ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន១៥១០លានយ៉េន រឺស្មើនឹងជាង១៨លានដុល្លារ អាមេរិករបស់ជប៉ុននឹងផ្តល់ជូនដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងការស្ដារឡើងវិញ និងការសម្រាលទុក្ខលំបាកដោយសារគ្រោះទឹកជំនន់។
តាមគម្រោងពិធីចុះហត្ថលេខានោះនឹងធ្វើឡើងក្រោមអធីបតីភាពប្រមុខដឹកនាំកម្ពុជាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននិងនាយករដ្ឋមន្ត្រីជប៉ុនលោកយុស៊ីហ៊ីកុ ណូដាក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៤ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់២១ ខែមេសាក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងពិធីចុះហត្ថលេខានោះធ្វើឡើងរវាងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោម៉ាសាហ្វ៊ូមី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុនលើលិខិតប្ដូរសារនិងកំណត់ហេតុនៃកិច្ចពិភាក្សាស្ដីពីការផ្ដល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន១.៥១០លានយ៉េនរឺជាង១៨លានដុល្លារផងដែរ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានព័ត៌មាន និងឯកសារនៃក្រសួងការបរទេសចុះថ្ងៃទី១៧មេសានេះ។ សេចក្ដីជូនដំណឹងដដែលបានឲ្យដឹងដែរថាកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុននេះរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញអំពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសតំបន់មេគង្គ និងជប៉ុនអនុម័តយុទ្ធសាស្ដ្រក្រុងតូក្យូ២០១២សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។
សូមបញ្ជាក់ថា កាលពីរដូវវស្សាឆ្នាំ២០១១កន្លងមកនេះប្រទេសកម្ពុជា និងប្រទេសជិតខាងមួយចំនួនទៀតជាក់ស្តែងដូចជាប្រទេសថៃបានជួបគ្រោះទឹកជំនន់យ៉ាងដំណាំក្នុងនោះទឹកជំនន់ក្នុងប្រទេសកម្ពុជាបានបណ្តាលឲ្យប្រជាពលរដ្ឋជាង២០០នាក់ស្លាប់បាត់បង់ជីវិតដំណាំស្រូវជាច្រើនហិចតា ផ្ទះសំបែង ប្រជាពលរដ្ឋត្រូវខូចខាត ចំនែកឯហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តទូទាំងប្រទេសក៏រងផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ៕