

បើយោងតាមស្ថិតិនៃនាយកដ្ឋានប្រឆាំងការជូញដូរនៃក្រសួងមហាផ្ទៃបានអោយដឹងថាកុមារកម្ពុជាដែលរងគ្រោះដោយសារទេសចរណ៍ផ្លូវភេទ មានចំនួនតិចជាង១០០ករណី បើប្រៀបធៀបនិងចំនួនភ្ញៀវទទេសចរណ៍ដែលបានចូលមកប្រទេសកម្ពុជានៅឆ្នាំ២០១១។
ទោះបីជាចំនួននៃកុមាររងគ្រោះដោយសារទេសចរណ៍ផ្លូវភេទមានការថយចុះក៏ដោយ ប៉ុន្តែសកម្មភាពនៃការចូលរួមកាន់បន្ថយការជូញដូរកុមារនៅប្រទេសកម្ពុជានេះ នៅតែមានជាបន្តបន្ទាប់។
ជាក់ស្តែងកាលពីថ្ងៃទី២២ ខែសីហាកន្លងទៅនេះក្រសួងទេសចរណ៍ និងអង្គការទស្សនពិភពលោកបានរៀបចំពិធីចុះហត្ថលេខាមួយនៅក្នុងសណ្ឋាគាឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញស្តីពីគម្រោងសុវត្ថិភាពកុមាក្នុងវិស័យទេសចរណ៍ គឺមានរយះពេល៤ឆ្នាំ ដែលបានចាប់ផ្តើមពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។
គម្រោងនេះមានជំនួយឧបត្ថម្ភពីអង្គការអូសអេដស៍សម្រាប់សកម្មភាពសុវត្ថិភាពកុមារក្នុងវិស័យទេចរណ៍ចំនួន ៤ប្រទេស រួមមានកម្ពុជា វៀតណាម ថៃនិងឡាវហើយគម្រោងនេះមានទឹកប្រាក់សរុប៧លាន៥សែនដុល្លារអាមេរិក។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការសុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍លោកហោ សារុនបានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពកុមារពីការរំលោភបំពានផ្លូវភេទនោះក្រសួងទេសចរណ៍បានបង្កើតនិងប្រកាន់យកវិធានការពីរជាចម្បង គឺវិធានការអប់រំ និង វិធានការរដ្ឋបាល។
លោកហោ សារុន បានបន្តទៀតថា កុមារកម្ពុជាដែលប្រឈមនឹងគ្រោះថា្នក់ទេសចរណ៍ផ្លូវភេទនោះគឺក្រុមកុមារលក់វត្ថុអនុស្សាវរីយ៍ នៅតាមរមណីយដ្ឋានតាមប្រាសាទនិងនៅតាមសហគមន៍នានាដែលកុមារមួយចំនួនចាញ់បោកភ្ញៀវទេសចរបរទេសតាមរយៈការផ្តល់ថវិកា ឬ សម្ភារៈឬ ក្នុងនាមជាអង្គការមនុស្សធម៌មួយចំនួនដែលជួយកុមារ។
គួរកត់សំគាល់ថា បញ្ហារំលោភផ្លូវភេទនេះ គឺជាបញ្ហាសាកលហើយជាកង្វល់រួមរបស់ពិភពលោកទាំងមូលមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាមួយទេ គឺកើតមានៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលហើយអង្គការទេសចរណ៍ពិភពលោកបានរៀបចំជាក្រមសីលធម៌ក្នុងការធ្វើដំណើរក្នុងពិភពលោកនិងបង្កើតច្បាប់ទេសចរណ៍នៅក្នុងតំបន់អាស៊ាន។
ចំនែកឯលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេកនាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ២០១១កន្លងមកអង្គការលីកាដូ បានរកឃើញករណីរំលោភផ្លូវភេទលើអនីតិជនមានចំនួន ២៥៩ ករណីនិងនៅ ៧ខែឆ្នាំ២០១២ មានករណីរំលោភផ្លូវភេទលើអនីតិជនមានចំនួន១១៨ករណី។
គួរបញ្ជាក់ផងដែរថា កុមារកម្ពុជាត្រូវការគាំពារ និងលើកស្ទួយសមត្ថភាពពីព្រោះជាទំពាំងស្នងឫស្សីប្រទេសជាតិនៅថ្ងៃអនាគតទោះបីជាវិស័យទេសចរណ៍មានចំណូលខ្ពស់សម្រាប់ជួយឲ្យមានកំណើនសេដ្ឋកិច្ចក៏ដោយតែទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិមិនមែនជាទេសចរណ៍ផ្លូវភេទឬទេសចរណ៍អនាចារលើកុមារកម្ពុជានោះទេ៕