ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​​អាមេរិក​​ថា កោះ​Senkaku​គ្របដណ្តប់​​ដោយ​​សន្ធិសញ្ញា​​សន្តិសុខ​

  • PDF

ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី២៣ ​ខែ​មេសា។ ការឈាន​ជើង​ចូល​ទឹកដី​ប្រទេស​​​ជប៉ុន​ពីប្រ​ធានាធិ​តី​អាមេរិក​រូប​នេះ បាន​ទទួល​ការស្វាគមន៍​យ៉ាង​ក្រៃលែង​ពី​លោក​ស៊ីន​ស៊ូ អា​ប៊េ ប្រធានាធិបតី​ជប៉ុន​នៅ​វិមាន​អធិរាជ​របស់​ប្រទេស​ជប៉ុន ដែល​រៀបចំឡើង​ដោយ​ព្រះ​ចៅ​អធិរាជ​Akihito។​

​កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំងពីរ​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​២៤​ ខែ​មេសា​។​ នៅក្នុង​ចិ​ច្ច​ប្រជុំ​នោះ​លោក​អូ​បា​ម៉ា​បាន​ថ្លែងថា កោះ Senkaku ដែល​ជា​កោះ​​ដ៏​ជូ​ចត់​រវាង ប្រទេស​ចិន និង​ជប៉ុន គឺ​ត្រូវ​គ្រ​បណ្តប់​ដោយ សន្ធិសញ្ញា​ការពារជាតិ​មួយ នោះ​គឺ​សន្ធិសញ្ញា​សន្តិសុខ​សហរដ្ឋអាមេរិក​និង​ប្រទេស​​ជប៉ុន​។

មានន័យ​ថា អ្វី​ដែល​ស្ថិត​នៅក្នុង​ប្រទេស​ជប៉ុន គឺ​ជាកា​គ្រប់គ្រង​របស់​ជប៉ុន ហើយ​ក្រុង​វ៉ាស៊ីនតោន​ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​កា​ពារ​ប្រសិនបើ​មាន​​ការវាយប្រហារ​ពី​ភាគី​ណាមួយ​កើតឡើង​នៅក្នុង​នោះ​រួមមាន​កោះ​ជម្លោះ Senkaku ​ផងដែរ​។ ​ផ្ទុយទៅវិញ​ប្រសិនបើ​មាន​ប្រទេស​ផ្សេង​មក​ពាក់ព័ន្ធ​យើង​នឹង​ឈរ​ជាមួយ​គ្នា​ដើម្បី​ឲ្យមាន​ការចរចា​ដោយ​សន្តិវិធី​។​

​នៅក្នុង​កិច្ចប្រជុំ​រវាង​លោក​អូ​បា​ម៉ា និង​លោក​អា​ប៊េ នៅ​ទីក្រុង​តូ​ក្យូ​ប្រធានាធិបតី​មួយគូរ​នេះ​បាន​ព្រមព្រៀង​គ្នា​យល់ព្រម​បន្ត​កិច្ចសហ​ប្រតិបត្តិ​ការ​ឲ្យ​កាន់តែ​មាន​ភាព​ជ្រាលជ្រៅ​ទៅលើ​បញ្ហា​សន្តិសុខ​ដែនសមុទ្រ និង​ការ​ដាក់​កងទ័ព​អាមេរិក​នៅ​លើ​កោះ​Okinawa ដែល​ជា​ការ​មិន​ពេញចិត្ត​ពី​ប្រទេស​នៅក្នុង​តំបន់​ជាច្រើន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា យើង​ចែករំលែក​ការប្តេជ្ញាចិត្ត​ចំពោះ​គោលការណ៍​ជា​មូលដ្ឋាន គឺ​ការគោរព​ច្បាប់​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​ដំណើ​រទស្ស​កិច្ច​នៅ​ប្រទេស​ជប៉ុន​បានបញ្ចប់​ប្រធានាធិបតី​អាមេរិក នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ចំនួន​បី​ទៀត មាន​ដូចជា​ប្រទេស​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ប្រទេស​ហ្វីលីពីន៕(ដោយ៖​អ៊ុន សុខ​ឡា)​

​អា​មេ​រិក បញ្ជូន​​កង​ទ័ព ៦០០ នាក់​​ទៅ​​ប៉ូឡូញ ខណៈ​​រុស្ស៊ី មាន​​ភាព​តាន​តឹង​​ជាមួយ​​អ៊ុ​យ​ក្រែន

  • PDF

សហរដ្ឋអាមេរិក បាន​សម្រេច​បញ្ជូន​​កង​ទ័ព ៦០០​នាក់​ចូល​​មក​កាន់​ភាគ​ពាយ​ព្យ នៃ​ប្រទេស​ប៉ូឡូញ ដើម្បី​ធ្វើ​សមយុទ្ធ​យោធា ខណៈ​រុស្ស៊ី និង​អ៊ុយ​ក្រែន​​កំពុង​មាន​ភាព​តានតឹ​ង​។ ទាហាន អាមេរិក​ចំនួន​១៥០​នាក់​នេះ បាន​មក​ដល់​ទីក្រុង Swidwin ប្រទេស​ប៉ូឡូញ ហើយ​នៅ​ថ្ងៃទី​២៤​មេសា​នេះ ហើយ​​កងទ័ព​អាមេរិក ចំនួន​៤៥០​នាក់​បន្ថែមទៀត នឹង​មកដល់​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​។

​ពាក់ព័ន្ធ​​នឹង​​បញ្ហា​នេះ ប្រធាន​​នា​ធិប​តេយ្យ អាមេរិក លោក បា​រ៉ាក់ អូ​បា​មា បាន​ព្រមាន​រុស្ស៊ី ដោយ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ទៅ​លើ​រុស្ស៊ី​។​ការដាក់ទណ្ឌកម្ម ដែល​អាមេរិក​បាន​​បង្ហាញថា ​បាន​អនុវត្ត​​នូវ​កិច្ចព្រមព្រៀង​មួយ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង រវាង​រុស្ស៊ី និង​អ៊ុ​យក្រែន​។ ប្រធាន​នា​ធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​ចោទប្រកាន់​រុស្ស៊ីថាបាន បង្អាក់ ការដោះស្រាយ​បញ្ហា​អ៊ុ​យក្រែន កាលពី​សប្តាហ៍​មុន ខណៈ​ទីក្រុង មូ​ស្គូ​ឆ្លើយតបថា ខ្លួន​នឹង វាយប្រហា​រណា ដើម្បី​ផលប្រយោជន៍​ខ្លួន នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​បើ​តាម​លោក សឺ​ជី ឡា​រ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស រុស្ស៊ី បាន​ថ្លែង​តាម​កញ្ជក់​ទូរទស្សន៍ Russian state TV channel RT កាលពី​ថ្ងៃ​ពុធ​ថា ប្រសិនបើ​ផល​ប្រយោជរប​ស់ ប្រទេស​រុស្ស៊ី​ត្រូវ​បាន​​វាយប្រហារ ដោយ​ផ្ទាល់​នោះ ខ្លួន​នឹង​មិន ស្វែងរក​នូវ​វិធីសាស្ត្រ​ណាមួយ​ផ្សេង​ទៀត ដើម្បីឆ្លើយតប នឹង​ច្បាប់​អន្តរជាតិ​នោះ​ទេ​។​

​សូមបញ្ជាក់​ថា ការបញ្ជូន​កងទ័ព អាមេរិក​នៅ​ពេល​នេះ គឺជា​លើក​ទី​១ ហើយ ស្របពេល​ដែល មាន​ភាព​ដែល ប្រទេស​រុស្ស៊ី កំពុងតែ​តាន​តឹង​​ជាមួយ​ប្រទេស​អ៊ុ​យក្រែន ដែល​បង្ហាញ​នេះ នៅ​ដែល​មិនទាន់​ដំណោះស្រាយ​នៅឡើយ​ទេ​៕

(​ដោយៈ ឡេង ដេត​)


លោក​ ​អា​ភី​ស៊ីត ​មេ​បក្ស​​ប្រឆាំង​​ប្រកាស​​រួមចំណែក​​ក្នុង​ការបញ្ចប់​​វិបត្ដិ​នយោបាយ​​ថៃ​​

  • PDF

បើ​តាម​ការចុះផ្សាយ​​របស់​​បណ្ដាញ​​សារព័ត៌មាន​ The Nation​ ថៃ​​បាន​ឱ្យដឹងថា​ ថ្នាក់ដឹកនាំ​​គណបក្ស​​ប្រជាធិបតេយ្យ​​លោក​ អា​ភី​ស៊ី ​វេចា​ជីវ៉ា​ បានប្រកាស​ថា​ លោក​នឹង​​រួមចំណែក​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​នយោបាយ​ ដែល​ជាប់គាំង​​នៅ​ក្នុង​​ប្រទេស​ថៃ​​បច្ចុប្បន្ន​។​ លោក​ អា​ភី​ស៊ីត​ បាន​​បញ្ជាក់​បន្ថែម​ថា​ ការបោះឆ្នោត​​ជា​ថ្មី​​ដែល​នឹង​​ប្រព្រឹត្ដិទៅ​​នៅ​ពេល​ខាងមុខ​ ដែល​ជា​​ការចង់បាន​រ​បស់​​គណបក្ស​​ភឿ​ថៃ​ ពិតជា​​មិន​អាច​​ដោះស្រាយ​​បញ្ហា​​បានឡើយ​ ព្រោះថា​ នឹង​នៅតែ​​មាន​​ប្រជាពលរដ្ឋ​​មិន​​ពេញ​ចិត្ដ​ ហើយ​ពួកគេ​​ទាំងអស់នោះ​ នឹង​មិន​ទៅ​​ចូលរួម​​ការបោះឆ្នោត​​នោះ​ទេ​។ ​សម្រាប់​​ការបោះឆ្នោត​​​កាលពី​​ថ្ងៃ​ទី​០២​​ខែ​កុម្ភៈ ​មាន​មនុស្ស​​តែ​១៤​​លាន​នាក់​​ប៉ុណ្ណោះ​ ក្នុងចំណោម​​៥០​លាន​នាក់​ ​ដែល​មាន​​សិទ្ធិ​​បោះឆ្នោត ​បាន​ទៅ​ចូលរួម​​ការបោះឆ្នោត​ ដើម្បី​​ជ្រើសរើស​​បេក្ខជន​ ឬ​ក៏​​គណបក្ស​​នយោបាយ​​ដែល​ពួកគេ​​ពេញចិត្ដ​។​​

​បន្ថែម​​លើ​នេះ​ លោក ​អា​ភី​ស៊ីត​ វេចា​ជីវ៉ា​ បាន​​បញ្ជាក់​បន្ថែម​ថា​ លោកស្រី​ យី​ង​ឡាក់​​ ​ស៊ីណាវ៉ាត្រា ​គួរតែ​​ចូលរួម​​ក្នុង​កិច្ច​ពិភាក្សា​​​ ជាមួយ​​គណបក្ស​​នយោបាយ​​ដែល​​ពាក់ព័ន្ធ​ ដើម្បី​​រក​​ដំណោះស្រាយ​​សមស្រប​ បញ្ចប់​​ភាពជាប់គាំង​​នយោបាយ​ និង​ធ្វើឱ្យ​​ប្រទេស​ជាតិ​​អាច​ធ្វើ​ដំណើរ​​ទៅ​មុខ​បាន​។​ រាល់ដង​​លោកស្រី​ យី​ង​ឡាក់​ តែងតែ​​បដិសេធ​​កិច្ចពិភាក្សា​ ដោយ​លើក​ឡើង​ថា​ លោកស្រី​​មិន​មែន​​ជា​អ្នកដឹកនាំ​​គណបក្ស​ភឿ​ថៃ​។​ ដូច្នេះ​​ប្រសិនបើ​​លោកស្រី​​ ពិតជា​មាន​​បំណង​​ចង់ឱ្យ​​ប្រទេស ​ងាក​​ចេញ​ពី​ស្ថានភាព​​អាក្រក់​នេះ​​មែន​ លោកស្រី​​គួរតែ​​យល់​ពី​អ្វី​​ដែល​ត្រូវ​ធ្វើ​។ ​លោកស្រី​​ក៏​តែងតែ​​ស្នើសុំ​​ឱ្យ​ភាគី​​ដទៃ​ អង្គុយ​ចុះ​​ដើម្បី​​ពិភាក្សា​គ្នា​ ចុះ​តើ​​លោកស្រី​​បាន​​ត្រៀម​​រួចរាល់​​ហើយ​ឬ​នៅ​​សម្រាប់​​កិច្ចពិភាក្សា​​នេះ​។ ​ខ្ញុំ​ចង់​​ពិភាក្សា​​ជាមួយ​​រដ្ឋាភិបាល ​ប្រសិន​បើ​​លោក​ស្រី​​នាយករដ្ឋមន្ដ្រី​ ​ត្រៀម​ខ្លួន​​សម្រាប់​​កិច្ច​​ជំនួប​នេះ​ វា​ពិតជា​​មិន​​ពិបាក​​ឡើយ​។​ នេះ​ជា​​ការលើកឡើង​​របស់​​លោក​ អា​ភី​ស៊ីត​។​​

​សូម​​បញ្ជាក់​​ដែរ​​ថា​ ពាក់ព័ន្ធ​នឹង​​បញ្ហា​​ដែល​បាន​​កើតឡើង​​នៅក្នុង​​ប្រទេស​ថៃ​​កន្លងមក​ លោកស្រី ​យី​ង​ឡាក់ ​ស៊ីណាវ៉ាត្រា ​បាន​ប្រកាស​​កាលពី​ថ្ងៃ​​ទី​២២​​ខែ​មេសា​​ថា​ លោក​ស្រី​​នឹង​ចុះចេញ​​ពី​តំណែង​ ហើយ​ក៏​អាច​​ចាក​ចេញ​ពី​ឆាក​នយោបាយ​​បានដែរ​ ប្រសិនបើ​​វា​ជា​តម្រូវការ​​របស់​​ប្រទេសជាតិ​ និង​ប្រជាជន​ ហើយ​អាច​ធើ្វឱ្យ​​ប្រជាជន​​គោរព​តាម​​និ​តិ​រដ្ឋបាន​។​ ចំណែក​លោក​ ថាក់ស៊ីន​​ ស៊ីណាវ៉ាត្រា​ ដែល​ជា​​បង​បង្កើត​​របស់​​លោកស្រី​ ក៏​បាន​​និយាយ​​ដូចគ្នា​​ដែរ​ថា​ លោក​ក៏​ត្រៀម​​ខ្លួន​រួចរាល់​​ដែរ ​ដើម្បី​ឱ្យ​ក្រុមគ្រួសារ​​របស់​លោក​ បោះបង់​​អាជីព​​ជា​​អ្នកនយោបាយ​ ប៉ុន្ដែ​​លោក​ ថាក់ស៊ីន ​និង​លោកស្រី​​យី​ង​ឡាក់ ​នៅ​មិនទាន់​​បាន​​ពិភាក្សា​​គ្នា​​ជុំវិញ​​បញ្ហា​នេះ​​នៅឡើយ​​ទេ​៕​(ដោយ៖ពេញ ផេង)​​

អាមេរិក​​ប្រកាស​​ឱ្យ​កូរ៉េ​ខាងជើង​​បញ្ឈប់​​សកម្មភាព​​បង្ក​ចលាចល​​ជាបន្ទាន់​​

  • PDF

​កាលពី​ថ្ងៃ​ទី​២២​​ខែ​មេសា​​នេះ​ អ្នកនាំពាក្យ​​របស់​​អាមេរិក​​បាន​ប្រកាស​​ឱ្យ​ដឹងថា​ ពេល​នេះ​ ​អាមេរិក​​កំពុង​តែ​​ស្ថិត​នៅ​យ៉ាង​ជិត​ ជាមួយ​នឹង​​ការគ្រប់គ្រង​​នូវ​​សកម្មភាព​​របស់​​កូរ៉េ​ខាងជើង ​ដែល​អាច​​ជា​​សកម្មភាព​​បង្កហេតុ​​ណាមួយ​ នៅលើ​​ឧបទ្វីប​​កូរ៉េ​។​

ការតាម​ដាន​នេះ​ ធ្វើឡើង​​បន្ទាប់​​ពី​​ក្រសួង​ការពារជាតិ​​របស់​​កូរ៉េ​ខាងត្បូង​​បាន​ស៊ើប​​ដឹងថា​ កូរ៉េខាងជើង​​ទំនង​ជា​អាច​​បាញ់​​សាកល្បង​ នូវ​អាវុធ​​នុយក្លេអ៊ែរ​​របស់​​គេ​​ជា​ថ្មី​​ម្ដងទៀត​។​ ​អាច​បាញ់​​សាកល្បង​​ អាវុធ​​នុយក្លេអ៊ែរ​​ជាថ្មី​​ដោយសារតែ​ កូរ៉េខាងត្បូង​​ស៊ើប​​ដឹងថា​ កូរ៉េខាងជើង​​​កំពុងតែ​មាន​​សកម្មភាព​ ​នៅ​តំបន់​​ដែល​​ប្រទេស​​មួយ​នេះ ​ធ្លាប់​បាន​​បាញ់​​សាកល្បង​​អាវុធ​​របស់​​ខ្លួន​​បី​ដង​​មកហើយ​នោះ​។​

​ជា​ការ​ឆ្លើយតប​​នឹង​​ព័ត៌មាន​​ ដែល​​​កូរ៉េខាងត្បូង​​ទទួលបាន​ អ្នកនាំពាក្យ​​របស់​​សេត​វិមាន​​អាមេរិក​​បាន​​បញ្ជាក់​បន្ថែម​​ថា​ អាមេរិក​​ក៏​បាន​​ទទួល​​នូវ​​របាយការណ៍​ ស្ដីពី​​សកម្មភាព​​របស់​​កូរ៉េខាងជើង​​ដែរ​។​ របាយការណ៍​​បាន​បញ្ជាក់​ថា​ សកម្មភាព​​នោះ​ ​ទំនងជា​​មិន​មែន​​​​សញ្ញា​​ណាមួយ​​ ដែល​​កូរ៉ខាងជើង​​ចង់​​បង្ក​ហេតុ​​ឡើយ ​ហើយ​​អាមេរិក​​ក៏​បាន​​បដិសេធ​ ចំពោះ​​ការពិភាក្សា ​ទៅលើ​​ព័ត៌មាន​ទាក់ទង​​នឹង​​សកម្មភាព​​របស់​​កូរ៉េខាងជើង​ ប៉ុន្ដែ​​អាមេរិក​​នៅ​តែ​ អនុវត្ដសកម្មភាព​​របស់​ខ្លួន ​គឺ​​ការតាមដាន​​​សកម្មភាព​​ដែល​​អាច​​បង្កហេតុ​។​

​សូម​បញ្ជាក់​ថា​ ការប្រកាស​​របស់​​អាមេរិក​​ដូច្នេះ​ ធ្វើឡើង​​ស្របពេល​​ដែល​​ប្រធានាធិបតី​​អាមេរិក​​លោក​ បា​រ៉ាក់​​អូបា​ម៉ា ​បាន​​ធ្វើ​ដំណើរ​​ទស្សន​កិច្ច​​ទៅ​កាន់​​តំបន់​​អាស៊ី​ ដែល​​មាន​​ប្រទេស​​ចំនូ​ន​​៤​គឺ​ កូរ៉េខាងត្បូង​ ជប៉ុន​ ម៉ាឡេស៊ី​ និង​ហ្វីលីពីន​។ ​ពាក់ព័ន្ធ​នឹង​​ការ​លូក​ដៃ​​របស់​អាមេរិក​ នៅ​ក្នុង​​​ឧប​ទ្វី​កូរ៉េ​ ក៏​ត្រូវ​បាន​ទទួល​​ការរិះគន់​​យ៉ាងខ្លាំង​​ពី​​កូរ៉េខាងជើង​​ដែរ​ ដោយ​​កូរ៉េ​ខាងជើង​​ទទូច​​ម្ដង​ហើយ​​ម្ដងទៀត ​ឱ្យ​អាមេរិក​​បញ្ឈប់​​គោល​នយោបាយ​​ គាបសង្កត់​​​ទៅលើ​​ទីក្រុង​ព្យុង​យ៉ាង​ ហើយ​​កូរ៉េខាងជើង​​ក៏​បាន​​បង្កើន​​សមត្ថភាព​​ផ្នែក​យោធា​ ដើម្បី​​ទប់ស្កាត់​​ការគំរាម​កំហែង​​ពី​អាមេរិក​។​ បន្ថែម​​លើ​នេះ​​កូរ៉េ​ខាង​ជើង​ក៏​បាន​​ដាក់​កំហុស​​ទៅលើ​​ទីក្រុង​​វ៉ាស៊ីនតោន​​យ៉ាងខ្លាំង​ដែរ​ ដោយ​​អាមេរិក​​កំពុង​តែ​​ដាក់​គំនាប​​លើ​ខ្លួន​ តាម​រយៈ​​​ផ្នែក​​​នយោបាយ​​កងទ័ព ​និង​សេដ្ឋកិច្ច​៕​(ដោយ៖ពេញ ផេង)​

លោក​​អូ​បា​ម៉ា​​បាន​ធ្វើដំណើរ​​ទៅកាន់​​តំបន់​អាស៊ី​​ហើយ​​កាលពី​ថ្ងៃ​ទី​​២២​​មេសា

  • PDF

​ដូច​ការគ្រោងទុក​​លោក​​បា​រ៉ាក់ ​អូ​បា​ម៉ា​​(Barack Obama)​​ប្រធានា​ធាបតី​​អាមេរិក​ បាន​ចាកចេញ​​ពី​ព្រលាន​យន្តហោះ​ ANDREWS​​សហរដ្ឋអាមេរិក​​ហើយ​​ កាលពី​​ថ្ងៃ​ទី​​២២​​ខែ​មេសា​។​​ការចាកចេញ​​ពី​ទឹកដី​​អាមេរិក ​​របស់​​ប្រធានាធិបតី​​អាមេរិក​​រូប​នេះ​គឺ​ ជា​ដំណើរ​​ទស្សនកិច្ច​ ដ៏​វែង​​អន្លាយ​មួយ​ ទៅកាន់​​ប្រទេស​​នៅ​តំបន់​​អាស៊ី​អ​គ្នេយ៍។​​ប្រទេស​​ដែល​លោក​​ អូ​បា​ម៉ា ​ឆ្ពោះ​ទៅ​​មាន​ដូចជាប្រទេស​ ​ជប៉ុន ​កូរ៉េខាងត្បូង​ ម៉ាឡេស៊ី ​និង​ប្រទេស​ហ្វីលីពីន។​ ​ចំពោះ​​ដំណើរ​​ទស្សនកិច្ច​​របស់​​លោក​​នៅ​ប្រទេស​​ជប៉ុន​ លោក​អូ​បា​ម៉ា ​នឹង​ពិភាក្សា​​ពី​បញ្ហា​សុវត្ថិភាព​​ដែនសមុទ្រ​ ​នៅ​តំបន់​​អាស៊ី​បា​ស៊ី​ហ្វិ​ច ។ ​

​បន្ទាប់​ពី​នោះ​​លោក​បា​រ៉ាក់​ អូ​បា​ម៉ា​​ នឹងធ្វើដំណើរ​​ទៅកាន់​​ប្រទេស​ កូរ៉េខាងត្បូង។​ ​នៅ​ទីក្រុង ​Seoul ​លោក​អូ​បា​ម៉ា ​នឹង​ពិភាក្សា​​ជាមួយ​​ប្រធានាធិបតី​​កូរ៉េខាងត្បូង​ លោកស្រី​​ប៉ាក គុន​ហឺ​ (Park Geun-Hye)​ ពី​បញ្ហា​​ដែល​​ប្រទេស​កូរ៉េ​ខាងជើង​ តែងតែ​​បង្ក​ឲ្យមាន​​ភាព​តានតឹង​ ទាក់ទង​​ទៅនឹង ​អាវុធ​នុយក្លេអ៊ែ ។ ​ជាមួយ​គ្នា​​នោះ​​ដែរ​​​លោក​​អូ​បា​ម៉ា​ នឹង​ព្យាយាម​រក​វិធានការ​​ បន្ធូរបន្ថយ​​ភាព​តានតឹង​​រវាង​ប្រទេស​​ជប៉ុន​ និង​ប្រទេស​​កូរ៉េខាងត្បូង​​ផងដែរ​។​ ​

កិច្ច​ពិភាក្សា​​នៅ​ប្រទេស​​កូរ៉េខាងត្បូង​​ បានបញ្ចប់​ ​​លោក​​អូ​បា​ម៉ា ​នឹង​បន្ត​ដំណើរ​​ទៅកាន់​​ប្រទេស​ ម៉ាឡេស៊ី។​ នេះ​ជា​​លើកដំបូង​​ហើយ​​ នៃ​វត្តមាន​​របស់​​ប្រធានាធិបតី​​អាមេរិក​ ​នៅ​​ប្រទេស​​ម៉ាឡេស៊ី​ បន្ទាប់ពី​​លោក​​ លីន​ដុន​ ច​ន​សុន​​(Lyndon Johnson)​​ អតីត​​ប្រធានាធិបតី​​អាមេរិក​ បាន​បំពេញ​​ទស្ស​នកិច្ច​​នៅ​ទីនោះ​​ជា​លើក​​ចុងក្រោយ​ ​កាលពី​ឆ្នាំ​​១៩៦៦​ ដើម្បី​​ពិនិត្យ​មើល​​ការរីក​រា​លដាល​ នៃ​លទ្ធិ​កុម្មុយនីស្ត​​នៅក្នុង​​ប្រទេស​នោះ។​ ​តាម​គម្រោង​​ លោក​នឹង​ជួប​ពិភាក្សា​​ជាមួយ​ ​នាយក​​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​លោក​ ​ណា​ជី​ព​ រ៉ា​ហ្សាក់​ (Najib Razak)​​ទៅលើ​​បញ្ហា​​មួយចំនួន ​និង​បន្ត​​ទស្សនកិច្ច​​ទៅ​វិហារ​​អ៊ីស្លាម​ជាតិ​ នៅ​ទី​ក្រុង​កូឡា​ឡាំ​ពួ ​ប្រទេស​​ម៉ាឡេស៊ី​​ផងដែរ​។​

បន្ទាប់ពី​នោះ​​ ប្រទេស​​ហ្វីលីពីន​​ជា​ដំណើរ​​ទស្សនកិច្ច ​​ចុងក្រោយ​​របស់​​លោក​​អូ​បា​ម៉ា​។​ នៅ​ទីនោះ​​ លោក​អូ​បា​ម៉ា ​នឹង​ជួប​ពិភាក្សា​​ជាមួយ​​ប្រធានាធិបតី​ ​ប្រទេស​​ហ្វីលីពីន ​លោក​ បេនី​ណូ​ អា​គីណូ​​(Benigno Aquino)​​ បន្ទាប់មក​ នឹងចូលរួម​​សន្និសីទ្ន​ ជាមួយ​លោក​ ​Benigno Aquino​​នៅ​ទីនោះ​​ផងដែរ​។​​

​សូមបញ្ជាក់​​ថា​ ​ប្រទេស​​ចិន​​ លោក​អូ​បា​ម៉ា​ នឹងមិន​ទៅ​​បំពេញ​​ទស្សនកិច្ច​​នោះ​ទេ​ ដោយសារ​តែ​​ការប្រមើលមើល​​ពី​លោក​​អូ​បា​ម៉ា​ ឃើញថា​​ប្រទេស​​មួយ​នេះ​ ​គឺ​មាន​ការ​រីក​ចម្រើនហើយ​ ទាំង​ផ្នែក​​សេដ្ឋកិច្ច​ និង​នយោបាយ​​​​។​ ជា​ការ​កត់សម្គាល់ ​នេះ​ជា​លើក​​ទី​៥​​ហើយ​​សំរាប់​​ដំណើរ​ទស្សនកិច្ច​ របស់​​ប្រធានាធិបតី​​អាមេរិក ​ទៅកាន់​​ប្រទេស​​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​៕​(ដោយ៖អ៊ុន សុខឡា)​




​លោកស្រី​​យី​ង​ឡាក់​​ត្រៀម​​ខ្លួន​​បោះបង់​អាជីព​ជាអ្នកនយោបាយ​

  • PDF

បន្ទាប់​ពី​លោក​ ថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ​បានប្រកាសថា​ លោក​​បាន​ត្រៀម​ខ្លួន​​​ជាស្រេច​ ដើម្បី​ឱ្យ​​ក្រុមគ្រួសារ​​របស់​​លោក​​លះបង់​​អាជីព​​ជា​​អ្នកនយោបាយ​ លោកស្រី ​យី​ង​ឡាក់ ​ស៊ីណាវ៉ាត្រា​ ដែលជា​​ប្អូនបង្កើត​​របស់លោក ​ថាក់ស៊ីន ​និង​ជា​​នាយករដ្ឋមន្ដ្រី​​ចាំ​ផ្ទះ​​ក្នុង​ប្រទេស​ថៃ​​បច្ចុប្បន្ន​ បាន​ឆ្លើយតប​​ប្រាប់​​អ្នកការ​សែត​​ថា​ លោកស្រី​​ក៏​បាន​​ត្រៀម​​ខ្លួន​​រួចរាល់​​ហើយ​ដែរ​។​ លោកស្រី​​បញ្ជាក់​​បន្ថែមថា​ ប្រសិនបើ​​​វា​ជា​ការ​ចាំបាច់​​សម្រាប់​​ប្រទេសជាតិ​ និង​ជា​​ការចង់បាន​​របស់​​ប្រជាជន​ លោក​ស្រី​​នឹង​​ចុះចេញ​​ពី​តំណែង​ ហើយ​ក៏​​នឹង​ចាក​ចេញ​ពី​ឆាក​នយោបាយ​ដែរ​។​ ប៉ុន្ដែ​​ទាក់ទង​នឹង​​បញ្ហា​នេះ​ នាយករដ្ឋមន្ត្រី​​ស្ត្រី​​រូបនេះ​ នៅ​មិនទាន់​​បាន​ពិភាក្សា​​ជាមួយ​លោក ​ថាក់ស៊ីន ​និង​សមាជិក​​គ្រួសារ​​របស់​លោក​ស្រី​​នៅ​ឡើយ​ទេ​។​

​លោកស្រី​ យី​ឡាក់​​ស៊ីណាវ៉ាត្រា​ បាន​​បន្ដទៀតថា​ លោកស្រី​​មិន​ចង់​​បន្ដ​តំណែង​ទៀតឡើយ​ ប្រសិនបើ​​វា​ជា​តម្រូវការ​​របស់​ប្រទេស​ជាតិ​ ព្រោះថា​​អ្វី​ដែល​​សំខាន់​​នៅ​​ពេល​នេះ​ គឺ​សន្ដិភាព​ ហើយ​ភាគី​​ទាំងអស់​​អាច​គោរព​​តាម​និតិរដ្ឋ​។​ ដូច្នេះ ​ប្រសិនបើ​​ការដើរ​ចេញ​​របស់​លោក​ស្រី ​អាច​ធ្វើឱ្យ​ប្រទេស​​ជាតិ​​មាន​សន្ដិភាព​​នោះ​ លោកស្រី​​ក៏​ហាន​​លះបង់​ដែរ​។​​

​គួររម្លឹកថា​ ស្ថានភាព​​វឹកវរ​​នៅក្នុង​​ប្រទេស​ថៃ​ បាន​អូសបន្លាយ​​អស់​រយៈពេល​​ជាច្រើន​ខែ​​មក​ហើយ​។​ ភាព​ជាប់គាំង​​នេះ​ បាន​ធ្វើឱ្យ​​ប្រទេស​ថៃ​​សម្រេច​​រៀបចំ​​ការបោះឆ្នោត​​កាលពី​​ថ្ងៃ​ទី​០២​​ខែ​កុម្ភៈ ​ប៉ុន្ដែ​​ជា​លទ្ធផល​​ការបោះឆ្នោត​​នោះ​​ត្រូវ​ទុក​ជា​​អសា​របង់ ​ព្រោះ​​មិន​អាច​​ប្រព្រឹត្ដិ​ទៅ​ជា​សាកល​​នៅ​ទូទាំង​ប្រទេស​បាន​ ដោយសារ​​មាន​ការរំខាន​​ពី​ក្រុមបាតុករ​​ប្រឆាំង​។ ​ដោយសារ​តែ​​បញ្ហា​​នៅ​មិនទាន់​​អាច​ដោះស្រាយ​បាន​ គណៈកម្មាធិការ​​រៀបចំ​ការ​បោះឆ្នោត​​បាន​​ប្រកាស​ថា ​នឹង​​រៀបចំ​​ការបោះឆ្នោត​​ជា​ថ្មី​​នៅ​ខែ​កក្កដា​​ខាង​មុខ​។ ​ចំណែកឯ ​ការប្រកាស​​ចុះចេញ​​ពី​តំណែង​​របស់​​លោកស្រី​​យី​ង​ឡាក់ ​គេ​នៅ​​មិនទាន់​​ដឹង​ថា​ ធ្វើឡើង​​នៅពេល​ណា​ ហើយ​​អាច​​ធ្វើឱ្យ​​ប្រទេស​ថៃ​​វិល​ទៅ​រក​​ភាពស្ងប់ស្ងាត់​​វិញ​ ឬ​យ៉ាងណា​​នោះទេ​៕​(ដោយ៖ពេញ ផេង)​​


កូរ៉េ​ខាងត្បូង​​ភ្ញាក់ផ្អើល​​ជាខ្លាំង​​ខណៈ​សង្ស័យ​ថា​កូរ៉េខាងជើង​​គ្រោង​ធ្វើ​តេស្ដ​​អាវុធ​នុយក្លេអ៊ែរ​​ជាថ្មី​

  • PDF

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២២​ ខែ​មេសា​នេះ​ថា កូរ៉េខាងជើង​កំពុងតែ​រៀបចំ​នូវ​សកម្ម​ភាព​​​​យ៉ាង​​សកម្ម​មួយ​នៅ​ក្បែរ​តំបន់​ដែល​ប្រទេស​មួយ​នេះ​ធ្លាប់បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាលពី​ពេល​កន្លង​ទៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង​។

សកម្មភាព​របស់​ពួកគេ​ហាក់ដូចជា​ការរៀបចំ និង​ត្រៀម​ដើម្បី​បាញ់​អាវុធ​នុយក្លេអ៊ែរ​សារជាថ្មី​។ នេះ​បើ​យោង​តាម​ការ​ស៊ើប​អង្កេត​របស់​អ្នក​ជំ​នាញ​​​កូរ៉េខាងត្បូង​។ ក្រសួង​ខាងលើ​បាន​បញ្ជាក់បន្ថែម​ថា សកម្មភាព​របស់កូរ៉េខាងជើងបាន​ចាប់ផ្ដើម​ឡើង​តាំងពី​ព្រឹក​ថ្ងៃទី​២១​ខែ​មេសា​មក​ម្លេះ​។​

​សូមបញ្ជាក់​ថា កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ចំនូ​ន​បី​ដង​រួចមកហើយ គឺ​លើក​ទី​មួយ​នៅក្នុង​ឆ្នាំ​២០០៦ លើក​ទី​ពីរ​នៅក្នុង​ឆ្នាំ​២០០៩ និង​លើក​ទី​បី​នៅក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៣​។ ការបាញ់​នៅ​លើក​ទី​បី​នេះ បាន​បង្ក​ឱ្យ​មាន​ចលាចល​យ៉ាង​ខ្លាំង​នៅ​លើ​ឧបទ្វីប​កូរ៉េ រហូត​ដល់​អង្គការ​សហប្រជាជាតិ ដាក់​បម្រាម​ហាមឃាត់​មិនឱ្យ​កូរ៉េខាងជើង​អនុវត្ដ​ន៍​នូវ​សកម្មភាព​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​។

ប៉ុន្ដែ​ទោះបីជា​មាន​ការហាមឃាត់​បែប​នេះ​ក្ដី​កូរ៉េខាងជើង​ហាក់​មិន​អើពើ​ឡើយ ហើយ​ថែមទាំង​ផ្គើន​ម្ដង​ហើយ​ម្ដងទៀត ជាក់ស្ដែង​ដូចជា ការ​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន​គ្រាប់ កាលពីដើមឆ្នាំ​២០១៤​​​នេះ​​ជាដើម​។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង​ថែមទាំង​បាន​បោះ​ពាក្យ​សម្ដី​​គំរាមថា ខ្លួន​នឹង​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី​ម្ដងទៀត នៅពេលណា​ដែល​ចាំបាច់​៕(ដោយ៖​ពេញ ផេង)​

ប៉ូលីស​អ៊ីរ៉ាក់​​​សម្លាប់​មនុស្ស​២៦​នាក់​​ដោយ​បំផ្ទុះ​​គ្រាប់បែក​​ខណៈការ​បោះឆ្នោត​​សភា​ជិត​​មក​ដល់​

  • PDF

ថ្ងៃ​បោះឆ្នោត​សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​ជិត​មក​ដល់​បាន​ធ្វើឱ្យ​ប្រទេស​នេះ មាន​ភាពច្របូកច្របល់​ជាពិសេស​នៅ​តំបន់​ភាគខាងត្បូង គឺមាន​មនុស្ស​ស្លាប់​២៦ ខណៈ​ដែល​កំពុង​ជិះ​រថយន្ត​ដោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ពី​សំណាក់​ក្រុម​ប៉ូលីស​មួយចំនួន​។

មូលហេតុ​ដែល​មាន​ការ​បំផ្ទុះ​កើតឡើង​នោះ គឺ​ដោយសារតែ​ជនសង្ស័យ នៅក្នុង​រថយន្ត​នោះ​ជា​អ្នក​បន្លំ​សន្លឹកឆ្នោត​។ ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ គឺ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រទេស​ស៊ី​រ៉ី​ផងដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ខណៈ ដែល​ប្រទេស​អ៊ីរ៉ាក់​នឹង​រៀបចំ​ការបោះឆ្នោត​សភា គឺ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែ​មេសា​​ខាង​មុខ​។​

​ទន្ទឹម​នឹង​មាន​ហេតុការណ៍​នេះ​កើតឡើង​ទាហាន​អ៊ីរ៉ាក់​បាន​ដាក់ពង្រាយ​ក​ង​ទ័ព​ជាច្រើន​នាក់​នៅ​តាម​ដងផ្លូវ​មួយចំនួន ពី​ព្រោះ​ខ្លាច​មាន​ជន​សង្ស័យ​មក​ធ្វើ​សកម្មភាព​ក្នុង​តំបន់​របស់​ខ្លួន​ជា​បន្ដ​ទៀត​។ ទាក់ទង​នឹង​ការវាយប្រហារ​របស់​ក្រុម​ប៉ូលីស​ទៅលើ​ជនសង្ស័យ​នៅក្នុង​រថយន្ត​ដែល​ចោទថា ជា​អ្នក​បន្លំ​សន្លឹកឆ្នោត​នោះ​អង្គការ​សហប្រជាជាតិ បាន​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ក្រុម​ប៉ូលីស​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​លើ​អ្នកដំណើរ​កំពុង​ជិះ​ក្នុង​រថយន្ត។​

​សូមបញ្ជាក់​ថា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​អ៊ីរ៉ាក់ គឺ​កើតឡើង​ជា​ញឹកញាប់ បើ​គិត​ជា​អតិបរិមា រហូតមកដល់​ពេលនេះ គឺ​មាន​អ្នកស្លាប់​ដោយសារ ការ​បំផ្ទុះ​គ្រាប់បែក​មាន​ចំនួន​ប្រមាណ​៥០០​នាក់​។​ គួ​រម្លឹកថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា​​ មាន​មនុស្ស​ស្លាប់​១១​នាក់ និង​១៨នាក់​ផ្សេង​ទៀត​រងរបួស​ផ្សេង​ទៀត​ដោយ​សារ​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​៕​(ដោយ៖លាង​ ធីតា)​​

​អ្នក​ស្លាប់​​ដោយសារ​​ការ​លិច​សាឡាង​​នៅ​កូរ៉េ​ខាងត្បូង​​កើន​ឡើង​​ជាង​១០០​នាក់​

  • PDF

បើ​តាម​របាយការណ៍​ដែល​ផ្តល់ឲ្យ​ពី​មន្ត្រី​​ឆ្មាំ​សមុទ្រ​​ប្រចាំ​ការ​​នៅ​កន្លែងកើត​ហេតុ​​បានឲ្យដឹងថា បើ​មក​ដល់​ថ្ងៃទី​២២ ​ខែ​មេសា​នេះ​អ្នកស្លាប់ ដោយ​សារ​​ការ​​លិច​​សាឡាង​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​ប្រមាណ​ជាង​ ១០០​នាក់ នៅ​បាត់​ខ្លួន​ជាង​១០០​នាក់​នៅ​ឡើយ។​

ដោយឡែក​សាកសព​ដែល​សង្គ្រោះ​ពី​ក្នុង​នាវា​ត្រូវបាន​សាច់ញាត្តិ​ទទូលយ​កទៅប្រារពពិធី​បុណ្យស​ព​ជា​បន្តបន្ទាប់។ នៅក្នុង​នោះ​មាន​សាក​សព​​សមាជិក​​នាវិក​ជា​នារី​ម្នាក់ ត្រូវបាន​ទទួល​ការ​កោត​ស្ងប់ស្ងែង​ពី​មនុស្ស​ដែល​ជួយ​សង្គ្រោះ​ឲ្យ​រួច​ជីវិត និង​ពី​ប្រជាជន​កូរ៉េ​ខាងត្បូង។

ទទួល​បាន​ការ​កោត​ស្ងប់ស្ងែង​ដោយសារតែ​នាង Park Jee Young ជា​នាវិក​ស្រី​មាន​អាយុ​ ​២២​ឆ្នាំ​រូប​នេះ បាន​ព្យាយាម​ជួយសង្គ្រោះ​អ្នកដំណើរ​ដែល​ស្ថិតនៅ​លើ​នាវា​ដោយ​មិន​គិត​ពី​ខ្លួនឯង។ សកម្មភាព​នេះ​បាន​បង្ហាញ​ឲ្យឃើញ​ថា​នាង​Park Jee Young ជា​នាវិក​ម្នាក់​ពោ​ពេញ​ដោយ​ការ​ទទួល​ខុសត្រូវ​។

សាច់ញាត្តិ​របស់​នាវិកស្រី​វ័យក្មេង​ជន​ជាតិ​កូរ៉េ​ខាងត្បូង​បាន​និយាយថា ពិតជា​មិន​យុត្តិធម៌​នោះទេ​សំរាប់​ការស្លាប់​របស់​នាង​Park Jee Young មិន​​យុត្តិធម៌​ ​ខណៈ​ដែល​នាង​បាន​ព្យាយាម​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​ខ្លួន ខណៈ​ដែល​នាវិក​មួយចំនួន​បាន​ព្យាយាម​រត់គេច ដើម្បី​តែ​សុវត្ថិ​ភាព​​ផ្ទាល់​ខ្លួន​​ទៅ​វិញ។

បុ​ន្តែ​ទោះជាយ៉ាងណា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ប៉ាក់ គុន​ហឺ មានប្រសាសន៍​នៅ​ថ្ងៃទី​២១ ​ខែ​មេសា​ថា​ទង្វើ​​របស់​​អ្នកគ្រប់គ្រង​សាឡាង រួម​ទាំង​សហសេវិក​របស់គេ​ប្រៀប​ដូច​ជា​សកម្មភាព​ចង់​ធ្វើ​ឃាត​អ្នកដំណើរ​ដូច្នេះ​ដែរ​។ លោកស្រី​បាន​បន្ដ​ទៀត​ថា វា​ពិតជា​មិន​គួរឱ្យ​ជឿ​ឡើយ​ដែល​ពួកគេ​រត់​គេចខ្លួន​ស្របពេល​ដែល​អ្នក​នៅលើ​សាឡាង​កំពុងតែ​ជួប​គ្រោះថ្នាក់​។

មិន​ត្រឹមតែ​លោកស្រី​ប៉ុណ្ណោះ​ទេ​ឈឺចាប់ ប៉ុន្ដែ​ប្រជាជន​កូរ៉េខាងត្បូង​ទាំងមូល​ក៏​ឈឺចាប់ និង​ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​គួរ​ឱ្យ​រន្ធត់​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកស្រី​ក្នុង​ពេល​​ដែល​​លោកស្រី​ចុះ​​ទៅ​ជួប​សាច់ញាតិ​ជនរង​គ្រោះ​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា​។​

​គួរ​រម្លឹក​ឡើងវិញ​ថា សាឡាង​របស់​កូរ៉េខាងត្បូង​បាន​លិច​កាលពី​ថ្ងៃ​ទី​១៦​ ខែ​មេសា សាឡាង​នោះ​មាន​ផ្ទុក​មនុស្ស​សរុប​​៤៧៥ នៅក្នុង​នោះ​ជាង​៣០០​នាក់​​ ជា​សិស្ស​ថ្នាក់​វិទ្យាល័យ​ពួកគេ​បាន​ធ្វើ​ដំណើរកំស​ន្តទៅ​កាន់​កោះដ៏ពេញ​និយម​​ជី​ជូ​​នៅ​​ថ្ងៃ​​ឈប់​សំរាក​។ ពាក់​ព័ន្ធ​​នឹង​​មូល​ហេតុ​​ដែល​​បណ្ដាល​ឱ្យ​សាឡាង​ខាងលើ​លិច គឺ​ដោយ​តែ​សាឡាង​បាន​បើក​ទៅ​បុក​នឹង​ផ្ទាំង​ថ្ម​នៅក្នុង​សមុទ្រ​ទើប​បណ្ដាលឱ្យ​ធ្លាយ​លិច​តែម្ដង​៕​(ដោយ៖​​អ៊ុន សុខ​ឡា​)​

Vayo FM Song Request