
ព្យុះសែនឌី អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកដោយសារការរាំងខ្ទប់បុគ្គលិករាប់លាននាក់មិនឲ្យទៅធ្វើការ និងរំខាន់ដល់អតិថិជនមិនអាចចូលទៅទិញទំនិញតាមហាងលក់ទំនិញនៅក្នុងតំបន់ផលិតកម្ម និងធ្វើអោយប្រជាជនជាច្រើននៅអាមេរិកមានភាពលំបាកផងដែរ។
ពាក់ពន្ធ័នឹងបញ្ហារការធ្លាក់ចុះកំណើនសេដ្ឋកិច្ចអាមេរិកដោយសារតែការទទូលលរងឥទ្ធិពលព្យុះសែនឌីនេះមានសេដ្ឋកិច្ឋវិទូអាមេរិកជាច្រើនបានធ្វើការបកស្រាយអោយដឹងផងដែរ។
លោក Gregory Daco សេដ្ឋវិទូអាមេរិកប្រចាំក្រុមហ៊ុន IHS Global Insight នៅទីក្រុង Lexington ក្នុងរដ្ឋ Massachusetts មានប្រសាសន៍ថាព្យុះនេះអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចអាមេរិកចំនួន២៥ពាន់លានដុល្លារនៅត្រីមាសទីបួននេះ។
ហើយលោកបានបន្តថា ព្យុះសែនឌី អាចកាត់បន្ថយកម្រិតកំណើនសេដ្ឋកិច្ចនៅត្រីមាសទីបួនមកនៅត្រឹមចន្លោះ១ភាគរយដល់១,៥ភាគរយ ធៀបនឹងការព្យាករនាពេលកន្លងមករបស់ក្រុមហ៊ុននេះដែលថា កំណើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទីបួនអាចកើនឡើង១,៦ភាគរយ។
ជាមួយគ្នានេះលោក Eric Lascelles ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន RBC Global Asset Management Inc ដែលមានមូលដ្ឋាននៅទីក្រុងតូរ៉ុនតូប្រទេសកាណាដា បានព្យាករថាព្យុះសែនឌី បានបក់បោកលើតំបន់មួយដែលមានប្រជាជនចំនួន ៦០លាននាក់ ពោលគឺ មានចំនួនប្រហាក់ប្រហែលនឹងប្រជាជននៅប្រទេសអ៊ីតាលី។
ព្យុះនេះបានបង្ខំឲ្យទីផ្សារហិរញ្ញវត្ថុអាមេរិកបិទទ្វារផ្អាកសេវាកម្មអាកាសចរណ៍និងផ្លូវដែកព្រមទាំងធ្វើឲ្យបុគ្គលិករបស់រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលរដ្ឋមួយចំនួនរាប់ចាប់ពីរដ្ឋ Virginia ដល់រដ្ឋ Massachusetts មិនអាចចេញពីផ្ទះទៅធ្វើការបានឡើយ។
ចំណែកឯលោក Stephen Bronars សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Welch Consultingនៅទីក្រុងវ៉ាស៊ីនតោន និងជាសាស្ត្រាចារ្យរងប្រចាំសាកលវិទ្យាល័យ Georgetown មានប្រសាសន៍ថា៖ បើប្រជាពលរដ្ឋមិនទៅទស្សនាការសម្ដែងសិល្បៈនិងទៅភោជនីយដ្ឋាន និងសណ្ឋាគារទេនោះអាជីវកម្មទាំងអស់ដែលពឹងផ្អែកលើប្រជាពលរដ្ឋដែលចំណាយប្រាក់នឹងដួលរលំមិនខាន។
លោកបានបន្តថា៖ ប្រជាពលរដ្ឋនៅតែបន្តចេញទៅទិញរថយន្ត ឬទំនិញអាយុកាលវែងដែលពួកគេត្រូវការហើយពួកគេគ្រាន់តែមិនចេញទៅក្រៅក្នុងសប្តាហ៍នេះតែប៉ុណ្ណោះ។ ដូច្នេះហើយវាច្បាស់ណាស់ថា នឹងអាចឃើញមានអ្នកចំណេញ និងខាតបង់ចេញជាលទ្ធផល។ ទាក់ទិននិងករណីការកាត់បន្ថយសេដ្ឋកិច្ចអាមេរិកនេះនៅមានអ្នកសេដ្ឋវិទូជាច្រើនបានធ្វើការបកស្រាយដោយលើកពីចំនុចផ្សេងៗគ្នាជាច្រើនទៀត។
ប៉ុន្តែយ៉ាងណាក៏ដោយពាក់ព័ន្ធនឹងបញ្ហារព្យុះសែនឌីដែលកើតឡើងនៅប្រទេសអាមេរិកនេះលោកប្រធានាធិបតីអាមេរិកបារ៉ាក អូបាម៉ាក៏បានសន្យាកាលពីថ្ងៃពុធម្សិលមិញនេះថា លោកនឹងខិតខំជួយសង្គ្រោះប្រជាពលរដ្ឋអោយពីលទ្ធភាពផងដែរ។
គួរបញ្ជាក់ថា នៅសល់តែរយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណែងប្រធានាធិបតីអាមេរិកនឹងត្រូវចូលមកដល់ដែលលោកប្រធានាធីបតីបច្ចុប្បន្ន បារ៉ាក់ អូបាម៉ា បានធ្វើការគណនាអំពីការវិនាសហិចហោចនៅរដ្ឋញូជេស៊ី ដែលផ្ទះរាប់ម៉ឺនខ្នងនៅទីនោះបានទទួលរងនូវការបំផ្លិចបំផ្លាញ់ទាំងស្រុងគ្មានសល់ដោយសារតែព្យុះសែនឌីវាយប្រហារ ហើយគ្រួសាររាប់លាននាក់ក៏កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ផងដែរ។
គួរបញ្ជាក់បន្ថែម ថា នេះគឺជាប្រវត្តិសាស្ត្រហើយដែលព្យុះដ៏អាក្រក់ដែលមិនធ្លាប់កើតមានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះបានសម្លាប់ប្រជាជន អាមេរិកជាង៥០នាក់នោះ។