Wednesday, Jun 19th

Last update07:06:47 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

បាន​គី​មូ​ន​យក​​បញ្ហា​​កូរ៉េ​​ខាងជើង​​និង​​វិបត្តិ​​ស៊ី​រី​​ពិភាក្សា​​ជាមួយ​​នឹង​​មេដឹក​នាំ​ចិន​

ក្នុង​ជំនួប​នៅ​ថ្ងៃ​អង្ការ​នេះ​មាន​ប្រធានបទ​សំខាន់ៗ​ ជាច្រើន​ដែល​លោក​បាន​គីមូន​អគ្គ​​លេខាធិការ​អង្គកា​រ​សហប្រជាជាតិ​និង​លោក​​Xi Jinping ប្រធានាធិបតី​​របស់​​​ចិន​​លើក​យក​​មក​​ពិភាក្សា ​​​ហើយ​​ក្នុង​ចំណោម​​នោះ​​ក៏​​មាន​​ប្រធានបទ​ទាក់ទង​នឹង​បញ្ហា​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​និង​បញ្ហា​ស្មុគស្មាញ់​នៃ​សង្គ្រាម​របស់​ប្រទេស​ស៊ី​រី​ផងដែរ​។​ ​នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​។​

​ក្រៅ​ពី​ជំនួប​ជាមួយនឹង​លោក Xi Jinping​ នោះ​លោក​បាន​គី​មូននឹង​ជួបពិភាក្សា​ជាមួយនឹងប​ណ្តា​មន្ត្រីជាន់ខ្ពស់​របស់​ចិន​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ​។ ​ជា​ការ​កត់​សម្គាល់​លោក​បាន​គី​មូនបាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​ស៊ី​រី ​ប៉ុន្តែ​​រយៈ​ពេល​ជា​យូរ​កន្លងទៅ​ហើយ​ដែល​នេះ​នៅតែ​មិន​ទាន់​អាច​ដោះស្រាយបាន​នៅឡើយ​។​

​មូលហេតុ​ដែល​លោក​បាន​គី​មូនត្រូវ​លើកយក​បញ្ហា​ស៊ីរី​ទៅ​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​ចិន​បែប​នេះ​ក៏​ដោយសា​តែ​ចិន​ជាមួយនឹង​រុស្ស៊ី​នា​ពេល​កន្លងមក​ត្រូវ​បាន​​គេ​​ដឹងថា​​ បាន​រារាំង​មិន​​ឲ្យ​​ក្រុម​ព្រឹក្សា​សន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ​ដាក់ចេញ​នូវ​សេក្តីសម្រេច​​ ដើម្បី​ធ្វើ​អន្តរជាគមន៏​ក្នុង​វិបត្តិ​ស៊ីរី​ឡើយ​ដោយ​លើក​​​​ហេតុ​​​ផល​​​​ថា​ ​ការ​​ធ្វើ​​អន្តរ​ជា​គមន៏​​ចូល​ទៅ​ក្នុង​​កិច្ចការ​​ផ្ទៃក្នុង​​ស៊ីរី​​នឹង​​អាច​​ធ្វើ​ឲ្យ​​បញ្ហា​​កាន់​តែ​​រីក​​ធំ​​ឡើង​។​

ចំណែក​បញ្ហា​របស់​កូរ៉េខាងជើង​វិញ​ក៏​ជា​បញ្ហា​ដ៏​សំខាន់​ផង​ដែរ​ព្រោះ​វា​បាន​ធ្វើឲ្យ​ស្ថានភាព​ក្នុង​ឧបទ្វិប​កូរ៉េ​នា​ពេល​ថ្មីៗ​​នេះ​ទទួលរង​នូវ​ភាព​តានតឹង​យ៉ាងខ្លាំង​៕(ដោយៈ​​អ៊ុន ​រស្មី)​​

​លោក​អូ​បា​ម៉ា​​​ថា​ ចិន​​កំពុង​​​ចាត់​​វិធាន​ការ​​​តឹង​រឹង​​​លើ​កម្មវិធី​​នុយក្លេអ៊ែរ​​កូរ៉េ​ខាងជើង​

​មេដឹកនាំ​ថ្មី​របស់​ចិន គឺ​លោក ​Xi Jinping​ កំពុង​តែ​បំពេញ​តួនាទី​ប្រសើរ​ជាង​មេដឹកនាំ​មុន​ពោលគឺ​គ្រប់​កិច្ចការ​ផ្សេងៗ​ ​សុទ្ធសឹងតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ការ​ទទួល​​ខុសត្រូវ​ខ្ពស់​ជាពិសេស​នោះ​គឺ ​បញ្ហា​សំខាន់ៗ​នៅលើ​ពិភពលោក​នេះ​។ នេះ​បើ​តាម​សំដី​របស់​លោក​បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​របស់​ស​ហ​រដ្ឋ​អាមេរិក​។

ការលើកឡើង​បែប​នេះ គឺ​ក្រោយពេល​ដែល​ចិន​ក្រោម​ការដឹកនាំ​របស់​លោក Xi Jinping​ បាន​បញ្ចេញ​វិធានការណ៏​មួយចំនួ​ន​ទៅលើ​កម្មវិធី​នុយក្លេអ៊ែ​របស់​កូរ៉េ​ខាងជើង ដោយ​មិន​បាន​ព្យាយាម​ការពារ​ខ្លាំង​ដូច​មេដឹកនាំ​អណត្តិ​មុន​នោះ​ទេ​។

ជាក់ស្តែង​ដូចជា ពេល​ថ្មីៗ​នេះ​ចិន​ដែល​គេ​ស្គាល់​ថា ជា​មិត្ត​ល្អ​គ្រប់ពេល​ជាមួយនឹង​កូរ៉េខាងជើង​នោះ​បាន​ធ្វើ​ការដាក់ទណ្ឌកម្ម​ដោយ​ផ្ទាល់​ទៅលើ​ធនាគា​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​។​

ជា​ការកត់សម្គាល់ ក្រោយពេល​ដែល​ចិន​បាន​បញ្ចេញ​ឥរិយាបទ​តឹងរឹង​ជាមួយនឹង​កូរ៉េខាងជើង​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​រួចមក​ស្ថាន​ការណ៏​ក្នុង​ឧបទ្វិប​កូរ៉េ​ហាក់ដូចជា​មាន​សភាព​ធូ​ស្រាល់​បន្តិច​ដោយ​សា​​តែ​របប​ព្យុង​យ៉ាង​បាន​បន្ទន់​ឬ​កពារ​បស់ខ្លួន​មកវិញ​ជា​ក់​ស្តែង​ដូចជា​ការសុំ​បើក​កិច្ចចរចា​ជាន់​ខ្ពស់​ជាមួយនឹង កូរ៉េ​ខាងត្បូង និង អាមេរិក​ជាដើម​សម្រាប់​កាត់បន្ថយ​នូវ​ភាព​តានតឹង​ក្នុង​តំបន់​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​ ៧​និង ទី​៨​ ខែ​មិថុនា​កន្លង​ទៅនេះ លោក Xi Jinping ​ប្រធានាធិបតី​ថ្មី​របស់​ចិន​ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ដោយ​​​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយនឹង លោក​បា​រ៉ាក់ អូ​បា​ម៉ា​​ផង​ដែរ​ដែល​​កាល​​នោះ​​​មេដឹក​នាំ​​ប្រទេស​​មហា​អំណាច​​ទាំង​ពី​​បាន​​ប្តេជ្ញា​​ដោះ​ស្រាយ​​បញ្ហា​​កម្ម​វិធី​​នុយ​ក្លេ​អ៊ែ​​របស់​​កូរ៉េ​ខាង​ជើង​​ឲ្យ​បាន​​ឆាប់​។​(ដោយៈ​​អ៊ុន រស្មី​)​

អូ​បា​ម៉ា ​និង​ពូ​ទីន​តឹង​ស​សៃ​ករ​​ដាក់​គ្នា​ក្នុង​កិច្ច​ប្រជុំ​ ​G8 នៅ​​អៀរ​ឡង់​​ខាងជើង​

នៅ​ទី​បំផុត​ទៅ​ដូច​អ្វី​ដែល​អ្វី​ដែល​បាន​គ្រោងទុក​ជំនួប​រវាង​លោក Barack Obama ប្រធានា​ធិ​បតី​​អាមេរិក​និង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​នៅក្នុង​កិច្ច​ប្រជុំ ​G8 ដែល​បាន​បើក​ធ្វើ​នៅ​ប្រទេស​អៀរ​ឡង់​ខាងជើង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

រឿង​រាវ​ដ៏​សាំ​ញាំ​នៅក្នុង​ប្រទេស​ស៊ី​រី គឺជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស់ និង​ពាក់មុខយក្ស​ដាក់គ្នា​រវាង​លោក Barack Obama និង លោក Vladimir Putin។

ចម្រូងចម្រាស់​ដោយហេតុ​ថា ប្រធាន​ធិបតី​អាមេរិក លោក Barack Obama ចង់​បញ្ជូន​អាវុធ​ទៅឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី ដោយ​សារ​​តែ​​រដ្ឋ​អំណាច​​លោក​អា​ស្សាដ បាន​ធ្វើ​ការ​រំលោភ​លើ​បន្ទាត់​ក្រហម ដោយ​ប្រើ​អាវុធ​គីមី​ទៅលើ​ក្រុមប្រឆាំង​។

ក៏​ប៉ុន្តែ​លោកប្រធា​នា​ធិបតី​រុស្ស៊ី ដែល​គាំទ្រ​លោក​អាស្សាត តាំងពីដើម​មក​នោះ បានលើកឡើង​ការពារ​រដ្ឋា​ភិ​បាល​ស៊ី​រី ដូច​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​របស់​​អា​មេរិក​ថា ជា​ការចោទប្រកាន់​គួរ​ឲ្យអស់​សំណើច​ទៅវិញ​។

ដូច្នេះ​បន្ទាប់​ពី​ជួប​ទល់មុខ​គ្នា​អស់​រយៈពេល​ជិត​ពីរ​ម៉ោង នៅ​អៀរ​ឡង់​ខាង​ជើង​​មក​ លោក​ប្រធានាធិបតី​នៃ​ប្រទេស​ជៀន​លឿន​ទាំងពីរ​នៅតែ​មិន​ចុះសម្រុង​គ្នា​ដ​ដែរ ចំពោះ​វិបត្តិ​ស៊ី​រី​នេះ​ដោយ​លទ្ធផល​មេដឹកនាំ​ទាំងពី​បាន​ត្រឹមតែ​យល់ស្រប​គ្នា​ជម្រុញឲ្យមាន​កិច្ចប្រជុំ​នា​ពេល​ខា​មុខ​រវាង​រដ្ឋាភិបាល​ស៊ី​រី និង​ក្រុម​ឧទ្ទាម​នៅ​ទី​ក្រុង​សឺ​ណេវ​ប្រទេស​ស្វីស​តែប៉ុណ្ណោះ​។

ការ​ជម្រុញ​ឲ្យមាន​កិច្ចប្រជុំ​នេះ​គ្មាន​អ្វី​ប្លែក​នោះទេ ព្រោះ​តាំងពីដើម​រៀង​មក​ប្រទេស​​ទាំងពីរ​អាមេរិក​និង​រុស្ស៊ី​គឺជា​អ្នកផ្តើមគំនិត​ចង់ឲ្យ​មាន​កិច្ចប្រជុំ​នៅ​សឺ​ណេ​វ​នេះ​។​

​កិច្ចប្រជុំ​សន្តិភាព​នៅ​ក្រុង​ហ្សឺ​ណេ​វ ដែល​ដើមឡើយ​គ្រោង​នឹង​បើ​ធ្វើ​នៅក្នុង​ពាក់កណ្តាល​ខែមិថុនា​នេះ តែ​ត្រូវ​បដិសេធ​លុប​ចោល​ទៅ​វិញ​ពី​សំណាក់​រដ្ឋអំ​ណាច​​​លោក​អា​ស្សាដ និង​ក្រុម ប្រឆាំង​ស៊ី​រី​។

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ក្រសួង​ស៊ើប​ការសម្ងាត់​របស់​អាមេរិក​បានចោទប្រកាន់​រដ្ឋាភិបាល​ស៊ី​រី​របស់ លោក​បា​ស្ហារ អាល់​អាសាទ​ថា បាន​ឆ្លង​គំនូស​ក្រហម​ហាមឃាត់​ដោយ​ហ៊ាន​ប្រើ​អាវុធ​គីមី​ក្នុង​សង្គ្រាម​ជាមួយ​ពួក​ឧទ្ទាម​ប៉ះ​បោរ​។ ការណ៍​នេះ​បាន​ធ្វើឲ្យ​សហរដ្ឋអាមេរិក​ប្រកាសថា ខ្លួន​គ្រោង​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី​។​

តែ​យ៉ាង​ណា​ក៏​ដោយ​បន្ទាប់ពី​មាន​ការចោទប្រកាន់​រដ្ឋា​បាល​ស៊ី​រី​ពី​សំណាក់​អាមេរិក​ភ្លាម​។ ​រស្ស៊ី​ដែល​ជា​មិត្ត​របស់​រដ្ឋាភិបាល​លោក​អា​សាដ បាន​ចំអក​ឲ្យ​អាមេ​រិក​ដោយបាន​ប្រៀបធៀប​ការចោទប្រកាន់​បែបនេះ ទៅ​នឹង​ការ​ភូតកុហក​របស់​អាមេរិក​ដូច​ករណី​ចោទប្រកាន់​ទៅលើ​សា​ដាម​ហ៊ូ​សេន នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ ២០០២ដែរ​៕​(ដោយៈ​ជា ធីរិទ្ធ​)

​វិហារ​​កាតូលិក​​ថ្មី​​មួយ​នឹង​សម្ភោ​ធ​ក្បែរ​​ព្រំដែន​​កូរ៉េ​​ទាំង​​ពីរ​ជា​សញ្ញា​នៃ​សន្តិភាព

​វិហារ​កាតូលិក​ថ្មី​មួយ នឹង​ត្រូវ​បើក​សម្ភោ​ធ​នៅក្នុង​ទីក្រុង​ក្បែរ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំង​២ ​ដែល​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ការបង្រួបបង្រួម និង​សន្តិភាព​​នៅ​ឧបទ្វីប​កូរ៉េ​។​ នេះ​បើ​យោងតាម​ការ​លើកឡើង​របស់​មន្ត្រី​ប្រចាំ​ព្រះវិហារ​។

ព្រះវិហារ​នេះនឹង​សម្ភោ​ធបើក​ដំណើរការ​នៅ​ថ្ងៃទី​២៥ ខែមិថុនា​ខាងមុខ ក្នុងពេល​ដែល​សង្គ្រាម​កូរ៉េ​បាន​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ​១៩៥០​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើងរបស់សម្តេច​សង្ឃ ប្រចាំ​វិហារ​កាតូលិក ក្នុង​សន្និសីទ​សារ​ព័ត៌មាន​។ គួរបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០១៣​នេះ ជា​ខួប​លើក​ទី​៦០​នៃ​យុទ្ធសន្តិភាព​នៅ​កូរ៉េ៕

​អ៊ីរ៉ង់ ​នឹង​ព្យាយាម​​បង្ហាញ​​ភាព​ស្មោះ​ត្រង់​ជុំវិញ​​បញ្ហា​​នុយ​ក្លេអែរ

ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​របស់​ប្រទេស​អ៊ីរ៉ង់ លោក Hassan Rouhani បាន​លើក​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាលតេ​អ៊ីរ៉ង់​នឹង​ព្យាយាម​បង្ហាញ​ភាពស្មោះ​ត្រង់​​​របស់​​​ខ្លួន​​​បន្ថែម​​ទៀត ទាក់ទិន​នឹង​បញ្ហា​នុយក្លេអែររបស់ខ្លួន ដើម្បី​ឲ្យមាន​ទំនុកចិត្ត​ពិភពលោក​ទាំងមូល​។

លោក Rouhani បានលើកឡើង​បន្ថែមទៀតថា ការដាក់ទណ្ឌកម្ម​ជា​បញ្ហា​មួយ​ដែល​អ៊ីរ៉ង់​កំពុងប្រឈម​ក្នុងពេល​បច្ចុប្បន្នជាមួយគ្នានេះដែរ អ៊ីរ៉ង់​ដឹង​ច្បាស់​ថា បណ្តា​​​ប្រទេស​ទាំង​នោះ​កំពុង​​បង្ហាញ​​ការ​គាប​សង្កត់​​មក​លើ​​ប្រជា​​ពលរដ្ឋ​​​របស់​​​អ៊ីរ៉ង់​។​

​លោកប្រធានាធិបតី​ទើប​ជាប់ឆ្នោត Rouhani រូបនេះក៏​បាន​បញ្ជាក់​ពី​ជំហាន​នៃ​ការដឹកនាំ​ប្រទេសរបស់ខ្លួនផងដែរ ដែល​ក្នុង​ការដឹកនាំ​របស់​រដ្ឋាភិបា​លអាណ​ត្តិ​ថ្មី​របស់​លោក​នេះ​នឹង​បន្ត​អនុវត្តន៍​តាម​ជំហាន​ពីរ​យ៉ាង​។

ទី​មួយ​គឺ អ៊ីរ៉ង់ នឹង​បន្ត​បង្ហាញ​ភាពស្មោះត្រង់​ដើម្បី​ប្រាប់​ពិភពលោក​ថា ទង្វើ​របស់​អ៊ីរ៉ង់​ស្ថិត​នៅ​​ក្នុង​​ផ្លូវ​ច្បាប់​អន្តរ​ជាតិ​។ ទី​ពីរអ៊ីរ៉ង់​បន្ត​បង្កើន​ទំនុកចិត្ត​រវាង​អ៊ីរ៉ង់ និង​​​បណ្តា​​​ប្រទេស​​នានា​​​លើ​​​ពិភព​​លោក​។

​ក្រុម​ថៃ​​អាវ​​ក្រហម​​និង​​ពួក​ម៉ាស​​មុខ​ស​​ប៉ះគ្នា​​នៅ​​ឈៀង​ម៉ៃ​

​បន្ទាប់​ពី​មានការ​វាយប្រហារ​លើ​ពួក​ប្រឆាំង​តវ៉ា​ដែល​ពាក់​ម៉ាស​មុខ​ពណ៌​ស​នៅ​ខេត្ត​ឈៀង​ម៉ៃ កាលពី​ថ្ងៃ​សុក្រ​មក​ស៊ូ​រិយា កាតា​សិលា អ្នក​សម្រមសម្រួល​នៃ​គណ​​បក្ស​នយោបាយ​បៃត​ង ដែល​ជា​​សាខា​​នៃ​​ក្រុម​​អាវ​​លឿង​​ថៃ កាលពី​ថ្ងៃ​សៅរ៍​​ បាន​​អំពាវ​នាវ​​អោយ​​នាយករដ្ឋ​មន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា និង​ពួក​មេដឹកនាំ​អាវ​​ក្រហម​​ បង្ហាញ​​គោល​ជំហរ​​ជា​​សាធារណៈ​​​អំពី​ការវាយប្រហា​រលើ​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ​។​

​កាលពី​ថ្ងៃ​សុក្រ ពួក​អាវ​ក្រហម​ប្រមាណ​២០០​នាក់​បាន​វាយ​លើ​ក្រុម​មនុស្ស​ពាក់​ម៉ាស​មុខ​ស​នៅ​ទីក្រុង​ឈៀង​ម៉ៃ​។​វីដេអូ​ខ្លី​ប​និង​រូបភាព​នៃ​ការ​វាយ​ដែល​ត្រូវ​បាន​​បង្ហោះ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​បាន​រិះគន់​។​

​អតីត​មេដឹកនាំ​ក្រុម​អាវ​លឿង​រូបនេះ​បាន​និយាយថា បើ​ពួកគេ​មិន​គាំទ្រ​អំពើ​ដូច្នេះ​ទេ ពួកគេ​ត្រូវតែ​បញ្ជាក់​អំពី​ការប្រឆាំង​របស់​ពួកគេ បញ្ឈប់​និង​ទប់ស្កាត់​ព្រមទាំង​ដាក់ទោស​អ្នក​ដែល​បាន​ប្រព្រឹត្ត​។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ​នេះ អ្នកនាំពាក្យ​គណបក្ស​ភឿ​ថៃ​បាន​និយាយថា នាយក​រដ្ឋ​មន្ត្រី​​យី​ង​​ឡាក់ ស៊ីណា​វ៉ាត្រា​​មិន​​ឈរ​​ខាង​​ក្រុម​​អាវ​​ក្រហម​​ទេ​។​

សមា​ជិក​សភា​បក្ស​ភឿ​ថៃ ចំនួន​៥​នាក់ កាលពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​ថា​ពួកគេ​នឹង​កេណ្ឌ​មនុស្ស​ធ្វើ​ការជួបជុំ​តវ៉ា​ចំនួន​១០០​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រឆាំង​នឹង​ចលនា​ប្រឆាំង​​រដ្ឋាភិបាល​និង​ការប៉ុនប៉ង​ទម្លាក់​រដ្ឋាភិបាល​។​

​គណបក្សកាន់អំណាច​បា​ន​ព្រមាន​ពួក​ក្រុម​នយោបាយ រួម​ទាំង​ពួក​អ្នក​ប្រឆាំង​តវ៉ា​ពាក់​ម៉ាស​មុខ​ស ថា​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​ការជួបជុំ​ប្រែជា​ហិង្សា​។​

​នេះ​គឺជា​ការប៉ះទង្គិច​គ្នា​ជា​ថ្មី​រវាង​ក្រុម​ថៃ​អាវ​ក្រហម​ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន និង​ក្រុម​ពាក់​មុខ​មាស់​សរ​ដែល​គេ​ដឹងថា ជា​ក្រុម​ថៃ​អាវ​លឿង​ចាប់តាំងពី​ពួកគេ​បាន​ស្ងប់ស្ងាត់​មួយរ​យៈមក​៕(ដោយៈវ៉ា សំណព្វ)​

អាមេរិក​​ស្វា​គម​ន៏​​សំណើ​​កូរ៉េ​ខាងជើង​​ ដើម្បី​​បើក​​កិច្ច​​ពិភាក្សា​​ជាន់​ខ្ពស់​

​សហរដ្ឋអាមេរិក​បាន​ស្វាគ​ម​ន៏​ហើយ​ចំពោះ​សំណើ​បើក​កិច្ចពិភាក្សា​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង​ក្នុងការ​បន្ថយ​នូវ​ភាព​តានតឹង​ក្នុង​ឧបទ្វិប​កូរ៉េ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ថា ពី​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​​កាល​ពី​​ថ្ងៃ​អាទិត្យ​។

ការ​ស្វា​គម​ន៏​ពី​អាមេរិក​នេះ គឺធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​របស់​ទីក្រុង​ព្យុង​យ៉ាង​បាន​ដាក់​សំ​ណើ​​សុំ​បើក​កិច្ចពិភាក្សា​ជាន់ខ្ពស់​ជាមួយនឹង​អា​មេរិក​។

​​ក្រោយ​ពី​របប​ព្យុងយ៉ាង​បាន​ដាក់​សំណើ​សុំ​បើក​កិច្ចពិភាក្សា​ជា​ន់​រួចមក ខាង​សហរដ្ឋអាមេរិក​ក៏​បាន​ស្វា​គម​ន៏​ចំពោះ​សំណើរ​ពិភាក្សា​ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង​​ក្នុង​ឧបទ្វិប​កូរ៉េ​នោះ​ផង​ដែរ​។

ប៉ុន្តែ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​សេត​វិមាន អាមេរិក​នឹង​ធ្វើ​ការថ្លឹងថ្លែង​យ៉ាង​លម្អិត​ចំពោះ​ឥរិយាបទ និង បំណង​ជាក់លាក់​របស់​របប​ព្យុង​យ៉ាង​ជាជាង​ការ​ស្តាប់​​នូវ​​ពាក្យ​សំ​ដី​​ផ្អែម​​ក្នុង​​ការបើក​កិច្ចពិភាក្សា​ជាន់ខ្ពស់​ដើម្បី​ជជែក​អំពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែ និង ការ​បន្ថយកំដៅ​ក្នុង​ឧបទ្វិប​កូរ៉េ​។

គេ​មិន​ទាន់​ដឹង​នៅឡើយ​ថា អាមេរិក​នឹង​កូរ៉េខាងជើង​អាច​បើក​កិច្ច​ពិភាក្សា​ជាន់ខ្ពស់​ជា​ផ្លូវការ​នៅពេល​ណា​នៅឡើយ​ទេ ព្រោះ​ខាង​សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​បញ្ជាក់​ឲ្យដឹង​ច្បាស់​នៅឡើយ ហើយ​គេ​ក៏​មិនដឹង​ថា តើ​អាមេរិក​នឹង​ធ្វើ​ការដាក់​លក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​អាច​បើក​កិច្ច​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាលរ​បស់​លោក គីម ជុង​អ៊ុន​។

បើ​តាម​​ការ​ចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​ដែល​បាន​ស្រង់​យក​ខ្លឹមសា​នៃ​សេចក្តី​ថ្លែង​ការ​ក្រសួងការពារជាតិ​របស់​ខ្លួន​បាន​បញ្ជាក់​​ថា កូរ៉េខាងជើង​ពិត​ជា​មាន​បំណង​ក្នុង​ការពិភាក្សា​ជាមួយនឹង​អាមេរិក​ដើម្បី​លើកឡើង​ពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែ​រ សម្រាប់​រក្សា​នូវ​ស្ថិរភាព និង សន្តិសុខ​ក្នុង​តំបន់​មែន​។

ជាមួយគ្នា​នោះ​កូរ៉េខាងជើង​បញ្ជាក់​ទៀតថា ប្រសិនបើ​អាមេរិក​ពិតជា​មាន​បំណង​ក្នុងការ​ធ្វើឲ្យ​ស្ថានការណ៏​ប្រសើរ​ឡើង​វិញមែន​អាមេរិក​មិន​គួរ​ដាក់​លក្ខខណ្ឌ​អ្វី​មុន​បើក​កិច្ច​ពិភាក្សា​ឡើយ​។

​សូមបញ្ជាក់​ថា មុន​ពេល​កូរ៉េខាងជើង សុំ​បើក​កិច្ចចរចា​ជាមួយនឹង​អាមេរិក​នេះ របប​ព្យុងយ៉ាង​ក៏​បាន​សុំ​បើក​ចរចា​ជាន់ខ្ពស់​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​២០០៧​មក ជាមួយនឹង​កូរ៉េខាងត្បូង​មក​ដែរ​។

ប៉ុន្តែ​កិច្ច​ពិភាក្សា​ដែល​កូរ៉េ​ទាំងពី​គ្រោង​ធ្វើឡើង​ដើម្បី​សាង​នូវ​ការជឿជាក់​ឡើងវិញ​នោះ​ត្រូវ​បាន​លុបចោល​ភ្លាមៗ ហើយ​ភាគី​នី​មួយៗ​សុទ្ធតែ​បន្ទោស​លើ​គ្នា​ទៅ​វិញ​ទៅ​មក​​ចំពោះ​មូលហេតុ​ដែល​នាំឲ្យ​មាន​ការលុបចោល​ជំនួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​នោះ​៕(​ដោយៈ​អ៊ុន រស្មី​)

វិបត្តិ​​នៅ​​ស៊ី​រី ​ក្លាយជា​​ប្រធាន​បទ​​ដ៏​រសើប​​ក្នុង​កិច្ច​ប្រជុំ​​G8 នៅ​​អៀ​ក​ឡង់​

កិច្ចប្រជុំ​G8 ឬ​ហៅ​ម្យ៉ាងទៀត​ថា កិច្ចប្រជុំ​នៃ​បណ្តា​ប្រទេស​មាន​ឧស្សាហកម្ម​រីក​ចម្រើន​​ជាង​​គេ​​លើ​ពិភព​លោក​ ដែល​​បាន​​បើក​​ធ្វើ​​នៅ​ក្នុង​​ប្រទេស​​អៀ​កឡង់ ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​តទៅរហូត​ដល់​ថ្ងៃ​អង្គារ​។

សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេ​ស៊ីរី គឺជា​ប្រធានបទ​ដ៏​រសើប​និង​សំខាន់​បំផុត​សម្រាប់ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​​G8 ដែល​ត្រូវ​លើកយក​មក​ជជែក​រក​ដំណោះ​ស្រាយ​​នៅ​​ក្នុង​​កិច្ច​ប្រជុំនេះ។​

​នៅ​មុន​កិច្ចប្រជុំ​ចាប់ផ្តើម កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស David Cameron បាន​ជួបពិភាក្សា​​ជាមួយ​ប្រធានាធិបតី​​រុស្ស៊ី លោក Vladimir​ Putin​ ដើម្បី​ស្វែងរក​គន្លឹះ​ក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​ស៊ី​រី​។

ក្រោ​ពី​ជំនួប​ប្រមុខ​មេដឹកនាំ​នៃ​ប្រទេស​ទាំ​ពីរ បាន សម្រេច​ថា ពួកគេ​នឹង​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក Barack Obama​។ លោក​Barack Obama ដែល​កាលពីពេល​កន្លង​ទៅ​បានប្រកាសថា អាមេរិក​នឹង​ផ្តល់​អាវុធ​​ទៅ​​ដល់​ក្រុម​ឧទ្ទាម​ស៊ី​រី​។​

​កិច្ចប្រជុំ​G8 ឬ​​កិច្ចប្រជុំ​នៃ​បណ្តា​ប្រទេស​មាន​ឧស្សាហកម្ម​រីក​ចម្រើន​ជាង​គេ​លើ​ពិភពលោក ដែល​នៅ​ក្នុង​នោះ​មាន​ប្រទេស​​ Canada ប្រទេស​បារាំង ប្រទេស​អាឡឺម៉ង់ ប្រទេស អ៊ីតាលី ប្រទេស​ជប៉ុន ប្រទេស​រុស្ស៊ី សហរដ្ឋ​អាមេរិក​​និង​​ចក្រភព​​អង់គ្លេស​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ក្រសួង​ស៊ើប​ការសម្ងាត់​របស់​អាមេរិក បាន ចោទប្រកាន់ រដ្ឋាភិបាល​ស៊ី​រី​របស់លោក បា​ស្សា អាល់​អាសាទ​ថា បាន​ឆ្លង​គំនូស​ក្រហម​ហាមឃាត់​ដោយ​ហ៊ាន​ប្រើ​អាវុធ​គីមី​ក្នុង​សង្គ្រាម​ជាមួយ​ពួក​ឧទ្ទាម​ប៉ះ​បោរ​។

ការណ៍​នេះ​បាន​ធ្វើឲ្យ​សហរដ្ឋអាមេរិក​ប្រកាសថា ខ្លួន​គ្រោង​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី​។ ​តែ​យ៉ាង​ណា​ក៏​ដោយ​បន្ទាប់ពី​មាន​ការចោទ​ប្រ​កាន់​​​រដ្ឋា​​បាល​​ស៊ី​រី​​ពី​​សំណាក់​អាមេរិក​ភ្លាម​។

​រស្ស៊ី​ដែល​ជា​មិត្ត​របស់​រដ្ឋាភិបាល​លោក​អា​សាដ បាន​ចំអក​ឲ្យ​អាមេរិក ដោយ​បាន​ប្រៀបធៀប​ការចោទប្រកាន់​បែប​នេះ​ទៅ​នឹង​ការ​ភូតកុហក​របស់​អាមេរិក​ដូច​ករណី​ចោទប្រកាន់​ទៅលើ​សា​ដាម​ហ៊ូ​សេន​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ២០០២​ដែរ​។

ដូច្នេះហើយ បានជា​នៅក្នុង​កិច្ចប្រជុំ​G8 ​នៅ​អៀ​កឡង់​វិបត្តិ​នៅ​ស៊ី​រី​ទំនង​ជា​ប្រធានបទ​តឹង​សសៃក​រវាងរដ្ឋាភិបាល​អាមេ​រិក​និង​រដ្ឋាភិបាល​រុស្ស៊ី​៕​(​ដោយៈ​ជា ធីរិទ្ធ​)

ប្រមុខ​​ការ​ទូត​​អាមេរិក​ព្រមាន​​ថា​ ​អាវុធ​គីមី​​នឹង​​បង្ក​បញ្ហា​​កាន់តែ​​ខ្លាំង​​ដល់​​ស៊ិរី​

​រដ្ឋមន្ត្រីការបរទេស​របស់​អាមេរិក គឺ​លោក John Kerry បាន​ធ្វើ​ការព្រមាន​ជា​លើក​ដំបូង​​កាល​ពី​​ថ្ងៃ​​សៅរ​​កន្លង​​ទៅ​​ចំ​ពោះ​​ការ​ប្រើប្រាស់​​អាវុធ​​គីមី​​របស់​​រដ្ឋាភិ​បាល​​​ស៊ី​រី​​ថា នឹង​ធ្វើឲ្យមាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។

ការលើកឡើង​បែប​នេះ គឺធ្វើឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការចោទប្រកាន់​ថា រដ្ឋាភិបាល​ស៊ី​រី​បាន​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ទៅនឹង​ក្រុម​ប្រឆាំង​។

​បើ​តាម​ការអះអាង​របស់​ប្រមុខ​ការទូត​របស់​អាមេរិ​ក គឺ​លោក John Kerry បាន​ថ្លែងថា ការប្រើប្រាស់​អាវុធ​គីមី​របស់​រដ្ឋាភិបាល​​ស៊ី​រី​រួម​ជា​មួយ​​នឹង​​ការ​ជាប់​​ពាក់​ព័ន្ធ​​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ Hezbollah នោះ​គឺ​កាន់តែ​ធ្វើឲ្យប៉ះពាល់​ដល់​ការបើក​កិច្ចចរចា​រ​ស្វែងរ​កសន្តិភាព ដែល​មិន​អាច​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​​ណា​មួយ​​បាន​។

សូមបញ្ជាក់​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ Hezbollah ត្រូវបាន​គេ​ដឹងថា កំពុងតែ​មាន​ទំនាក់ទំនង​យ៉ាង​ស្និត​ជាមួយ​នឹង​របប​ផ្តាច់កា​រលោក​ប្រធានាធិបតី Assad​។

កាលពី​ថ្ងៃ​ព្រហស្បត៏​កន្លងទៅ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​ស៊ី​រី​បាន​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​នឹង​ក្រុម​ឧទាម ដោយ​បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​ពី​១០០​ទៅ​១៥០ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អាមេរិក​ក៏​បាន​បញ្ជាក់ទៀតថា ខ្លួន​នឹង​ផ្តល់​ជំនួយ​យោធា​ដល់​ក្រុមប្រឆាំង​ស៊ី​រី​ដើម្បី​ទប់ទល់​ជាមួយនឹង​ការប្រើប្រាស់​អាវុធ​គីមី​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​របស់លោក​អាសា​ឌ​។​

​សូមបញ្ជាក់​ថា វិបត្តិ​ក្នុងប្រទេស​ស៊ី​រី នឹង​ត្រូវបាន​លោក បា​រ៉ាក់ អូ​បា​ម៉ា លើក​យក​ទៅ​ពិភាក្សា​ជាមួយនឹង​បណ្តា​មេដឹកនាំ​អ៊ឺរ៉ុប​នៅ​សប្តាហ៏​ក្រោយនេះ ក្នុង​កិច្ច​ប្រជុំ​G8​។

នា​ពេល​ថ្មីៗ​កន្លងទៅនេះ សហភាព​អ៊ឺរ៉ុប​ក៏​បាន​លុបចោល​នូវ​បំរាម​ក្នុង​ការបញ្ជូន​គ្រឿង​សព្វាវុធ​​ទៅ​ឲ្យ​​ក្រុម​ប្រឆាំង​​ស៊ីរី​​ផង​ដែរ ដែល​ជា​ការ​ផ្តល់​ផល​យ៉ាង​វិជ្ជ​មាន​​សម្រាប់​ក្រុមប្រឆាំង​ទាំងនោះ​។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ មកទល់​នឹង​ពេលនេះ ពុំ​ទាន់​ឃើញ​មាន​ប្រទេស​ណាមួយ​​របស់​​សហភាព​​អ៊ឺរ៉ុប​ប្រកាស​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​​ក្រុម​ប្រឆាំង​​ស៊ី​រី​​នៅ​​ឡើយ​​​ទេ​។ ចាប់តាំងពី​មាន​ការ​ងើប​ប្រឆាំង​នឹង​រដ្ឋាភិបាល​​មក​​នៅ​ពេល​នេះ​​មាន​​មនុស្ស​​ជាង ៩​ម៉ឺន​​ ៣​ពាន់​នាក់​​បាន​ស្លាប់​​បាត់​បង់​​ជីវិត​។

ហើយ​ចំនួន​នេះ​នឹង​កើនឡើង​យ៉ាងច្រើន​ថែម​ទៀត​ប្រសិនបើ​សង្គ្រាម​ស៊ីវិល​មិន​អាច​បញ្ចប់​បាន​ក្នុង​ពេល​ឆាប់ៗ​៕​(​ដោយៈ​អ៊ុន រស្មី​)

    About Us
    Khana

Activities

Find us at Facebook

Contact Us