
ក្នុងលិខិតរួមគ្នានោះត្រូវបានមេដឹកនាំគណបក្សស្តីទីបានធ្វើឡើងដោយយោងតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ក្នុងលិខិតរួមគ្នាដែលបានបង្ហោះក្នុងគេហទំព័ររបស់គណបក្សសមរង្ស៊ីនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ លោកគង់ គាំ និងលោកសឺនស៊ូប៊ែរ្តិ៍ បានជំរាបជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង ថា "សមាសភាពគ.ជ.ប. បច្ចុប្បន្នដែលបានរៀបចំការបោះឆ្នោត កន្លងមកមិនបានទទួលការយកចិត្តទុកដាក់ពីគណបក្សនយោបាយមតិសាធារណៈជនជាតិនិងអន្តរជាតិក្នុងការបំពេញតួនាទីរបស់ខ្លួនឲ្យមានលក្ខណៈឯករាជ្យអព្យាក្រឹត្យ និងយុត្តិធម៌នោះឡើយ។
ដូច្នេះដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៥នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដែលអាចទទួលយកបានសូមស្នើឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំសមាសភាពគ.ជ.ប. ឡើងវិញតាមនីតិវិធីដែលភ្ជាប់មកជាមួយ។
ក៏ប៉ុន្តែលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប.បានមានប្រសាសន៍នៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១២ ថា មិនមែនជារឿងថ្មីទេដែលគណបក្សប្រឆាំងហើយនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានទាមទារឲ្យមានការកែសម្រួលសមាសភាពដឹកនាំនៃក្បាលម៉ាស៊ីនគ.ជ.ប.។
លោកទេព នីថាបានបន្តថា ចំពោះករណីទាមទារឲ្យមានការកែសម្រួលសមាសភាពដឹកនាំគ.ជ.ប.នោះមិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប. ទេយោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺក្រសួងមហាផ្ទៃជាអ្នកចាត់ចែងរៀបចំសមាសភាពដឹកនាំ គ.ជ.ប ដែលត្រូវសុំសេចក្តីទុកចិត្តពីស្ថាប័នសភាជាតិ៕(អត្ថបទដោយ ជា ធីរិទ្ធ)













































