
ទឹកប្រាក់ជិត២០លានដុល្លារអាមេរិកនឹងត្រូវផ្តល់ឲ្យកម្ពុជា តាមរយៈទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA សំរាប់ធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខួចខាតដោយសារទឹកជំនន់កាលពីឆ្នំាមុន។
នេះបើយើងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងលោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជាមួយតំណាងប្រធានការិយាល័យ JICA នៅកម្ពុជា គឺ លោក Suzuki Yasujiro (សូហ្សូគី យ៉ាសូជីរ៉ូ) កាលពី ថ្ងៃទី ៣០ កក្កដាកន្លងទៅ ។
ជាមួយគ្នានេះដែរ JICA ក៏បានសន្យាថានឹងជួយជួសជុល ស្ពានចំនួន៨កន្លែង ដែលនៅតាមបណ្តោយ ផ្លូវជាតិលេខ ១១ ព្រមទាំងផ្លូវ និងប្រព័ន្ធបង្ហូរទឹកនៅក្នុងក្រុងកំពង់ឆ្នំាង ដែលរងការខួចខាតដោយទឹកដែលហៀរចេញពីទន្លេមេគង្គ និង ទន្លេសាបកាលពីឆ្នំាមុន។ ក្រៅពីនេះ JICA ក៏បានឧបត្ថម្ភលើគម្រោងការពារទឹកជំនន់ និង ស្តារប្រព័ន្ធលូនៅក្នុងរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នំាមុន គ្រោះទឹកជំនន់ដែលកើតឡើងនៅប្រទេសកម្ពុជាបានសម្លាប់មនុស្សជាង ២៤៧នាក់ និង ដំណាំស្រូវត្រូវខូចខាតជាង ៣៩ម៉ឺនហិកតា ផ្លូវលំបានខូចខាតប្រវែង ៤.៤៦៩គីឡូម៉ែត្រ និង ខូតខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ៕











































