
ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកានាយករដ្ឋមន្ត្រីចិនលោកវេន ជាប៉ាវ (Wen Jiabao) បានប្រកាសពីការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការផ្តល់ជំនួយបន្ថែមដល់កម្ពុជាចំនួន៣២៩លានយន់ ស្មើប្រមាណជិត៥៣លានដុល្លារអាមេរិក។
ជំនួយនេះបានផ្តល់អោយកម្ពុជាសម្រាប់ការអភិវឌ្ឍធនធានទឹកក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកអៀង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកអៀង សុផល្លែត បានថ្លែងថា ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរក៏បានយល់ព្រមជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យឈានដល់៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៧ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីចិនថា ការអភិវឌ្ឍរបស់កម្ពុជា គឺជាផ្នែកមួយនៃការផ្តល់ជំនួយបន្ថែមរបស់ចិនព្រមជាមួយនឹងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគពីប្រទេសចិនផងដែរ។
អ្វីជាការកត់សំគាល់នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី២០នៅទីក្រុងភ្នំពេញកាលពីខែកក្កដាកន្លងទៅនោះលោកប្រធានាធិបតីចិន ហូ ជិនតាវ ក៍បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ ទស្សនកិច្ចនោះបានធ្វើឡើងចំពេលដែលប្រទេសកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២០នៅទីក្រុងភ្នំពេញ។
នៅពេលបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនោះប្រធានាធិបតីចិនលោកហូ ជិនតាវ បានចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជានូវជំនួយឥតសំណងចំនួន២៥០លានយន់ រឺស្មើនឹង៤០លានដុល្លាអាមេរិក និង ផ្តល់ប្រាក់កំចីសម្បទានចំនួន២០០លានយន់ រឺស្មើនឹង៣១លានដុល្លាអាមេរិកដើម្បីអភិវឌ្ឍន៍នៅកម្ពុជាផងដែរ។
ក្រៅពីការផ្តល់ជំនួយដល់កម្ពុជាចំនួន៣២៩លានយន់ ហើយនោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិនក៍បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារស្តីពី កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនោះរួមមានទី១-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស, ទី២កិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានសំរាប់អនុវត្តគំរោងធនធានទឹកស្ទឹងស្ទោង ជំហានទី១,ទី៣-លិខិតប្តូរសារស្តីពី ការផ្តល់ម៉ាស៊ីនស្កែនកុងតឺន័រ៤គ្រឿង ប្រើប្រាស់ក្នុងទឹកប្រាក់ជំនួយឥតសំណងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០មីនា ឆ្នាំ២០១២ ទី៤-លិខិតប្តូរសារស្តីពី គំរោងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈព្រះសីហនុ និង ទី៥-ពិធីចុះហត្ថលេខាលើកិច្ចសន្យាខ្ចីប្រាក់ស្តីពី គំរោងរោងចក្រស៊ីម៉ង់ចក្រីទីង រវាងរោងចក្រស៊ីម៉ង់ត៍ចក្រីទីងកម្ពុជាជាមួយនឹងធនាគារជាតិចិន។ លោកវេន ជាបាវក៍នឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ានចិន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាផងដែរ៕













































