ស្ថាន​អគ្គ​រាជទូត និង​ស្ថាន​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស​ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ​ឲ្យបាន​សក្តិសម​នឹង​កិត្យានុភាព នឹង​មោទនភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​

៣- រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់​លំដាប់ថ្នាក់ រួមមាន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​នេះ ឲ្យបាន​ទូលំទូលាយ និង​សម​ស្រប​តាម​ព្រះ​បរម​ងារ​របស់​ព្រះអង្គ​ជា​ព្រះវររាជបិតា​ឯកភាព​ជាតិ​ខ្មែរ​។​

៤-​គ្រប់​វត្ត​អារាម បូជនីយដ្ឋាន​សាសនា អាស្រម​វិប្បសនា និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ឲ្យបាន​វិសេស​វិសាល​​ថ្លៃថ្លា​សក្តិសម​នឹង​សេចក្តី​គោរព​ស្រឡាញ់​ដែល​ផុសចេញ​ពី​ក្រឳ​បេះដូង​របស់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប​ទៅតាម​លទ្ធភាព​។​

៥-​ក្រសួង​ព័ត៌មាន ត្រូវ​ចាត់តាំង​រៀបចំ​កម្មវិធី​ផ្សព្ធផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាតិ​-​ឯកជន អំពី​ព្រះរាជ​ជីវ​ប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ដ​របស់​សម្តេច ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ជាទី​សក្ការៈ ចំពោះ​​ប្រទេសជាតិ និង​ចំពោះ​ប្រជារាស្ត្រ​ឲ្យបាន​ទូលំទូលាយ​។​

គួរបញ្ជាក់​ថា បន្ទាប់​ពី​ការទទួលបាន​សារាចរ​ណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គណៈ​កម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​រដ្ឋបាល​រាជ​ធានី ខេត្ត​ត្រូវ​ចាត់ចែង​ផ្សព្វផ្សាយ​និង​អនុវត្តន៍​ឲ្យមាន​ប្រសិទ្ធភាព ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

សូម​រម្លឹក​ផងដែរ​ថា អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទិវង្គ ត នៅ​ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​ម៉ោង​១​និង​២០​នាទី​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅក្នុង​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរា​ពាធ​។

រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្តីប្រកាស​រៀបចំ​ព្រះរាជ​ពិធី​កាន់​មរណទុក្ខ​ជា​ផ្លូវការ​ថ្វាយ​សម្តេច​ឪ សម្តេចព្រះ នរោត្តម សីហនុ រយៈពេល​មួយ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២ តែ​យ៉ង​ណា​ក៏​ដោយ​មិន​មាន​ការប្រកាស​ឲ្យ​ឈប់​សម្រាក​ពី​ការងារ​ទេ​៕

រាជរដ្ឋាភិបាល​​កំណត់​​យក​​ថ្ងៃ​ទី​​១៥ ​ខែតុលា​​ជា​ទិវា​​ប្រារព្ធ​​ពិធី​​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះមហាវីរ​ក្សត្រ

  • PDF

យោងតាម​អនុក្រឹត្យ​លេខ​១៨៦ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ បានឲ្យដឹងថា រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​១៥​ខែតុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ សម្រាប់​​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៣​។

ដោយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ មាន​គុណូបការៈ​ដ៏​ថ្លៃថ្លា វិសេសវិសាល និង​ឧត្តុង្គឧត្តម​ចំពោះ​ជាតិ​មាតុភូមិ ដែល​ក្នុង​មួយ​ជីវិត​របស់​ព្រះអង្គ ព្រះអង្គ​បាន​លះបង់​ទាំង​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ការបង្រួបបង្រួម​ជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។

ជាពិសេស​ព្រះរាជ​វីរ​សកម្មភាព​ដ៏​ច្រើន​របស់​ព្រះអង្គ ដែល​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួលបាន​ឯក​រាជ្យ បូរណភាព​ទឹកដី ឯកភាព​ជាតិ អព្យាក្រឹតភាព និង​កិត្យានុភាព​ដ៏​ល្បីល្បាញ​នៅលើ​សកលលោក​៕

មន្ត្រី​ជាន់​​ខ្ពស់​​​នៃ​​​​បណ្តា​​ប្រទេស​​​​ផ្សេងៗ​​​​អ​ញ្ញើញ​​​​គោរព​​​ព្រះ​​វិញ្ញាណក្ខន្ធ​​សម្តេច​​ឳ​ ​

  • PDF

មន្ត្រីជាន់ខ្ពស់​របស់​បណ្តា​ប្រទេស​មួយចំនួន​ដែល​បាន​អញ្ញើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​បរមសព​ព្រះមហាវីរក្សត្រ សម្តេច​ឳ នរោត្តម​សីហនុ នៅ​ថ្ងៃ​ទី​២១ តុលា​នេះ​មានដូចជា លោក​លី សៀន​លុង (​Lee Hsien Loong​) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សឹង្ហ​បូរី និង​លោក​ជំទាវ រួម​ទាំង​គណៈប្រតិភូ​, លោក​យ៉ាង​ ហៀ​ង ស៊ើប (​Yang Hyong-sop) អនុប្រធាន​គណៈ​ប្រធានសភា​ជាន់​ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េខាងជើង និង គណៈ​ប្រតិភូ​។

បន្ទាប់មក​មន្ត្រី​ជាន់ខ្ពស់​ទាំង​នៃ​ប្រទេស​ទាំងនេះ​ក៏​អញ្ជើញ​ទៅ​ជួប​ជាមួយ​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ផងដែរ​។ ហើយ​នៅ​ថ្ងៃ​ដដែល​​នោះ​លោក ហ្វេ​លី ​ស៊ី​អា​ណូ​រ​.​ប៊ែល​ម៉ុន​តេ (Felliciano R. Belmonte JR​) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​ជា​បេសកជន​ពិសេស របស់​លោក​ប៊ែ​និក​ណូ​ ស​. អា​គីណូ ទី​៣​ (​Benigno S. Aquino III) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ក៏​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ​ដែរ​។

ចំណែក​នៅ​ថ្ងៃ​ចន្ទ​ទី២២​តុលា លោក​សៃ ម៉ូ​ក ខាំ (​Sai Mauk Kham​) អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ារ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង​នា​វេលា​ម៉ោង​២ និង ៣០នាទី រសៀល​។

ក្នុង​សេចក្តីប្រកាស​ដដែល​របស់​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា លោក​សៃ ម៉ូ​ក ខាំ​អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ារ​នឹង​ជួប​ជាមួយ​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​វិមាន​សន្តិភាព​ផងដែរ​៕

​លោក​ម៉ម សូណង់ដូ ​សម្រេច​​ប្តឹង​ឧទ្ធរណ៍​ស្វែង​រក​​យុត្តិធម៌

  • PDF

ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ លោក​​ម៉ម​ សូណង់ដូ សម្រេច​ប្តឹង​ទាស់​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​​ផ្តន្ទាទោស​លោក​ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ ពី​បទ​បង្កើត​តំបន់អបគមន៍​នៅ​ខេត្ត​ក្រចេះ ប្រឆាំង​រដ្ឋាភិបាល​សា​ធា​រណះ​។

លោកស្រី ឌិន ផា​ណា​រ៉ា ភរិយា​លោក​ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​​កាល​ពី​​ថ្ងៃ​​សុក្រ ទី​១៩ ខែ​តុលា​ថា សាលាឧទ្ធរណ៍​បាន​ទទួល​​ពាក្យ​បណ្តឹង​​របស់​​លោក​ម៉ម សូណង់ដូ ហើយ​ដែល​ពាក្យបណ្តឹង​នោះ​សុំ​ឲ្យ​តុ​លា​ការ​​បើក​​សវនា​ការ​ជំនុំជម្រះ​លើ​សាលក្រម​ផ្តន្ទាទោស​ឡើងវិញ​៕

កម្ពុជា​​មិន​​បាន​​ជាប់​​ជា​​សមាជិក​​មិន​​អចិន្ត្រៃយ៍​​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​​សហប្រជាជាតិ​ទេ

  • PDF

​ក្តី​រំពឹងរបស់​កម្ពុជា​ដែល​ចង់បាន​តំណែង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣-២០១៤ នោះ​ត្រូវ​បាន​​រលាយ​សាប​សូន្យ​ហើយ​។

លទ្ធផល​បោះឆ្នោត​នៅ​ទីស្នាក់ការ​ធំ​របស់​អង្គការសហប្រជាជាតិ​ក្នុង​បុរី​ញូវយ៉ក កាលពី​ម៉ោង​​៩យប់ ​ថ្ងៃ​ទី​១៨​តុលា ឆ្នាំ​២០១២ ម៉ោង​នៅ​ក្នុង​​ប្រទេស​​កម្ពុជា បង្ហាញ​​ថា កូរ៉េ​ខាង​ត្បូង​បាន​​​យក​​​ឈ្នះ​​ប្រទេស​​កម្ពុជា​ក្នុង​​ការ​បោះ​ឆ្នោត​​ជុំ​ទី​២ ដោយ​សំឡេង ១៤៩​ទល់​នឹង​៤៣ ក្នុង​ចំណោម​​ប្រទេស​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ​​ដែល​​​​ចូល​​រួម​​បោះ​ឆ្នោត​​សរុប​​ចំនួន​ ១៩៣​ប្រទេស​។​

​សូមបញ្ជាក់​ថា នៅ​តំបន់​អាស៊ី​មាន​បេក្ខភាព​ចំនួន ៣​ប្រទេស ដើម្បី​ប្រជែង​យក​កៅអី​ជា​​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​​អាណត្តិ ឆ្នាំ​២០១៣-២០១៤ ដែល​រួមមាន​៖ កម្ពុជា កូរ៉េខាងត្បូង និង​ប្រទេស​ប៊ូ​តា​ន​។

ប៉ុន្តែ​ប៊ូ​តា​ន​បាន​ធ្លាក់​តាំង​ពី​ជុំ​ទី​១​។ ក្នុង​ការបោះឆ្នោត​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ បេក្ខភាព​ប្រទេស​នី​មួយៗ ដែល​អាច​ជាប់​បាន​នៅក្នុង​បេក្ខភាព​នេះ ចាំ​បា​ច់​​ត្រូវតែ​ទទួលបាន​សំឡេង​គាំទ្រ​យ៉ាង​តិច ២ ភាគ ៣ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ទាំង ១៩៣ប្រទេស​។

​គួរកត់សម្គាល់​ថា ក្នុង​ចំណោម​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ទាំង ១០​ប្រទេស មាន​ប្រទេស​ចំនួន ៥​ដែល​ត្រូវផុត​អាណត្តិ នៅ​ចុង​ខែ​ធ្នូ​ខាងមុខ​។ មហាសន្និបាត​អង្គការសហប្រជាជាតិ ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី សម្រាប់​អា​ណ​ត្តិ ២​ឆ្នាំ គឺ​ពី​២០១៣-២០១៤​។

​ប្រទេស​ទាំង​៥ ដែល​ត្រូវផុត​អាណត្តិ​ឆ្នាំនេះ​រួមមាន ឥណ្ឌា ដែល​ជា​ប្រទេស​ស្ថិតនៅ​តំបន់​តំណាង​ឲ្យ​អាស៊ី អាហ្វ្រិក​ខាងត្បូង តំណាង​តំបន់​អាហ្វ្រិក កូឡុំប៊ី តំណាង​តំបន់​អាមេរិក​កណ្តាល និង​អាមេរិក​ឡាទីន អាល្លឺម៉ង់ និង​ព័រទុយហ្កាល់ តំណាង​តំបន់​អឺរ៉ុប​ខាងលិច និង​តំបន់​ផ្សេងទៀត​។​

​ចំណែក​ប្រទេស​ជា​បេក្ខជន​វិញ រ​វ៉ាន់ដា ( Rwanda ) គឺជា​ប្រទេស​តែមួយគត់​ដែល​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខជន​តំណាង​តំបន់​អាហ្វ្រិក​សម្រាប់​ជំនួស​អាសនៈ​របស់​អាហ្វ្រិក​ខាងត្បូង​។ រីឯ​ប្រទេស​អា​ហ្សង់​ទីន​ក៏​ជាបេក្ខជន​ទោល​​​​ដែរ​​សម្រាប់​​ជំនួស​​អាសនៈ​របស់​កូឡុំប៊ី មកពី​តំបន់​អាមេរិក​កណ្តាល និង​អាមេរិក​ឡាទីន​។

ដោយឡែក​សម្រាប់ តំបន់​អឺរ៉ុប​ខាងលិច និង​តំបន់​ផ្សេងទៀត​មាន​បេក្ខជន​៣ គឺ​ហ្វាំង​ឡ​ង់ អូស្ត្រាលី និង​លុច​សំបួ ប្រជែង​យក​អាសនៈ​ចំនួន​២ ជំនួស​អាសនៈ​របស់​អាល្លឺម៉ង់ និង​ព័រទុយហ្កាល់​។

​សម្រាប់​តំបន់​​អាស៊ី​វិញ​មាន​ប្រទេស​ចំនួន​៣ គឺ កម្ពុជា កូរ៉េខាងត្បូង និង​ប៊ូ​តា​ន ប្រជែង​គ្នា​យក​អាសនៈ​តែមួយ​ជំនួស​កន្លែង​របស់​ប្រទេស​ឥណ្ឌា​។ លទ្ធផល​ជា​រួម ប្រទេស​ទាំង​៥ ដែល​បាន​ជាប់​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រយៈ​ពេល ២​ឆ្នាំ នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​រួមមាន​៖ ​រវ៉ាន់ដា អា​ហ្សង់​ទីន អូស្ត្រាលី លុច​ហ្សឹម​បួ​រ និង​ប្រទេស​កូរ៉េខាងត្បូង​៕ (​អត្ថបទ​ដោយ ជា ធីរិទ្ធ​)

    About Us
    Khana

Activities

Find us at Facebook

Contact Us