Thursday, Jun 20th

Last update10:08:20 PM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត

ជីវិតកំសាន្ត & វប្បធម៌

គុណសម្បត្តិ​​នៃ​​ការ​​ទទួល​ទាន​​ផ្លែ​​ព្រីង

​ព្រីង​ គឺជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​ដើម​ធំ​និង​មាន​អាយុកាល​រស់នៅ​វែង​។​ ជាពិសេស​នោះ ​គឺថា​ដើម​ព្រីង​គឺជា​ដើមឈើ​ម្យ៉ាង​ដែល​មាន​ផ្លែ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ស្អេក​ស្កាស់​ថែមទៀត​ផង​។

​តើ​ការ​ទទួលទាន​ផ្លែ​ព្រីង​មាន​ផលប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​របស់​អ្នក​? ​គឺ​នៅក្នុង​ផ្លែ​ព្រីង​មាន​ផ្ទុក​នូវ​សារធាតុ​ក៏ដូចជា​វីតាមីន​ជាច្រើន​ប្រភេទ​ដូចជា​វីតាមីនA , B3, B5, B2, B6 និង​វីតាមីន C​ជាច្រើន​។​ ចំណែក​សារធាតុ​មួយចំនួន​ដែល​មាន​នៅក្នុង​ផ្លែ​ព្រីង​នោះ​មាន​ដូចជា​កាល់ស្យូម ជាតិ​ផូស្វ័រ ជាតិ​សូ​ដ្យូ​ម និង​ជាតិ​ប៉ូ​តា​ស្យូម​ជាដើម​។​

ការ​ទទួលទាន​ផ្លែ​ព្រីង​បានធ្វើឱ្យ​អ្នកមាន​សុខភាព​រឹង​មាំ​ដូចជា​៖

- ផ្លែ​ព្រីង​មាន​តួនាទី​ក្នុង​ការជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​របស់​អ្នក និង​ជា​ពិសេស​មាន​មុខងារ​ជួយ​ព្យាបាល​ជម្ងឺ​ឈឺក្រពះ​ថែមទៀត​ផង​។​

- ការ​ទទួលទាន​ផ្លែ​ព្រីង​អាច​ការពារ​អ្នក​ឱ្យ​មាន​សុខភាព​ថ្លើម​ល្អ​និង​ជួយ​ព្យាបាល​នូវ​រោគ​គាំងបេះដូង​បាន​មួយកម្រិត​ថែម​ទៀត​។​

- អាចជួយ​ព្យាបាល​ជម្ងឺរាគ​រុស​បាន​យ៉ាង​ឆាប់រហ័ស និង​មាន​តួនាទី​លាយ​សម្អាត​ឈាម​ក្នុង​ខ្លួន​របស់​អ្នក​ថែមទៀត​ផង​។​

- អាច​ជួយ​ព្យាបាល​នៅ​ជម្ងឺ​បេះដូង និង​ធ្វើឱ្យ​អ្នក​មាន​កម្លាំង​ខ្លាំងក្លា​ល្អ ព្រមទាំង​អាច​ព្យាបាល​ជម្ងឺ​ទឹកនោម​ផ្អែម​ទៀតផង​។​

​តើ​អ្នក​មាន​ចំណូលចិត្ត​ក្នុងការ​ទទួលទាន​ផ្លែ​ព្រីង​ជា​ញឹកញាប់​ដែរ​ឬទេ​?​បើ​ចង់បាន​សុខភាព​ល្អ​អ្នក​គួរ​ទទួល​ទាន​ផ្លែ​ព្រីង​ឱ្យបាន​ច្រើន​ជា​ការល្អ​សម្រាប់​សុខភាព​របស់​អ្នក​។​

​​​អំបិល​​ខាត់​​ស្បែក​​មាន​​ប្រយោជន៍​​អ្វីខ្លះ​​ដល់​​ស្បែក?

​អំបិល​ខាត់​ស្បែក​គឺជា​ប្រភេទ​អំបិល​ម្យ៉ាង​ដែល​អាច​ផ្តល់​​គុណ​ប្រយោជន៍​​ច្រើន​​ដល់​​ស្បែក​​របស់​​អ្នក។ ​​ការ​ប្រើ​ប្រាស់​​អំបិល​​នេះ​​ផ្តល់​​ផល​ប្រយោជន៍​​ច្រើន​​ណាស់​​ដល់​​ស្បែក​​របស់​អ្នក​ដោយ​អ្នក​គ្រាន់តែ​ខាត់​វា​នៅលើ​ស្បែក​ថ្នមៗ​មុនពេល​ដែល​អ្នក​ងូតទឹក។

មុនពេល​ដែល​អ្នកប្រើប្រាស់​អំបិល​នេះ​អ្នក​ត្រូវ​បន្ថែមសំណើម​នៅលើ​ស្បែក​របស់​អ្នក​ដោយ​ប្រើប្រាស់​ទឹក​ធម្មតា បន្ទាប់មក​យក​អំបិល​នោះ​ទៅ​ដុស​នៅលើ​ស្បែក​របស់​អ្នកថ្នមៗ​រហូត​ទាល់តែ​អ្នក​មាន​អារម្មណ៍​ថា​អំបិល​​​នោះ​ត្រូវ​បាន​រលាយ​នៅលើ​ស្បែក​របស់​អ្នក។

​វា​មាន​ប្រយោជន៍​ច្រើន​ដែល​អាច​ជួយ​កម្ចាត់​នៅ​កោសិកា​ចាស់ៗ​ដែល​មាន​នៅ​លើ​ស្បែក​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅលើ​ស្បែក​ព្រមទាំង​អាច​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​មាន​អារម្មណ៍​ថា​សម្រាក​ទៀតផង។ ​ដូច្នេះ​ហើយ​អ្នក​អាច​ប្រើប្រាស់​អំបិល​នេះ​នៅ​មុនពេល​ដែល​អ្នក​ងូតទឹក​ ដើម្បី​ទទួលបាន​ស្បែក​ស្រស់ស្អាត និង​មាន​អារម្មណ៍​ស្រស់ថ្លា​ផងដែរ។​

​គេង​​មិន​​លក់​​ជះ​ឥទ្ធិពល​​ដល់​​ខួរក្បាល

តើ​អ្នក​ធ្លាប់​មាន​អាកា​រៈគេង​មិន​លក់​ញឹកញាប់​ដែរ ឬទេ​? អ្នក​ធ្លាប់​កត់សម្គាល់​ទេ​ថា អ្នក​តែងតែ​ភ្លេច​ភ្លាំង​ច្រើន​នៅពេល​ដែល​អ្នក​គេង​មិន​លក់​នៅ​ពេលយប់​? ​ដោយ​​យោង​​ទៅ​លើ​ការវិភាគ​ទិន្នន័យ​ពី​មនុស្ស​វ័យ​ជំទង់​ជាង ១៥៥,៨៧៧​នាក់ បានបង្ហាញ​ថា អត្រា​នៃ​ការ​គេង​មិន​លក់​របស់គេ​អាច​ប៉ះពាល់​ដល់​ការចងចាំ​ផ្នែក​ខួរក្បាល​។

របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា Elderly adult មាន​ទម្លាប់​គេង​ប្រសើរ​ជាង Adult ។ លើសពីនេះទៅទៀត នៅពេល​ដែល​និយាយ​ពី​ទម្លាប់​នៃ​ការ​គេង​ពេលដែល Elderly adult មាន​បញ្ហា​គេង​មិន​លក់​ពួកគេ​តែងតែ​ទៅ​ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត ដើម្បី​ពិភាក្សពី​បញ្ហា​នេះ​ផ្ទុយ​ទៅ​វិញ​ចំពោះ Adult វិញ ពួកគេ​មិន​បាន​ទៅ​ពិភាក្សា​ពី​បញ្ហា​នេះ​ជា​មួយ​នឹង​វេជ្ជបណ្ឌិត​នោះទេ ពួកគេ​បាន​ត្រឹមតែ​លាក់​វា​ទុក​តែប៉ុណ្ណោះ​។

ជាទូទៅ​បញ្ហា​សុខភាព និង ការខកចិត្ត​ផ្សេងៗ​តែងតែមាន​ទំនាក់ទំនង​ជាមួយ​ទម្លាប់​គេង​របស់​អ្នក ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រី​ភាគច្រើន​តែងតែ​មាន​បញ្ហា​ទាក់ទង​និង​ការ​គេង​ច្រើនជាង​បុរស ដែល​ជាហេតុ​ធ្វើឱ្យ​ពួកគេ​មាន​បញ្ហា​ភ្លេចភ្លាំង​ច្រើន​។

ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​អ្នក​អាច​ជៀសផុត​ពី​បញ្ហា​នៃ​ការ​ភ្លេចភ្លាំង​ច្រើន​នោះ​អ្នក​គួរតែ​គ្រប់គ្រង​ទម្លាប់​នៃ​ការ​គេង​របស់​អ្នក​ឱ្យ​បាន​ល្អប្រសើរ ដើម្បី​ឱ្យ​អ្នក​អាច​ជៀសផុត​ពី បញ្ហា​​ផ្សេងៗ​​ដែល​ទាក់ទង​និង​សុខភាព​។​

ការ​តុបតែង​ថ្ពាល់​​និង​​បបូរមាត់​​​អោយ​​ស្រស់​​ស្អាត

​អ្នក​ប្រហែលជា​មាន​ការភ្ញាក់ផ្អើល​ដែល​ទ្រង់ទ្រាយ​សំខាន់​បំផុត​ទី​២ ដែល​នៅ​លើ​មុខ​របស់​អ្នក​គឺ​នៅ​ត្រង់​ថ្ពាល់​និង​ម្តុំ​ថ្ពាល់​។ ថ្ពាល់ពេញ​មាន​ការពេញនិយម​ក្នុង​វប្បធម៌​និង​វ័យ​ជាច្រើន​។

​ការ​ផាត់មុខ​អាច​ជួយ​ឱ្យ​ថ្ពាល់​កាន់តែ​មាន​ភាពស្រស់ស្អាត​ដោយ​ការ​បង្កើត​ពន្លឺ (contrast) និង​ស្រមោល​(shadow)​។ វិធី​ងាយស្រួល​បំផុត​ក្នុង​ការបន្ថែម​សម្រស់​នៅ​ថ្ពាល់​គឺ​ផាត់​ថ្ពាល់​ពណ៌​​ព្រឿងៗ​ដែល​សាក​សម​នឹង​ពណ៌​ស្បែក​របស់​អ្នក និង​ការបង្កើត​ពន្លឺ​ដោយ​ប្រើ​ពណ៌​ក្រ​ម៉ៅ​លាប​នៅក្រោម​ថ្ពាល់​និង​ត្រង់​ថ្គាម​។

អ្នក​ក៏​អាច​បន្ថែម​ពីលើ​ពណ៌​ព្រឿងៗ​នោះ ដើម្បី​បង្កើត​សម្រស់​បន្ថែម​ទៅលើ​ថ្ពាល់​របស់​អ្នក​។ អ្នក​អាច​ធ្វើឱ្យ​ថ្ពាល់​និង​មុខ​អ្នក​មើល​ទៅ​ធំ​ទូលាយ​ដោយ​ការ​លាប​ពណ៌​ក្រ​ម៉ៅ​​នៅ​សងខាង​ច្រមុះ ព្រោះ​វា​ធ្វើឱ្យ​ច្រមុះ​របស់​អ្នក​មើល​ទៅ​រួម​តូច​។​

​បបូរមាត់​: ​បបូរមាត់​គឺជា​ចំណុច​សំខាន់​ទី ៣ នៃ​ទម្រង់​មុខ បន្ទាប់​ពី​ភ្នែក​និង​ថ្ពាល់​។​ទំហំ​ដែល​ល្អ​បំផុត​នៃ​បបូរមាត់​គឺ ខាងក្រោម ៦០ ភាគរយ និង​ខាងលើ ៤០ ភាគរយ​។ ចុង​នៃ​បបូរមាត់​ទាំងសងខាង (corners of the lips) ត្រូវ​កោង​ឡើង​ទៅលើ​បន្តិច ហើយ​ពេល​ដែល​ដាក់​ខ្សែបន្ទាត់​មួយ​ឱ្យ​រត់​កាត់​ចុង​ទាំងសងខាង​ខ្សែ​នោះ​ត្រូវ​រត់​កាត់​បបូរមាត់​ខាងលើ​។ មនុស្ស​កាន់តែ​ចាស់​បបូរមាត់​ខាងលើ​នឹង​ស្តើង​ទៅ​ហើយ​នឹង​មាន​ស្នាម​ជ្រួញ​បញ្ឈរ​ដែល​បង្ក​ឱ្យ​ក្រែ​មហៀរ​ចេញ​តាម​ស្នាម​ជ្រួញ​នោះ​។ អ្នក​អាច​ប្រើក្រែ​មលាប​តាមគែម​បបូរ​មាត់ (lip liner), ក្រែ​មលាប​បបូរមាត់​, និង​ក្រែមទឹក​មាន​ជាតិរលោ​ង (lip gloss) ដើម្បី​ធ្វើឱ្យ​បបូរមាត់​អ្នក​មើល​ទៅ​ស្មើ​គ្នា​និង​ស៊ិច​ស៊ី​។​

​បបូរមាត់​ក្រាស់ (Big Lips)៖ សម្រាប់​មនុស្ស​ភាគច្រើន ពួកគាត់​ចង់បាន​បបូរមាត់​ក្រាស់​។ វា​បង្កើន​នូវ​ភាព​សិច​ស៊ី និង​ភាព​ទាក់ទាញ​។ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រើក្រែ​មលាប​បបូរ​មាត់​​ពណ៌​ស្រ​អាប់ (muted colors) ដូចជា ស្វាយ (purple), ត្នោត​, និង​ទង់ដែង ដើម្បី​មិនឱ្យ​គ្រប់​បំបាត់​លើ​សម្រស់​ធម្មជាតិ​នៃ​បបូរមាត់​របស់​ពួកគេ​។ អ្នក​មិន​គួរប្រើ​ក្រែម​ទឹក​​មាន​​ជាតិរលោ​ង​ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​ធ្វើឱ្យ​បបូរមាត់​អ្នក​មើល​ទៅ​កាន់តែ​ក្រាស់​។ សម្រាប់​អ្នក​ដែល​មាន​បបូរមាត់​ក្រាស់​ខ្លាំង (fullest lip) គួរប្រើ​ក្រែម​ពណ៌​ក្រម៉ៅ ដើម្បី​ឱ្យ​វា​មើល​ទៅ​ស្តើង​ជាង​មុន​។​

​បបូរមាត់​ស្តើង (Small Lips)៖ ចំពោះ​អ្នក​មាន​បបូរមាត់​ស្តើង មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​ឱ្យ​វា​មើល​ទៅ​ក្រាស់​ជាង​មុន​។ ដំបូង​គឺ​មិន​ត្រូវ​ប្រើ​ពណ៌​ក្រ​ម៉ៅ ដែល​ធ្វើឱ្យ​បបូរមាត់​មើល​ទៅ​កាន់តែ​ស្តើង​។ ដើម្បី​ធ្វើឱ្យ​វា​មើល​ទៅ​កាន់តែ​ក្រាស់ អ្នក​គួរ​ប្រើក្រែ​មលាប​តាមគែម​បបូរ​មាត់ គូស​នៅក្រោម​បបូរមាត់​អ្នក​បន្តិច​។ បន្ទាប់​មក​លាប​ក្រែម​ពីលើ និង​លាប​ស្រមោល​ពណ៌​ស​នៅ​ចំ​កណ្តាល​បបូរមាត់​ពីលើ​ក្រែ​មនោះ​។​

​វិធី​ការពារ​និង​​ទប់ស្កាត់​ការ​ឡើង​​អាចម៍​រុយ

អាចម៍រុយ​នេះ​គឺជា​ស្នាម​អុ​ចមូលៗ​រាបស្មើ​មាន​ពណ៌​ត្នោត ដែល​ច្រើនតែ​លេច​ចេញ​ឡើង​នៅលើ​ខ្នងដៃ ក មុខ និង​ស្មា​។ វា​កើត​ឡើង​ដោយសារ​ការ​ត្រូវ​កម្តៅថ្ងៃ​មិន​មាន​​ទាក់ទង​ជាមួយនឹង​អាយុ​នោះទេ​។​

វា​ច្រើន​កើត​ចំពោះ​មនុស្ស​ចាស់ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​កម្តៅថ្ងៃ​ច្រើន​អាច​នឹង​មាន​វា​នៅ​អាយុ​ខ្ទង់​២០ ឬ ៣០​ឆ្នាំ​។ កម្តៅថ្ងៃ​មាន​កាំរស្មី​ខ្ពស់ (UV) ដែល​ធ្វើឱ្យ​សម្បុរ​ប្តូរ​ទៅ​ជា​ទង់ដែង​ឬ​រលាក​។ យូរៗ​ទៅ​កម្តៅថ្ងៃ​នោះ​នឹង​បង្កើត​ជាតិ​ពណ៌​ក្នុង​ស្បែក​ច្រើន​ជាង​ធម្មតា​ដែល​បង្ករ​ឱ្យមាន​អាចម៍រុយ​នេះ​។​

ការឡើង​អាចម៍រុយ​អាច​ធ្វើឱ្យ​សម្រស់​របស់​អ្នក​ធ្លាក់ចុះ ហើយ​ប្រសិនបើ​ទំហំ​របស់​វា​មាន​ការប្រែប្រួល នោះ​វា​ប្រហែល​ជា​ករណី​មាន​ជំងឺមហារីក​ស្បែក ដែលជា​មូល​ហេតុ​​ដ៏​ល្អ​ដែល​អ្នក​គួរឱ្យ​គ្រូពេទ្យ​ស្បែក​ពិនិត្យ​យ៉ាងតិច​ម្តង​ក្នុង​មួយឆ្នាំ​។​ ប៉ុន្តែ​ប្រសិនបើ​វា​គ្រាន់តែ​ជា​អាចម៍រុយ​ធម្មតា​នោះ ខាងក្រោម​គឺជា​វិធីសាស្ត្រ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បិតបាំង​ឬ​បំបាត់​វា (​ក៏ដូចជា​បង្ការ​មិនឱ្យ​មាន​កាន់តែច្រើន​)​។​

​ប្រើ​ថ្នាំ​ធ្វើឱ្យ​ស​៖ និយាយថា ប្រសិនបើ​អាចម៍រុយ​នោះ​មិនធំ​ពេក​ឬ​ពណ៌​មិន​ចាស់​ពេក​ទេនោះ អ្នក​អាច​ប្រើ​ថ្នាំ​ធ្វើឱ្យ​ស​ដែល​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ព្រោះ​វា​អាច​ធ្វើឱ្យ​បាត់​អាចម៍រុយ​បាន ដែល​ជួយ​ធ្វើឱ្យ​ស្បែក​រលោង​។​ លាបថ្នាំ​នោះ​ពីរ​ដង​ក្នុង​មួយថ្ងៃ​ទៅ​លើ​កន្លែង​មាន​អាចម៍រុយ ដោយ​ធ្វើ​តាម​ការណែនាំ​របស់​ក្រុមហ៊ុន​។ ប្រើ​សំឡី​ជ្រលក់​ថ្នាំ​មក​លាប​លើ​កន្លែង​អាចម៍​រុយ ដូច្នេះ​អ្នក​មិន​ប្រើ​ថ្នាំ​លើ​កន្លែង​ដែល​គ្មាន​អាចម៍​រុយ​។​

អ្នក​ត្រូវ​អត់ធ្មត់ ព្រោះ​វា​មិន​បង្ហាញ​លទ្ធផល​ភ្លាមៗ​នោះទេ​។ វា​ត្រូវការ​ពេល​ពី ៦ ទៅ ១២ ខែ ក្នុង​ការបំបាត់​ពណ៌​។ អ្នក​ត្រូវ​ឈប់​ប្រើ​វា​នៅ​ពេល​ដែល​អាចម៍រុយ​បាត់​អស់​ហើយ ឬ​កន្លែង​ដែល​ប្រើ​នោះ​មាន​ពណ៌​ស្រាល​ជាង​ពណ៌​ស្បែក​ធម្មតា​។​ ​គេចចេញ​ពី​កាំរស្មី​៖ ដោយសារ​តែ​ស្នាម​អុច​នេះ​កើតឡើង​ពី​កាំរស្មី UV របស់​ព្រះអាទិត្យ ការ​កំហិត​ការ​ត្រូវ​នឹង​កម្តៅថ្ងៃ គឺជា​ជំហាន​សំខាន់​ទី​មួយ​ក្នុង​ការប្រឆាំង​នឹង​ស្នាម​អាចម៍​រុយ​។

វេជ្ជបណ្ឌិត រ៉ា​ហ្វ ដេ​ញ៉ែល​(C. Ralph Daniel III) និយាយថា នេះ​មាន​ន័យ​​ថា អ្នក​ត្រូវ​លាបឡេ​ការពារ​កម្តៅ​រាល់ពេល​ដែល​អ្នក​ចេញ​ក្រៅ​ផ្ទះ​។​ បើ​ទោះ​ជា​អ្នក​មាន​ស្នាម​អាចម៍រុយ​រួចហើយ​ក៏​ដោយ ការប្រើឡេ​ការពារ​កម្តៅថ្ងៃ​អាច​ជួយ​បង្ការ​មិន​ឱ្យ​ប្តូរ​ពណ៌​កាន់តែ​ក្រាស និង​ការពារ​មិនឱ្យ​មាន​អាចម៍រុយ​ថ្មី​កើតឡើង​។​

​ការពារ​បបូរមាត់រ​បស់​អ្នក​៖ បបូរមាត់​គឺជា​កន្លែង​ដែល​មនុស្ស​ភាគច្រើន​មិន​ចាប់​អារម្មណ៍​ក្នុង ការការពារ​ពី​កម្តៅ​ថ្ងៃ​។ ប៉ុន្តែ​អាចម៍រុយ​ក៏​អាច​កើត​លើ​បបូរមាត់​របស់​អ្នក​ដែរ​។ ស្ត្រី​ជា​ច្រើន​គិត​ថា​ក្រែ​មលាប​មាត់របស់​ពួកគេ​អាច​ការពារប​បូរមាត់​បាន។ ប៉ុន្តែ​កម្តៅថ្ងៃ​អាច​ជ្រាបចូល​វា​បាន​ម្យ៉ាងវិញទៀត ក្រែ​មមាត់​នឹងរ​លប់​ខ្លះៗ នៅ​ពេល​ដែល​​យើង​និយាយ ឬ ញ៉ាំ​ទឹក​ឬ​អាហារ ដែល​ធ្វើឱ្យ​បបូរមាត់​អ្នក​គ្មាន​អ្វី​ការពារ​។ ដូច្នេះ​អ្នក​គួរ​ប្រើក្រែ​មលាប​មាត់​ដែលមាន SPF ពី ១៥ ទៅ ៣០​។​

​គេច​ពី​ព្រះអាទិត្យ​៖ អ្នក​គួរ​គេចចេញ​ពី​កម្តៅថ្ងៃ​តាម​ដែល​អ្នក​អាចធ្វើ​បាន​ក្នុងកំឡុងពេល ពី​ម៉ោង ១០​ព្រឹក ទៅ​ម៉ោង ៤​ល្ងាច​) ដែល​ជា​ពេល​ដែល​រស្មី UV ខ្លាំង​បំផុត​។ សូម​ចងចាំ​ថា អ្នក​គួរ​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​គ្រប់​ពេលវេលា​មិន​ថា​ក្នុងរ​ដូវ​ណា​ទេ​។

​គ្រឿងសម្អាង​៖ ប្រសិនបើ​អ្នក​មាន​ស្នាម​អាចម៍រុយ ហើយ​មិន​ចង់​ចំណាយ​ប្រាក់​ក្នុង​ការ​ទៅ​ឱ្យ​គ្រូពេទ្យ​ស្បែក​ព្យាបាល អ្នក​អាច​បិតបាំង​វា​ដោយ​ប្រើ​ម្សៅ​ទ្រាប់​ជាតិ​ក្រែ​មឬទឹក​។ ជ្រើសរើស​ពណ៌​ដែល​ស្រាល​ជាង​ពណ៌​ស្បែក​របស់​អ្នក​ដើម្បី​បិតបាំង​ឱ្យបាន​ល្អ បំផុត​។​

​ក្រូចឆ្មារ​៖ ចិត​ក្រូចឆ្មារ​ពីរ​បី​ចំណិត ហើយ​ដាក់​វា​លើ​កន្លែង​មាន​ស្នាម​អាចម៍រុយ​រយៈពេល ១០ ទៅ ១៥​នាទី​។ ជាតិ​អាស៊ី​ន​ដែល​មាន​ក្នុង​ក្រូចឆ្មារ​ស្រស់​អាច​ជួយ​លប់បំបាត់​ស្នាម អាចម៍រុយ​បាន​។ វា​មិន​បង្ហាញ​លទ្ធផល​ភ្លាមៗ​នោះទេ ប៉ុន្តែ​អ្នក​អាច​ចាប់ផ្តើម​ឃើញ​លទ្ធផល​របស់​វា​ក្នុង​រយៈពេល​ពី ៦ ទៅ ១២​សប្តាហ៍​។ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​ការប្រើ​ច្រើនពេក​អាចធ្វើឱ្យ​ស្បែក​ខាងក្រៅ​របក​។​

​ថែរក្សា​​សុខភាព​​បែប​ណា​​នៅ​​រដូវ​ភ្លៀង?

ដល់​រដូវ​ភ្លៀង​ហើយ តើ​អ្នក​គួរ​ថែរក្សា​សុខភាព បែប ណា​ក្នុង​រដូវ​នេះ ដើម្បី​កុំឱ្យ​កើត​ជម្ងឺ​ផ្សេងៗ​ រដូវ​នេះ គឺជា​រដូវ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ឱ្យ​បាន​​មាំ​ទាំ​ ​ដើម្បី​ជៀសផុត​ពី​ការកើត និង​ឆ្លង​នៅ​ជម្ងឺ​ផ្សេងៗ ជាពិសេស​នោះ​គឺ​ផ្តាស​សាយ​។

ដើម្បី​ជា​ការ​ដាស់​អារម្មណ៍​ដល់​ប្រិយមិត្ត​ទាំងអស់គ្នា ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុងការ​ថែ​ទាំ​សុខភាព​​ មាន​វិធីសាស្ត្រ​ថែ​ទាំង​សុខភាព​នោះ​មាន​ដូចខាងក្រោម​នេះ ៖

•​    ​យក​អាវ​ភ្លៀង​ទៅ​តាម​ខ្លួន​ជា​ប្រចាំ​ដើម្បី​ការពារ​ការ​ទទឹក​ពី​ទឹកភ្លៀង​

•​    ​ញុំា​​ប្រភេទ​ផ្លែឈើ​ណា​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C​ច្រើន​ជា​ប្រយោជន៍​ដើម្បី​កុំ ឱ្យ​ងាយ​ឆ្លង និង​កើត ជម្ងឺ ផ្តាស​សាយ

•​    ​ប្រសិនបើ​អ្នក​ជា​មនុស្ស ដែល​ពិសារ​បារី សូម​កាត់បន្ថយ​ការ​ពិសារ​បារី ឬ​ឈប់​ពិសារ​បារី​តែម្តង ក៏បាន ដើម្បី​កុំឱ្យ​សុខភាព​របស់​អ្នក​អន់ថយ​

•​    ​នៅពេល​ដែល​អ្នក​ទទឹក​ទឹកភ្លៀង​នោះ អ្នក​គួរតែ​ងូតទឹក​ឱ្យបាន​ឆាប់​បំផុត​នៅពេល​ដែល​អ្នក​មក​ដល់​ផ្ទះ ដើម្បី​កុំឱ្យ​កើត​ជម្ងឺ​ផ្តាស​សាយ ឬ​ឈឺ​ក្បាល​

•​    ​ប្រសិនបើ​អ្នក មាន​អារម្មណ៍​ថា ខ្លួន​របស់​អ្នក​កំពុងតែ ទទួលរង​នៅ ជម្ងឺ​ផ្តាស​សាយ​នោះ សូម​ចាប់ផ្តើម ព្យាបាល វា​មុនពេល ដែល​វា កើត​ទៅ​ជា​ធ្ងន់ធ្ងរ​

•​    ​ឧស្សាហ៍ញុំ​ា​ស៊ុប​ក្តៅៗ ដើម្បី​ឱ្យ​ក្នុង​ខ្លួន​របស់​អ្នក​មាន​កំដៅ​ល្អ​

•​    ​លាង​សម្អាត​ដៃ​ឱ្យបាន​ជា​ប្រចាំ​ដើម្បី​កុំឱ្យ​មេរោគ​តោង​ជាប់​នៅ​លើ​ដៃ​របស់​អ្នក​

•​    ​ញុំា​​ប្រភេទ​បន្លែ​ឱ្យបាន​ច្រើន​ប្រភេទ​ដើម្បី​ទទួលបាន​នៅ​វីតាមីន​គ្រប់គ្រាន់ និង​ច្រើន​ប្រភេទ​

​តិច​​និច​​ថែទាំ​​បំពង់​ក​ឲ្យនៅ​​ល្អ​សម្រាប់​​អ្នក​​ចូល​ចិត្ត​និយាយ​​ច្រើន

បំពង់ក គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​សារពាង្គកាយ​របស់​មនុស្ស​។ មិន​តែ​ប៉ុណ្ណោះ​វា​ត្រូវការ​ការថែទាំ​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​កាត់បន្ថយ​ការឆ្លង​មេរោគ អា​ការៈឈឺ​បំពង់ក និង​​បញ្ហា​ចំបង​ដទៃទៀត​។

ជាមួយគ្នានេះដែរ បំពង់ក​គឺជា​ខ្លោងទ្វារ​ដ៏​ល្អ​ដែល​វា​ជួយ​ការពារ​សារពាង្គកាយ ពី​មេរោគ​គ្រោះថ្នាក់​ផ្សេងៗ និង​ងាយស្រួល​ក្នុងការ​ធ្វើឲ្យ រលាយ​នៅពេល​ដែល​បំពង់ក ត្រូវ​បាន​ឆ្លង​មេរោគ​​ក្នុង​អំឡុង​ពេល​​ដែល​​អ្នក​​មាន​​អាការៈ​​ផ្តា​សាយ​។​

​ទោះបីជា​យ៉ាងណាក្តី​ការថែទាំ​នៅផ្ទះ​ដោយ​វិធី​សាមញ្ញៗ អាច​ជួយ​ឲ្យ​បំពង់​ក​របស់​អ្នកមា​ន​សុខភាព​ល្អ និង​ជៀសផុត​ពី​បញ្ហា​ផ្សេងៗ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

១- អ្នក​គួរ​ចៀសវាង ការនិយាយ​ឮៗ និង​ស្រែក​ខ្លាំង ពីព្រោះ​នឹង​នាំ​ឲ្យ​ខូច​បំពង់ សំឡេង​របស់​អ្នក​។​

២- អ្នក​ត្រូវ​ទទួល​ទាន​តែ​ក្តៅ​ឲ្យបាន ២ ទៅ​៣​ពែ​ង​ជា​ប្រចាំ​ថ្ងៃ​។ តែ​ក្តៅ​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លា ព្រា​កាហ្វេ​អាច​ជួយ​បំពង់ក របស់​អ្នក​ស្រស់ថ្លា​ជាពិសេស​នៅពេល​ដែល​អ្នក​មាន​អាការ​ស្អក​ក​។​

៣- អ្នក​ត្រូវ​ទទួល​ទាន​ទឹក​ឲ្យបាន​ច្រើន​ជា​ប្រចាំ​ថ្ងៃ​។ ទឹក​ជួយផ្តល់​សំណើម​ដល់​បំពង់ក ដែល​វា​ជួយ​ការពារ​ភាព​ស្ងួត​បំពង់ក ដែល​ជាហេតុ​នាំឲ្យ​មាន​ការ​រលាក​បំពង់ក​។​

៤- អ្នក​អាច​ថែរក្សា​បំពង់ក របស់​អ្នក​ដោយ​ការ​គេង​ឲ្យបាន​គ្រប់គ្រាន់​ដែ​វា​អាច​ជួយ​ធ្វើឲ្យ​បំពង់ក របស់​អ្នក​ជៀសផុត​ពី​បញ្ហា​ឈឺ​បំពង់ក​។ ជាមួយគ្នានេះ​ដែរ​អ្នក​ត្រូវ​យក​កន្សែង​ត្រជាក់​មក​រុំ​នៅ​ក​នៅពេល​ដែល​អ្នក​គេង ព្រោះ​វា​ក៏​អាច​ជួយ​ឲ្យ​បំពង់​ក​របស់​អ្នកមា​ន​សំណើម​ផងដែរ ដែល​នៅពេល​ដែល​អ្នក​ក្រោក​ពី​គេង​មិន​ធ្វើឲ្យ​អ្នក​មាន​អា​ការៈ​ស្ងួតក។​

​វិធី​​ការពារ​រាង​កាយ​ពី​អាកាស​ធាតុ​​ក្តៅ​​ខ្លាំង​

ជាទូទៅ​អាកាសធាតុ​នៅ​លើ​ផែនដី តែងតែ​មាន​ការប្រែប្រួល​ទៅ​តាម​តំបន់​ផ្សេងៗ ដូច្នេះ​ត្រូវតែ​រិះរក​វិធី ​ដើម្បី​ការពារ​រាងកាយ​របស់​លោក​អ្នក​។ ដើម្បី​ការពារ​រាងកាយ ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​បាន​លោកអ្នក​ត្រូវ​មាន​ការហូបចុក​សម​ស្រប​ដែល​ជា​ទំលាប់​ប្រចាំថ្ងៃ​ដូចខាងក្រោម​នេះ​៖

​ទី​១-​ហូប​ផ្លែ​ឈើ​ច្រើន​ជួយ​បន្ថែម​ជាតិ​ទឹក​ដល​រាងកាយៈ
​ សីតុណ្ហភាព​កើន​ខ្ពស់ សរីរាង្គ​ក៏​ត្រូវការ​ប្រើប្រាស់​ជាតិ​ទឹក​ច្រើន ធ្វើឱ្យ​យើង​ខ្វះ​ជាតិ​ទឹក​។ ពេល​ហូប​ផ្លែឈើ​ច្រើន​មិន​ត្រឹមតែ​ជួយ​បន្ថែម​ជាតិ​ទឹក សារធាតុចិញ្ចឹម​រាងកាយ​ដ៏​មាន​សារៈសំខាន់​នោះទេ ថែមទាំង​មាន​ឥទ្ធិពល​កាត់​បន្ថយកម្ដៅ​ទៀតផង​។​ ក្នុង​សរីរាង្គ​របស់​មនុស្ស​នៅ​មាន​ភាពទាក់ទង​គ្នា​ជាមួយ​សីតុណ្ហភាព​ខាងក្រៅ​។ ដូច្នេះ​ គឺ​ត្រូវតែ​ជ្រើស​រើស​ប្រភេទ​ផ្លែ​ឈើ​ដែល​សមស្រប​ទៅនឹង​អាកាសធាតុ​ខាងក្រៅ​មុន​ពេល​បរិភោគ​។ ​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​មិនល្អ ត្រូវ​ជ្រើសរើស​ផ្លែឈើ​ណា​ដែល​មាន​លក្ខណៈ​មិន​ជូរ​ពេក​មិន​ផ្អែម​ពេក​។ ចំពោះ​អ្នក​ដែល​រលាក​ក្រពះ​មិន​ត្រូវ​បរិភោគ​ប្រភេទ​ផ្លែ​ឈើ ដូចជា​ឪឡឹក ត្រសក្រ់​សូវ​...​។​

​ទី​២-​ហូប​ទឹក​ច្រើន មិន​ត្រូវ​ទទួល​ទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាសៈ​ នៅ​ពេល​អាកាសធាតុ​ធម្មតា មិន​ក្ដៅ មិន​ត្រជាក់ ក្នុង​មួយ​ថ្ងៃ​សរីរាង្គ​របស់​យើង​ត្រូវការ​ទឹក​ពី​២.០០០​-២.៤០០ មី​លី​លីត្រ​ជាប្រចាំ​។ ដោយសារ​សីតុណ្ហភាព​នៅ​ក្នុង​ឈាម​ក្នុង​សរីរាង្គ​នា​ពេល​ព្រឹក​ខ្ពស់ ដូច្នេះ​ក្រោយពេល​ភ្ញាក់​ពី​ដំណេក​អ្នក​ចាំបាច់​ត្រូវតែ​ផឹកទឹក​មួយ​កែវ​ធំ​ជាមុន​។ ដើម្បី​ជួយ​កាត់បន្ថយ​កម្ដៅ​ខ្លាំង​នៅក្នុង​ខ្លួន និង​ពេញ​មួយ​យប់​ដែល​យើង​មិន​បាន​បញ្ចូល​ជាតិ​ទឹកក្នុង​រាងកាយ​។​

ទី​៣-​ទទួលទាន​ដំណេកៈ​ សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ធ្វើឱ្យ​ការផ្លាស់ប្ដូរ​សារធាតុ​ក្នុង​សរីរាង្គ​ធ្វើ​សកម្មភាព​ខ្ពស់ ធ្វើឱ្យ​ថាមពល​ក្នុង​រាងកាយ​ឆាប់​ចុះខ្សោយ​ក្លាយជា​ហេវ​ហត់​អស់​កម្លាំង​។ ហេតុ​ដូច្នេះ​ការ​ទទួលទាន​ដំណេក​ក្នុង​រដូវក្ដៅ​គ្រប់គ្រាន់​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង​ការរក្សា​សុខភាព​បង្កើន​ស្មារតី​ក្នុង​ពេល​ធ្វើ​ការងារ​។ ដេក​ថ្ងៃ​ពេល​រដូវក្ដៅ​ក៏មាន​សារៈសំខាន់​ដល់​រាងកាយ និង​ខួរក្បាល​ផងដែរ ដោយ​សារ​តែ​បាន​សម្រាក​គ្រប់គ្រាន់​។​

​ទី​៤-​មិន​ត្រូវ​ងូតទឹក​ត្រជាក់ៈ​ ពេល​សីតុណ្ហភាព​ខាងក្រៅ​ក្ដៅ​ខ្លាំង​មនុស្ស​តែង​ចូល​ចិត្ដងូត​ទឹកត្រជាក់​ដោយ​យល់ឃើញថា​មាន​អារម្មណ៍​ស្រស់​ស្រាយ ប៉ុន្ដែ​តាម​ការពិត​ក្ដៅ​ខ្លាំង​ហើយ​ងូតទឹក​ត្រជាក់​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សរីរាង្គ​។ ដោយសារតែ​រាងកាយ​របស់​មនុស្ស​ទ​ទួល​ឥទ្ធិពល​កម្ដៅ​ពី​ខាងក្រៅ​យ៉ាងខ្លាំង​ទឹក​ត្រជាក់​នឹង​ធ្វើឱ្យ​រន្ធ​រោម​រួម​តូច​យ៉ាង​ឆាប់រហ័ស​ធ្វើឱ្យ​កម្ដៅ​ក្នុង​សរីរាង្គ​មិន​អាច​ចេញមកក្រៅ​ទាន់​ពេលវេលា​ធ្វើ​ឱ្យ​ស្ទះ​ក្នុង​រាងកាយ​អាច​បង្ក​ឱ្យមាន​ជំងឺ​ឈឺក្បាល​វិលមុខ ហើយ​រាលដាល​មាន​​កម្ដៅ​ក្ដៅ​ជាប់​ជានិច្ច​។ មធ្យោបាយ​ល្អ គឺ​ត្រូវ​ទុក​ឱ្យ​សរីរាង្គ​បញ្ចេញ​ញើស​ឱ្យអស់​ហើយ​ទុកឱ្យ​កម្ដៅ​ជ្រៀត​ចេញមកក្រៅ​អស់​ចាំ​ងូតទឹក​ជា​រឿង​ល្អ​ប្រសើរ​បំផុត​៕

​ដុះ​​ក្បាល​ពោះ​​មាន​​ផល​ប៉ះពាល់​​អ្វីខ្លះ​?

មិន​ថា​នារី ឬ​បុរស​នោះទេ កាលណា​ដុះ​ក្បាលពោះ​ខ្លាំង​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ជា​ច្រើន​ប្រភេទ​។ ​តើ​ការ​ដុះ​ក្បាលពោះ​នោះ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ចំពោះ​សុខភាព​របស់​អ្នក​?​គឺ​មាន​ផលប៉ះពាល់​មួយ​ចំនួន​ដល់​សុខភាព​របស់​អ្នក​ដូចជា​៖

១- អ្នក​អាច​ប្រឈម​នឹង​ជម្ងឺ​ទឹកនោម​ផ្អែម​យ៉ាង​ឆាប់រហ័ស ព្រោះ​កាលណា​អ្នក​ធាត់​ដុះ​ក្បាលពោះ​ធ្វើឱ្យ​អ្នក​មាន​ចំណង់​ចំណូលចិត្ត​នូវ​អាហារ​ផ្អែម​ហួសពេក​។​

២- ងាយ​ប្រឈមមុខ​នឹង​ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ច្រើន​ជាពិសេស​នោះ​ គឺ​អាច​ធ្វើឱ្យ​អ្នក​ស្ទះ​នូវ​សម្ពាធ​ឈាម ធ្វើឱ្យ​ដំណើរការ​នៃ​សរសៃឈាម​របស់​អ្នក​មាន​ដំណើរការ​មិន​ល្អ ជាពិសេស​នោះ​ធ្វើឱ្យ​អ្នក​អាច​ឈាន​ដល់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ថែម​ទៀត​។​

៣- ភាព​ដុះ​ក្បាលពោះ​នេះ​អាច​បង្ក​ឱ្យ​អ្នក​ឈានទៅរក​ជម្ងឺ​គ្រោះ​ក្នុង​តម្រងនោម​យ៉ាង​ងាយ​បំផុត​។​

៤- មនុស្ស​ដែល​ដុះ​ក្បាលពោះ​គឺ​ងាយ​ប្រឈម​នូវ​ការឈឺ​នូវ​សន្លាក់ឆ្អឹង​និង​ឈឺ​តាម​សន្លាក់ឆ្អឹង​ផ្សេងៗ​ជាដើម​។​

ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​ថែរក្សា​សុខភាព​របស់​អ្នក​ឱ្យ​បាន​មាំមួន​ដើម្បី​ជៀសផុត​ពី​ជម្ងឺ​ផ្សេងៗ​មក​រាត្បា​តដល់​រាង​កាត​យ​របស់​អ្នក​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us