Saturday, May 25th

Last update09:01:07 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​​សុំ​ចរចា​​ជាមួយ​​កូរ៉េ​​ខាង​ជើង​​​ជុំវិញ​​តំបន់​ឧស្សាហ៍​កម្ម​រួម​

ការស្នើរ​សុំ​បើក​កិច្ច​ពិភាក្សា​ជា​ផ្លូវការ​ជុំវិញ​ការបិទ​តំបន់​ឧស្សា​ហ​មក្មរួម ​Kaesong ត្រូវបាន​ធ្វើឡើង​នៅ​ព្រហស្បតិ៍​នេះ​ដោយ​ប្រទេស​កូរ៉េខាងត្បូង​។​ ការស្នើសុំ​នេះ មាន​គោលបំណង​ចង់ ឲ្យមាន​ផ្លូវ​ដោះស្រាយ​អំពី​ការបិទ​តំបន់ឧស្សាហកម្ម​រួម Kaesong​មិនអោយ​ដំណើរការ​បណ្តោះអាសន្ន​។

ជាមួយគ្នា​នោះក្រុង​សេ​អ៊ូ​លក៏​បាន​ព្រមាន​ថា នឹង​ចាត់​វិធានក្តៅ​ភ្លាម ប្រសិន​បើ​រដ្ឋ​អំណាច​ក្រុង​ព្យុង​យ៉ាង​បដិសេធ​មិន​យល់ព្រម​នោះ​។ អ្នកនាំពាក្យ​នាយកដ្ឋាន​ឯក​ភាព​​វូប្ប​នីយកម្ម​លោក ​Kim Hyung-Seok បាន​និយាយថា កូរ៉េខាងត្បូង​ពិតជា​មាន​គោលបំណង ចង់​ពិភាក្សា​តាម​ផ្លូវការ​រវាង​អាជ្ញាធរ​រដ្ឋាភិបាល​ទាំង​ពីរ​ដូច្នេះ​ទីក្រុង​ព្យុងយ៉ាង ត្រូវតែ​ឆ្លើយតប​នូវ​ការស្នើ​សុំ​នេះ​យ៉ាងយូ​បំផុត​នៅ​ថ្ងៃ​សុក្រ​។

​ទន្ទឹម​ហ្នឹង​នេះ​លោក Kim Hyung-Seok​ក៏ បាន​បញ្ជាក់​ដែរ​ថា ប្រសិន​បើ​រដ្ឋ​អំណាច​ក្រុង​ព្យុង​យ៉ាង​បដិសេធ​នឹង​គោលបំណង​នៃ​កិច្ច​ពិភាក្សា​នេះ កូរ៉េខាងត្បូង​នឹង​ចាត់វិធានការ​ក្តៅគគុក​ភ្លាម ដោយ​គ្មាន​ការពិចារណា​ឡើយ ពោល​គឺ កូរ៉េខាងត្បូង​នឹង​ដកខ្លួន​ចេញ​ជា​អចិន្ត្រៃយ៍​ពី​តំបន់​ឧស្សាហកម្ម​នោះ​។​

គួរបញ្ជាក់​ថា​រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង បាន​បិទ​ច្រកចេញ​ចូល​ក្នុង​តំបន់ឧស្សាហកម្ម​រួម Kaesong ចាប់តាំងពី​ថ្ងៃ​ទី​៣ ខែ​មេសា មក​ម្លេះ ដោយសារ​មាន​ភាព​តាន​តឹង​​ផ្នែក​​យោធា​ក្នុង​ឧបទ្វីប​កូរ៉េ។ យ៉ាងណាក្តី​រហូតមកដល់​ពេលនេះ​មាន​បុគ្គលិក​កូរ៉េខាងត្បូង​១៧០​នាក់​ទៀត កំពុង​ស្ថិត​​នៅ​ក្នុង​​តំបន់​ឧស្សា​ហកម្ម​​មួយ​​នោះ​​។​

​សូម​រម្លឹក​ជូន​ថា តំបន់ឧស្សាហកម្ម Kaesong ដែល​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ ២០០៤​នៅ​ខាង​ដែនដី​កូរ៉េខាងជើង មាន​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​។ បច្ចុប្បន្ន​នេះ​មាន​រោងចក្រ សហគ្រាស​របស់​កូរ៉េខាងត្បូង​ចំនួន ១២៣​កំពុងដំណើរការ​នៅក្នុង​តំបន់ឧស្សាហកម្ម Kaesong ដោយ​បាន​ផ្តល់​ការងារ​ជូន​បុគ្គលិក កម្មករ​​កូរ៉េ​ខាង​ជើង​​ប្រមាណ​ជា ៥៣,០០០​នាក់​។

ឥឡូវ​តំបន់ឧស្សាហកម្ម​រួម​ដែល​ជា​និមិត្តរូប​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​ប្រទេស​គូរ​សត្រូវ​បងប្អូន​បង្កើត​ទាំងពីរ​ត្រូវបាន​គេ​មើលឃើញ​ថា​បាន​ក្លាយជា​ប្រដាប់​​វាស់​​ស្ទង​​កម្តៅ​​នៃ​ស្ថេរភាព​ក្នុង​ឧបទ្វីប​កូរ៉េ​៕(ដោយៈ​ថា ថៃ)

បញ្ហា​​សមុទ្រ​​ចិន​​ខាងត្បូង​​គឺជា​ប្រធាន​បទ​ក្តៅ​​ក្នុង​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​នៅ​ព្រុយ​ណេ​

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​សំខាន់​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ានលើក​ទី​២២ ដែល​បាន​បើក​ធ្វើ​នៅក្នុង​ប្រទេស​ព្រុយ​ណេ​រយៈពេល​ពីរ​ថ្ងៃនៅ​ឆ្នាំ​នេះ​។

គ្រាន់តែ ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​បាន​ចាប់ផ្តើម​ភ្លាម​កាល​ពី​ពុធ ប្រមុខ​មេដឹកនាំ​នៃ​បណ្តា​ប្រទេសអាស៊ាន​ទាំង​១០ មិន​បង្អង់​ក្នុង​ការជជែក​គ្នា​ ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង ត្បូង​នេះ​នោះ​ទេ​។

មកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ានលើក​ទី​២២​នេះ ក៏​ប្រមុខ​មេដឹកនាំ​ទាំង​១០​ប្រទេស បាន​បន្ត​ពិភាក្សា​អំពី​បញ្ហា​នេះ​យ៉ាង​ក្តៅគគុកដោយ​ពួកគេ​រំពង​ថា ក្រោយ​កិច្ចប្រជុំ​នឹង​មាន​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​ស្តី​ពី​សមុទ្រ​រវាង​បណ្តា​ប្រទេស​អាស៊ាន និង ចិន ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។​

​សូមបញ្ជាក់​ថា ប្រទេស​ដែល​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​ចំនួន​រួម​មាន​វៀតណាម​ហ្វីលីពីន​ប្រ៊ុយណេ និង ម៉ាឡេស៊ីបាន​ប្រឈម​នឹង​ជំលោះ​ជាមួយ​ប្រទេស​ចិន​ស្តីពី សមុទ្រចិន​ភាគ​ខាងត្បូង​នេះ​។​

​ប្រធានាធិបតី ហ្វីលីពីន​លោក ​Benigno Aquino​ បាន​ថ្លែង​កាល​ពី​ពុធ​ថា យើង​​ទាំង​​អស់​​គ្នា​​ត្រូវ​ការ​​នូវ​​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ដើម្បី​ទប់ស្កាត់​នូវ​វិវាទ​កុំ​ឲ្យ​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

លោក Aquino បាន​បន្តថា លោក​រីករាយ​ណាស់​ដែល​ប្រទេស​Brunei​បាន​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​អាទិភាព​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ពេល​នេះ ហើយ​វា​ក៏​ជា​ទិសដៅ​សម្រាប់​កិច្ចពិភាក្សា​នាពេល​អនាគត​ពេញ​មួយឆ្នាំ​ទៀត​ផង​ដែរ​អំពី​បញ្ហា​នេះ​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី គឺ​លោកម៉ា​ទី ណា​តាឡេ​ហ្គា​វ៉ា (Marty Natalegawa) កាលពី​ប៉ុន្មាន​ថ្ងៃមុន បាន​ថ្លែងថា​អាស៊ាន​ត្រូវតែ​រួបរួម​គ្នា​ទាក់ទិន​ទៅ​នឹង​ជម្លោះ​ចិន​ខាងត្បូង​។ ​លោក​បន្ត​ថា​អាស៊ាន​មាន​ឥទ្ធិពល​ក្នុង​ការអភិវឌ្ឍន៍​នានា​ប្រសិន​អាស៊ាន​ខ្លាំង​។​

​គួររម្លឹកថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បាន​ធ្វើឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​កាលពី​កម្ពុជាធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០១២ ដែល​បណ្តាល​ឲ្យ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំងមូល​បញ្ចប់​ទៅ​ដោយ​គ្មាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ជា​លើក​ទី​១​ក្នុង​ប្រវត្តិអាស៊ាន​៤៥​ឆ្នាំ​៕(ដោយៈ​ជា ធីរិទ្ធ)

​មនុស្ស​​២១​នាក់​​ស្លាប់ ​ក្នុងកា​រ​បះ​ទង្គិច​​គ្នា​នៅ​តំបន់​​ស៊ីន​ជាំ​ង​​ក្នុង​ប្រទេស​​ចិន

​មនុស្ស ២១​នាក់​ដែល​រួមទាំង​មន្ត្រី​ប៉ូលិស និង​បុគ្គលិក សង្គមកិច្ច​ជាច្រើ​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការប៉ះទង្គិច​ដ៏​ហិង្សា​នៅ​តំបន់​ស៊ីន​ជាំ​ង ​(Xinjiang) ភាគ​ខាងលិច​នៃ ប្រទេស​ចិន​។

ក្រុមមន្ត្រី​ចិន​ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ការ​បាញ់ប្រហារ​គ្នា​បាន​កើតឡើង​នៅ​សង្កាត់​បា​ជូ ក្នុង​ខេត្ត​ស៊ីន​ជាំ​ង​ភាគ​ខាងលិច​បន្ទាប់ពី​ប៉ូលិស បាន​ឆែកឆេរ​តាម​ផ្ទះ​មួយ​ចំនួន​នៅក្នុង​តំបន់​នេះ​ដើម្បី​រក​គ្រឿង​អាវុធខុសច្បាប់​។

ក្រោយ​ការប៉ះទង្គិចមនុស្ស ៨​នាក់​ត្រូវបាន​ចាប់ខ្លួន​។ គួរបញ្ជាក់​ថា កាលពី​ឆ្នាំ​២០០៩ មនុស្ស​ជិត​២០០​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ការប៉ះទង្គិច​គ្នា​ដ៏​ហិង្សា​រវាង​ជន​ជាតិ​ភាគតិច​អ៊ុយ​ហ្គ័​រ ដែល​កាន់សាសនា​អ៊ីស្លាម និង​ជនជាតិ​ហាន ភាគច្រើន​នៅ​ទីក្រុ​ងអុយ​រូម​ហ្គី​ក្នុង​តំបន់​នេះ។​

​កូរ៉េខាង​ជើង​​ទាមទា​​ឲ្យ​​អាមេរិក​​ទទូល​ស្គាល់​ខ្លួ​ន​​ថា​​ជា​រដ្ឋ​​នុយ​ក្លេអ៊ែរ​

​កូរ៉េ​ខាងជើង​កាលពីរ​ថ្ងៃ​អង្គារ​កន្លង​ទៅ​បាន​ទាមទា​ឲ្យ​អាមេរិកនិង​កូរ៉េខាងជើង​ក៍ដូចជា​ពិភពលោកទ​ទួល​ថា ខ្លួន​ជា​​ប្រទេស​​មហា​អំណាច​​នុយ​ក្លេ​អ៊ែរ​​ក្នុង​ពិភព​លោក​​មួយ​​ដែរ​។ ហើយ​នេះ​គឺជា​លក្ខខណ្ឌ​មួយ​ផងដែរ ដើម្បី​បើកផ្លូវ​ឲ្យ​កូរ៉េខាងជើង​អាច​ចូលរួម​តុ​ចរចារ​ជាមួយនឹងអាមេរិក និង កូរ៉េខាងត្បូង​បាន​។​

​ពេល​ថ្មីៗ​នេះអាមេរិក និង កូរ៉េខាងត្បូង​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​កូរ៉េខាងជើង បញ្ឈប់​រាល់​សកម្មភាព​ផ្សេងៗ​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែ​រ ដើម្បី​អាច​ចូល​តុរ​ពិ​ភា​ក្សា​​គ្នា ​ដើម្បី​អាច​ស្វែងរក​ដំណោះស្រាយ​នៃ​វិបត្តិ​ក្នុង​ឧបទ្វិប​កូរ៉េ​បាន​។

ជា​ការឆ្លើយតប​របស់​កូរ៉េខាងជើង តាមរយៈ​សារព័ត៌មាន​របស់​រដ្ឋ​ដែល​មានឈ្មោះ​ថា Rodong Sinmun បាន​ធ្វើ​ការច្រានចោល​ចំពោះ​ការលើកឡើង​របស់​អាមេរិក​និង កូរ៉េខាងត្បូង​យ៉ាង​ដូច្នោះ ហើយ​បាន​បញ្ជាក់ថា ប្រទេស​របស់​ខ្លួន​មិន​អាច​ផ្អាក ឬ​បញ្ឈប់​សកម្មភាព​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយព្រោះថា រាល់​ភាគី​ក្នុង​កិច្ច​ចរចារ​​ត្រូវតែ​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។

ពោល​គឺ​កិច្ចចរចារ​នោះ​មិន​អាច​ធ្វើឡើង​ដោយ​ភាគី​មួយ​ជា​រដ្ឋ​នុយក្លេអ៊ែ​រ និង ប្រទេស​មួយទៀត​ជា​ប្រទេស​ធម្មតា​នោះ​ឡើយ​។ ហើយក៏​មិន​អាច​ធ្វើឡើង​ដោយ​ភាគី​ជា​ប្រទេស​នុយក្លេអ៊ែរ​បង្ខំ​ឲ្យ​ភាគី​មួយ​ទៀត​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​បាន​នោះ​ដែរ​។​

​យ៉ាងណាក៏ដោយ ការលើកឡើង​របស់​កូរ៉េខាងជើង​យ៉ាង​ដូច្នោះ ក៏​បាន​ធ្វើឲ្យ​សហរដ្ឋអាមេរិក​ប្រត្តិកម្ម​វិញ​ផង​ដែរ​។ លោក Thomas Countryman ដែលជា ជំនួយ​ការ​​រដ្ឋ​មន្ត្រី​របស់​អាមេរិក​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​អន្តរជាតិ បាន​អះអាង​ថា ជា​រឿង​ដែល​មិន​អាច​ទៅ​រូ​ច ហើយក៏​មិន​អាច​ទទួលយកបាន​នោះដែរ​។

ស្របពេល​ជាមួយ​គ្នា​នោះ​សហភាព​អ៊ឺរ៉ុប​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៏​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​កូរ៉េខាងជើង​ដែល​បំពាន​ទៅ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ផងដែរ​។ ហើយក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​ដែល​ទាក់ទង​នឹង​នុយក្លេអ៊ែ​រ​។

គួរបញ្ជាក់​ថា កូរ៉េខាងជើង​ក៏​បាន​ដាក់​លក្ខខណ្ឌ​មួយចំនួន​ផង​ដែរ ដើម្បី​ចូល​តុរ​ចរចារ​មានដូចជា​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​លុប​ចោល​​​ទណ្ឌកម្ម​ដែល​បានដាក់​មកលើ​ប្រទេស​របស់​ខ្លួន និង មួយវិញទៀត អាមេរិក និង​កូរ៉េខាងត្បូង​ត្រូវ​បញ្ឈប់​ការ​សមយុទ្ធ​រូ​ម​គ្នា​នោះ​ជាបន្ទាន់​។ លក្ខខណ្ឌ​នេះ ក៏​​ត្រូវ​​បាន​កូរ៉េខាងត្បូង​អះអាង​ជា​រឿង​មិន​សម​ហេតុផល និង មិន​អាច​ទទួលយកបាន​៕​(ដោយៈអ៊ុន រស្មី)

​ជប៉ុន​​ព្រមាន​​ប្រើប្រាស់​​យោធា​​ប្រឆាំង​​ចិន​ជុំវិញ​​ជម្លោះ​​ដែន​​កោះ​

នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ស្បថ​ថា​នឹង​ដេញ​ដោយ​ប្រើ​កម្លាំង​យោធា​បើសិន​ចិន​មក​ជាន់ដី​លើ​កោះ​កំពុងមាន​ជម្លោះ​ដ៏​ក្ដៅគគុក​ម្ដង​ទៀត​បន្ទាប់​ពី​នាវា​រដ្ឋាភិបាល​ចិន​៨​គ្រឿង​បាន​ធ្វើដំណើរ​ឆ្ពោះ​មក​ដែនទឹក​មាន​ជម្លោះ​នោះ​។ ​នេះ​ជា​ការព្រមាន​ខ្លាំងៗ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe​។

​ការព្រមាន​នេះ បាន​ផុសផុល​ឡើង​បន្ទាប់ពី​នាវា​របស់​រដ្ឋាភិបាល​ចិន​ចំនួន​៨​គ្រឿង​បាន​បើក​ចូល​ទៅ​ម្តុំ​កូន​កោះ​នៅ​សមុទ្រ​ចិន​ភាគ​កើត ដែល​ប្រទេស​ទាំង​ពីរ​អះ​អាង​​ពី​​កម្មសិទ្ធិ​កាន់កាប់​រៀងៗ​ខ្លួន​។​

ទាក់ទិន​នឹង​ករណី​នេះ​ប្រទេស​ជប៉ុន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជា​ពិសេស​ក្នុង​ថ្ងៃ​នោះ ក្រុម​អ្នក​ជាតិនិយម​ជប៉ុន​មួយ​ក្រុម​ក៏​បាន​បញ្ជួនទូក​ចំនួន ១០​គ្រឿង​ទៅ​កាន់​ដែន​ទឹក​​នោះ ដើម្បី​ចូលរួម​ការពារ​បូរណភាព​ទឹកដី​ជាមួយនឹង​ក្រុម​មន្ត្រី​ឆ្មាំ​សមុទ្រ​ជប៉ុន​។

​គួរគត់សម្គាល់​ថា ការព្រមាន​ពី​សំណាក់​លោក​នាយក​រដ្ឋ​ជប៉ុន ស៊ីន​ហ្សូ​អាបេ​នេះ​កាន់តែ​ធ្វើ​ឲ្យ​ច្បាស់​ថែម​ទៀត បន្ទាប់ពី​លោក​បាន​ឡើង​កាន់​អំណាច​ចាប់ តាំងពី​ខែ​ធ្នូ​មក​។​

មាន​សំនួរ​ជាច្រើន​បាន​ចោទសួរ​លោក​អាបេ​នៅក្នុង​រដ្ឋសភា ថា​ប្រសិនបើ​មាន​នាវា​ចិន​ចូល​មក​ទៀត​តើ​ជប៉ុន​នឹង​ចាត់វិធានការ​អ្វី​?​មេដឹកនាំ​ជប៉ុន​បាន​ឆ្លើយតប​នៅ ចំពោះមុខ​សភា​ភ្លាមៗ​ថា​ពួកគេ​នឹង​ប្រើ​កម្លាំង​បណ្តេញចេញ​ជាដាច់ខាត​។

​កាលពី​ថ្ងៃ​អង្គារ ក្រុង​តូ​ក្យូ​ក៍​បាន​កោះហៅ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន​មក​បំភ្លឺ​ផង​ដែរ​បន្ទាប់​ពី​នាវា​ចិន​ទាំង ៨គ្រឿង​ នោះ​បាន​ចូល​ក្នុង​ដែនទឹក​ខ្លួន​។

នាវា​ចិន​ជា​ញឹកញយ​តែងតែ​ធ្វើ​ដំណើរ​ក្រឡឹង​ជុំវិញ​កោះ​ទាំង៥ របស់​ជប៉ុន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ដែល​បង្ក​ឲ្យមាន​ការប៉ះទង្គិ​ច​ទំនាក់ទំនង​ការទូត​របស់​ប្រ​ទេស​​ទាំង​ពីរ​។ ​កោះ​ទាំងនោះ​អនុគ្រោះ​ដល់​វិស័យ​នេសាទ​យ៉ាង​មហាសាល​និង​មាន​ធនធានធម្មជាតិ​ក្រោម​បាតសមុទ្រ​ដ៏​ក្រៃលែង​៕(ដោយៈថា ថៃ)

​យុទ្ធនា​ការ​​ឃោសនា​​បោះឆ្នោត​​នៅ​ម៉ាឡេស៊ី​បង្ក​ជា​​អំពើរ​ហឹង្សា​

ជា​ទូទៅ​នៅ​មុនពេល​ការបោះឆ្នោតគណបក្ស​នានា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​តែងតែ​ដើរ​ឃោសនា​បញ្ចុះបញ្ចូល​ប្រជាជន​ក្នុង​ប្រទេស​ខ្លួន ដើម្បី​ទ​ទូល​បាន​ការគាំទ្រ​។

ការឃោសនា​បោះ ឆ្នោត​ដ៏​ស្វិច​ស្វាញ​នេះ បាន​បង្ក​ទៅជា​អំពើហឹង្សា​យ៉ាង​ខ្លាំង​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា មាន​រហូតដល់​ទៅ​៣៨៧​ករណី​ត្រឹមតែ​៣​ថ្ងៃ​ដំបូង​នៃ​ការឃោសនា​បោះឆ្នោត​ដែល​ត្រូវបាន​គេ​ទុក​ពេល​ពីរ​សប្តាហ៍​។

​ការបោះឆ្នោត​សកល​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា​ខាងមុខ​នេះ​។​ អ្នកនាំពាក្យ​ប៉ូលីស​ជាតិ លោក​RamliYoosuf បាន​និយាយថា ឧប​ទ្ទវ​ហេតុ​បាន​កើតឡើង​ចំនួន​៣៨៧​លើក ក្នុង​រយៈពេល​៣​ថ្ងៃ​កំឡុងពេល នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​សៅរ​កន្លងមក​។​

ហើយ​ក្នុងនោះ មាន មនុស្ស​១៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​អំពើ​ហឹង្សា​នោះ​។​ លោក Ramli និយាយ​បន្តទៀតថា ដំបូង​ឡើយ​អ្នកគាំទ្រ​គណបក្សកាន់អំណាច សុទ្ធ​តែ​​មាន​​កាន់​សព្វាវុធ​ផ្សេងៗ ក្នុងនោះ​មានដូចជា​កាំបិទ​ជាដើម​ហើយ​ពួកគេ​បាន​និយាយតិ​ទៀន​យ៉ាងខ្លាំង​ទៅលើ​គណប្សប្រឆាំង​ ខណៈ​ដែល​ពួក​គេ​លើ​ក​ទង់​ជាតិ ​និង​បដា​។

​យ៉ាងណាក្តី​ខាង​គណបក្ស​កាន់អំណាច​មិន​មាន​ការធ្វើ​អត្ថាធិប្បាយ​ណាមួយ​ឡើយ​អំពី​អំពើ​ហឹង្សា​នោះ​។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ត្អូញត្អែ​ថា អ្នកគាំទ្រ​គណប្ស​ខ្លួន គឺជា​ជនរងគ្រោះ​ក្នុង​ការវាយប្រហារ​នោះ​។

យ៉ាងណាក្តី​អំពើហឹង្សា​ក្នុង​កំឡុងពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​នោះនៅ​ពុំទាន់​បាន​បញ្ជាក់​ឲ្យដឹងថា មាន​អ្នកស្លាប់និង​រងរបួស​នៅ​ឡើយ​ប៉ុន្មាន​ឡើយ​៕(ដោយៈថា ថៃ)

មី​យ៉ាន់​​ម៉ា​បន្ត​​ដោះលែង​​អ្នក​ទោស​នយោបាយ​​បន្ថែម​ទៀត

ជាថ្មី​ម្តងទៀត រដ្ឋាភិបាល​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា បាន​កែ​ទំ​រង​យ៉ាងច្រើន​នោះ​បានសម្រេច​ដោះលែង​អ្នកទោស​ចំនួន​៩៣​នាក់ ដែល​ក្នុងនោះ​មាន​អ្នក​ទោស​នយោ​បាយ​​ចំនួន​​៥៩​នាក់ ​ដែល​​ធ្លាប់​​រង​ការ​​ឃុំ​ឃាំង​​ដោយ​សារ​​បញ្ហា​​នយោ​បាយ​​ផង​ដែរ​។

ការដោះលែង​អ្នកទោស​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ការ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សហភាព​អ៊ឺរ៉ុប​ដែល​បាន​សម្រេច​លុបចោល​នូវ​ទណ្ឌកម្ម​ជាច្រើន​ទៀត​លើ​ប្រ​ទេស​​មួយ​នេះ តាមរយៈ​ការធ្វើ​កំណែរ​ទំរង់​គួរឲ្យកត់សម្គាល់​។

ជាទូទៅ​គេ​តែង​សង្កេតឃើញថា នៅពេល​ដែល​ប្រទេស​ណាមួយ​លុបចោល​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា ប្រទេស​មួយ​នេះ​តែងតែ​ធ្វើ​ការដោះលែង​អ្នក​ទោស​នយោ​បាយ​​ជា​​ញឹក​ញាប់​។ ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក៏​បាន​សម្តែង​នូវ​ការ​ស្វា​គម​ចំពោះ​ការដោះលែង​អ្នកទោសនយោបាយ​នេះ​ផងដែរ។

តែ​យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​ឃុំ​ឃុំាង​អ្នកទោសនយោបា​យរាប់​រយ​នាក់​ផ្សេង​ទៀត​​នៅ​ឡើយ​។ កន្លងមក​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក៏​ដោយ​ធ្លាប់​ចេញមុខ​អះអាង ជុំវិញ​ការឃុំ​ឃុំាង​ទាំង​ទោស​ដែល​នៅ​សេះសល់​នោះ​ដែរ​ថា មូលហេតុ​ដែល​មិន​ទាន់​អាច​ដោះលែង​អ្នក​ដែល​នៅ​សេះសល់​គឺ​​ដោយ​សារ​​តែ​​​អ្នក​​ទាំង​នោះ​​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា គ្មាន​ទោស​។​

​គួរបញ្ជាក់​ថា ប្រទេស​មី​យ៉ាន់​ម៉ា​ក្រោម​ការដឹកនាំ​របស់​លោក ថេន សេន​តាំងពី​ខែ​មីនា ឆ្នាំ ២០១១​មក រដ្ឋាភិបាល​ប្រទេស​នេះ​បាន​សម្រេច​ដោះលែង​អ្នកទោស​ន​យោ​យ​បាយ​ជាច្រើន​បន្ត​បន្ទាប់​គ្នា​។

ក្នុងនោះ​ក៏​មានលោកស្រី អ៊ុង សាន​ស៊ូ មេដឹកនាំ​បក្សប្រឆាំង​ដ៏​ធំ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។ តាមរយៈ​កំណែរ​ទំរង់​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​គេ​សង្កេត​ឃើញ​ថា សហ​គម​ន៏​​អន្តរជាតិ​បាន​ស្វាគ​ម​ន៏​ដោយ​ធ្វើ​ការលុបចោល​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ លើកលែង​ខាង​គ្រឿង​សព្វាវុធ​ប៉ុណ្ណោះ​៕(ដោយៈ​អ៊ុន រស្មី)

រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​កូរ៉េ​ខាងត្បូង​​រង​ការ​គំរាម​កំហែង​

ស្របពេល​ដែល​ភាព​តានតឹង​កំពុងតែ​កើន​ឡើង​ក្នុង​​ឧប​​ទ្វីប​​​កូរ៉េ​ជា​ពិសេស​​រវាង​​កូរ៉េ​​ខាង​ត្បូង​ និង ​កូរ៉េខាងជើង​​នោះ​​គេ​​បាន​​ទទួល​ដំណឹង​​ថា រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារ​ជាតិ​​របស់​​កូរ៉េ​​ខាងត្បូងគឺ​ លោក​Kim Kwan-jin​​ នៅ​​ថ្ងៃ​​អង្គារ​​នេះ បាន​​ទទួល​រង​នូវ​​ការ​​គំរាម​កំហែង​​ផង​​ដែរ​ពីរ​សំណាក់​ជន​មិន​ស្គាល់មុខ​។

ការគំរាមកំហែង​នេះ គឺ​ធ្វើឡើង​តាមរយៈ​សំបុត្រ​មួយ​ច្បាប់ និង ម្សៅ​ពណ៌​ស​ដែល​មាន​នៅក្នុង​កញ្ចប់​ដែល​ត្រូវបាន​គេ​បញ្ចូន​​មក​កាន់​​ការិយាល័យរ​បស់​លោក​។

គេ​មិន​ទាន់​ដឹងថា តើ​កញ្ចប់​ដែល​មាន​ទាំង​សំបុត្រ និង​ម្សៅ​ពណ៌​ស​នោះ​ត្រូវបាន​បញ្ចូន​មក​ពេល​ណា​ឡើយ​? ហើយក៏​មិន​ទាន់​​ដឹងថា ន​ណា​ជា​អ្នក​បញ្ចូន​វា​នោះ​ដែរ​? កាលពីរ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ក៏​មាន​រឿងហេតុ​ស្រដៀង​គ្នា​អញ្ចឹង​ដែរ។

ពោល​គឺ​ខិត​ប័ណ្ណ​​ជាច្រើន​ត្រូវបាន​គេ​ពង្រាយ​នៅ​បរិវេណ​ខាងក្រៅ​ក្រសួងការពារជាតិ​របស់​កូរ៉េ​ខាងត្បូង​ដែល​ខិតប័ណ្ណ​ទាំង​​នោះ​សុទ្ធ​សឹង​តែ​​មាន​ការសរសេ​រ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ លោក​ Kim Kwan-jin ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដែល​បាន​ដែល​បាន​បញ្ចេញ​សកម្មភាព​តតាំង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​កូរ៉េខាងជើង​នោះ​។​

​គួរបញ្ជាក់​ថា នា​ពេល​ថ្មីៗ​នេះ កូរ៉េខាងជើង​តែងតែ​បញ្ចេញ​នូវ​សកម្មភាព​ប្លែកៗ​ជានិច្ច ហើយ​តែង​គំរាមថា សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ក្នុង​ឧបទ្វិប​កូរ៉េ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​មួយ​នេះ​តែងតែ​ធ្វើការ​បញ្ជូន​មី​ស៊ី​ល​ទាំង​រយៈ​ចម្ងាយ​ខ្លី និង មធ្យម​ជា​បន្តបន្ទាប់​ទៅកាន់​តំ​បន់​ឆ្នេរ​របស់ខ្លួន​ដែល​បញ្ហា​នេះ​ត្រូវបាន​គេ​កត់សម្គាល់​ជា​នា​ពេល​ឆាប់ៗ​នេះ​ ​កូរ៉េ​ខាងជើង​អាច​នឹង​បាញ់​សាកល្បង​គ្រប់​មី​ស៊ី​ល​ជាពិសេស​អាច​ធ្វើឡើង​នៅ​ថ្ងៃទី២៥ ​ដែល​ជា​បុណ្យខួប​នៃ​ការបង្កើត​កង​យោធា​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​៕(ដោយៈ​អ៊ុន រស្មី​)

សមាជិក​​​សភា​​ជប៉ុន​​១៦៨​នាក់​​ទៅ​កាន់​​ទី​​សក្ការៈ​​យ៉ា​ស៊ូ​គូ​នី​ធ្វើឲ្យ​​ភាព​​តានតឹង​​កើន​ឡើង​

សមាជិក​សភា​របស់​ជ​ប៉ុន រហូតដល់​ទៅ ១៦៨​រូប​ដែល​ទៅ​គោរព​វិញ្ញានក្ខន្ធ​នៅ​វិហារ​យ៉ា​ស៊ូ​គូ​នី​( Yasukuni )​លើក​នេះ​ត្រូវបាន​គេ​កត់សម្គាល់ថា ជា​លើកទីមួយ​ហើយ​​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០០៥​មក​​ដែល​មាន​គ្នា​លើសពី​១០០​នាក់​។

ការ​ដែល​មាន​សមាជិក​សភា​ទៅ​កាន់​ទី​សក្ការៈ​នោះ​ច្រើន​ប្លែក​ពី​សព្វដង​បែបនេះ ដោយសារ​ជប៉ុន​មាន​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​អ្នក​ជាតិនិយម គឺ លោក  Shinzo Abe​។

ទី​សក្តារៈបូជាដ៏​សំខាន់បំ​ផុត​របស់​ជនជាតិ​ជប៉ុន​ហៅ​ថា​យ៉ា​ស៊ូ​គូ​នី​(Yasukuni)​នោះ គឺជា​កន្លែង​ដែល​គេ​បញ្ចុះ​នូវ​សព​វិរៈជន​ល្បីៗ​ជាច្រើន​ដែល​បាន​ប្រឹង​ប្រឹង​ដោយ​លះបង់​ទាំង​ជីវិត​ដើម្បី​ប្រទេសជាតិ​។

ក្នុងនោះ​ក៏​មាន​មួយ​ចំនួន​គឺ​ជា​មេដឹកនាំ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា បាន​ប្រើ​អំណាច​ត្រូតត្រា​យ៉ាងឃោ​ឃៅ​ទៅលើ​ប្រជាជន​ចិន និង កូរ៉េខាងត្បូង​កាលពី​សម័យ​សង្គ្រាម​។

ដូច្នេះ​ហើយ​ជាទូទៅ​រាល់ដង​ដែលមាន​មន្ត្រីជាន់ខ្ពស់​របស់​ជប៉ុន​ទៅ​កាន់​ទី​សក្តារ​នោះ ចិន និង កូរ៉េ​ខាងត្បូង​ដែល​ធ្លាប់​រង​ការឈឺចាប់​យ៉ាង​ខ្លាំងខ្លា​ពី សំណាក់​មេដឹកនាំ​របស់​ជប៉ុន​កាលពីរ​សម័យមុន​នោះ តែង​បញ្ចេញ​នូវ​ប្រត្តិកម្ម​ទៅ​លើ​ប្រទេស​ជប៉ុន​។

ម្យ៉ាងវិញទៀត ចិន​និង​កូរ៉េខាងត្បូង​តែង​ប្រាប់​ទៅកាន់​រដ្ឋាភិបាល​ជប៉ុន​មិនឲ្យ​មន្ត្រីជាន់ខ្ពស់​ណាមួយ​ទៅ​កាន់​ទី​សក្កា​រៈ​នោះ​ជា​ដាច់ខា​ត​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ចន្ទ កន្លងទៅ រដ្ឋមន្ត្រីការបរទេស​របស់​កូរ៉េ​ខាងត្បូង​​បាន​​លុប​ចោល​​ដំ​ណើរ​​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តូ​ក្យូ ក្រោយពេល​ដែល​មន្ត្រី​ជប៉ុន​ចំនួន​៣​រូប​បាន​ទៅ​កាន់​ទី​សក្តា​រៈយ៉ា​ស៊ូ​គូ​នី​(Yasukuni)​កាលពីរ​សប្តាហ៏​ចុង​ទៅនេះ​។

ក្នុង​ថ្ងៃ​ចន្ទ​ដដែល​នោះដែរ ប្រជាជន​ចិន​ក៏​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន​ផង​ដែរ​។​ ​ដូច្នេះ ការ​ដែល​សមាជិក​សភា​ចំនួន​១៦៨​នាក់​ទៅ​កាន់​ទី​សក្តា​រៈ​ជា​ថ្មី​អញ្ចឹង​នឹង​ធ្វើឲ្យ​ភាព​តានតឹង​នឹងកាន់​តែកើ​ន​ឡើង​ខ្លាំង​ជាមិនខាន​ជាមួយនឹង​ប្រទេសជិតខាង ពោល​គឺ​មាន​ចិន និង កូរ៉េខាងត្បូង​តែម្តង​៕(ដោយៈ​​អ៊ុន រស្មី​)

    About Us
    Khana

Activities

Find us at Facebook

Contact Us